នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នៅថ្ងៃចន្ទម្សិលមិញ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់គ្រប់គ្រងអាវុធ និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀនឱ្យបានតឹងរ៉ឹង បន្ទាប់ពីមានករណីបាញ់ប្រហារដោយអតីតនគរបាលនៅមណ្ឌលថែទាំកុមារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
មនុស្សជាង៣០នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានសម្លាប់ដោយកាំបិត និងកាំភ្លើង កាលពីសប្ដាហ៍មុន ដោយអតីតនគរបាលម្នាក់ដែលក្រោយមកក៏បានសម្លាប់ខ្លួន នៅក្នុងទីក្រុង យូថៃ សាវ៉ាន់ (Uthai Sawan) ដែលមានចម្ងាយ៥០០គីឡូម៉ែត្រពីភាគឦសានទីក្រុងបាងកក។ ចំនួនកុមារដែលបានស្លាប់ ជាចំនួនដ៏ច្រើនបំផុតមួយ ដែលប្រព្រឹត្តដោយមនុស្សតែម្នាក់ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក អាន់នុចា ប៊ូរ៉ាប៉ាឆៃស្រ៊ី (Anucha Burapachaisri) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងចំណោមមន្ត្រី និងសហគមន៍ និងរៀបចំការព្យាបាលសម្រាប់អ្នកញៀន។
លោក Anucha បាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋាន ដកហូតអាជ្ញាបណ្ណកាន់កាប់កាំភ្លើងដែលបានចុះបញ្ជីពីបុគ្គលដែលត្រូវបានរាយការណ៍ថាមានអាកប្បកិរិយា «គំរាមកំហែងដល់សង្គម» និង «បង្កឱ្យមានភាពចលាចលឬអសន្តិសុខ» រួមជាមួយនឹងការបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់។
អាជ្ញាធរថៃគ្រោងនឹងប្រមូលកាំភ្លើងពីមន្ត្រី និងនគរបាល ដែលបានប្រើអាវុធដោយខុសច្បាប់ ឬមានអាកប្បកិរិយាគឃ្លើនក្នុងការងាររបស់ខ្លួន។
អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ គីតទីប្រាផាត់ (Damrongsak Kittipraphat) បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ក៏នឹងមានការពិនិត្យសុខភាពផ្លូវចិត្តជាទៀងទាត់ផងដែរ សម្រាប់អ្នកដាក់ពាក្យសុំអាជ្ញាបណ្ណ និងអ្នកកាន់កាំភ្លើង។
បុគ្គលដែលមានសិទ្ធិកាន់កាប់អាវុធមានចំនួនច្រើននៅប្រទេសថៃ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍។ អាវុធខុសច្បាប់ដែលនាំចូលពីប្រទេសដែលហែកហួរដោយជម្លោះ គឺជារឿងធម្មតានៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មនុស្សជាង៣០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាកុមារ នៅឯមណ្ឌលថែទាំកុមារមួយកន្លែងនៅភាគឦសានប្រទេសថៃ។ ឃាតកត្រូវបានគេដឹងថា ជាអតីតមន្រ្តីនគរបាលដែលត្រូវបានបណ្ដេញចេញពីការងារ ដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន និងដែលក្រោយមកបានសម្លាប់ប្រពន្ធ កូន និងសម្លាប់ខ្លួន៕















