ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងមុខតំណែងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយមានការស្នើពីប្រមុខរដ្ឋាភិបាល។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្របានបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយមានការស្នើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តែយ៉ាងណា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រូបលោកនឹងដាក់លិខិតទៅព្រះបរមរាជវាំង ទូលថ្វាយស្នើសុំព្រះមហាក្សត្រតែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោកបញ្ជាក់ថា ការស្នើនេះដោយសារលោក វេង សាខុន ក៏ជាមន្ត្រីរបស់រដ្ឋាភិបាល និងមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរហួសហេតុនោះដែរ។
លោកថា៖ «អត់ទាំងក្ដាប់រឿងអីមិនជាប់ផង មកលេង! ប៉ុន្តែសួរថា វេង សាខុន ទៅណា? បញ្ហាមិនស្ថិតទៅដល់ធ្ងន់ធ្ងរហួសហេតុទេ ក៏ប៉ុន្តែខ្ញុំចង់បាន វាមិនបានដូចបំណង។ ថ្ងៃនេះ ខ្ញុំធ្វើលិខិតចូលទៅព្រះបរមរាជវាំង តែងតាំង វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ យ៉ាងណាក៏ជាសាច់ឈាមរបស់យើង ជាមន្ត្រីដែលធ្វើការជាមួយយើងតាំងឆ្នាំ[…] ប៉ុន្តែ វេង សាខុន ជាប់មហាវិទ្យាល័យហើយមកធ្វើការ ដូច្នេះយើងអត់បោះបង់ចោលទៅណាទេ ប៉ុន្តែយើងត្រូវការការទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិករ[កសិកម្ម]ឱ្យលឿនទៅមុខ»។
យ៉ាងណា ក្រោយពីបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្មនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅរដ្ឋសភារៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕