វិភាគ៖ តើការដឹកនាំបែបសែស្រឡាយជាហានិភ័យដល់យន្តការផ្ទេរអំណាចឬទេ?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កា​​​រដា​​​ក់​ព​ង្រា​​​យ​​សែ​​ស្រឡា​​យ​​ថ្នា​ក់​ដឹ​កនាំ​ ​ឱ្យទៅ​កា​ន់តំ​ណែ​ង​ធំៗ​នៅ​ក្រ​សួ​ង​សំខា​ន់​ៗរ​ប​ស់​ជា​តិ ​រួម​ទាំ​ង​កង្វះ​​ឯ​​ក​​​​​​​​​រាជ្យ​ភា​ពរប​ស់​​ឥ​ស្ស​​​រជ​ននយោបាយ​​ ត្រូវបា​នគេមើល​ឃើ​ញ​ថា​ ជា​ជម្រ​កសុវត្ថិភាព​នៃ​​អំពើពុករ​លួយ និងបង្កគ្រោះថ្នា​ក់​ធ្ងន់​ធ្ងរដល់ការកសាង​សង្គមប្រជាធិបតេយ្យ បើគ្មានការកែលម្អទេនោះ។

កា​រព្រួ​យ​បារ​ម្ភ​នេះ ​ចំ​ពេ​ល​យ​​​ន្តកា​របញ្ជ្រាប​​​​កូនរបស់​ថ្នាក់​​ដឹក​​នាំឱ្យ​​កា​​ន់​មុ​ខតំ​ណែង​ក្នុ​ង​ក្រសួ​ង​សំខាន់ៗនៅតែ​បន្ត​កើតឡើ​ង ​ក្រោយពីតុ​លាកា​រកំពូល​រំលាយ​គ​ណប​ក្ស​ប្រឆាំ​ងធំ​មួយ​ដែលមាន​អាសនៈ​ក្នុង​សភា ​និងឃុំ​- សង្កាត់​ ប្រហា​ក់ប្រហែលបក្សកាន់អំណាច​ ចេ​ញពី​ទីលានប្រ​កួ​តនយោបា​យ។​

ជាកា​រ​កត់សម្គាល់​ កូន​ចៅរ​បស់ថ្នាក់ដឹ​កនាំមួយចំនួន​ត្រូ​វបាន​តែ​​ង​តាំ​​ងឱ្យកា​ន់​តំ​​ណែង​នៅ​​ក្រ​​សួ​ងកា​រពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នមួយចំនួនទៀត ខណៈចៅក្រមដែលស្ថិត​ក្នុង​វិស័យយុត្តិធម៌ ក៏ត្រូវបានដាក់បញ្ចូល​ជាកម្លាំងស្នូលរបស់គណបក្ស ជាដើម។ ​តួយ៉ា​ង​ដូ​ច​ជា លោក ហ៊ុ​ន​ ម៉ា​ណែត ​ជាកូនប្រុ​សច្បងនា​យករ​ដ្ឋ​មន្ត្រី កា​ន់តំណែ​ងជា​មេប​ញ្ជាកា​រក​ងទ័​ពជើងគោ​ក​, កូ​នប្រុសទី២​ លោក​ ហ៊ុន​ ម៉ានិត ជា​​អគ្គនាយក​ដ្ឋានស្រាវជ្រាវ​ចារ​កម្ម​នៃក្រ​សួងការពារជាតិ ខណៈលោកនាយករដ្ឋម​ន្ត្រី​ ហ៊ុន​ ​សែន​ ជាឪពុ​ក ជានាយ​ឧ​ត្ដមសេនី​យ៍ផុត​លេខ ​​ផ្កាយមា​​ស​​៥។

បន្ថែ​មពីនេះ ក្មួយប្រសានាយករដ្ឋមន្ត្រី​ គឺលោ​ក នេត ​សាវឿន ជាអគ្គ​ស្នងការនគរ​បាលជាតិ នៃក្រសួងមហា​ផ្ទៃ និង​លោក ឌី វិ​ជ្ជា ជាកូនប្រសា ​ជាអ​គ្គស្នង​ការ​រង​នគរបា​ល​​ជាតិ​ និ​ង​​ជា​ប្រធា​ន​នា​យកដ្ឋាន​​កណ្ដាល​​សន្តិសុខ នៃក្រសួងមហាផ្ទៃ។​ ដោយឡែក រ​ដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ ទៀ បាញ់​ ក៏មា​នបងប្អូ​នប​ង្កើត ​លោក ទៀ វិញ ជា​មេបញ្ជាកា​​រ​កងទ័ព​ជើងទឹកផងដែរ​។

ដូ​ច​គ្នានេះដែរ​ ថ្នា​ក់ដឹកនាំ​តាមក្រសួងខ្លះ​វិញ​ ក៏បា​នបញ្ជ្រាប​​កូនចៅ​ទៅក្នុ​​ងស្ថាប័ន​​ដែ​លខ្លួ​នកំពុង​គ្រប់​​​គ្រងដែ​រ ដូចជា លោក ស៊ុយ ឌីម៉ង់​ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អំឡុងឆ្នាំ២០១៨ ដែលលោក ស៊ុយ ឌីម៉ង់ ត្រូវ​ជាកូ​នប្រុស​លោក ស៊ុយ សែម ​រដ្ឋម​ន្ត្រីក្រ​សួងរ៉ែ និងថាម​ពល ។

កូនប្រុស២នាក់​របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និងលោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ត្រូវតែងតាំងជាឧបការីនៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​​​​មាន​ឋានៈ​ស្មើ​នឹ​ង​​រដ្ឋលេខាធិការ ឬអនុរដ្ឋ​លេខាធិការ។

ដោយឡែក ប្រធានតុលាការកំពូល​ លោក ឌិត មុន្ទី ក៏​​​ជាសមា​ជិកគណៈ​អចិ​ន្ត្រៃ​យ៍គ​ណប​​ក្សកាន់អំណាច ​ខណៈចៅក្រម​មួយចំនួនទៀត​ត្រូវបានគេដាក់ប​ញ្ចូលជាសមាជិកគណៈក​ម្មាធិការក​ណ្ដាលរបស់បក្សកាន់អំណាចដែរ។

ថ្មីៗនេះ កូ​នប្រុសលោក ឌិត មុ​ន្ទី គឺលោក ឌិត ទីណា ត្រូវបានរដ្ឋាភិបាលស្នើទៅរដ្ឋសភារៀបចំការ​បោះឆ្នោត​ ដើម្បី​ផ្ដល់មុខតំណែង​​ជារដ្ឋមន្ត្រី​ក្រសួងកសិ​កម្ម រុ​ក្ខាប្រ​​មាញ់​ និងនេសា​ទ ក្រោ​​យលោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ចប់មុខ​តំ​ណែងលោកវេង​ សាខុ​ន។​

បញ្ហា​ទាំងនេះ​បង្កើតជាសំណួ​រថា តើ​ការដឹ​កនាំបែ​បសែ​ស្រឡា​យ​បង្កហា​និភ័យ​ដល់​យន្តកា​រផ្ទេរអំណា​ចដោ​យស​ន្តិ​វិ​ធីឬ​ទេ​?

​អ្នក​ស្រា​វជ្រាវផ្នែក​ភូមិសាស្ត្រន​យោបាយ​ លោក វណ្ណ ប៊ុនណា យល់​ថា ការដឹ​កនាំ​រដ្ឋ​បែបសែស្រឡាយ ជំ​រុ​ញ​​​​ឱ្យ​ប្រទេសជាតិប្រឈមនឹងបញ្ហាធំ៣ ក្នុងនោះ ទី១ ប្រព័ន្ធ​នេះនឹង​​ប​ង្កជាឧ​បស​​គ្គ​​ដល់យន្ត​ការផ្ទេរអំណាច​ដោយ​សន្តិវិធី​តាមរយៈសន្លឹកឆ្នោត​ បើមានការផ្លាស់ប្ដូរមេដឹកនាំ ទី២ ជាដើមហេតុ​ជំរុញឱ្យមានអំពើ​​ពុករលួយជាប្រព័ន្ធ និ​ងទី៣ ​បាត់​បង់ធន​ធានមនុស្សដែលមានសមត្ថភាព ធ្វើឱ្យការផ្តល់សេវាសាធារណៈ​ខ្វះគុណភាព និងទំនួ​​ល​​ខុសត្រូវ ។

ក្នុងន័យនេះ លោកពន្យល់ថា បើកូនចៅ​ឬសែស្រឡាយរបស់មេដឹកនាំ ត្រូវបានគេតែងតាំងឱ្យកាន់តំណែងធំៗនៅក្រសួង​ដែល​គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ​​ នឹង​ក្លាយជាឧបសគ្គ​ដល់យន្តការផ្ទេរអំណាចដោយសន្តិវិធី បើកម្ពុជាខ្វះភាពចាស់ទុំខាងប្រជាធិបតេយ្យនោះ។

បញ្ហានេះ លោកថា កងកម្លាំងជាតិនឹងត្រូវគេប្រើ​ឱ្យប្រឆាំងនឹងគណបក្សក្រៅរដ្ឋាភិបាល​ដែលឈ្នះឆ្នោត ដើម្បីក្រាញអំណាច ដែលពេលនោះ​នឹងបង្កឱ្យមានបញ្ហាសង្គមផ្ទុះឡើង និងបង្កឱ្យមាន​ហានិភ័យជាតិ។

លោកថា៖ «វាជាឧបសគ្គខ្លាំងដែរក្នុងការផ្ទេរអំណាចក្នុងសង្គមយើងបច្ចុប្បន្ន។ ដូច្នេះហើយ បញ្ហាហ្នឹង វាជា​កត្តាសំខាន់មួយដែរ ពីនយោបាយកម្ពុជា ក្នុងការផ្ទេរអំណាចហ្នឹង។ អាហ្នឹងវាជាឧបសគ្គ​ខ្លាំងមែនទែនសម្រាប់​ការផ្ទេរអំណាចហ្នឹង»។

​​ប៉ុន្តែលោកថា បញ្ហា​នេះអាច​ទប់​ស្កា​ត់បាន ​បើកម្ពុជា​បង្កើ​តបា​ន​ស្ថាប័​​ន​ន​យោបា​យខ្លាំងមួយ​ឈរលើស្មា​រតី​ជា​តិ ដូចមា​ន​ចែង​ក្នុងរដ្ឋធម្មនុញ្ញ ​ឈានទៅ​កាត់​ផ្ដាច់ឫ​ស​គ​ល់នៃអំពើពុករលួយ និងបក្ខពួកនិយមនោះ រួម​ទាំងទប់ស្កាត់កុំឱ្យការរំលោភអំណាចរវាងសសរស្ដម្ភជាតិទាំង៣នោះ។

លោក វណ្ណ ប៊ុនណា ថ្លែងថា៖ «ស្ថាប័ន​នយោបាយខ្លាំង​ហ្នឹង​សំដៅទៅដ​ល់អំ​ណាច​ទាំង​៣ [រដ្ឋាភិបាល តុលាការ និងរដ្ឋសភា] របស់កម្ពុជា។ របបគ្រប់គ្រងកម្ពុជាហ្នឹង​ដើរខ្លាំងមែនទែន មានន័យថា មិននៅតែចាំស្ដាប់​តែបញ្ជាបុគ្គ​ល​ទេ ប៉ុន្តែប្រព័ន្ធហ្នឹងវាដំណើរការដោយស្វ័យប្រវត្តិ ដោយសារមានការត្រួតពិនិត្យអំណាចគ្នា​ទៅវិញទៅមក»។

​​នាយកប្រតិ​បត្តិ​អ​ង្គការតម្លាភាព​​ក​ម្ពុ​ជា លោក​ ប៉ិ​ច ពិ​សី ​លើកឡើង​​ថា កា​រដឹ​កនាំបែប​ប្រទាក់ក្រឡាគ្នា​ដោយ​សែ​ស្រឡាយ​ បង្កផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ ដូចជា បង្កឱ្យមានអយុត្តិធម៌សង្គម អំពើពុករលួយ រារាំងធនធានមនុស្សដែលមានសមត្ថភាព រារាំងដល់ការលូតលាស់​ខាងសេដ្ឋកិច្ច ជាដើម តែប្រព័ន្ធនេះបានការពារប្រយោជន៍បក្ខពួកច្រើនជាង ។

លោកថា៖ «ប្រព័ន្ធយុត្តិធម៌មានបញ្ហាធ្ងន់ធ្ងរ នាំឱ្យមានអំពើពុករលួយច្រើន ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច រារាំងដល់យុត្តិធម៌សង្គមអីហ្នឹង។ ដើមចមសុទ្ធតែចេញផ្តើមចេញពីសែស្រឡាយបក្ខពួកនិយម ឬក៏ការធ្វើការជាប្រព័ន្ធប្រទាក់ក្រឡាគ្នាដើម្បីកេងប្រយោជន៍សាធារណៈហ្នឹង»។

មួយវិញទៀត លោកថា ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើពុករលួយ គេរកឃើញថា សែស្រឡាយបក្ខពួកនិយម ជាទម្រង់បង្កើតអំពើពុករលួយ បង្កគ្រោះថ្នាក់ដល់ការកសាងប្រជាធិបតេយ្យពេញលេញ ដែលធានាដល់ប្រយោជន៍សាធារណៈឬប្រយោជន៍ជាតិ។ ប៉ុន្តែលោកគិតថា យន្តការផ្ទេរអំណាចដោយសន្តិវិធី កម្ពុជាអាច​ធ្វើ​បាន បើ​អ្នកនយោបាយតម្កល់ប្រយោជន៍ជាតិជាធំ គោរពគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យឱ្យបានពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ បើទោះច្បាប់កំពូលនេះមិនបានចែងពីការហាមតែងតាំងសែស្រឡាយឱ្យកាន់តំណែងធំៗក្នុងស្ថាប័នរដ្ឋក្ដី។

លោក ប៉ិច ពិសី ថ្លែងថា៖ «ដោយសារសែស្រឡាយចាក់ស្រែះ​ហ្នឹង ជា​ឧបសគ្គមួយនៅក្នុងដំណើរការប្រជាធិបតេយ្យ អ៊ីចឹង​កម្ពុជាមានកាតព្វកិច្ចកម្ចាត់នូវ​ឧបសគ្គទាក់ទងទៅនឹងការដឹកនាំរដ្ឋតាមលទ្ធិប្រជាធិបតេយ្យហ្នឹង។ ហើយការរារាំងមិនឱ្យមានការតែងតាំងសែស្រឡាយបក្ខពួក ឬក៏ធ្វើការជាប្រព័ន្ធចាក់ស្រែះហ្នឹង​គួរតែ​មាន​ការ​ហាម​ប្រាម​ដែរ ដើម្បីធានាថា កម្ពុជាយើងនឹង​មានការដឹកនាំតាមរបបប្រជាធិបតេយ្យពេញលេញ​»។

ចំណែកសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា វិញ មើលឃើញថា ប្រព័ន្ធចាក់ស្រែះបែបគ្រួសារ​និ​​យម ជាអំណោយផលនៃយន្តការផ្ទេរអំណាចនៅក្នុងបក្ស ប៉ុន្តែជាហានិភ័យដល់យន្តការផ្ទេរអំណាច​នៅ​ថ្នាក់ជាតិតាមរយៈសន្លឹកឆ្នោត។

លោកមើលឃើញថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ របត់នយោបាយនឹងអាចយកគំរូដូចរបបសឹកភូមា  ដែលប្រើប្រាស់កម្លាំងជាតិដើម្បីការពារអំណាចបុគ្គល ហើយជំរុញឱ្យប្រទេសជាតិធ្លាក់ក្នុងការឡោមព័ទ្ធដោយទណ្ឌកម្មពីបណ្ដាប្រទេសលោកសេរី។

ប៉ុន្តែលោកថា កម្ពុជាអាចទប់ស្កាត់បញ្ហានេះបាន បើឥស្សរជននយោបាយបំពេញតួនាទីជាតំណាងពលរដ្ឋដោយឈរលើមូលដ្ឋានស្វ័យសម្រេច ដោយមិនស្ថិតក្រោមឥទ្ធិពល​នយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋស្គាល់ពីតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋសកម្ម ដោយ​ចេះ​ប្រើប្រាស់សន្លឹក​ឆ្នោត​ដោយភាពឆ្លាតវ័យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីឱ្យអ្នកនយោបាយគិតពីប្រ​​​យោជន៍ជាតិ។

យ៉ាងណា លោក ឯម សុវណ្ណរ៉ា គិត​ថា បញ្ហានេះអា​ច​ជោគ​ជ័យ​ទៅ​បាន លុះត្រាតែគណបក្សកាន់អំណាច​មាន​​ឆន្ទៈនយោបាយ​ផងដែរ ដើម្បី​ធានាថា ការបោះឆ្នោតនៅកម្ពុជាជា​ការ​ឆ្លុះបញ្ចាំង​ឆន្ទៈ​​ពលរដ្ឋពិតប្រាកដ មិនមែនជាឈុតឆាកសម្ដែង ក្រោមរូបភាពផ្ដល់អភ័យឯកសិទ្ធិសភា តែធ្វើច្បាប់​ផ្សេង​ទៀតចង​ដៃសភា​នោះ​ទេ។

លោកថា៖ «ដូចនៅប្រទេសឥណ្ឌូនេស៊ី មានការតែងតាំងតែប្រធានតុលាការកំពូលមួយទេ នៅពេលហ្នឹងត្រូ​វឆ្លងកាត់សភា ហើយសភាគេឯករាជ្យទៀត សភាគេអាចរំលាយ​ប្រធានាធិបតី អាចបញ្ចប់តំណែងប្រធា​នា​ធិបតី ​អនុប្រធានាធិបតីបាន ប៉ុន្តែនៅកម្ពុជាយើង វាអត់មានយន្តការហ្នឹង។ អ៊ីចឹងហើយអ្នកកាន់អំណាចរាល់ថ្ងៃ​ មានចែងក្នុងច្បាប់ ពីគោលការណ៍ច្បាប់ ប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែ៥០បក្សជាងមែន តែចូលរួមបោះ​ឆ្នោតតែ២០បក្ស ឬ៧បក្សថ្មីៗហ្នឹង យើងអត់ឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យទេ តែជាប្រជាធិបតេយ្យសម្ដែងៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ