មនុស្ស​ជាង​៣០០នាក់​ត្រូវ​ពស់ចឹក​អំឡុង​ពេល​មាន​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ (អគ្គស្នងការនគរបាលជាតិ)

អាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​ខេត្តបន្ទាយមានជ័យ ​បាន​ប៉ះពាល់ដំណាំស្រូវ​ប្រមាណ៣៦ ០០០​ហិកតា និង​​ដំឡូង​មី ៣ ០០០​ហិកតា ហើយ​ប្រជាពលរដ្ឋ​ជាង៣០០នាក់ត្រូវ​​បានពស់ចឹក​។

នាយករងរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ណង វុទ្ធី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញ​ថា ក្នុងរយៈពេលមួយខែកន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានធ្វើ​ឱ្យ​ភាគខាង​លិច​ខេត្តបន្ទាយមានជ័យរងការជន់លិច ក្នុងនោះ ទឹកជំនន់​បាន​​ប៉ះពាល់ដល់ផ្ទះចំនួន១៤ ០០០ខ្នង និងបណ្ដាលឱ្យមានការជម្លៀសប្រជាជនជិត១ ៤០០គ្រួសារ។

លោក ណង វុទ្ធី បន្ថែមថា ​ពស់​ក៏​​រត់​គេច​ពី​ទឹក​ជំនន់​ដែរ។

លោកបន្ថែមថា៖ «វាត្រជាក់ ដូច្នេះវារត់រកកន្លែងកក់ក្ដៅ ដូចជា ចង្រ្កានបាយ ប៉ុន្តែ​​ប្រជាពលរដ្ឋ​មិនចាប់អារម្មណ៍។ ពស់​​ក៏​ដូច​មនុស្សដែរ ​គឺ​ព្យាយាម​រក​កន្លែង​មានសុវត្ថិភាព​។ រូងរបស់វាក៏​លិច​ទឹក​ដែរ អ៊ីចឹង​វា​ត្រូវ​រត់រកកន្លែងមានសុវត្ថិភាព»។

លោកបន្ថែម​ថា មនុស្ស​ប្រហែល៣០០នាក់​ត្រូវ​បាន​ពស់ចឹក ​ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​មក និង​ទទួលបានការព្យាបាល ឬត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ទោះយ៉ាងណា មិនមាននរណា​ម្នាក់​ស្លាប់​ឡើយ។

រដ្ឋបាលខេត្តបានបញ្ជាឱ្យបង្កើនបរិមាណថ្នាំព្យាបាលពស់ចឹក និងឱ្យក្រុមគ្រូពេទ្យត្រៀមខ្លួនសម្រាប់ព្យាបាល។

លោកបន្ថែមថា៖ «គ្រូពេទ្យរបស់យើងឈរជើងនៅគ្រប់ទីតាំងទាំងអស់ ទាំងមណ្ឌលសុខភាព ទាំងទីទួលសុវត្ថិភាព ហើយ​យើង​ក៏​បាន​រៀបចំ​ថ្នាំ​សម្រាប់​ព្យាបាលពស់​ចឹក​នៅ​គ្រប់​ទីកន្លែង»។

លោកបន្ថែមថា សាលារៀនចំនួន៧៥ខ្នង និងវត្តចំនួន៣៨ បានរងផលប៉ះពាល់ដោយទឹកជំនន់។ ទោះយ៉ាងណា ទឹកហាក់ដូចជាចាប់ផ្តើមស្រកហើយ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសកម្ពុជានឹងនៅតែរងឥទ្ធិពលដោយប្រព័ន្ធអាកាសធាតុសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី១២-១៨ ខែតុលា ដែលបណ្តាល​​ឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យម រួមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Snakes Seeking Shelter From Floods Bite 300 People

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ