តុលាការ​កំពូល​បង្វិល​សំណុំ​រឿង​កូនប្រុស​សកម្មជន​បក្សប្រឆាំង​ឱ្យ​សាលា​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ (គួយ ឡង់ឌី)

តុលាការកំពូល សម្រេចបង្វិលសំណុំរឿងយុវជន កាក់ សុវណ្ណច្ឆ័យ ដែលជាកូនប្រុសសកម្មជនគណ​បក្សសង្គ្រោះជាតិ​ដែលតុលាការ​​​រំលាយ ​ឱ្យ​សាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញជំនុំ​​ជម្រះ​ឡើង​​វិញ ដោយ​ថា ដើម្បី​ផលប្រយោជន៍​អនីតិ​ជន។

ការប្រកាស​សាលដីកា​នេះធ្វើឡើង​បន្ទាប់​ពី​តុលាការ​កំពូលបានបើកសវនាការជំនុំជម្រះលើ​បណ្ដឹង​សាទុក្ខ​របស់​មេធាវីការពារក្ដីឱ្យយុវជន កាក់ សុវណ្ណច្ឆ័យ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្រោយពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ តម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែល​បានកាត់ទោសយុវជន​វ័យ១៦ឆ្នាំរូបនេះ​ដាក់​​ពន្ធ​នា​គា​​រ​​រយៈ​​ពេល៨ខែ និងដាក់ឱ្យ​ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២​ឆ្នាំ​។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម នៅថ្ងៃពុធនេះ បានប្រកាសសាលដីកាដោយសម្រេចបង្វិលសំណុំរឿង «ញុះ​ញង់​បង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង «ប្រមា​ថចំពោះអ្នករាជការសាធារណៈ» ទៅឱ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញ។

លោកបន្តថា ​ការសម្រេចបង្វិលសំណុំរឿង​នេះ ដោយចង់ឱ្យសាលាឧទ្ធរណ៍​ពិចារណាចំ​ពោះការ​​ផ្ដន្ទា​ទោស និងល​ក្ខខណ្ឌមួយចំនួន ព្រមទាំងការដាក់ឱ្យស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យ​តាម​​ផ្លូវ​តុលាការរយៈពេល២​ឆ្នាំ ខណៈយុវជន កាក់ សុវណ្ណច្ឆ័យ ជាអនីតិជន។

មេធាវីការពារក្ដីឱ្យយុវជន កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ បង្ហាញការគាំទ្រចំពោះការ​សម្រេច​របស់​តុលាការ​កំពូល ដោយ​ថា កូនក្ដីរបស់លោកជាអនីតិជន បើសិនជាតុលាការថ្នាក់ក្រោមកាត់ទោសបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កុមារផង​ដែរ។ ដូច្នេះ លោកថា តុលាការ​គួរ​តែ​យក​ច្បាប់​មក​អនុវត្ត ដោយបង្វិលពីការផ្ដន្ទាទោសមកដាក់ស្ថិតនៅក្រោម​ការអប់រំ និងស្ដារនីតិសម្បទាឡើងវិញ ដើម្បីកុំឱ្យមានឈ្មោះផ្ដន្ទាទោស និងថ្កោលទោស​កុមារ។

លោកថា៖ «នៅក្នុងអង្គហេតុនៃការញុះញង់ហើយ បាន​ន័យ​ថា គាត់​បាន​ផុស​សារ​ ផុសអីផ្សេងៗហើយ ឈានទៅដល់​បទ​ចោទ​ប្រកាន់​ញុះ​ញង់​ ប៉ុន្តែនៅក្នុងដំណាក់កាល​បង្វិល [សំណុំរឿង] គឺតុលាការកំពូលឱ្យ​សាលាឧទ្ធរណ៍ពិចារណា​កុំឱ្យមានឈ្មោះ “ផ្ដន្ទាទោស” បង្វិលទៅជា “ការអប់រំ “វិញ​។ តម្កល់ហ្នឹង ចង់និយាយថា តម្កល់អង្គហេតុ វាមានអង្គហេតុហ្នឹង តែ​តុលាការកំពូល​បង្វិលឱ្យសាលាឧទ្ធរណ៍​ ដើម្បីឱ្យសាលាឧទ្ធរណ៍​ពិនិត្យ​អំពីការផ្តន្ទាទោសដាក់ពន្ធនាគារហើយ​នឹងលក្ខ​ខណ្ឌ»។

ទោះយ៉ាងណា អ្នកស្រី ព្រំ ចាន់ថា ដែលជាម្ដាយយុវជន កាក់ សុវណ្ណច្ឆ័យ ស្នើ​តុលាការកំពូលទម្លាក់បទចោទប្រកាន់ទាំងអស់ ដើម្បីឱ្យកូនប្រុសរបស់អ្នកស្រីមានសេរីភាពក្នុងការដើរហើរ និង​មិនរងសម្ពាធពីមជ្ឈដ្ឋានជុំវិញ ខណៈកូនប្រុសគាត់កំពុងមានជំងឺផងនោះ។ អ្នកស្រីចាត់ទុក​ការមិនទម្លាក់បទចោទប្រកាន់ និង​បន្តដាក់កូនរបស់អ្នកស្រី​នៅក្រោមការត្រួតពិនិត្យតាមផ្លូវ​តុលាការរយៈពេល២​ឆ្នាំ​ ថា​ជារឿងអយុត្តិធម៌។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំ ទទួលយកអត់បានតាំងពីដើមមកម្ល៉េះ តាំង​ពី​ចាប់​ប៉ា​របស់​គាត់ តាំង​ពី​​ធ្វើបាប​កូន​របស់ខ្ញុំ​ លើកទី១ និងទី២ ព្រមទាំងលើកទី៣ ​រហូតដល់ចាប់គាត់ដាក់ពន្ធនាគារ​។ កាលពីគាត់ចូលយកទង់បក្សក៏អ៊ីចឹង ​ហើយគប់គាត់បែកក្បាលក៏អ៊ីចឹង ដល់ពេលនេះ វាចាប់គាត់ដាក់ពន្ធនាគារ ​គឺវាអយុត្តិធម៌សម្រាប់​ក្រុមគ្រួសាររបស់​ពួកខ្ញុំខ្លាំងតែម្ដង។ ខ្ញុំទទួលយកអត់បានទេ​​ រឿងនេះ! គឺវាសម្ពាធខ្លាំងមែនទែនសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ»។

កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមសាសាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោស​យុវជន កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់​ពន្ធ​នាគា​រ​​រយៈ​ពេល៨ខែ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២​ឆ្នាំ​។

យុវជន​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទ​ប្រកាន់​ពីបទ «ញុះ​ញង់​បង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ប៉ុន្តែតុលាការបង្គាប់ឱ្យ​យុវជនរូបនេះអនុវត្តទោស​​ក្នុងពន្ធនាគាររយៈពេល «៤ខែ និង១៥ថ្ងៃ» ចំណែក​ទោស​​ដែល​នៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា យុវជន​ កាក់ សុវណ្ណច្ឆ័យ មិនគួរត្រូវបានតុលាការចោទប្រកាន់ និង​កាត់​ទោស​តាំង​ពីដំណាក់​កាលដំបូង​មក​ម៉្លេះ ខណៈ​ភស្តុតាងដែលយកមកចោទប្រកាន់នោះក៏ជាទំនាក់ទំនងឯកជន​ផងដែរ។

លោកកត់សម្គាល់ឃើញថា ការកាត់ទោសយុវជន កាក់ សុវណ្ណច្ឆ័យ បណ្ដាលមកពីយុវជនរូបនេះមានសកម្មភាពក្នុងការចេញតស៊ូមតិទាមទារឱ្យដោះលែងឪពុករបស់ខ្លួនដែលជាសកម្មជនគណបក្ស​ប្រឆាំង។

លោកថា៖ «នៅតុលាការកំពូល ដែលប្រកាសសាលដីកាសម្រេចបង្វិល​ឱ្យ​សាលាឧទ្ធរណ៍កាត់ឡើងវិញ ពី​ព្រោះ​នី​តិវិធី​ នៅ​ពេលដែលប្ដឹងសាទុក្ខលើកទី១ តុលាការកំពូលអាចពិនិត្យមើល​ទៅលើអង្គច្បាប់។ អ៊ីចឹងករណីនេះ ដោយសារ​តែ​តុលាការ​កំពូល​មើល​ទៅ ​​​វាឃើញមានភាពមិនប្រក្រតី​មួយចំនួន អ៊ីចឹងបានសម្រេចបង្វិលឱ្យសាលាឧទ្ធរណ៍ធ្វើ​ការ​ជំនុំជម្រះឡើងវិញ។ យើង​មើល​ទៅ យើងសង្ឃឹម​ថា​ សាលាឧទ្ធរណ៍ជំនុំជម្រះ​ទម្លាក់​បទចោទ​ទៅលើកុមារ កាក់ សុវណ្ណច្ឆ័យ ហើយ​ឱ្យមានសេរីភាពពេញលេញវិញ»។

យ៉ាងណាក៏ដោយ យុវជន​ កាក់ សុវណ្ណច្ឆ័យ ដែលជា​កូនរបស់​លោក កាក់​ កុម្ភារ សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការ​បាន​រំលាយ ក៏ធ្លាប់​​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់​ខ្លួន​ម្ដង​រួច​មក​ហើយកាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទី​ស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែយុវជនរូបនេះ​ត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​​វាយពីក្រោយ បណ្ដាលឱ្យ​បែកក្បាល​ដេរ ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែ​មកហើយ សមត្ថកិច្ចនៅមិនទាន់រកឃើញ​មុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ