អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបដល់អ៊ុយក្រែន នឹងមិនផ្ដល់អ្វីក្រៅតែពីការពង្រីកជម្លោះបន្ថែមទៀតនោះទេ ខណៈវាក៏នឹងធ្វើឱ្យអ៊ុយក្រែនរងនូវការឈឺចាប់កាន់តែខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមឱ្យដឹងផងដែរថា ការផ្ដល់ជូននេះក៏នឹងមិនអាចផ្លាស់ប្ដូរគោលដៅរបស់ទីក្រុងមូស្គូ ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃចន្ទកន្លងទៅ បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសទំនើបបន្ថែមទៀត។
ការសន្យាផ្ដល់ជូនដោយសហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ត្រូវបានរាយការណ៍ថា រងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ដែលកើតឡើងមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីចោទប្រកាន់ថា ហេតុការណ៍ផ្ទុះលើស្ពានគ្រីមេ គឺជាអំពើភេរវកម្មដែលបង្កឡើងដោយអ៊ុយក្រែន៕