ផ្លូវឆ្លងកាត់មួយដែលស្ថិតនៅខាងក្រោមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅភាគខាងលិចនៃខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ដោយមានទឹកហូរចេញពីក្រោមផងនោះ យូរៗម្ដងពលរដ្ឋបានដឹកគោ និងដឹកកសិផលឆ្លងកាត់ផ្លូវខាងក្រោមផ្លូវល្បឿនលឿននេះ។
ស្រ្តីម្នាក់បានអូសកង់នៅផ្លូវឆ្លងកាត់ខាងក្រោមផ្លូវល្បឿនលឿនដែលពោរពេញដោយភក់ និងទឹកហូរ ដើម្បីទៅស្ទូងស្រូវនៅផ្នែកម្ខាងទៀតនៃផ្លូវល្បឿនលឿន។ កសិកររូបនេះ បានអះអាងថា ពលរដ្ឋមិនអាចដឹកកសិផលតាមរយៈឡានដឹកទំនិញនោះទេ ដោយសារផ្លូវខាងក្រោមនេះទាបពេក។ ចំណែកឯពលរដ្ឋខ្លះទៀត មិនអាចចេញពីផ្ទះរបស់ខ្លួនឡើយ ដោយសារកសាងផ្លូវល្បឿនលឿនគេបានបិទច្រកចេញមុខផ្ទះពួកគាត់។

បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលមាន ៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤ ៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង។
តែយ៉ាងណា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តភ្ជាប់រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលចំណាយថវិកាសាងសង់ជិត ២ ០០០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនចិននេះ ត្រូវបានពលរដ្ឋរស់នៅប្របតាមផ្លូវល្បឿនលឿនបានលើកឡើងពីផលវិបាកក្នុងការឆ្លងកាត់ទៅផ្ទះ ឬស្រែចម្ការរបស់ពួកគេ។ យ៉ាងណាក្ដី ពលរដ្ឋមួយចំនួនដែលបានធ្វើដំណើរឆ្លងកាត់បង្ហាញពីភាពរីករាយដោយសារផ្លូវនេះមានភាពស្រស់ស្អាត សុវត្ថិភាព ព្រមទាំងចំណេញពេលវេលាច្រើន។

ក្នុងវ័យជាង៦០ឆ្នាំ អ្នកស្រី នួន ហ៊ីម រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង កំពុងធ្វើដំណើរទៅកាន់ស្រែចម្ការ ដែលត្រូវឆ្លងកាត់ផ្លូវខាងក្រោមនៃផ្លូវល្បឿនលឿនមានកម្ពស់ ៣ម៉ែត្រ ដែលធ្វើឱ្យការដឹកកសិផលនានារបស់គាត់ជួបការលំបាក ម្យ៉ាងទៀតផ្លូវនេះមានទឹកហូរឆ្លងកាត់ដោយសារតែក្រុមហ៊ុនចិន មិនទាន់ដាក់លូឱ្យបានត្រឹមត្រូវនៅឡើយ។
អ្នកស្រីបន្តថា ដំបូងឡើយគាត់សប្បាយចិត្តនៅពេលមានការសាងសង់ផ្លូវទំហំធំបែបនេះ តែក្រោយពីសាងសង់រួចមក កសិករស្ទើរគ្រប់រូបត្អូញត្អែរពីការលំបាកនៅពេលធ្វើដំណើរទៅកាន់ដីស្រែរបស់ពួកគេ។ ហេតុដូច្នេះអ្នកស្រីសង្ឃឹមថា អាជ្ញាធរ និងក្រុមហ៊ុនជួយបន្ថែមលូនៅផ្លូវខាងក្រោមផ្លូវល្បឿនលឿនឱ្យបានឆាប់ៗ ជាពិសេសនៅរដូវវស្សានេះតែម្ដង។
អ្នកស្រី នួន ហ៊ីម ថ្លែងថា៖ «អត់ស្រួលទេផ្លូវផុង គេអត់ទាន់ដាក់លូឱ្យម្ខាងទៀត គេដាក់ឱ្យបានតែម្ខាង ដឹងកាលណាទេ។ អាហ្នឹងស្រេចលើប្រធានភូមិ គេខ្នះខ្នែង បើគេអត់ខ្នះខ្នែងអត់ហើយ»។

ពលរដ្ឋនៅភូមិទី៤ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ អ្នកស្រី ម៉ឺន សុខលី បានឱ្យដឹងថា ពេលដែលក្រុមចិនចរចាផ្ដល់សំណងកាលពីអំឡុងឆ្នាំ២០១៩ បានផ្ដល់សំណងសមរម្យ ដោយអ្នកស្រីទទួលបានប្រមាណ ១ម៉ឺនដុល្លារ ក្នុងទំហំដីមានដំណាំជិត ១ហិកតា។ តែយ៉ាងណា ក្រុមហ៊ុនចិន មិនបានបញ្ជាក់ប្រាប់ថា ផ្លូវល្បឿនលឿននឹងត្រូវបិទច្រកចេញចូលផ្ទះរបស់អ្នកស្រីទេ។
អ្នកស្រីបន្តថា ចាប់តាំងពីផ្លូវល្បឿនលឿនសាងសង់រួចមក គឺខុសពីការរំពឹងទុករបស់គាត់ក៏ដូចជាអ្នកភូមិផ្សេងទៀត ដោយសារពួកគាត់មិនអាចប្រកបមុខរបរ និងទាញប្រយោជន៍អ្វីពីផ្លូវល្បឿនលឿននេះបានទេ។ ម្យ៉ាងទៀត ការធ្វើផ្លូវដែលបិទច្រកចេញចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេនោះ បានធ្វើឱ្យពលរដ្ឋជាច្រើនកាន់តែលំបាក។
អ្នកស្រី ម៉ឺន សុខលី ថ្លែងថា៖ «តែវានៅតែពិបាក បើកាលដីខ្ញុំមិនទាន់ឡើងជាអ៊ីចឹង[ផ្លូវល្បឿនលឿន] ចង់ដើរតែមួយភ្លែត មិនបាច់ជិះម៉ូតូ ដើរទៅចម្ការ វាអត់ដូចពីមុនចង់ចេញទៅស្រួល»។

អ្នកស្រី សុខ លី បន្តថា ពលរដ្ឋជាច្រើនក្នុងឃុំត្រែងត្រយឹង ធ្លាប់តវ៉ាទៅខាងក្រុមហ៊ុន ដោយស្នើឱ្យធ្វើផ្លូវតូចមួយក្បែរផ្លូវល្បឿនលឿនបន្ថែមទៀត ដើម្បីងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ និងដឹកកសិផលផ្សេងៗឆ្លងកាត់។ ប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បានឆ្លើយតបនោះទេ។
អ្នកស្រី ម៉ឺន សុខលី បន្តថា៖ «ឥឡូវបងប្អូននិយាយថា សំខាន់ផ្លូវទៅក្រោយ អ្នកមានចម្ការនៅក្រោយហ្នឹង គាត់ពិបាករឿងចេញចូលដែរហ្នឹងកាលមុនគាត់នាំគ្នាទៅតវ៉ាផ្លូវល្បឿនលឿនចិនបិទផ្លូវទៅក្រោយពិបាកណាស់»។

ចំណែកឯពលរដ្ឋម្នាក់ទៀត លោក យុង សុខឿន អាយុ៤៦ឆ្នាំ បានឱ្យដឹងថា ផ្លូវលឿនលឿននេះបានសាងសង់ព័ទ្ធជុំវិញដីរបស់លោក និងមិនមានផ្លូវណាមួយអាចឱ្យលោកធ្វើដំណើរចេញចូលផ្ទះបានទេ។ ជាក់ស្ដែង ក្រុមគ្រួសាររបស់លោកត្រូវដើរ និងឆ្លងកាត់អូរដោយចំណាយពេលកន្លះម៉ោង ដើម្បីទៅផ្ទះអ្នកជិតខាងដែលគាត់បានផ្ញើម៉ូតូជាប្រចាំនៅទីនោះ។
លោក យុង សុខឿន ថ្លែងថា៖ «តាំងបិទអាហ្នឹងទៅ លែងបានផ្លូវចេញចូល។ […] លំបាកៗហើយដើរកាត់ទឹក ទៅផ្សារទៅអីចឹងទៅ»។
លោកបន្តថា ក្រុមគ្រួសាររបស់លោកបានដើរបែបនេះអស់រយៈពេលជាង៤ខែមកហើយ។ ចំណែកលោកផ្ទាល់ ក៏លែងបានដឹកកសិផលរួមមានដូង ត្របែក និងផ្លែឈើផ្សេងៗយកទៅលក់បានទៀតនោះដែរ ដោយសារមិនអាចយកកសិផលទាំងនេះចេញទៅកាន់ផ្លូវធំបាន។
យ៉ាងណា លោកសង្ឃឹមថា ក្រុមហ៊ុនចិននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះជូនលោក និងពលរដ្ឋផ្សេងទៀតឱ្យបានឆាប់រហ័ស។
ស្របពេលពលរដ្ឋរស់នៅសងខាងផ្លូវល្បឿនលឿនត្អូញត្អែរពីផលលំបាកក្នុងការឆ្លងកាត់ដើម្បីចូលផ្ទះ និងធ្វើដំណើរទៅកាន់ស្រែចម្ការរបស់ខ្លួននោះ ពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿននេះបានបង្ហាញភាពរីករាយផងដែរ។

ពលរដ្ឋម្នាក់ ដែលធ្វើដំណើរលើផ្លូវល្បឿនលឿន លោក សុខ គា និយាយថា លោកសប្បាយក្រោយពីបានធ្វើដំណើរលើផ្លូវមួយនេះ ដោយសារតែផ្លូវធំមានគន្លងល្អស្អាត អមដោយទេសភាពស្រស់ត្រកាល មានស្លាកសញ្ញាធំៗជាដើម។ ចំណែកឯអ្នកបើកបរភាគច្រើនគោរពច្បាប់បានល្អ។
លោក សុខ គា ថ្លែងថា៖ «សុវត្ថិភាពច្រើន ព្រោះមើលទៅលើកទីមួយដែរសម្រាប់ស្រុកយើងដែលមានផ្លូវល្បឿនលឿន ហើយជាមោទកភាពដែរ ដែលយើងមានផ្លូវហ្នឹង»។

លោក ឈុន សុខ មេភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានអះអាងថា សព្វថ្ងៃប្រជាពលរដ្ឋក្នុងភូមិជាង ១០០គ្រួសារ ជួបបញ្ហាប្រឈមរឿងច្រកចេញចូលផ្ទះនិងទៅស្រែចម្ការ ។ លោកបារម្ភថា ប្រសិនបើមានគ្រោះអាសន្នដូចជា ភ្លើងឆេះផ្ទះជាដើម មិនដឹងថាត្រូវជួយសង្រ្គោះពលរដ្ឋបែបណានោះទេ។
លោក ឈុន សុខ ថ្លែងថា៖ «អត់ធ្វើផ្លូវឱ្យគាត់វិញ៦ខ្សែ សព្វថ្ងៃគាត់អត់មានច្រកចេញចូល។ វាត្រូវធ្វើផ្លូវចឹង សល់ម្ខាង ពីមុនដីវាមានផ្លូវដល់ដាច់ម្ខាង។ អ៊ីចឹងទៅដល់ពេលម្ខាងទៀតអត់មានច្រកចូល អត់ធ្វើសងគាត់ច្រើនណាស់»។
មេភូមិរូបនេះ ធ្លាប់បានដាក់លិខិតស្នើទៅកាន់មេឃុំ អភិបាលស្រុក និងក្រុមហ៊ុនជាច្រើនដងដែរ តែពុំទាន់មានដំណោះស្រាយឡើយ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចាន់ដារ៉ា បានឱ្យដឹងថា កន្លងទៅមន្រ្តីនិងខាងភាគីក្រុមហ៊ុន បានចុះជួបជាមួយប្រជាពលរដ្ឋ ប៉ុន្តែមិនមានផលប៉ះពាល់បែបនេះនោះទេ។
តែយ៉ាងណា លោក ចាន់ដារ៉ា បន្តថា ប្រសិនបើមានពលរដ្ឋដែលមានផលវិបាកក្នុងការឆ្លងកាត់ផ្លូវល្បឿនលឿននេះ អាចដាក់លិខិតមកកាន់ក្រសួងដើម្បីសហការជាមួយក្រុមហ៊ុនក្នុងការស្វែងរកដំណោះស្រាយជូនពួកគាត់។
លោក ប៉ាល់ ចាន់ដារ៉ា ថ្លែងថា៖ «ប្រសិនបើគាត់មានការលំបាកចំណុចអស់អីចឹង សុំឱ្យពួកគាត់ធ្វើលិខិតមកក្រសួង ដើម្បីក្រសួងស្នើទៅកាន់ភាគីចិនឱ្យគាត់សម្របសម្រួលរបៀបម៉េច? បើតាមខ្ញុំដឹង ក្រុមការងារក្រសួងចុះអស់ហើយ ហើយយើងក៏មិនបានទទួលព័ត៌មានហ្នឹងទៀតទេ»។

វីអូឌី បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តាមលេខនៅលើគេហទំព័រក្រុមហ៊ុន តែបុរសម្នាក់បានបដិសេធឆ្លើយតបនៅថ្ងៃអង្គារ។
នៅពេលធ្វើដំណើរត្រលប់ពីខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនវិញ អ្នករាយការណ៍ព័ត៌មាន វីអូឌី បានឃើញបុរសម្នាក់រត់ឆ្លងកាត់ផ្លូវល្បឿនលឿន។ ចំណែកបុរសម្នាក់ទៀតឈរក្បែរម៉ូតូជាមួយធ្យូងមួយការុងឬមួយបាវ។ នៅអមសងខាងផ្លូវល្បឿនលឿន កន្លែងខ្លះមានផ្លូវរណបឱ្យពលរដ្ឋអាចធ្វើដំណើរតាមបណ្ដោយផ្លូវនេះបាន ប៉ុន្តែកន្លែងខ្លះទៀត មិនមានផ្លូវរណបសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរឡើយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានច្រកចេញ-ចូល ទាំងអស់ចំនួន ៨ទីតាំងរួមមានដូចជា៖ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រលេខ៣, ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រលេខ២៦, ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រលេខ៤៣, ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រលេខ៧៦, ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រលេខ១១៤, ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រលេខ១៣៥, ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រលេខ១៧២ និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រលេខ១៨២។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ដោយចំណាយថវិកាជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕