សហគ្រិន​ស្ត្រី​ខ្វះ​ការ​គាំទ្រ​ផ្នែក​មូលធន និង​ការ​អភិវឌ្ឍ​សមត្ថភាព

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សៅ ខេង រក​ចំណូល​បាន​ដោយ​ការលក់បោះដុំគ្រឿងកំប៉ុង ​នៅ​ក្បែរ​ផ្សារ​ដីហុយ រាជធានីភ្នំពេញ។ ការប៉ុនប៉ងពង្រីកអាជីវកម្មត្រូវបានរារាំង នៅពេលដែលធនាគារមួយ​បានច្រាន​ចោល​សំណើកម្ចីរបស់អ្នក​ស្រី។ អ្នក​ស្រី​បាន​ប្រាប់​ថា​ «ធនាគារ​និយាយ​ថា ​​ប្រាក់​ចំណូល​របស់​ខ្ញុំ​មិន​គ្រប់គ្រាន់​តាមលក្ខខណ្ឌ​កម្ចី​ទេ ដូច្នេះ​គេ​ត្រូវ​ការ​អ្នក​ធានានិង​វត្ថុ​បញ្ចាំ តែខ្ញុំ​ពុំមាន»។ ការច្រានចោលសំណើកម្ចីពី​សំណាក់​ធនាគារ ជាកត្តាដែលញាំញី និងប៉ះពាល់ដល់​សហគ្រិន​ស្ត្រី​ជាច្រើននៅក្នុងប្រទេសកម្ពុជា។

​អ្នក​ស្រី សៅ ខេង ស្ថិត​ក្នុង​ចំណោម​ស្ត្រី​ប្រមាណ៦១ភាគរយ​ដែលកំពុង​គ្រប់​គ្រង​សហគ្រាស​ធុនតូច និង​មធ្យម ​(SME) នៅ​កម្ពុជា។​ នេះ​បើ​យោង​តាម​​តួលេខពីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ សហគ្រាស​ធុន​តូច និង​មធ្យម​​ បាន​ក្លាយ​ជា​កត្តា​ដ៏​សំខាន់​​សម្រាប់​រុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពក្នុង​ប្រទេស។

របាយការណ៍​របស់ Open Development Cambodia នៅឆ្នាំ២០២០ បង្ហាញថា SME ​បាន​រួម​ចំណែកដល់ស្ថិរភាពសង្គម និងការពង្រីក​វិស័យ​ឯកជន​ តាមរយៈការបង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋដែលមានការអប់រំនិងជំនាញ​ការងារ​នៅមានកម្រិត ហើយការងារ​ប្រមាណ​ ៧០% នៅកម្ពុជាត្រូវបានបង្កើតឡើងតាមរយ:សហគ្រាស​ធុន​តូចនិង​មធ្យមនេះ។

បន្ថែម​ពីនេះ​ទៀត​ សហគ្រាសដែល​ភាគ​ច្រើន​​កាន់​កាប់​ដោយ​ស្ត្រី​​នេះ​​បានរួមចំណែក ៥៨% នៃផលិតផលដុល​ក្នុងស្រុកសរុប (GDP)។

ផ្អែកតាមសមាគមសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២១ ក្នុងចំណោមសហគ្រាសដែលគ្រប់គ្រង​ដោយ​ស្ត្រី មាន ៦២% ជាអាជីវកម្មខ្នាតតូច (microbusinesses) ដែលមានបុគ្គលិកតិចជាង១០នាក់, ២៦% ជាសហគ្រាសធុនតូច (small enterprises) ដែលមានបុគ្គលិកចាប់ពី១០ ទៅ៤៩នាក់។ ចំណែកឯ ១២% ផ្សេងទៀតជាសហគ្រាសធុនមធ្យម (medium enterprises) ដែល​មាន​បុគ្គលិកចាប់ពី៥០ ទៅ២៤៩នាក់។

នៅ​ពី​ក្រោយ​ស្ថិតិ​វិជ្ជមាន​ទាំង​នេះ មានហេតុផលមួយដែលបង្ហាញថា សហគ្រាសធុនតូច និង​មធ្យម​ ភាគ​ច្រើនគ្រប់គ្រង​ដោយ​ស្ត្រី គឺព្រោះថា ពួកគេមិនមានលទ្ធភាពនិងសមត្ថភាព​ប្រើ​ប្រាស់​ឧបករណ៍​​ឌីជីថល និង​ជំនាញ​​ចាំបាច់ ដើម្បីធ្វើឱ្យអាជីវកម្មនោះរីកចម្រើន និង​ប្រែក្លាយ​ជា​សហគ្រាសធុនធំ។

ការប្រឈមផ្នែកហិរញ្ញវត្ថុ​របស់​ស្រ្តី​ក្នុង SME

ស្ត្រីកម្ពុជាប្រឈមមុខនឹងការលំបាក ជាពិសេសក្នុងការទទួលបានធនធាន និងជំនួយ ​ដើម្បី​ពង្រឹង​អាជីវកម្មរបស់ពួកគេ ដូចជា ការផ្តល់ហិរញ្ញប្បទាន និងឱកាសអភិវឌ្ឍន៍សមត្ថភាព រួម​មាន​ ការអប់រំជំនាញ និងការបង្កើតបណ្ដាញអាជីវកម្ម។ របាយការណ៍ឆ្នាំ២០១៩ ពីសាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា មានទំហំតូច និងក្រៅផ្លូវការ ហើយនេះ​ជា​បញ្ហា​ប្រឈមរបស់អាជីវកម្មទាំងនោះ ​​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន ជា​ពិសេស​កម្ចីពី​ធនាគារ។

របាយ​ការណ៍ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ថា ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុរបស់ស្រ្តី​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កត្តា​មួយ​ចំនួនទៀត រួម​មាន ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុនៅ​មាន​កម្រិត និង​កង្វះ​ការ​ទុក​ចិត្ត​ពី​សង្គមមកលើស្រ្តី។

ក្នុងការអនុវត្តជាក់ស្ដែង កម្ចីរបស់ធនាគារមានការហាមឃាត់ច្រើនសម្រាប់សហគ្រិនស្ត្រី ធ្វើ​ឱ្យពួកគេជួបប្រទះបញ្ហាកាន់តែច្រើនក្នុងការដាក់វត្ថុបញ្ចាំដើម្បីធានាកម្ចី។ នៅឆ្នាំ២០១៦ ៦៦%នៃសហគ្រាសធុនតូច និងមធ្យម ដែលបានស្នើសុំប្រាក់កម្ចី ទទួលរងការបដិសេធ ​ដោយសារ​តែ​ខ្វះ​អ្នកធានា ឬវត្ថុបញ្ចាំ។ ដោយឡែក របាយការណ៍របស់ IFC បានបង្ហាញថា ១៣% នៃ​ម្ចាស់អាជីវកម្មជាស្ត្រី បញ្ជាក់ថា ជួបប្រទះបញ្ហាដាក់វត្ថុបញ្ចាំ​ដើម្បី​ធានាបាន​ប្រាក់​កម្ចី ខណៈដែលម្ចាស់អាជីវកម្មជាបុរសដែល​បាន​ជួប​បញ្ហាដូចគ្នា​ មាន​ត្រឹម​តែ ៩% ប៉ុណ្ណោះ។

តាមការស្ទង់មតិឆ្នាំ២០២១ ស្ត្រីម្ចាស់អាជីវកម្ម​នៅតាមខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ​លើក​ឡើងថា ការ​លំបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារគឺជាបញ្ហា​ប្រឈម​ដ៏ធំបំផុតមួយ។

​ឧបសគ្គនៃ​ពេលវេលា និង​ការអភិវឌ្ឍ​ចំណេះ​ដឹង​

បន្ថែមពីលើឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្រ្តីក្នុងវិស័យ SME មួយចំនួនបានជួបការលំបាក​ក្នុងការ​បែង​ចែកពេលវេលា ​ដើម្បី​ទទួល​បាន​ឱកាសសិក្សាពីជំនាញអាជីវកម្មនានា ជា​ពិសេស​ការ​បែង​ចែក​ពេលវេលា​ដើម្បី​ចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព​ផ្សេងៗ ទោះជា​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិចក៏ដោយ ​ព្រោះក្នុងពេលតែមួយ ​ពួកគេ​ត្រូវរ៉ាប់រងកាតព្វកិច្ចគ្រួសារ ដោយ​សារ​​តាមប្រពៃណី​កម្ពុជា​ ស្ត្រីត្រូវមានទំនួលខុសត្រូវលើការងារផ្ទះ។ ផ្អែកតាមករណីសិក្សារបស់ KAS (Konrad Adenauer Foundation) Cambodia ឆ្នាំ២០២០ ​ភាព​មមាញឹកក្នុងការបំពេញកាតព្វកិច្ចគ្រួសារនាំឱ្យស្ត្រីកម្ពុជាមានឱកាសទំនាក់ទំនង ប្រើ​ប្រាស់ និងបង្កើតបណ្តាញក្នុងសង្គម តិចជាងបុរស។

កង្វះពេលវេលារបស់​ពួកគេក៏ជាកត្តាដែលធ្វើឱ្យពួកគេមិនសូវមានការយល់ដឹង និងរៀន​ប្រើ​ប្រាស់​​ព័ត៌មាន និងឧបករណ៍ឌីជីថលដែលមានប្រយោជន៍សម្រាប់អាជីវកម្ម រួមមាន ឧបករណ៍​ជំរុញការលក់ និងទីផ្សារ (ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រក្រុមហ៊ុន) ឧបករណ៍គ្រប់គ្រង​ហិរញ្ញវត្ថុ​​ (Monefly, Google Spreadsheet និង Excel Sheet) និងឧបករណ៍ជួយ​ពន្លឿន​ការ​សហការ​ផ្សេងទៀត រួមមាន (Microsoft Teams និង Trello) ផងដែរ។ មុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩ ម្ចាស់សហគ្រាសធុនតូច និងមធ្យម មិន​បាន​ចាត់​ទុកឧបករណ៍ឌីជីថលទាំងនេះជាអាទិភាព​ និងមានប្រយោជន៍ឡើយ។ លុះដល់​ពេល​ត្រូវ​ការ ពួកគេបានជួបប្រទះការលំបាកក្នុងការចូលរៀនវគ្គជំនាញទាំងអស់នេះ។

ចំណេះនៃការប្រើប្រាស់ភាសាមានកម្រិត ជាពិសេសភាសាអង់គ្លេស គឺជាឧបសគ្គ​មួយ​ទៀត​សម្រាប់ស្ត្រីមួយចំនួនក្នុងការទទួលបានព័ត៌មានសំខាន់ៗបន្ថែមទាក់ទងនឹងការប្រព្រឹត្តទៅនៃអាជីវកម្មរបស់ពួកគេ។ ប៉ុន្ដែយ៉ាងណាមិញ បញ្ហា​នេះហាក់​មិន​សូវ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ​សម្រាប់​សហគ្រិនស្ត្រី​វ័យ​ក្មេង​ដែល​អាច​ប្រើប្រាស់​ភាសាអង់គ្លេសបាន។

នៅក្នុងប្រទេសកម្ពុជា បើទោះបីជាតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម កំពុងកើនឡើង និងមានសារៈសំខាន់ក៏ដោយ ក៏ឧបសគ្គជាច្រើន ដូចជាកង្វះឧបករណ៍ និងការផ្តល់ជំនាញ បាន​រារាំងសក្តានុពល និងឱកាសរបស់ស្ត្រីក្នុងវិស័យនេះ។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ សហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រង​ដោយស្ត្រីនៅកម្ពុជា អាចសម្រេច​បាននូវការរីក​ចម្រើន​ប្រកបដោយនិរន្តរភាព។​

​រដ្ឋា​ភិបាលគួរ​ផ្ដោត​លើ​ការ​ពង្រឹង​ការគាំពារ​សហគ្រិន​ស្ត្រី

យោងតាមបញ្ហាដែលបានរៀបរាប់ពីខាងលើ ការបង្កើនសមភាពយេនឌ័រ​ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងសកម្មភាពអភិវឌ្ឍ​ន៍សមត្ថភាព ពិតជា​មានសារៈសំខាន់​ណាស់​សម្រាប់​កំណើន​​ប្រកបដោយនិរន្តរភាពនៃសហគ្រាសធុនតូចនិងមធ្យមដែលគ្រប់គ្រងដោយស្ត្រី និង​សម្រាប់សេដ្ឋកិច្ចជាតិរបស់កម្ពុជា។

បច្ចុប្បន្ន គំនិតផ្ដួចផ្ដើមជាច្រើនរបស់រដ្ឋាភិបាល ក្នុងគោលបំណងជួយសហគ្រិនស្រ្តី ក្នុងការ​ពង្រឹង​អាជីវកម្ម នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ជាក់ស្ដែង ក្នុងអំឡុងពេល​រាត​ត្បាត​នៃជំងឺកូវីដ-១៩ ដោយសារអាជីវកម្មមានសភាពតូចតាច ស្ត្រីជាច្រើនមិនបានទទួល​ជំនួយផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលទេ។ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអនឡាញ Cambodianess លោក ឈុនហាក់ អគ្គនាយក​​ផ្នែកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មាន​ប្រសាសន៍​ថា «ដោយសារតែសហគ្រិនស្ត្រីភាគច្រើនចាប់ផ្ដើម និងនៅដំណើរ​ការលក្ខណៈតូចតាចនិង​ក្រៅ​ផ្លូវការ ពួកគេពិបាកក្នុងការទទួលបានការគាំទ្រជាផ្លូវការណាស់»

ជាការពិតណាស់ ការអភិវឌ្ឍសមត្ថភាពស្ត្រីកម្ពុជា មិនគួរពឹងផ្អែកតែលើ​គម្រោងរបស់​អង្គការ​ក្រៅរដ្ឋាភិបាល និងដៃគូអន្តរជាតិនោះទេ។ ដើម្បីបង្កើតលទ្ធផលប្រកបដោយនិរន្តរភាព រដ្ឋា​ភិបាល​គួរតែផ្តោតលើការពង្រឹងការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គម និងផ្ដួចផ្ដើមកម្ម​វិធី​បណ្ដុះបណ្ដាល ដើម្បីជំរុញនិងលើកកម្ពស់ភាពធន់នៃដំណើរការអាជីវកម្ម ក្នុងករណីមាន​វិបត្តិ​នឹកស្មានមិនដល់ ដូចជា ជំងឺរាតត្បាត ជាដើម។

ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា គួរតែធ្វើការរួមគ្នា​ ដើម្បីផ្តល់លក្ខខណ្ឌផ្តល់​ប្រាក់​កម្ចី​ដែលមានសភាពបត់បែនដល់ស្ត្រី ក្នុងអាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូចនិងមធ្យម​។ ការផ្អាកការប្រមូលបំណុល និងការផ្តល់ប្រាក់​កម្ចីជាមួយនឹង​អត្រាការប្រាក់​ទាប ក៏​គួរ​ត្រូវបានពិចារណាផងដែរ ដើម្បីជួយស្ត្រីក្នុងការពង្រីក និងស្តារអាជីវកម្ម​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​ប៉ះពាល់ដោយជំងឺកូវីដ-១៩។

ការគាំទ្រអាជីវកម្ម និងសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី គឺជាការវិនិយោគ​លើការ​ពង្រឹង​សេដ្ឋកិច្ចរបស់ស្ត្រី និងកំណើនសេដ្ឋកិច្ចរួមរបស់ប្រទេសកម្ពុជានាពេលអនាគត៕


ដោយ៖ ហេង ម៉ូលីកា | ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

អត្ថបទជាភាសាអង់គ្លេស៖ Cambodia’s women-owned businesses face structural challenges

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ