យុវជន​ថា​ពួកគេ​ពិបាក​ប្រមូល​ស្នាមមេដៃ​អ្នកគាំទ្រ​ឱ្យ​ធ្វើ​បាតុកម្ម ក្រោយ​មាន​ការ​ចាប់ខ្លួន​លោក ធែល ធីលែន

លោក ធែល ធីលែន យុវជនតវ៉ាបញ្ហាវៀតណាមនៅកម្ពុជា ផ្តល់សម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីដាក់ញត្តិទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នើ​​ឱ្យ​លុបចោល​​​ការ​​បង្កើត​អគារ​សិក្សា​​ភាសា​​វៀត​​ណាម កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ ហ៊ាន រង្សី)

ក្រុមយុវជនបានលើកឡើងពី​​ការលំបាកក្នុងការប្រមូលស្នាមដៃប្រជាពលរដ្ឋ​គាំទ្រ​ការធ្វើបាតុកម្ម​ ដើម្បី​ទាម​ទារ​​​ឱ្យ​​រដ្ឋាភិបាល​បញ្ឈប់​​​​ការ​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុង​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដោយសារ​ពលរដ្ឋបារម្ភខ្លាចមានការ​ចាប់ខ្លួនដូចករណី​យុវជន ធែល ធីលែន

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក ធែល ធីលែន ​ជាយុ​វជន​លេច​ធ្លោមួយរូ​ប​ក្នុង​ចំណោម​យុវជនមួយ​ចំនួន​​ទៀត ដែ​ល​តែងតែចេញមុខតវ៉ា និងដាក់ញត្តិទៅក្រសួងនានា ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​​​ស្នាក់​​​​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលចាប់ខ្លួននៅមុខសាលារាជធានីភ្នំពេញ ក្រោយពី​រូបគាត់និងយុវជនផ្សេងទៀតជួបជាមួយអាជ្ញាធរ ដើម្បីស្នើសុំធ្វើបាតុកម្ម។

ការចាប់ខ្លួននោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្វើទៅតាមសាលដីការបស់​​​​ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត​​​កណ្តាល លោក ប្លុង វិសាល ដែល​​បង្គាប់ឱ្យឃុំខ្លួនលោក ធែល ធីលែន ជា​បណ្ដោះអាសន្ននៅពន្ធនាគារខេត្ត​កណ្ដាល ពាក់ព័ន្ធបទចោទ «លួចលក់អចលនវត្ថុរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន»

យុវជន ខុន រស្មី ដែលបាន​​ចូលរួម​​ជាមួយយុវជន ធែល ធីលែន និងយុវជនផ្សេងទៀត ក្នុងការ​តវ៉ានិងដាក់ញត្តិនោះ​ បានលើកឡើងនៅថ្ងៃពុធនេះថា ដើម្បីស្នើសុំ​ប្រមូលផ្ដុំធ្វើ​បាតុកម្មនៅទីលានប្រជាធិបតេយ្យ​ ទាមទារ​ឱ្យ​រដ្ឋាភិបាលបញ្ឈប់​​​​ការ​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀត​ណាមនៅកម្ពុជាបាន អាជ្ញាធររាជធានីភ្នំពេញបាន​តម្រូវឱ្យពួកគេ​ប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីគាំទ្រដល់ការធ្វើបាតុកម្មនេះ។

លោកបន្តថា ក្រោយពីមានការ​ចាប់ខ្លួនលោក ធែល ធីលែន គឺ​ពួកគេ​​ជួបការ​​លំបាកក្នុងកា​រប្រមូលស្នាមមេដៃអ្នកគាំទ្រសម្រាប់ការធ្វើបាតុកម្មនេះ ដោយសារ​តែប្រជាពលរដ្ឋមួយចំនួន​បារម្ភពីសុវត្ថិភាព និងខ្លាចមានការ​ចាប់​ខ្លួន​ដូច​លោក ធែល ធីលែន ដែរ។

លោកអះអាងថា៖ «រឿងទាំងអស់ហ្នឹងជាផលវិបាកមួយក្នុងការដែលយើងប្រមូលស្នាមមេដៃ គ្រាន់តែថានៅពេលដែលគាត់ធ្វើហ្នឹង [មានពលរដ្ឋគ្នាគាត់]ថា ធ្វើទៅជាប់គុកជាមួយគេ [ជាមួយលោក ធែល ធីលែន] វាមានសំឡេងអ៊ីចឹងពីបងប្អូនដែលគាត់កំពុងតែធ្វើហ្នឹង»។

ចំណែកយុវជន អ៊ំ ឈុម បានឱ្យដឹងដែរថា ពួកគាត់ជួបការលំបាកច្រើនក្នុងការប្រមូលស្នាមមេដៃ​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជធានី-ខេត្ត ដោយសារតែមានពលរដ្ឋ​ខ្លះ ​គាត់ត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមកំហែង និងខ្លះទៀតខ្លាចមានការចោទប្រកាន់ឬចាប់ខ្លួន​ ជាដើម។ យ៉ាងណា លោកថា ទោះជាមានការចាប់ខ្លួនលោក ធែល ធីលែន និងមានការគំរាមកំហែងតាមរូបភាពណាក៏ដោយ ក៏ក្រុមយុវជននៅតែបន្តប្រមូលស្នាមេដៃ និងដាក់​លិខិត​ទៅរដ្ឋបាល​រាជធានីភ្នំពេញ ស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នាពេលឆាប់ៗខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «ទោះបីមានគំនាប ឬមានការដាក់លក្ខខណ្ឌខ្ពស់យ៉ាងណាក៏ដោយ ក៏ពួកយើងព្យាយាម​ធ្វើ។ ទោះបីជាធ្វើមិនបានច្រើនតាមគោលការណ៍យើងចង់បាន តែបានតិច ក៏យើងនៅតែធ្វើ! ហើយការ​ធ្វើបាតុកម្មត្រូវតែធ្វើតែម្តង បើសិនជាសប្តាហ៍នេះយើងធ្វើមិនបាន យើងអាចលើកទៅសប្តាហ៍ក្រោយ»។

ក្រុមយុវជនបន្តថា គិតមកត្រឹមថ្ងៃទី១២ ខែតុលានេះ ពួកគេទទួលបានស្នាមមេដៃ និងលិខិតផ្ទេរសិទ្ធិពីប្រជាពលរដ្ឋជាង១០០នាក់ ដែលគាំទ្រធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទាររដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យវីអូឌីដឹងតាមរយៈតេឡេក្រាមថា តាម​ស្មារតីប្រជុំ​​កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមយុវជនបានចូលរួមពិភាក្សាគ្នា និង​បានឯកភាពថា ពួក​គាត់​នឹងរៀបចំឯកសារ និង​ដាក់ពាក្យសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ មករដ្ឋបាល​រាជធានីភ្នំពេញជាថ្មី ដើម្បីឱ្យមន្ត្រីពិនិត្យបន្តទៀត។

ចំណែករឿង​ក្រុមយុវជនត្អូញត្អែរពីការលំបាក​ក្នុងការ​ប្រមូលស្នាមមេដៃពលរដ្ឋ ដោយសារ​​​មាន​ការ​គំរាមកំហែង​​ពី​សំណាក់​អាជ្ញាធរនោះ​ មន្ត្រីនាំពាក្យរូបនេះស្នើសុំឱ្យពួកគេលើកឱ្យចំៗឈ្មោះ ដោយកុំធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិង​ភស្តុតាងត្រឹមត្រូវ។

លោកមានប្រសាសន៍ថា៖ «គួរមានការបញ្ជាក់ច្បាស់លាស់ថា អាជ្ញាធររូបណាធ្វើការគំរាមកំហែង ជាជាងគ្រាន់តែលើកឡើងច្បោលៗ ឬចោទប្រកាន់ដែលមិនមានមូលដ្ឋានភស្តុតាង​ត្រឹមត្រូវ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាអាជ្ញាធរមានការគំរាមកំហែងប្រជាពលរដ្ឋមិនឱ្យប្រមូលស្នាមមេដៃ ឬធ្វើលិខិតផ្ទេរសិទ្ធិច្បាប់ដើម ដើម្បីដាក់មកសាលារាជធានីភ្នំពេញ ស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដូចការលើកឡើងរបស់ក្រុមយុវជននោះមែន គឺជាការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងផ្ទុយពីគោលការណ៍ច្បាប់។

លោកបន្ត​ថា៖ «កន្លងមក ដោយសារតែបញ្ហារឹតត្បិតហ្នឹងហើយ បានយើងទទួលការខាតបង់ EBA ២០% និងមានការរិះគន់ពីសហគមន៍អន្តរជាតិ ឬក៏សហរដ្ឋអាមេរិក ជាដើម។ ចំណុចហ្នឹង ប្រសិនជាយើងមានការកែលម្អចំណុចខ្វះខាត យើងនឹងទទួលផលចំណេញ ប៉ុន្តែបើសិនជាយើងបដិសេធចោលការលើកឡើងឬក៏អនុសាសន៍របស់គេ គឺយើងទទួលផលខាតបង់ទៅវិញទេ»។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ចុះថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាល​ពី​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ ធែល ធីលែន បានលួចលក់អចលនវត្ថុ[ដី]របស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន ដែលប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តែយ៉ាងណា អ្នកស្រី លី ធីតា ដែល​ជាភរិយារបស់លោក ធែល ធីលែន បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថា ដីដែលស្វាមីរបស់គាត់យកទៅដាក់បញ្ចាំនោះ ជាដី​របស់លោក ផៃ ធែល ដែល​ជា​​​ឪពុករបស់ស្វាមីគាត់ ហើយ​ដីនោះ លោក ផៃ ធែល បានផ្ទេរសិទ្ធិកាន់កាប់ឱ្យ​លោក ធែល ធីលែន តាំងពីឆ្នាំ២០១៦មក។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​ មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ