អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក Alexander Venediktov បានឱ្យដឹងថា ការដាក់អ៊ុយក្រែនជាសមាជិកភាពក្នុងអង្គការណាតូ (NATO) អាចជាសកម្មភាពមួយដែលនាំទៅរកការកើតឡើងនៃសង្រ្គាមលោកលើកទី៣។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Alexander Venediktov បានថ្លែងក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍នេះថា៖ «អ៊ុយក្រែនខ្លួនឯងក៏ដឹងយ៉ាងច្បាស់ថា សកម្មភាពបែបនេះ [ការចូលជាសមាជិកអង្គការណាតូ] នឹងបង្កើនហានិភ័យដល់ការកើតឡើងនៃសង្រ្គាមលោកលើកទី៣ផងដែរ»។
លោកបន្ថែមថា៖ «ដូច្នេះហើយ វាគឺជាហេតុផលដែលពួកគេបច្ចុប្បន្នកំពុងតែព្យាយាមស្វែងរកការជួយជ្រោមជ្រែង [ពីបណ្ដាប្រទេសនានា] តាមរយៈការទាញការយកចិត្តទុកដាក់លើប្រទេសរបស់ពួកគេកាន់តែច្រើន»។
ជាមួយគ្នានេះ លោក Alexander Venediktov ក៏បានក្រើនរំឭកសាជាថ្មី ដោយថា ការដែលលោកខាងលិចជួយដល់អ៊ុយក្រែន គឺបង្ហាញថា ពួកគេក៏ស្ថិតនៅក្នុងភាគីនៃជម្លោះនេះដោយផ្ទាល់ផងដែរ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
ទាក់ទិននឹងករណីនេះ ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ីមួយរូប កាលពីពេលកន្លងទៅ ក៏ធ្លាប់បានព្រមានប្រទេសលោកខាងលិចថា ការកើនឡើងនៃការគាំទ្រផ្នែកយោធាដែលផ្តល់ដល់អ៊ុយក្រែន គឺជាការចាក់សាំងលើភ្លើងបន្ថែមទៀត ដែលអាចនឹងបង្កឱ្យមានជាជម្លោះរវាងរុស្ស៊ី និងសម្ពន្ធមិត្តយោធាណាតូផងដែរ៕