តុលាការ​បន្ត​សវនាការ​សំណុំរឿង «រួមគំនិតក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រលប់​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរ

លោកស្រី មូរ សុខហួរ ថ្លែង​ក្នុង​ពេល​ផ្តល់​បទសម្ភាសជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១៧។ (REUTERS)

សាលាដំបូងរាជធានីភ្នំពេញ​ បន្តសវនាការសំណុំរឿង «រួមគំនិតក្បត់» ដោយបង្ហាញភស្តុតាងដាក់​បន្ទុក ដែល​មេដឹកនាំ និង​សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​​ បាន​​បង្ហោះ​សារ​​​លើ​​បណ្ដាញសង្គម​​ ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់មកកម្ពុជារបស់លោកស្រី មូរ សុខ​ហួរ។

ការបង្ហាញ​ភស្តុតាងដែល​មេដឹកនាំ​បក្ស​ប្រឆាំង បាន​បង្ហោះនិង​ចែករំលែក​លើបណ្ដាញ​សង្គម ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​បាន​បញ្ចប់ការសួរដេញដោលជនជាប់ចោទចំនួន៣​នាក់ដែល​មានវត្ត​មាន​ក្នុងបន្ទប់សវនាការរួច។

សវនាការនា​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ តំណាងអយ្យការ លោក សេង ហៀង បានបន្តសួរលោក វឿង សំណាង អំពីទំនាក់ទំនងជាមួយសកម្មជននៅកូរ៉េឈ្មោះ សុខ ស៊ីឡាក់។ លោកបន្តថា មូល​ហេតុដែលសួរលោក វឿង សំណាង បែបនេះ ដោយថា ឈ្មោះ សុខ ស៊ីឡាត់ ជា​អ្នក​បង្ហោះសារ​លើ​បណ្ដាញ​សង្គម ដើម្បីកៀរគរប្រជាពលរដ្ឋនៅក្រៅស្រុកនិង​ក្នុង​ស្រុក ចូល​រួម​អមដំណើរ​វិល​ត្រលប់​លើក​ទី២ របស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិមកកម្ពុជាវិញ។

ក្រៅពីសួរពីទំនាក់ទំនងជាមួយឈ្មោះ សុខ ស៊ីឡាក់ ហើយ លោក សេង ហៀង ក៏បានសួរលោក វឿង សំណាង ពីទំនាក់ទំនងជាមួយឈ្មោះ ឡេង សុធារី និង​ការបង្ហោះសា​រ​កៀរ​គរប្រជា​ពលរដ្ឋទៅ​ទទួលលោកស្រី មូរ សុខហួរ និង​បាន​ញុះញ​ង់​ឱ្យ​កម្លាំងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ អំឡុង​ពេលថ្នាក់ដឹកនាំវិលត្រលប់មកកម្ពុជាវិញ ជាដើម។

ឈរក្នុងរង្វង់ក្រចកសេះ លោក វឿង សំណាង បាន​លើក​ឡើង​ថា​ ឈ្មោះដែ​ល​តំណាងអយ្យ​ការ​បាន​សួរ​ទាំង​២នោះ រូប​លោកមិនដែលស្គាល់ ហើយក៏គ្មានទំនាក់ទំនងជាមួយដែរ ខណៈសារ​ដែលបុគ្គល​រូបនោះ​បង្ហោះ ក៏​រូបលោក​មិនបានឃើញដែរ។

ក្រោយបញ្ចប់ការសួរដេញដោល​លោក វឿង សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា បានឱ្យក្រឡាបញ្ជីអានរបាយការណ៍សំ​យោគ​របស់សមត្ថកិច្ច ដែលលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ឡុង រី និង​លោក អ៊ួ ច័ន្ទរិទ្ធ ព្រមទាំង​សកម្មជនបក្សប្រឆាំង បានបង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

របាយ​ការណ៍​​ដែល​ក្រឡា​បញ្ជី​អាន​នេះ សមត្ថកិច្ច​បាន​ស្រង់​ចេញ​ពី​បណ្ដាញ​សង្គម​​ហ្វេស​ប៊ុក ដែល​អ្នក​ទាំង​នោះបានបង្ហោះដោយអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក ​ចូលរួម​អម​ដំណើរនិង​ទទួលលោកស្រី មូរ សុខហួរ ដែលនឹងត្រលប់មកកម្ពុជា ដើម្បីតតាំងក្ដីនៅតុលាការ​នៅដើមខែមករា ឆ្នាំ២០២១។

ប៉ុន្តែបើតាមរបាយការណ៍ដែលក្រឡាបញ្ជីអានអំឡុងពេលសវនាការព្រឹកមិញនេះ បាន​ចាត់ទុកគម្រោង​​​ការ​វិល​ត្រលប់របស់លោកស្រី មូរ សុខហួរ គ្រាន់​តែ​ជា​លេស ដើម្បីចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។

យ៉ាងណា ក្រោយពីបើកសវនាការមួយព្រឹក ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា​ បាន​ប្រកាស​ផ្អាក ដោយនឹងបន្ត​សវនាការ​នៅថ្ងៃទី​២០ ខែ​តុលា ខាងមុខទៀត។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីដំណើរការសវនាការ​នេះ យល់​ថា ការអំពាវនាវរបស់ថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់ ជាសិទ្ធិបញ្ចេញមតិ​តែ​ប៉ុណ្ណោះ។ មួយវិញទៀត លោកថា ការចោទប្រកាន់និងឃុំខ្លួនប្រជាពលរដ្ឋដែលគ្រាន់តែ​ទៅ​ឃ្លាំមើ​ល​នៅ​មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុងចុងឆ្នាំ២០២០ និងអ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធ ខណៈ​ពួកគេគ្រាន់តែជាអតីតសកម្មជនបក្សប្រឆាំង ថាជារឿងអយុត្តិ​ធម៌​សម្រាប់​អ្នក​ទាំង​នោះផង​ដែរ។

លោកថា៖ «យើងមើលខ្លឹមសារទាំងអស់នេះ ក្នុងនាមយើងធ្វើការសិទ្ធិមនុស្ស ដែលយើងប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្រាន់តែជាការអំពាវនាវឱ្យចូលស្រុក វាអត់មានពាក់ព័ន្ធនឹងអី វាអត់ទាន់មានព្យសនកម្មអី ដែលធ្វើឱ្យខូចខាតប៉ះពាល់ជាតិសាសន៍ ប្រទេសជាតិ! មើលទាំងអស់គ្នា វាអត់មានឃើញ។ អ៊ីចឹងហើយបានយើងស្នើសុំទទូចដល់រាជរដ្ឋាភិបាលគួរតែងាក​មករកការចរចាវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងរស់នៅមានសេចក្ដីសុខ កុំឱ្យគាត់រត់ចំណាកស្រុកភៀស​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​ហ្នឹង។ យើងស្រែកថាប្រទេសយើងមានសន្តិភាព ប៉ុន្តែតំណាងរាស្រ្តមួយចំនួន​រ​ត់​ទៅនៅ​ក្រៅស្រុក គេជឿជាក់​យើង​? អត់​ចំណុច​នេះ ដែ​ល​យើង​ឱ្យ​ពិចារណា»។

សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​មាន​ជន​ជាប់​​ចោទ៣៩​នាក់​នេះ ត្រូវ​​បាន​បំបែក​ជា​២សំណុំរឿង ក្នុង​​នោះ សំណុំរឿងទី១ មាន​​ជ​ន​​ជាប់​​​ចោទ​ លោក អៀ ចាន់ណា និងកញ្ញា សៅ ឧសភា ដែលកំពុងស្ថិតក្នុងដំណាក់កាល​ចៅក្រមស៊ើប ខណៈសំណុំរឿងមួយទៀតមានជនជាប់ចោទ ៣៧នាក់ ដែលតុលាការកំពុងដំណើរការសវនាការ។

ជនជាប់ចោទទាំង៣៧នាក់ ក្នុងនោះមានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ឡុង រី, លោកស្រី មូរ សុខហួរ ព្រមទាំងសកម្មជនផ្សេងទៀត ដែលបច្ចុប្បន្ន អ្នកទាំងអស់នេះកំពុងនិរទេស​ខ្លួននៅក្រៅប្រទេស ខណៈជនជាប់ចោទដែលមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ មានតែ៣​នាក់​​ប៉ុណ្ណោះ​​។ ជនជាប់ចោទទាំង៣នាក់នោះ មាន​​លោក គង់ ម៉ាស់, លោក ខាន់ ប៊ុន​​ផេង និង​លោក វឿង សំណាង ដោយ​អ្នកទាំងនេះកំពុង​ជាប់នៅពន្ធនាគារព្រៃស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ