មន្ត្រីថាមានកុមាររស់នៅទីតាំងឡឥដ្ឋជាមួយឪពុកម្ដាយ តែគ្មានការប្រើកម្លាំងពលកម្មកុមារឡើយ

ទិដ្ឋភាពនៅសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នា២០១៩។ រូបភាព៖ ហ៊ី ឆាយ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ អះអាង​ជាថ្មីថា មន្ត្រីជំនាញ​រកពុំឃើញ​នូវការប្រើប្រាស់​កម្លាំង​ពលកម្មកុមារ ឬកិច្ចសន្យា​ការងារ​ជាមួយ​កុមារ​នៅតាម​សិប្បកម្ម​ផលិត​​​ឥដ្ឋនានា​ឡើយ ដោយគ្រាន់តែ​រកឃើញ​មាន​​កុមាររស់​នៅ​ទីតាំង​ទាំងនោះ ប៉ុន្តែសង្គមស៊ីវិល​ថា បើទោះ​គ្មានកិច្ចសន្យាការងារ តែការ​ណ៍​ដែល​ម្ចាស់ទីតាំង​អនុញ្ញាត​ឱ្យកម្មករ​អាច​ប្រើកុមារ​ជួយការងារបាន នោះជារូបភាព​ប្រើប្រាស់កម្លាំង​ពលកម្មកុមាររួចទៅហើយ។

ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅថ្ងៃទី​១២ ខែតុលា ម្សិលមិញនេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ថ្លែងថា កន្លងមក ក្រសួងបានកត់សម្គាល់ឃើញថា កុមារ​បានជួបនូវហានិភ័យខ្ពស់ ដូចជា ករណីគ្រោះថ្នាក់បណ្តាលឱ្យ​ពិការ​ជាដើម​នោះ គឺ​ដោយ​សារ​កុមារ​ទៅ​តាម​ឪពុកម្តាយ​ធ្វើការ​នៅ​តាម​ឡឥដ្ឋ។

លោកបន្តថា ជារឿយៗ មន្ត្រីជំនាញ​បានចុះធ្វើអធិការកិច្ចនៅតាមទីតាំងឡឥដ្ឋ​នានា និងបាន​រកឃើញទីតាំងខ្លះ​មានកុមាររស់នៅ​ទីនោះ​ជាមួយឪពុកម្តាយ​របស់ពួកគេ ប៉ុន្តែ​​មិន​បាន​រកឃើញ​នូវ​ការ​ប្រើប្រាស់កម្លាំង​ពលកម្មកុមារជាផ្លូវការ ឬកិច្ចសន្យាការងារជាមួយ​កុមារ​នៅតាមទីតាំង​ឡឥដ្ឋ​​ទាំងនោះឡើយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួងការងារ លោក ហេង សួរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ" ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួងការងារ លោក ហេង សួរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោក ហេង សួរ បានគូសបញ្ជាក់​ថា៖ «មែន​ទែន​​ទៅ អ្វី​ដែល​យើង​បាន​ចុះ​ធ្វើអធិការកិច្ច គឺ​មិន​មាន​ឡឥដ្ឋ​ណាមួយប្រើប្រាស់កុមារនោះទេ ប៉ុន្តែពិតជា​មានកុមារដែលទៅតាមឪពុកម្តាយរស់នៅក្បែរទីតាំងឡឥដ្ឋហ្នឹង។ ប៉ុន្តែអ្វីដែលបង្កគ្រោះថ្នាក់កន្លងមកហ្នឹង គឺត្រង់ថានៅពេលដែលម៉ោងការងារហ្នឹង ឪពុកម្តាយ ឬមួយក៏កុមារហ្នឹង អាចចូលទៅកន្លែងទីតាំងផលិតកម្មហ្នឹង ហើយ​វាធ្វើឱ្យមានការគ្រោះថ្នាក់អីហ្នឹង។ ប៉ុន្តែបើនិយាយពីកិច្ចសន្យាការងារ រឿងមួយនេះតែម្តង យើងបា​នចុះទៅអង្កេតមើលហើយ គឺមិនមានការ​ប្រើប្រាស់កម្លាំងពលកម្មកុមារជាផ្លូវការអីណាទេ ប៉ុន្តែមានការរកឃើញថា កុមារ​រស់នៅលើទីតាំងហ្នឹងមែន»។

មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះបន្តថា កន្លងមក ​ក្រសួង​ក៏ធ្លាប់​បាន​ផ្លាស់​ប្តូរ​ពី​កា​រ​ចុះ​​ទៅ​អធិការកិច្ច ដោយ​ការចុះទៅពិនិត្យ​មើល​សកម្ម​ភាព​នៅតា​ម​ឡឥដ្ឋ ដោយមិនបានជូនដំណឹងមុន ក្នុងន័យទប់ស្កាត់ការប្រើប្រាស់កម្លាំងកុមារនៅក្នុងឡឥដ្ឋ ដើម្បីធានា​ថា ​កុមារ​មិនទទួល​រងផលប៉ះពាល់បន្តទៀត។ យ៉ាងណា លោកថា នៅតែពុំមានករណីប្រើប្រាស់កម្លាំងកុមារនៅក្នុងផលិត​ឡឥដ្ឋទាំងនោះឡើយ។

នាយក​ទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការប្រើប្រាស់កម្លាំង​ពលកម្ម​កុមារ គឺ​មិនមែន​ទាល់តែ​ម្ចាស់ឡឥដ្ឋមានកិច្ចសន្យាការងារជាមួយកុមារទេ។

លោក​ថា រូប​ភាព​ថៅកែ​ឡឥដ្ឋ​ប្រើ​កុមារ​ដោយ​ផ្ទាល់ គឺអាចនឹងមិនមាននៅតាមទីតាំង តែរូបភាពថៅកែអនុញ្ញាត​ឱ្យកម្មករស្នាក់នៅទីតាំង​អាចប្រើកុមារជួយការងារបាន នោះក៏ចាត់ទុកជារូបភាពប្រើប្រាស់កម្លាំងពលកម្មកុមារ និងប៉ះពាល់ដល់សិទ្ធិកុមារផងដែរ។

លោក អំ សំអាត ថ្លែងថា៖ «ការប្រើប្រាស់កម្លាំងកុមារដោយផ្ទាល់ គឺឡឥដ្ឋហ្នឹង​ប្រើប្រាស់កុមារ ដើម្បីផលប្រយោជន៍ឡឥដ្ឋដោយផ្ទាល់។ តែ​ពលកម្ម​កុមារមួយទៀតគឺការប្រើប្រាស់កុមារ ប៉ុន្តែមិនមែនថៅកែឡឥដ្ឋប្រើដោយផ្ទាល់ទេ គឺឪពុកម្តាយជាអ្នកឱ្យកុមារ ឬកូនរបស់ខ្លួន ជួយ​ទៅ​លើ​ការធ្វើសង្វាក់​ផលិតកម្មដូច​ជា ការ​ជញ្ជូន​ឥដ្ឋ ការ​រៀប​ឥដ្ឋ រៀប​អី​ចឹង​ទៅ។ អាហ្នឹង​ក៏​យើងចាត់ទុកថាជាពលកម្មកុមារដែរ ដែលមិន​ត្រូវឱ្យមាន​ការកើត​ឡើងទេ»។

លោក អំ សំអាត បន្តថា ការងារឡឥដ្ឋនេះ គឺជា​ការ​ងារ​តាម​រដូវ ហើយកម្មករទទួលកម្រៃច្រើនអាស្រ័យលើសង្វាក់ផលិតកម្មច្រើនដែរ ហេតុនេះហើយ​ឪពុកម្តាយ​ខ្លះបាន​ប្រើកូនៗរបស់ពួកគេ ដើម្បីជួយធ្វើការ។ ករណីនេះ លោក​ចាត់ទុកថា ជាប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលទាមទារឱ្យ​មានការពិនិត្យ​ឱ្យបាន​ម៉ត់ចត់។

លោក អំ សំអាត បន្តថា៖ «គួរតែដាក់ទណ្ឌកម្មចំពោះសិប្បកម្មឡឥដ្ឋណាដែលឃើញ ឬក៏អនុញ្ញាតឱ្យអ្នកធ្វើការឡឥដ្ឋ​ហ្នឹងប្រើប្រាស់​កូន​របស់​គាត់​ដើម្បី​ផល​ប្រយោជន៍ លុយកាក់ ឬក៏កម្រៃ ប៉ុន្តែជាផលប្រយោជន៍របស់ឡឥដ្ឋហ្នឹង»។

កាលពី​ឆ្នាំ​២០១៦ អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ទាក់ទង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡ​ផលិត​ឥដ្ឋនៅកម្ពុជា។  ​របាយការណ៍​នោះ ពិពណ៌នា​លម្អិត​ពី​មធ្យោបាយ ដែល​ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ​ដោយ​ការ​ផ្តល់​ប្រាក់កម្ចី និង​ការ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទីទ័លក្រ។

អង្គការការពារ​សិទ្ធិ​មនុស្ស​ដដែលនេះ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍នោះថា ការបញ្ចាំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្ម​ផលិតផល​ឥដ្ឋ​នៅកម្ពុជា បានបង្ហាញនូវទម្រង់ទាសភាពសម័យទំនើប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ