មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លើកឡើងថា កម្ពុជាជាកន្លែងដែលជនខិលខូចលួចប្រព្រឹត្តអំពើល្មើសគ្រឿងញៀន ហើយក្លាយជាជំងឺក្នុងសង្គម និងទៅជាប្រពៃណី ដែលការណ៍នេះ លោកអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបង្ការនិងទប់ស្កាត់បទល្មើសនេះឱ្យបានជោគជ័យ។
ថ្លែងក្នុងពិធីប្រណាំងទូកនៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា បញ្ហាគ្រឿងញៀនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងអាចធ្វើឱ្យមានបទល្មើសផ្សេងៗ ដោយលោកលើកជាឧទាហរហ៍ ករណីអតីតមន្ត្រីប៉ូលិសថៃម្នាក់ដែលប្រើប្រាស់និងជួញដូរគ្រឿងញៀន ហើយបានយកកាំភ្លើងបាញ់សម្លាប់កុមារនិងបុគ្គលិកសាលាមត្តេយ្យជិត៤០នាក់ រួចសម្លាប់ប្រពន្ធកូន និងចុងក្រោយសម្លាប់ខ្លួនឯង ជាដើម។
រូបភាពខ្លះៗអំពីករណីឃាតកម្មដោយអតីតមន្ត្រីប៉ូលិសថៃម្នាក់ដែលប្រើប្រាស់និងជួញដូរគ្រឿងញៀន ហើយបានយកកាំភ្លើងបាញ់សម្លាប់កុមារនិងបុគ្គលិកសាលាមត្តេយ្យជិត៤០នាក់ រួចសម្លាប់ប្រពន្ធកូន និងចុងក្រោយសម្លាប់ខ្លួនឯង
ជាក់ស្ដែង លោក ស ខេង អះអាងថា បទល្មើសគ្រឿងញៀននៅកម្ពុជាកំពុងតែបន្តកើតមានឡើងជាហូរហែ ហើយក្លាយជាជំងឺក្នុងសង្គម និងទៅជាប្រពៃណី ដែលការណ៍នេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធនិងពលរដ្ឋទាំងអស់ត្រូវរួមគ្នា ដើម្បីទប់ស្កាត់បទល្មើសនេះឱ្យទទួលបានជោគជ័យ។
លោកថ្លែងថា៖ «បទល្មើសគ្រឿងញៀន រឿងនេះមិនធម្មតាទេ ក៏ជាជំងឺសង្គម ក៏ជាបទល្មើសប្រពៃណី។ បទល្មើសប្រពៃណី មានន័យថាម៉េច? វាមានយូរហើយ វាជាប់ជាប្រចាំយូរហើយ! បើបទល្មើសបច្ចេកវិទ្យា ចាត់ទុកថាបទល្មើសមិនប្រពៃណី វាទើបកើតឡើង! ប៉ុន្តែបទល្មើសគ្រឿងញៀននេះ វាជាបទល្មើសប្រពៃណីយូរហើយ អ៊ីចឹងត្រូវចាត់វិធានការ បើមិនអ៊ីចឹង សង្គមយើងនឹងក្លាយជាសង្គមគ្រឿងញៀន»។
លោកបន្តថា៖ «អ៊ីចឹងហើយសូមឱ្យមានការគាំទ្រទាំងអស់គ្នា មានការចូលរួមទាំងអស់គ្នា អត់មានពីណាម្នាក់ថាទេ! អត់ទេ! ទាំងប្រជាពលរដ្ឋ ទាំងអ្នកមានអំណាច ទាំងសមត្ថកិច្ចរបស់យើងទាំងអស់គ្នា យើងត្រូវរួមគ្នា ដើម្បីធ្វើការងារទាំងអស់ហ្នឹង! បើមិនអ៊ីចឹងទេ វាមិនជោគជ័យទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា កន្លងមក មានប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ឃើញមានបទល្មើសគ្រឿងញៀន ប៉ុន្តែពលរដ្ឋខ្លះរាយការណ៍ទៅសមត្ថកិច្ច និងខ្លះទៀតមិនហ៊ានរាយការណ៍ ដោយសារតែពួកគេខ្លាចជនល្មើសគុំកួន ឬប្ដឹងទៅពួកគាត់វិញ ជាដើម។ ករណីនេះ លោកជំរុញទៅរដ្ឋាភិបាល និងតុលាការ ត្រូវមានយន្តការការពារប្រភពដែលផ្ដល់ព័ត៌មានពាក់ព័ន្ធរឿងប្រើប្រាស់និងជួញដូរគ្រឿងញឿននេះ។
យ៉ាងណា លោក យង់ គិមអេង ចង់ឃើញរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យ តាមដានជាប្រចាំ និងដាក់ទោសទណ្ឌលើជនល្មើសឱ្យមានតម្លាភាព ទើបទទួលបានផលវិជ្ជមានខ្ពស់។
លោកមានប្រសាសន៍ថា៖ «ត្រូវតែធ្វើជាប្រចាំ ក្នុងវិធានការបង្ក្រាប ក្នុងវិធានការការពារ ហើយជាមួយគ្នានោះ ត្រូវតែមានការតាមដាន ត្រួតពិនិត្យ ហើយនឹងការដាក់ទោសទណ្ឌដែរ ចំពោះមន្ត្រីណាដែលអនុវត្តមិនបានត្រឹមត្រូវ ឬក៏ដើរខុសពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ជាដើម។ អ៊ីចឹងទាល់តែមន្ត្រីទាំងអស់ហ្នឹងអនុវត្តនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ហើយមានការប្តេជ្ញាចិត្តដូចមន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិ បានទៅរួច»។
កាលពីចុងខែមិថុនា ឆ្នាំ២០២២ លោក ស ខេង ក៏ធ្លាប់បានបង្ហាញការព្រួយបារម្ភ ខ្លាចអន្តរជាតិដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ដែលជាហេតុធ្វើឱ្យប្រឈមហានិភ័យធំធេងផ្នែកសេដ្ឋកិច្ចនិងនយោបាយផងដែរ។ ករណីនេះ លោកបានជំរុញឱ្យសមត្ថកិច្ចស្រាវជ្រាវឱ្យដល់ឫសគល់ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ដោយថា បច្ចុប្បន្ន ឧក្រិដ្ឋជនឬឈ្មួញគ្រឿងញៀន យកប្រាក់ដែលពួកគេរកបានពីការជួញដូរគ្រឿងញៀន ទៅទិញដី ផ្ទះ បើកក្រុមហ៊ុន និងដាក់ក្នុងធនាគារ ជាដើម។
ចំណែកក្នុងសេចក្ដីប្រកាសព័ត៌មាន បន្ទាប់បិទបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យគ្រប់រាជធានី-ខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបើកយុទ្ធនាការប្រឆាំងនិងបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែលបានកើតឡើងនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព៕