កម្ពុជា​ចូលរួម​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី​ទាក់ទង​នឹង​ការ​កាត់យក​ទឹកដី​អ៊ុយក្រែន

អ្នក​ឃ្លាំ​មើល​នៅ​សាល​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ បង្ហាញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​លើការថ្កោល​ទោស​នៃការ​បញ្ចូល​ផ្នែក​ខ្លះ​នៃទឹកដី​អ៊ុយក្រែន​ទៅ​រុស្ស៊ី នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០២២។ (REUTERS/David ‘Dee’ Delgado)

មហាសន្និបាត​អង្គការសហប្រជាជាតិ នៅថ្ងៃពុធម្សិលមិញ បាន​ថ្កោល​ទោស​ក្នុង​ចំនួន​ច្រើន​លើស​លុបលើរុស្ស៊ី ទាក់ទងនឹងការប៉ុនប៉ងរបស់ប្រទេសនេះ​ដើម្បី​កាត់​យក​​តំបន់​ចំនួន​៤​នៃ​ប្រទេស​អ៊ុយក្រែនទៅគ្រប់គ្រង ខណៈខ្លួនក៏បានអំពាវនាវមិនឱ្យប្រទេសទាំងអស់ទទួលស្គាល់នូវសកម្មភាពខុសច្បាប់នេះផងដែរ។

យោងតាមលទ្ធផលបោះឆ្នោត ក្នុងចំណោមសមាជិកនៃមហាសន្និបាតចំនួន១៩៣ ក្នុងនោះមានប្រទេស​ចំនួន១៤៣ ដែលរួមមានកម្ពុជាផង បានបោះឆ្នោតគាំទ្រលើការសម្រេច​នេះ​ ដែលនេះក៏ជាការបញ្ជាក់​ឱ្យឃើញ​អំពី​អធិបតេយ្យ​ភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។

ទោះជាយ៉ាងណា តាមរយៈលទ្ធផលបោះឆ្នោត គេក៏​ស​ង្កេត​ឃើញ​មានប្រទេសចំនួន៤ ដែល​បាន​ចូលរួម​ជាមួ​យ​រុស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​សម្រេចនេះផងដែរ ដែលក្នុងនោះរួមមាន ប្រទេសស៊ីរី នីការ៉ាហ្កា កូរ៉េខាងជើង និងបេឡារុស ខណៈប្រទេសចំនួន​៣៥ រួមមាន ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប៉ាគីស្ថាន បានបោះឆ្នោតអនុបវាទ។

គួរបញ្ជាក់ថា ការ​បោះឆ្នោត​ប្រជាមតិកាត់យកទឹកដីអ៊ុយក្រែន ​​បាន​ចាប់ផ្ដើមធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី២៣ ខែកញ្ញា​កន្លងទៅ​ នៅ​ក្នុង​តំបន់ Luhansk, Kherson, Donetsk និង​តំបន់ Zaporizhzhia ដែលមានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល ខណៈអាជ្ញាធរ​ដែល​តែងតាំង​ដោយ​​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់ទាំង៤​នេះ បានអះអាងថា សំឡេង​​ភាគច្រើន​​បាន​​បង្ហាញ​ពីការពេញចិត្តក្នុងការក្លាយ​​ជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនេះបញ្ចប់​ទៅកាលពីថ្ងៃទី២៧ ខែកញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ