អាជ្ញាធរជាតិ​អប្សរា​គ្រោង​បិទ​ផ្ទៃមុខ​អប្សរា​ដែល​របេះជ្រុះ​នៅ​ប្រាសាទ​តាព្រហ្ម​ឡើង​វិញ

រូបចម្លាក់អប្សរានៅប្រាសាទតាព្រហ្ម ដែលផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​ ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​​នៅ​សប្ដាហ៍​នេះ​ថា ផ្ទៃមុខ​អប្សរា​ដែល​បាន​របេះ​ធ្លាក់​នៅប្រាសាទ​តាព្រហ្ម ក្នុង​ឧទ្យាន​បុរាណ​អង្គរ នឹង​ត្រូវ​បិទ​ឡើង​វិញ​នៅ​ពេល​អាកាស​ធាតុ​អំណោយផល។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា មន្រ្តីយាមប្រាសាទម្នាក់បានរាយការណ៍ថា ផ្ទៃមុខ​​រូបចម្លាក់​អប្សរា​មួយ​អង្គបានរបេះ​ធ្លាក់។ ប្រាសាទ​តាព្រហ្ម មានភាពល្បីល្បាញដោយសារមានដើមឈើធំៗ ឫស​ឈើដុះជុំវិញ​បរិវេណ​ប្រាសាទ។

នៅលើគណនីហ្វេសប៊ុកមួយដែលត្រូវបានចែកចាយជាង៥ ០០០​ដង មគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាបម្នាក់បានអំពាវនាវឱ្យនគរបាលពន្យល់ពីផ្ទៃមុខអប្សរា​ដែលជ្រុះ​ចេញ​​នោះ អមជាមួយ​​នឹ​ង​រូប​ថត​អប្សរា​ដែល​បាត់​ផ្ទៃ​មុខ ដោយសរសេរថា «តើវាបណ្ដាលមកពីអ្វី?»

មន្រ្តីអាជ្ញាធរ​ជាតិអប្សរា លោកស្រី នេត ស៊ីម៉ូន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារថា ផ្ទៃមុខអប្សរានោះមិនបាត់ឬមិនបាក់បែកឡើយ។

ផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​នៅប្រាសាទតាព្រហ្ម ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។
ផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​នៅប្រាសាទតាព្រហ្ម ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា)

លោកស្រីបន្ថែមថា គឺមានកូនឫសឈើចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណា លោកស្រី នេត ស៊ីម៉ន បញ្ជាក់ថា ជា​សំណាងល្អ ផ្ទាំងមុខអប្សរាបានជ្រុះទើ​រឫសឈើ បើមិនដូច្នោះទេ អាចឱ្យបែកដោយងាយ។

លោក ស្រ៊ាង គឹម​ស្រ៊ុន សាស្ត្រាចារ្យភូគព្ភសាស្ត្រ នៃវិទ្យាស្ថានគុកោសល្យរាជធានីភ្នំពេញ មាន​ប្រសាសន៍​ថា រូបចម្លាក់នៅប្រាសាទតាព្រហ្ម កម្រនឹងបែកបាក់​ណាស់ ​ទាល់តែមានអ្វីមួយ ឬ​មនុស្ស​ទៅ​ប៉ះ។ ទោះយ៉ាងណា លោកថា ដោយសារអាយុកាល អាកាសធាតុ ទឹក ឬខ្យល់ ជួនកាលអាចបណ្ដាលឱ្យមានការរបេះធ្លាក់។

បន្ទាប់​ពី​ពិនិត្យ​មើល​ផ្ទៃមុខអប្សរាដែលរបេះជ្រុះនោះ លោក ស្រ៊ាង គឹមស្រ៊ុន បាន​និយាយ​ថា ឫសឈើដែលដុះចូល​ផ្ទៃ​​មុខ​​អប្សរា ជាហេតុធ្វើឱ្យរបេះធ្លាក់។ លោក​បាន​បន្ថែម​ថា មន្ត្រីជំនាញ​អាច​បិទ​ភ្ជិត​ផ្ទៃមុខ​អប្សរា​​​ដោយ​ប្រើ​​ស៊ីម៉ងត៍បាន​។

លោកបន្ថែមថា៖ «​មិនមែនសុខៗ របេះធ្លាក់ឡើយ លុះត្រា​តែ​មាន​អ្វី​ទៅប៉ះ​»។

អាជ្ញាធរ​ជាតិ​អប្សរា ​កំពុង​រក្សាទុកផ្ទៃមុខអប្សរា​នោះនៅ​កន្លែង​មាន​សុវត្ថិភាព​​ រហូត​​ដល់​អាកាស​ធាតុ​អំណោយផល ទើបអាចបិទឡើងវិញបាន៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Apsara Authority to Restore Ta Prohm Statue’s Fallen Face

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ