ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា លោកបានលើកយកបញ្ហាមួយចំនួននៅកម្ពុជា ដូចជា បញ្ហាជួញដូរមនុស្ស គ្រឿងញៀន ការលាងលុយកខ្វក់ វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ការបោះឆ្នោតឆ្នាំ២០២៣ រួមទាំងសំណុំរឿងលោក កឹម សុខា និងលោក សុន ឆ័យ ជាដើម ទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
ការអះអាងនេះធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រ (Twitter) ផ្លូវការរបស់ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang កាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញ។
តាមរយៈសារនោះ លោក Pablo Kang លើកឡើងថា លោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញ ដោយក្នុងនោះ លោកបានលើកនូវចំណុចមួយចំនួន ដូចជា បញ្ហាជួញដូរមនុស្សតាមអ៊ីនធឺណិត បញ្ហាគ្រឿងញៀន អន្តោប្រវេសន៍ និងការលាងលុយកខ្វក់ ជាដើម។
លោក Pablo Kang បន្តថា៖ «យើងក៏បានលើកឡើងពីវិវាទការងារណាហ្គាវើលដ៍ ព្រមទាំងការទាមទារចង់ឃើញការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ប្រព្រឹត្តឡើងដោយសេរី និងយុត្តិធម៌ រួមទាំងសំណុំរឿងលោក កឹម សុខា ហើយនឹងលោក សុន ឆ័យ ផងដែរ»។
Met DPM Sar Kheng today; discussed the cyber scam trafficking issues in 🇰🇭, our 👮 cooperation on this, as well as on narcotics, immigration & 💰 laundering. Also raised the #NagaWorld dispute and our wish for free & fair elections in 2023, incl the cases of Kem Sokha + Son Chhay pic.twitter.com/aW5owNbXj4
— Pablo Kang 🇦🇺🇰🇭 (@AusEmbPP) October 13, 2022
ចំណែកនៅលើទំព័រហ្វេសប៊ុករបស់លោក ស ខេង វិញ ក៏បានលើកឡើងពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលី កាលពីថ្ងៃម្សិលមិញនេះផងដែរ ដោយថា ភាគីទាំងពីរបានពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ប្រភពដដែលបន្តថា ក្នុងជំនួបនោះ លោក ស ខេង បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា ក្នុងនោះ លោកឯកភាពថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺពិតជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសកលលោក។
លោក ស ខេង បន្តថា៖ «ផ្អែកលើបទពិសោធកន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះ ក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា»។
លោកបញ្ជាក់ទៀតថា៖ «ក្រៅពីការងារនេះ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយស្មុគស្មាញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ដែរ។ ជាក់ស្ដែង ចុងក្រោយនេះ មានកំណើននៃការបង្ក្រាប និងរឹបអូសបាននូវសារធាតុផ្សំជាគ្រឿងញៀន និងគ្រឿងញៀនច្រើន»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ចង់ឃើញភាគីអូស្ត្រាលីបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្ដល់កិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនដែលមាននិន្នាការកើនឡើងនេះ។
តែយ៉ាងណា ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង មិនបានបញ្ជាក់ពីការជជែករវាងភាគីទាំងពីរលើបញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ការបោះឆ្នោតជាតិឆ្នាំ២០២៣ រួមទាំងសំណុំរឿងលោក កឹម សុខា និងលោក សុន ឆ័យ នោះទេ៕