សមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកនៅខេត្តកណ្ដាល

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយ​​ដែលជួប​ឧបទ្ទវហេតុ​លិច​ទូកដ នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ស្នងការ​ដ្ឋាននគរបាល​ខេត្តកណ្តាល បានឱ្យដឹងតាមរយៈបណ្ដាញសង្គម​ហ្វេស​ប៊ុក​​ថា កាលពីម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មាន​ឧបទ្ទវហេតុលិចទូកចម្លងមួយបាន​កើតឡើង​​នៅ​ភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាល​​ឱ្យសិស្សសាលាចំនួន ១៥នាក់ ដែលមានអាយុ​ចន្លោះពី១២ឆ្នាំ ទៅ​១៤ឆ្នាំ​ បានបាត់ខ្លួន។ ប្រភពដដែលបញ្ជាក់​​​ថា ហេតុការណ៍​នេះកើត​ឡើង​​បណ្ដាល​មក​ពីម្ចាស់ទូកដាក់​លើស​ចំណុះ ធ្វេស​ប្រហែស និង​មិនមាន​ការប្រុងប្រយ័ត្ន​ ដោយគ្មានអាវពោងសម្រាប់ការពារ។

អធិការនគរបាលស្រុកលើកដែក លោក អាំង ធូ ប្រាប់វីអូឌី​​ថា គិតត្រឹម​ម៉ោង​៥ល្ងាច ​ថ្ងៃ​ទី​១៤ ខែតុលានេះ សមត្ថកិច្ចចម្រុះបានរកឃើញជនរងគ្រោះចំនួន​១៤នាក់ហើយ ក្នុងនោះ ជនរងគ្រោះចំនួន​១០នាក់ ​(ស្រី៣នាក់) បានស្លាប់ និង​កំពុង​បន្តស្វែង​រក​ជនរងគ្រោះ​​ចុង​ក្រោយម្នាក់ទៀត ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៤ឆ្នាំ។

សិស្សសាលាដែលរួចផុតពីការស្លាប់ម្នាក់ កុមារា ហេង ហ៊ុយ អាយុ១១ឆ្នាំ ដែលផ្តល់បទសម្ភាស​ដល់អ្នកប្រើប្រាស់បណ្តាញ​សង្គម​​ហ្វេសប៊ុកមួយរូប បានអំពាវនាវដល់រដ្ឋាភិបាល​ជួយ​ធ្វើ​ស្ពាន​ឆ្លង​ទៅ​សហគម​ន៍​របស់​ពួក​គេ ដើម្បីទប់ស្កាត់ការកើតឡើង​ឧបទ្ទវហេតុលិចទូកចម្លងជាយថាហេតុ​​ជាថ្មីទៀត។

កុមារា ហេង ហ៊ុយ និយាយ​ទាំងអួលដើមកថា រូបគេ និង​សិស្សសាលាផ្សេងទៀត​នៅក្នុងសហគមន៍ជួបការលំបាកខ្លាំងជាង​គេ គឺការធ្វើដំណើរឆ្លងទន្លេតាម​ទូកប្រចាំថ្ងៃ។

កុមារារូបនេះ បន្ថែមថា៖ «ជាចុងក្រោយនេះ ខ្ញុំសុំឱ្យ​សម្តេច​ជួយធ្វើស្ពានពីកោះទៅត្រើយម្ខាងទៀតផង កុំឱ្យក្មេងស្លាប់ច្រើន​ទៀត»

នាយក​ទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចូលរួមរំលែកទុក្ខចំពោះហេតុការណ៍នេះ។ លោកថា បញ្ហានេះកើតឡើងជាការធ្វេសប្រហែសរបស់ម្ចាស់ទូកចម្លង និងអាជ្ញាធរមូលដ្ឋាន ដែលមិនបានពិនិត្យឱ្យបានច្បាស់លាស់ចំពោះការចម្លងនេះ។ លោក​បន្តថា នេះជាមេរៀនមួយសម្រាប់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរពាក់ព័ន្ធ​ឱ្យមានការ​ប្រុង​ប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ចំពោះទូកចម្លងគ្រប់កន្លែង។

លោកបន្ថែមថា៖ «អ៊ីចឹងបើយើងបានត្រួតពិនិត្យ និងគ្រប់គ្រងបានត្រឹមត្រូវ ប្រហែល​ជា​មិនមាន​រឿង​ហ្នឹង​កើតឡើងទេ។ អ៊ីចឹងចំណុចនេះ វាជាមេរៀនមួយដើម្បីឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់​ទៅលើបញ្ហាទូកដនេះ។ យើងឃើញថា នេះជាលើកទី១ហើយដែលបានបាត់បង់អាយុជីវិតសិស្សដែល​ជា​កុមារ ហើយវាបានបង្ក​ឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ អ៊ីចឹងជា​បទពិសោធទៅថ្ងៃក្រោយ គួរ​តែ​មាន​ការគិតឱ្យបានច្បាស់លាស់ ហើយ​ចេញជារបាយការណ៍ឱ្យបានត្រឹមត្រូវទុកជាគំរូ​ កុំឱ្យហេតុការណ៍នេះ​កើតឡើងម្តងទៀត ទោះនៅក្នុងតំបន់ណាក៏ដោយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានចេញសាររំលែកទុក្ខ និងបញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ បន្តស្វែងរក និងជួយ​ដល់ជនរងគ្រោះជាសិស្សសាលាដែលជួបឧបទ្ទវហេតុលិចទូកចម្លងនេះ ហើយក៏ជួយដោះស្រាយដល់ក្រុមគ្រួសារនៃសព និងជនរងគ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងរស់នៅតាមដងទន្លេ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ