ការប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងទាំងមូល ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការជាន់ទាបនេះ បានជំរុញឱ្យមានការតវ៉ាពីភាគីសហមេធាវីការពារសិទ្ធិឱ្យអ្នកនយោបាយជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ដោយពួកគាត់ចាត់ទុកថា ការដឹកនាំនីតិវិធីនៃការជម្រះក្ដីនេះនៅមានរឿងជាច្រើនទៀត ដែលត្រូវជម្រះមន្ទិល និងស្វែងរកការពិត ក្នុងពេលសាក្សីសំខាន់ផ្សេងទៀតជាមន្រ្តីនគរបាលយុត្តិធម៌ដែលចុះអនុវត្តចាប់ខ្លួនលោក កឹម សុខា មិនត្រូវបានកោះហៅឱ្យមកផ្ដល់សក្ខីកម្មនៅឡើយ។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងទាំងមូល ក្នុងរឿងក្ដីអ្នកនយោបាយជាន់ខ្ពស់នៃគណបក្សជំទាស់ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ការបិទបញ្ចប់អំពីនីតិវិធីនៃការសួរដេញដោលលើអង្គហេតុផ្សេងៗនៃសំណុំរឿងលោក កឹម សុខា នេះ ស្របពេលតុលាការបានអះអាងថា សាក្សីដែលចូលខ្លួនមកផ្ដល់សក្ខីកម្មនេះត្រូវបានសួរនាំរួចអស់ហើយ។
យ៉ាងនេះក្តី ក្រុមសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានឡើងជំទាស់ភ្លាមៗ នៅបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើអង្គហេតុទាំងមូល ដោយកំណត់ឱ្យភាគីក្នុងរឿងក្ដីត្រៀមខ្លួនក្នុងការធ្វើសេចក្ដីសន្និដ្ឋាន ដែលជានាទីចុងក្រោយនៃសវនាការ មុននឹងឈានទៅប្រកាសសាលក្រម។
ជាមួយការមិនអស់ចិត្ត ដែលសហមេធាវីការពារសិទ្ធិឱ្យអតីតមេបក្សជំទាស់ នៅបន្តទាមទារឱ្យតុលាការកោះហៅសាក្សីជាសមត្ថកិច្ច និងភ្នាក់ងារបរទេសដូចក្នុងបទចោទនេះ មានអង្គការ IRI USAID និងអង្គការ CANVAS ជាដើម ចូលមកផ្ដល់សក្ខីកម្ម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្តល់វេទិកាឱ្យតំណាងអយ្យការពន្យល់ពីនីតិវិធីផ្លូវច្បាប់ ការពារពីការសម្រេចចិត្តនៃការបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលទាំងមូល។
លោក ប្លង់ សុផល ដែលជា សហព្រះរាជអាជ្ញារង បានឡើងថ្លែងការពារ ដោយលើកយកបញ្ញត្តិ មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ មកជម្រាបអង្គសវនាការ អំពីភាពត្រឹមត្រូវនៃការបិទបញ្ចប់នៃនីតិវិធីសួរដេញដោលនេះ។ បន្ថែមពីលើនេះ លោក ប្លង់ សុផល លើកឡើងថា ក្រោយអនុវត្តក្រមព្រហ្មទណ្ឌ ឆ្នាំ២០0៧ គឺមិនដែលឃើញមានការកោះអញ្ជើញសាក្សីជាសមត្ថកិច្ចនគរបាលយុត្តិធម៌ មកឱ្យផ្តល់សក្ខីកម្មទេ។ មិនតែប៉ុណ្ណោះ ការចាប់ខ្លួននេះធ្វើឡើងច្រើនលើកច្រើនសាមកហើយ ហើយជាបទល្មើសជាក់ស្តែងថែមទៀត។
បើទោះជាបែបនេះក្តី លោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានឡើងកត់សម្គាល់ដោយហៅ ការថ្លែងការពារផ្លូវច្បាប់ដោយតំណាងអយ្យការរូបនេះថា វាពិតជាពីរោះស្តាប់ តែនេះវាគ្រាន់តែជាការកុហកប៉ុណ្ណោះ ហើយកុំបង្ខំឱ្យលោកក្នុងនាមជាមេធាវី ហ៊ាននិយាយថាសំណុំរឿងនេះ វាគឺជារឿងនយោបាយ។ ចំណែកប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ នៅតែអះអាងម្តងហើយម្តងទៀតថា លោកមិនចាំបាច់អ្វីដែលត្រូវកោះហៅសាក្សីមកផ្តល់សក្ខីកម្មទៀតទេ ព្រោះតុលាការបានកោះអញ្ជើញសាក្សីចំនួន២៧រូបរួចមកហើយ ប៉ុន្តែមានអ្នកខ្លះមិនបានចូលរួមផ្តល់សក្ខីកម្មដោយផ្ទាល់បាន។
បើតាមលោកចៅក្រម តុលាការបានកំណត់ឱ្យភាគីពាក់ព័ន្ធ ត្រូវដាក់ភស្តុតាងចូលតុលាការឱ្យបានមុនថ្ងៃទី២៦ ខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនបានឃើញភាគីចុងចោទដាក់ភស្តុតាងថ្មីណាមួយបន្ថែមទៀត ដើម្បីបន្តនីតិវិធីទេ។ បើទោះជាតុលាការបានសម្រេចចិត្តថានឹងបិទបញ្ចប់នីតិវិធីសួរដេញដោលលើអង្គហេតុទាំងមូលក៏ដោយចុះ ក៏លោកចៅក្រមអះអាងថា លោកនឹងនៅបន្តបើកទ្វារឱ្យភាគីចុងចម្លើយដាក់ភស្តុតាងថ្មីចូលទៀត ហើយតុលាការនឹងកំណត់កម្មវិធី សម្រាប់សវនាការបន្ត។ យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅតែយល់ឃើញថា ការសម្រេចចិត្តរួចហើយថា នឹងបិទនីតិវិធីនៃការសួរដេញដោល ត្រឹមថ្ងៃទី១៣ ខែតុលា លើអង្គហេតុទាំងស្រុង ដូចយកជាការបានហើយ ហើយតុលាការដូចមិនចាំបាច់អ្វី ត្រូវកោះអញ្ជើញសាក្សីមកឱ្យផ្តល់សក្ខីកម្មទៀតទេ។
មុនបិទបញ្ចប់ការសួរដេញដោលនេះ តុលាការបានកំណត់ថ្ងៃជំនុំជម្រះ ២ថ្ងៃជាប់គ្នា ដោយគិតចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា។ ការកំណត់ដ៏កម្របែបនេះបានធ្វើឱ្យភាគីចុងចោទ ទទួលបានការស្វាគមន៍ ព្រោះការសម្រេចចិត្តនេះ គឺជាអ្វីដែលសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ចង់បានការជំនុំជម្រះច្រើនថ្ងៃដូច្នេះជាយូរមកហើយ ប៉ុន្តែត្រូវបានតុលាការបដិសេធជាបន្តបន្ទាប់។
គេសង្កេតឃើញថា នៅថ្ងៃទី១ នៃការផ្ដល់សក្ខីកម្ម លោក ឈឹម ផលវរុណ ក្នុងឋានៈជាសាក្សីរបស់តុលាការ ជាអតីតសហសេវិកជាមួយលោក កឹម សុខា កាលនៅបម្រើការជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហាក់ព្យាយាមដាក់បន្ទុកទៅលើលោក កឹម សុខា ដូចបទចោទ «ចង់ផ្តួលរំលំរដ្ឋាភិបាល» ដែរ។ ជាមន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផង លោក ឈឹម ផលវរុណ អះអាងថា ជនជាប់ចោទមានទំនាក់ទំនងជិតស្និទ្ធជាមួយជនបរទេស មានជនជាតិអាមេរិកាំងផង និងជាមួយអង្គការបរទេស ដូចជា អង្គការ IRI ជាដើម។
សាក្សីរូបនេះបន្តថា លោកចេះតែឆ្ងល់ហេតុអីបានមជ្ឈមណ្ឌលសិទ្ធិមនុស្ស មិនទាន់បានបង្កើតជាស្ថាប័ននៅឡើយផង មានលុយបម្រុងរួចជាស្រេច ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក ក្នុងដៃរួចទៅហើយ ដែល IRI សន្យាជួយឱ្យដំណើរការ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស។ក្រៅពីនេះ លោកសង្កេតឃើញមានជនបរទេសវ័យក្មេងជាជនជាតិអាមេរិកាំង ចុះមកធ្វើកម្មសិក្សា នៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សថែមទៀតផង។
បើទោះបែបណា នៅពេលលោកឆ្លើយនឹងសំណួរដែលតាំងឡើងដោយសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា វិញ សាក្សីរូបនេះបានផ្តល់សក្ខីកម្មខុសពីអ្វីដែលលោកបានផ្តល់សក្ខីកម្មទៅនឹងតំណាងអយ្យការ និងតុលាការ។
លោកបានជម្រាបអង្គសវនាការ ថាអ្វីដែលលោកបានដឹង គឺលោកបានប្រើពាក្យពេចន៍ថា ប្រហែលជា ឬអាចជា និងមិនច្បាស់ ជាដើមទៅវិញ។ បើតាមលោក ឈឹម ផលវរុណ មូលហេតុដែលលោកមិនអាចដឹងច្បាស់នោះ ដោយសារតួនាទី និងភារកិច្ចដែលលោកទទួលខុសត្រូវនៅក្នុងមណ្ឌលសិទ្ធិមនុស្សនេះ មិនមែនជាអ្នកដែលធ្វើសេចក្តីសម្រេចចិត្តធំដុំសម្រាប់គម្រោងរបស់ស្ថាប័នទេ។ មួយវិញទៀត លោកក៏ធ្លាប់ស្វែងរកយុត្តិធម៌ដែរ ប៉ុន្តែមិនបានដូចបំណង ក្នុងពេលមានអ្នកលួចក្លែងហត្ថលេខារបស់លោក មុននឹងរូបលោកត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សបណ្តេញចេញ ដែលបំពេញកិច្ចការនៅក្នុងស្ថាប័ននេះបានប្រហែល១ឆ្នាំ។
ផ្ទុយពីនេះ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ ដែលជាសាក្សី ត្រូវផ្តល់សក្ខីកម្មដែរនោះ បានជម្រាបអង្គសវនាការ ថា លោកស្រីបានចូលបម្រើការនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្ស ឬហៅកាត់ថា CCHR នេះ អំឡុងចុងឆ្នាំ២០០៥ ។ ប៉ុន្តែលោកស្រីសង្កេតឃើញថា ស្ថាប័នមិនមែនរដ្ឋាភិបាលមួយនេះបានបង្ហាញពីការងាររបស់ខ្លួនដោយតម្លាភាព។

បើតាមលោកស្រី ចក់ សុភាព CCHR ឈប់ទទួលលុយជំនួយពីអង្គការ IRI នេះតាំងពីឆ្នាំ២០០៧ មកម៉្លេះ ហើយបច្ចុប្បន្នមានមូលនិធិចម្រុះ ដូចជា ជំនួយបានមកពីស្ថានទូត សហភាពអឺរ៉ុប និងអង្គការ GIZ ជាដើម ហើយព័ត៌មានស្តីពីម្ចាស់ជំនួយទាំងនោះ គឺត្រូវបានបង្ហោះនៅលើគេហទំព័រ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សទាំងអស់ ដោយមិនមានភាពលាក់លៀមនោះទេ។
ដោយឡែក គម្រោងវេទិកាសាធារណៈ លោកស្រី ចក់ សុភាព បានជម្រាបអង្គសវនាការថា CCHR បានបិទបញ្ចប់គម្រោងនេះតាំងពីឆ្នាំ២០១១ ចប់សព្វគ្រប់អស់ទៅហើយ។
គេសង្កេតឃើញថា ក្រៅពីសាក្សីសំខាន់ទាំង២រូបនេះ នៅមានសាក្សី ៥រូបផ្សេងទៀត ដែលជាយុវជនស្រឡាញ់បរិស្ថាន និងយុវជនគណបក្សជំទាស់ មានដូចជា លោក ម៉ា ចិត្រា, លោក ខឿន វីរ៉ាត់, លោក សេង សុវណ្ណា, លោក កើ លាស់ និងអ្នកនាង កែវ សំនាង ក៏ត្រូវបានតុលាការកោះអញ្ជើញ ដើម្បីផ្ដល់សក្ខីកម្មដែរ ទាក់ទងការសិក្សានៅប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហា ឆ្នាំ២០១៦។ ពួកគេបានផ្ដល់សក្ខីកម្មថា ការចូលរួមវគ្គបណ្តុះបណ្តាលនៅទីនោះ ដែលមានរយៈពេលប្រមាណ១សប្តាហ៍ គឺមិនមានមេរៀនណាមួយដែលលើកឡើងពីរឿងបដិវត្តន៍ពណ៌ទេ។ មួយវិញទៀត ការដែលពួកគេទៅចូលរួមវគ្គបណ្តុះបណ្តាល តាមរយៈអង្គការអន្តរជាតិមួយឈ្មោះថា អង្គការ CANVAS នេះ គឺទៅដោយខ្លួនឯង មិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយឡើយ។
ដោយឡែក លោកស្រី ស ស៊ន ជាប្រធានសហគមន៍បុរីកីឡា ក៏បានចូលខ្លួនផ្តល់សក្ខីកម្មដែរ។ ការចូលបំភ្លឺនេះ លោកស្រីត្រូវបានតុលាការចោទសួរច្រើន ទាក់ទងថ្ងៃចន្ទពណ៌ខ្មៅ ឬហៅថា Black Monday។ ជម្រាបអង្គជំនុំជម្រះ អ្នកតស៊ូមតិរឿងដីធ្លីរូបនេះ អះអាងថា ថ្ងៃចន្ទពណ៌ខ្មៅនេះ គឺជាគំនិតផ្ដួចផ្ដើមដោយក្រុមសហគមន៍ផ្ទាល់។ យុទ្ធនាការនេះ បង្កើតឡើងដើម្បីទាមទារសិទ្ធិដីធ្លី ផ្ទះសម្បែង ដែលត្រូវបានក្រុមហ៊ុនឈូសឆាយកាលពីដើមខែ មករា ឆ្នាំ២០១១។ ក្រៅពីនេះ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះដែរ រៀបចំឡើងដើម្បីទាមទារឱ្យដោះលែងមន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួន៥រូប ដែលត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៌។
ចំណែកលោក គង់ គាំ ជាអ្នកនយោបាយជើងចាស់ ក៏ត្រូវបានតុលាការកោះអញ្ជើញ ក្នុងការផ្តល់សក្ខីកម្មដែរ។ បើទោះជាពីដំបូងទី លោកហាក់ផ្តល់សក្ខីកម្មស្របនឹងសំណួររបស់តំណាងអយ្យការថា ការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ គឺជាការរៀបចំដោយគណបក្សសង្គ្រោះជាតិ ហើយជាបាតុកម្មមានលក្ខណៈបដិវត្តន៍ពណ៌ក្រៅសំឡេងឆ្នោត ដែលអ្នកដឹកនាំបាតុកម្មលេចធ្លោកាលណោះ គឺជាលោក ហូរ វ៉ាន់ ក្ដី អ្នកនយោបាយចាស់វស្សារូបនេះបានជម្រាបអង្គសវនាការថា លោកសូមរក្សាចម្លើយរបស់ខ្លួន ដូចបានឆ្លើយនៅចំពោះមុខចៅក្រមស៊ើបសួរវិញ។
បើតាមចម្លើយដែលលើកឡើងដោយសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា គឺលោក ផែង ហេង លោក គង់ គាំ បានជម្រាបអង្គជំនុំជម្រះថា បាតុកម្មនៅពេលនោះមិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិទេ ហើយក៏មិនមែនជាទម្រង់នៃបដិវត្តន៍ពណ៌ដែរ។
ទាក់ទងនឹងការសម្រេចបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើអង្គហេតុទាំងមូលឯណេះវិញ លោកមេធាវី ចាន់ ចេន បានផ្តល់បទសម្ភាសឱ្យក្រុមអ្នកកាសែតនៅខាងមុខបរិវេណតុលាការ កាលពីថ្ងៃទី១៣ ខែតុលា ថាប្រសិនបើការទាមទារ ដើម្បីឱ្យតុលាការកោះអញ្ជើញសមត្ថកិច្ចនគរបាលមកផ្តល់សក្ខីកម្មមិនបានទេ មានន័យថា ការជម្រះក្តីនេះមិនអាចផ្តល់យុត្តិធម៌ ក្នុងនាមជាចុងចោទបានទេ។

លោកបន្តថា៖ «ខ្ញុំចង់ឃើញតុលាការប្រើប្រាស់ ឬក៏ផ្តល់ឱ្យភាគីទាំងសងខាងអស់ចិត្ត។ ប៉ុន្តែប្រសិនបើសំណើរបស់ពួកយើងដែលជាសហមេធាវី ដែលការពារក្តីឱ្យឯកឧត្តម កឹម សុខា ត្រឹមប៉ុណ្ណឹង ហើយតុលាការមិនព្រមទទួលសំណើដែលមានចែងក្នុងផ្លូវច្បាប់ ដោយសម្អាងថាអត់មានអ្វីត្រូវសួរតទៅទៀតទេ យើងអត់អស់ចិត្ត ហើយខ្ញុំហ៊ាននិយាយថា ខ្ញុំអត់ចង់ឃើញតុលាការកាត់ក្តីដោយលំៗទេ។ សូមតុលាការកាត់ក្តីដោយហ្មត់ចត់ ហើយគ្រប់ជ្រុងជ្រោយ»។
ដោយឡែក ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោក ក្រោយបញ្ចប់ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង គឺជំនួបទ្វេភាគីនេះក៏បានលើកឡើងពីសំណុំរឿងមេបក្សជំទាស់ លោក កឹម សុខា និងសំណុំរឿងមួយទៀត គឺអ្នកនយោបាយចាស់វស្សា លោក សុន ឆ័យ ដែរ។ ដោយឡែក ជំនួបនេះក៏ពិគ្រោះយោបល់ដែរ អំពីសារៈសំខាន់អំពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។
Met DPM Sar Kheng today; discussed the cyber scam trafficking issues in 🇰🇭, our 👮 cooperation on this, as well as on narcotics, immigration & 💰 laundering. Also raised the #NagaWorld dispute and our wish for free & fair elections in 2023, incl the cases of Kem Sokha + Son Chhay pic.twitter.com/aW5owNbXj4
— Pablo Kang 🇦🇺🇰🇭 (@AusEmbPP) October 13, 2022
នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា តុលាការគួរទទួលយកសំណើពីគ្រប់ភាគីពាក់ព័ន្ធ ប្រសិនបើនៅមានការជំទាស់បែបនេះ។ លោកបន្តថា ការសម្រេចចិត្តបញ្ចប់នីតិវិធីទាំងមានភាពចម្រូងចម្រាសបែបនេះ វានឹងឆ្លុះបញ្ចាំងពីភាពមិនស្មើគ្នាក្នុងការផ្តល់នូវយុត្តិធម៌ និងរងនូវការរិះគន់ពីការអនុវត្តនីតិវិធីរបស់ខ្លួន។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលដើមពីខែកញ្ញា ឆ្នាំ២០១៧ ទាំងពាក់កណ្តាលអធ្រាត្រ។ គិតមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌមួយនេះបានបន្តអូសបន្លាយប្រមាណ៥ឆ្នាំមកហើយ។ យ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសថា តុលាការនឹងបន្តនីតិវិធីបន្ថែមទៀត នៅថ្ងៃទី១៩ ខាងមុខនេះ ដើម្បីធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ថាតើគួរបន្តសវនាការទៀត ឬត្រូវដាក់ឱ្យភាគីធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ៕