លោក ហ៊ុន សែន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ស្វែងរក​និង​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិចទូក​នៅ​ខេត្តកណ្ដាល

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសាររំលែកទុក្ខ និង​បញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ បន្ត​ស្វែង​រក និង​ជួយ​ដល់​ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរសារលើ​ហ្វេសប៊ុក​នៅថ្ងៃទី១៤ ខែតុលានេះ ដោយបានបញ្ជាទៅសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ​បន្ត​ស្វែង​រក​អ្នក​រង​គ្រោះ និង​ចូល​រួម​ដោះស្រាយជួយដល់ក្រុមគ្រួសារ​នៃ​សព និងជនរងគ្រោះឱ្យ​បានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោក​ក៏​បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នក​ដែលកំពុងរស់នៅតាម​ដងទន្លេ​ ឱ្យមាន​ការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើងផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែល​បានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅ​ផ្ទះ​ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត​កណ្ដាល កាល​ពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យ​ស្លាប់​ជាច្រើននាក់ និងមួយចំនួនត្រូវ​បានជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ និងមួ​យ​ចំនួន​ទៀត​នៅកំពុង​បាត់​ខ្លួន​នៅ​ឡើយ»។

ស្នង​ការដ្ឋាននគរបាលខេត្តកណ្ដាល បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា គិតត្រឹមម៉ោង៨ព្រឹក​​ ថ្ងៃទី១៤ ខែតុលានេះ សមត្ថ​កិច្ច​បាន​រក​ឃើញជន​រង​គ្រោះសរុបចំនួន១២នាក់ ក្នុងនោះ ​ជនរងគ្រោះជាកុមារ​ចំនួន​៨នាក់ (ស្រីម្នាក់) បាន​ស្លាប់បាត់បង់ជីវិត។

បើតាម​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​ ឧបទ្ទវហេតុលិចទូកចម្លងនេះ​បាន​កើតឡើង​នៅម៉ោងជិត៧យប់ ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិត​នៅ​ភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្តាល​ឱ្យសិស្សសាលាចំនួន១៥នាក់ដែលមានអាយុ​ចន្លោះពី១២ទៅ១៤ឆ្នាំ​ បានបាត់ខ្លួន។

សមត្ថកិច្ចខេត្តកណ្ដាល បញ្ជាក់​ថា ហេតុការណ៍​កើត​ឡើង​បណ្ដាល​មក​ពីម្ចាស់ទូកដាក់​លើស​ចំណុះ ធ្វេស​ប្រហែស និង​មិនមាន​ការប្រុងប្រយ័ត្ន​ ដោយគ្មានអាវពោងសម្រាប់ការពារ ហើយបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែបន្តស្វែងរកជនរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយទូកជាច្រើនគ្រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ