កូដករ​ណាហ្គា​ធ្វើ​ពិធីកាន់ទុក្ខ​ក្រសួង​និង​ស្ថាប័ន​ចំនួន៦​ដែល​ពួកគេ​ចោទថា​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដោយបានធ្វើពិធីកាន់ទុក្ខនិងសរសេរឈ្មោះក្រសួងស្ថាប័នថ្នាក់ជាតិនៅលើស៊ុមរូបថតផង ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ជិត១០០នាក់ នៅថ្ងៃសុក្រនេះ បាននាំគ្នាធ្វើពិធីកាន់ទុក្ខរដ្ឋសភា និងក្រសួង​សរុប៦ស្ថាប័​ន ដោយពួកគេ​ថា ស្ថាប័នទាំ​ង​នេះអសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយវិវាទការងារជូនពួកគេ។

ក្រសួងស្ថាប័នទាំង៦នោះ រួមមាន​ ក្រសួង​មហា​ផ្ទៃ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​​កិច្ច​​ការ​​នារី ក្រសួង​យុត្តិធម៌ សាលា​រាជធានីភ្នំពេញ និងរដ្ឋសភា។

ក្រុមកូដករទាំងនោះបាន​​ធ្វើពិធី​កាន់​ទុក្ខ​ ដោយ​ដង្ហែ​​ស៊ុមដែលមានដាក់​​​ឈ្មោះ​ក្រសួង​​ស្ថាប័​​ន​ទាំង​​៦ និង​​​​ភ្ជាប់​ជាមួយបូពណ៌​ស-ខ្មៅ ចេញ​ពី​​ក្រុមហ៊ុនណាហ្គាវើលដ៍២ ទៅកាន់ក្រុមហ៊ុនណាហ្គាវើលដ៍​១ ដោយ​មាន​ទាំង​ភ្លេងហែសព អម​ជាមួយ​នឹង​បដាទាមទារដំណោះស្រាយផង​ដែរ។

កូដករណាហ្គា អ្នក​នាង ចាន់ ស្រីរ័ត្ន បាន​ប្រា​ប់អ្នកសារព័ត៌មាន​នៅមុខក្រុមហ៊ុនល្បែងមួយនេះ​ថា ពួក​​គេធ្វើពិធី​បែប​សាសនា​នេះ ដោយ​បង្ហាញពីការសោកស្ដាយចំពោះក្រសួងនិងស្ថាប័នទាំង៦ ដែល​មិន​អាចជំរុញ​ឱ្យមាន​ដំណោះស្រាយវិវាទការងារ​ជូនពួកគាត់បាន បើទោះបីវិវាទនេះ​បានអូស​បន្លាយជាង១ឆ្នាំហើយក្ដី។

កូដករម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ​ បាន​លើកឡើងដែរថា វិវាទការងារនៅក្រុមហ៊ុនណា​ហ្គាមិន​ត្រូវ​បាន​ក្រសួងទាំង​អស់​នេះ​ចេញអន្តរាគមន៍ដោះស្រាយឡើយ ហើយ​អាជ្ញាធរ​នៅ​​តាម​​មូល​ដ្ឋាន​បែរ​ជា​ចុះ​ទៅគំរាម​កំហែង​ដល់​ក្រុម​គ្រួសារ​របស់​ពួកគាត់ទៀត។

ជាមួយគ្នា​នេះ កញ្ញាថា កូដករ២នាក់​​ដែល​ចេញ​ធ្វើ​កូដកម្ម​ ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​បណ្ដឹង​ទៅតុលាការ ដោយ​ប្ដឹងពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» និង «ឃុំឃាំង និង​បង្ខំាង​ដោយ​ខុសច្បាប់​» ថែម​ទៀត។ កូដកររូបនេះចាត់ទុក​បណ្ដឹង​របស់​ក្រុម​ហ៊ុន​ដែល​ប្ដឹង​កូដករ​ថា​ជា​រឿងអយុត្តិធម៌។

បើតាមដីកាកោះហៅ ចេញ​ដោយ​ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង កាលពីចុងខែកញ្ញានេះ​ បាន​តម្រូវឱ្យ​ឈ្មោះ នេត ចរិយា ចូលបំភ្លឺនៅសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នាថ្ងៃទី១៩ ខែ​តុលា ខាងមុខ​នេះ តាមបណ្ដឹងរបស់ក្រុមហ៊ុន ខណៈកូដករម្នាក់ទៀតនៅ​ពុំទាន់​ដឹង​ថា​នឹង​ត្រូវចូលទៅបំភ្លឺនៅពេលណានោះទេ។​

ពាក់​ព័ន្ធនឹង​​រឿងវិវាទការងារនេះ កាលពីថ្ងៃទី១២ ខែ​តុលា មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​ងារ លោក ហេង សួរ បាន​ទទួល​ស្គាល់​ថា ការអូស​បន្លាយ​វិវាទ​ការងារនៅក្រុមហ៊ុន​​ណាហ្គាវើលដ៍​ ដោយ​សារ​រឿង​នេះ​មិន​មែន​ជា​រឿង​​តូច​តាច ហើយភាគីជម្លោះប្រកាន់យកជំហរដាច់ខាតរៀងខ្លួន ប៉ុន្តែក្រសួងអាចត្រឹមដើរតួជាអ្នកផ្សះផ្សាវិវាទ និង​គ្មាន​សិទ្ធិ​ដាក់​សម្ពាធ​បង្ខំ​​​ភាគីណាមួយឡើយ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពី​ក្រុមហ៊ុននេះបានបញ្ឈប់​​​បុគ្គលិក​ចំនួន១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារ​តែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គលិក​​ដែល​​ចេញ​ធ្វើកូដកម្ម​ជាង៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ ​ដោយសារថៅកែ​មានចេតនា​រំលាយ​​សហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ