នគរបាលជាតិ​បកស្រាយ​រឿង​បាត់ដាន​ជនល្មើស​វាយ​សកម្មជន​បក្សប្រឆាំង​ជាង​៣០ករណី

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ អះអាងថា ខ្លួនមិនទាន់មានតម្រុយ​ណាមួយឈានទៅចាប់ខ្លួនជនល្មើស ដើម្បីឱ្យតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណី​ប្រើ​ហិង្សាជា​ង​៣០ករណីលើអតីតសកម្មជនគណបក្សប្រឆាំង​ ចាប់តាំង​​ពីចុងឆ្នាំ​២០១៧ មកដល់ពេលថ្មីៗនេះ​​​ នៅ​ឡើយ​ទេ បើទោះបីជាបានសម្អាងថា ជំនាញ​មន្ត្រី​កម្ពុជា​ក្នុងការបង្ក្រាបល្មើសនិង​បទឧក្រិដ្ឋមិនចាញ់​សមត្ថភាព​មន្ត្រីអន្តរជាតិក្តី។

នេះបើតាមការថ្លែងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែតុលានេះ។

បើតាមអ្នកនាំពាក្យរូបនោះ សមិទ្ធផលសម្រេច​បាន​រយៈពេល​​៥ឆ្នាំ​របស់ក្រសួងមហាផ្ទៃ គឺការពារបាននូវខឿន​សន្តិ​ភាព បូរណភា​​ពទឹ​ក​ដី បញ្ចៀស​បាននូវអំពើភេរវកម្ម ការ​ប៉ុនប៉ងបង្កចលាចលសង្គម ធានាបាននូវ​សុខ​សុវត្ថិ​ភាព នយោ​បាយការទូត និងវប្បធម៌នៅក្នុងប្រទេស។

លោកបន្ថែមថា ៥ឆ្នាំមកនេះ បទឧក្រិដ្ឋបានថយចុះជិត​៤០០​លើក ក្នុង​នោះមា​ន​ទាំង​បទ​ប្លន់​ប្រដាប់អាវុធ អំពើឃាតកម្ម បទរំលោភសម្លាប់ ដែលការណ៍នេះ លោកថា ការងារសន្តិសុខ សមត្ថកិច្ចបង្ក្រាបបាន៩០ភាគរយ​ នៅសល់តែ១០ភាគរយប៉ុណ្ណោះ ដែលជាបញ្ហាប្រឈមមិនទាន់សម្រេចបាន ដើម្បីឆ្លើយតបទៅនឹងជំងឺចិត្តរបស់ជនរងគ្រោះ។

លោកថា៖ «ខ្ញុំជឿថា ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ កម្ពុជា​ពូកែរកណាស់​ ពេលខ្លះប្រទេសមួយចំនួន​ ៣ឆ្នាំ​មិនទាន់​រក​​​​ឃើញ​ទេ។ បងប្អូនអ្នកតាមដានសភាពការណ៍ដឹងហើយ ករណីខ្លះអត់លើស៣៩ម៉ោង​ទេ ​បង​ប្អូនចាប់​ឃា​ត​កបានហើយ»។

ប៉ុន្តែនៅពេលសួរ​ថា តើមា​ន​មូល​ហេតុ​ចម្បងអ្វីដែល​សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ជន​ដៃដល់​ដែល​លប​វាយអតីត​សកម្មជនគណបក្សប្រឆាំងឱ្យរងរបួសបែកក្បាល និ​ង​ខ្លះបាក់​ដៃ ជាង៣០ករណី ជាបន្តបន្ទាប់ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយវិធានការរំលាយគណបក្សសង្គ្រោះជាតិ ហើយរហូតបច្ចុប្បន្ន សូម្បីតែមួយករណីក៏មិន​ទាន់ចាប់ជនល្មើសបាន ទោះករណីខ្លះមានរូបភាពនិង​វីដេអូ ដែលការណ៍នេះ លោក​អះអា​ង​ថា មកពីកង្វះ​ព័ត៌​មាន និងបញ្ហាប្រឈមមួយចំនួនទៀត។

លោកថា៖ «អត់ដែលរកឃើញមកពីមូលហេតុអី? ទី១ ព័ត៌មា​ន​អត់​គ្រប់ ទី២ លោកមានប្រសាសន៍ថាមាន​ទាំង​វីដេអូ សួរថា​ជន​ល្មើស​ដែល​ឃើញ​រូប​​​ជន​ប្រព្រឹត្តក្នុង​វីដេអូ​ហើយ វា​នៅ​សម្ងំ​ក្នុង​ផ្ទះ​ឱ្យ​យើង​ចាប់ឬ​អី? តែយើងនៅបន្តស្រាវ​ជ្រាវ»។

លោក សំ សុគង់ មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​គណបក្ស​សង្គ្រោះជា​តិ​ដែល​តុលាការ​​បាន​រំលាយ​ បាន​​ថ្លែង​កាល​ពីអំឡុង​ពាក់​កណ្ដាល​ខែកក្កដា ឆ្នាំ២០២២នេះថា មាន​​ជន​រង​​​គ្រោះ​​មិន​​តិ​​ចជាង៣០នាក់​ទេ ដែល​​​ត្រូវ​បាន​គេ​លប​​វាយ​​ប្រហារ។

លោកគូស​បញ្ជាក់​ថា ​​សកម្ម​ភាព​បែប​​​នេះបានកើតឡើងជាញឹកញាប់ចាប់ពី​ចុង​ឆ្នាំ​២០១៧​មក ហើយថា អំពើ​ហិង្សានោះ ​ភាគ​ច្រើនជន​​​​​​​មិន​​​​ស្គាល់មុខ​លបវាយសំដៅក្បាលជនរង​គ្រោះ។

បើតាម​លោក សំ សុគង់ ក្នុង​ចំណោម​ហិង្សា​ទាំង​ជា​ង​​៣០​​ករ​​​​ណី​​នេះ មានប្រមាណ១០សំណុំរឿង គឺជាហិង្សា​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ​បំផុត រហូត​បណ្តាល​​​​ឱ្យ​​ជន​​រង​​គ្រោះត្រូវពិការអស់មួយជីវិត។

បញ្ហានេះ លោកថា ជនរងគ្រោះ​​​បានដាក់បណ្តឹង​​​ជា​​​ហូរហែ ​ទាំង​ក្នុង​​ដំណាក់​​កាល​​​នគរ​បាល​យុត្តិធម៌ និង​តុលាការ ប៉ុន្តែថាគ្រប់ករណី​មិនដែល​​ឃើញ​​មាន​​ចំណាត់​ការ ឬ​មាន​ការ​ឆ្លើយ​តប​​បែប​​ណាជុំវិញបណ្តឹងទាំង​នោះ​នៅ​ឡើយ​ទេ ក្នុងរយៈពេល​​ជិត៥ឆ្នាំមកនេះ។

អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ដែល​ត្រូវបានគេព្រួតវាយឱ្យ​បែក​ក្បាល​ហូរ​ឈាម​ ដេរ​១០ថ្នេរ កាល​ពី​ជិត​៣ខែមុន​នោះ បាន​អះអាង​ថា សមត្ថកិច្ចមិនដែល​សួរ​សុខទុក្ខ​លោក ឬ​ប្រាប់​ពី​ចំណាត់ការច្បាប់លើជនល្មើសនៅឡើយទេ ខណៈ​នៅសល់​តែ​៣ថ្ងៃទៀតប៉ុណ្ណោះ ករណី​ហិង្សាមកលើរូបលោកនេះ គម្រប់៣ខែហើយ​។

លោកអះអាងថា ជិត៣ខែមកនេះ លោកមិនហ៊ានចេញទៅបំពេញមុខរបរនៅឡើយទេ ដោយបារម្ភ​ខ្លាច​មាន​​ការ​តាម​សម្លាប់ជាថ្មីទៀត​។

យ៉ាងណា លោកចាត់ទុកការអះអាងរបស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិនេះ​ថា ជា​ការបំភ័ន្ត​ការ​ពិត ដើម្បីគេច​ចេញ​ពីការ​ទទួលខុសត្រូវក្នុងនាមជាអាជ្ញាធររដ្ឋ ក្រោមរូបភាពរើសអើងនយោបាយ។

លោកថា៖ «គាត់​អត់​ធ្វើ បើគាត់​ធ្វើ គាត់រកឃើញហើយ បើ​គាត់​អសមត្ថភាព គាត់​ចុះចេញ​ទៅ […] ដោយ​សារ​ខ្ញុំ​ជា​មន្ត្រី​បក្ស​ជំទាស់ បើខ្ញុំជាគណបក្ស​ប្រជាជន ​គាត់​រក​ឃើញ​ហើយ តាំង​ពី​វាយ​ខ្ញុំរួច​២ម៉ោង​ម៉េស»។

ប្រធាន​សមាគមការពារសិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា យល់​ថា ការ​បក​ស្រាយរបស់មន្ត្រីអនុវត្តច្បាប់ នឹងបន្សល់ទុកនូវវប្បធម៌និទណ្ឌភាពនៅកម្ពុជា ដោយ​សម្អាងថា​ កន្លងទៅ​ សកម្មជន​សិទ្ធិមនុស្ស ​និង​អ្នក​គាំទ្របក្ស​ជំទាស់​ ទោះរត់ទៅដល់ប្រទេសថៃ ក៏សមត្ថកិច្ចចាប់ខ្លួន​បានយក​មកផ្តន្ទាទោស​បាន​ដែរ ដែលការណ៍​នេះ លោក​គិត​ថា នឹង​ធ្វើឱ្យពលរដ្ឋ​កាន់តែបាត់​បង់​ជំនឿ​លើវិស័យ​យុត្តិធម៌នៅកម្ពុជា។

លោកថា៖ «វាហាក់បីជារូបភាពមួយ​លើកទឹកចិត្ត​​អ្នក​ប្រព្រឹត្ត ឬ​ជន​ដៃ​ដល់ ​កាន់​តែ​បាន​ចិត្ត​ឡើង​ៗ ដោយ​សារ​តែ​គ្មាន​នរណា​ធ្វើអីគាត់ គ្មាន​អាជ្ញាធរ​ណា​មាន​វិធានការ​ចំពោះគា​ត់។ ដូច្នេះ វាធ្វើឱ្យរូបភាពហ្នឹងបង្កជាអសន្តិសុខ​ក្នុង​ប្រទេស​យើង»។

យ៉ាងណា លោកបារម្ភថា វប្បធម៌​នីតិរដ្ឋ ជា​ការឆ្លុះបញ្ចាំងថា ការអ​នុវត្តច្បាប់មិនឆ្លើយតបនឹងស្មារតីរដ្ឋធម្មនុញ្ញ ជំរុញ​ឱ្យ​មានកា​ររំលោភសិទ្ធិមនុស្ស រារាំងដល់ការកសាងដំណើរការ​ប្រជាធិប​តេយ្យ និង​បង្ក​ការ​ភ័យខ្លាច​ដល់​អ្នក​វិនិយោគ ធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ​ធ្ងន់​ធ្ងរ។

​អ្ន​ក​​​​​រាយ​ការណ៍ពិសេស​អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតា​បន (Vitit Muntarbhorn) ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ ​លើក​ទី​៥១ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានបន្តចាត់ទុកថា ការរកមិនឃើញ​ជនល្មើស​យក​មក​ផ្តន្ទាទោសតាមច្បាប់​ ជាការប​​រា​​ជ័​​​យ​​​មួយ​ក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ