បុរសម្នាក់បានចាប់ផ្ដើមដោះស្លាកឈ្មោះកាស៊ីណូមួយកន្លែងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបិទអាជីវកម្មរួច។ គ្រប់បង្អួចទាំងអស់នៃអាគារនេះសុទ្ធតែបិទជិត ចំណែកជណ្ដើរដែកនៅចំហៀងអាគារនេះមានវល្លិដុះព័ទ្ធជិត។
កាស៊ីណូដែលបិទអាជីវកម្មនេះមានឈ្មោះថា ហ្កាឡាក់ ស៊ីវើលដ៍ (Galaxy World) ដែលត្រូវបានអាជ្ញាធរចុះបង្រ្កាបកាលពីអំឡុងខែកញ្ញា ដោយអះអាងថាជាប្រតិបត្តិការឆបោក បង្ខាំងមនុស្ស ទារុណកម្មដោយខុសច្បាប់ បទល្មើសសញ្ចារកម្ម ការជួញដូរមនុស្ស ផងដែរ។
វាមិនមែនជាអាគារទីមួយទេដែលបានបិទទ្វារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះ តែទីតាំងនៃអាគារកាស៊ីណូផ្សេងទៀតនៅក្នុងក្រុងព្រះសីហនុសុទ្ធតែត្រូវបានបិទអាជីវកម្ម ហើយជនជាតិចិននិងជនបរទេសផ្សេងទៀតជាច្រើនពាន់នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាប ជួយសង្រ្គោះ និងបញ្ជូនទៅប្រទេសគេវិញ។
ជាក់ស្ដែង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បញ្ជាក់ថា ក្នុងរយៈពេល៥១ថ្ងៃ គិតត្រឹមដើមខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចទទួលបានបណ្ដឹងពីជនរងគ្រោះដែលត្រូវបានជួញដូរ ចំនួន៤២០ករណី ភាគច្រើននៅក្នុងខេត្តព្រះសីហនុ និងមានអ្នកពាក់ព័ន្ធបទល្មើសចំនួន១១៨នាក់ ដូចជា បទល្មើសបង្ខំជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម និងល្បែងអនឡាញខុសច្បាប់។
បើទោះបីជាសាធារណជនគាំទ្រសមត្ថកិច្ចលើការបង្រ្កាបជនបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់ក្ដី បុគ្គលិកខ្មែរដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនកាស៊ីណូដែលបានបិទអាជីវកម្ម ឱ្យដឹងថា ពួកគេបានបាត់បង់ការងារធ្វើ និងអ្នកមួយចំនួនបានត្រលប់ទៅស្រុកកំណើតវិញ ខណៈដែលពលរដ្ឋមួយចំនួនក៏ទទួលផលប៉ះពាល់ពីការបិទកាស៊ីណូទាំងនេះ។
ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ អ្នកជំនាញ និងអង្គការសង្គមស៊ីវិល យល់ថា រដ្ឋាភិបាលគួរជួយដល់ពួកគេអំឡុងពេលជួបការលំបាកនេះ។ ក្រៅពីនេះរដ្ឋាភិបាលគួរតែជំរុញឱ្យជនបរទេសមកវិនិយោគលើវិស័យផ្សេងៗ ក្រៅពីការអនុញ្ញាតបើកអាជីវកម្មតែលើវិស័យកាស៊ីណូដូចពេលកន្លងទៅ។
កំពុងអង្គុយលេងនៅមាត់ឆ្នេរ អតីតបុគ្គលិកកាស៊ីណូមួយរូប កញ្ញា ភូ ស្រីនិច បានឱ្យដឹងថា កញ្ញាបានចាកចេញពីខេត្តកំពត ដើម្បីមកធ្វើការនៅកាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ហើយកាស៊ីណូដែលកញ្ញាធ្លាប់ធ្វើការបានបិទទ្វារមិនទាន់ដល់មួយខែផង។
កញ្ញាបន្តថា ដោយសារតែជនជាតិចិនជាច្រើនបានចាកចេញ ហេតុដូច្នេះហើយទើបកាស៊ីណូជាច្រើនបានបិទទ្វារ ចំណែកបុគ្គលិកមួយចំនួនបានព្យាយាមស្វែងរងការងារថ្មី និងមួយចំនួនទៀតបានត្រលប់ទៅស្រុកកំណើតធ្វើការរោងចក្រវិញ។
កញ្ញាបន្ថែមទៀតថា ការចាកចេញរបស់ជនជាតិចិនបានធ្វើឱ្យកញ្ញា និងអតីតបុគ្គលិកផ្សេងទៀត បាត់បង់ប្រាក់ចំណូល ហេតុដូច្នេះ កញ្ញាសង្ឃឹមថានឹងមានជនជាតិចិន ឬជនបរទេសផ្សេងទៀតចូលមកក្រុងព្រះសីហនុឡើងវិញ។
កញ្ញាថា៖ «ចង់ដូចពីមុនវិញ ចង់មានភាពអ៊ូអរ ព្រោះខ្មែរយើងបើអត់ការងារធ្វើ វាពិបាកអ៊ីចឹងណាស់។ នៅតែបន្តរកការងារធ្វើ បើអត់ទេ មានតែទៅផ្ទះ ធ្វើការរោងចក្រដដែល»។
អាជីវករលក់ម្ហូបតាមផ្លូវ អ្នកស្រី មួយ ហ៊ីម បានមកលក់ដូរនៅក្រុងព្រះសីហនុនេះចំនួន៣ឆ្នាំ។ ភាគច្រើនអ្នកទិញម្ហូបអ្នកស្រី គឺជាកម្មករសំណង់ និងបុគ្គលិកកាស៊ីណូ តែរយៈពេលថ្មីៗនេះ អតិថិជនរបស់អ្នកស្រីបានថយចុះគួរឱ្យកត់សម្គាល់ ដោយពួកគេបានត្រលប់ទៅស្រុកកំណើត និងអ្នកផ្សេងទៀតព្យាយាមរកការងារនៅតាមខេត្តដទៃទៀត។
អ្នកស្រីថា៖ «អត់ទៀង ពេលណារកមិនបាន មានតែទៅធ្វើស្រូវវិញ។ បើលក់ខាតរាល់ថ្ងៃ រកលុយណាទប់? ចេះ[តែ]លក់អត់ដាច់ ខាត! ខាតមួយខែហើយហ្នឹង»។
អ្នកស្រីបន្តថា កាលពីជនជាតិចិននៅច្រើន ក្នុងអំឡុងឆ្នាំ២០១៩ អ្នកស្រីអាចលក់ចំណេញបានចំនួន១០ម៉ឺនរៀល និងថយចុះរហូតដល់ខាតនៅពេលនេះ។ ដូច្នេះ អ្នកស្រីអាចនឹងស្វែងរកការងារថ្មី ឬអាចត្រលប់ទៅស្រុកកំណើតវិញ បើស្ថានភាពបែបនេះមិនប្រែប្រួល។
ម្ចាស់ហាងមួយកន្លែងក្នុងសង្កាត់លេខ៤ កញ្ញា ចេន នី អាយុ២២ឆ្នាំ បានឱ្យដឹងថា កញ្ញាគាំទ្រចំពោះការសម្រចចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបលើជនបរទេសដែលបានប្រព្រឹត្តអំពើជួញដូរមនុស្សកន្លងទៅថ្មីៗ គឺជារឿងត្រឹមត្រូវ តែយ៉ាងណា កញ្ញាមើលឃើញថា ចំណូលរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះខ្លះដែរ។
កញ្ញាសង្ឃឹមថា ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍នឹងមកកម្សាន្តនៅក្រុងព្រះសីហនុឡើងវិញ ហើយរដ្ឋាភិបាលគួរតែធ្វើយ៉ាងណាដើម្បីធានាថាមិនមានបទល្មើសកើតឡើង ជាពិសេសបទល្មើសជួញដូរ ឬបង្ខាំងមនុស្សខុសច្បាប់នេះ ព្រោះថា កាលណាបទល្មើសកើតឡើងខ្លាំង ធ្វើឱ្យកេរ្តិ៍ឈ្មោះខេត្តបាត់បង់ ហើយជនជាតិដទៃ ពួកគេមិនមកវិនិយោគ ឬទស្សនាទៀតនោះទេ។
កញ្ញាថា៖ «រឿងហ្នឹងយើងចេះតែបារម្ភហើយបង ហើយយើងជាប្រជាពលរដ្ឋនៅក្នុងខេត្តហ្នឹងដែរ បើរឿងអសន្តិសុខកើតឡើង ឬរឿងអាស្រូវហ្នឹងកើតឡើង វាធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះខេត្ត»។
មេប៉ុស្ដិ៍នគរបាលសង្កាត់លេខ៤ បដិសេធអធិប្បាយអំពីរឿងនេះ ដោយថា លោកជាប់រវល់។ ចំណែកស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបង្វែរសំណួរទៅកាន់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ មិនដែលពឹងផ្អែកលើអាជីវកម្មខុសច្បាប់នោះទេ ប្រជាពលរដ្ឋមានតែគាំទ្រលើការបង្រ្កាបជនបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់ទៅវិញ។
លោកថា៖ «ប្រជាពលរដ្ឋកម្ពុជាមិនមែនរស់នៅអាស្រ័យទៅលើប្រាក់ចំណូលពីអាជីវកម្មខុសច្បាប់នោះទេ គឺមានមុខរបរផ្សេងទៀតដែលអាចរកទទួលទានបានដែរ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋច្រើនលើសលុបបានគាំទ្រចំណាត់ការនេះ»។
ពលរដ្ឋចង់ឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយសម្រាប់អ្នកបាត់បង់ការងារ ដោយសារការធ្លាក់ចុះសកម្មភាពអាជីវកម្មនៅក្រុងព្រះសីហនុ។ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបង្វែរសំណួរទៅកាន់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) វិញ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ក្រោយពីមានការបង្ក្រាបទៅលើជនល្មើសជួញដូរមនុស្ស ដែលភាគច្រើនជាជនជាតិចិន ក្នុងទ្រង់ទ្រាយធំនេះ ជាពិសេសទីក្រុងព្រះសីហនុបានល្បីល្បាញថា ជាទីតាំងប្រព្រឹត្តអំពើជួញដូរមនុស្ស ឬបង្ខាំងមនុស្សខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា សមត្ថកិច្ចបានចុះបង្រាប និងបិទអាជីវកម្មកាស៊ីណូទាំងអស់នោះ ហើយសមត្ថកិច្ចបានបញ្ជូនជនល្មើស និងជនរងគ្រោះដែលជាជនបរទេសត្រលប់ទៅប្រទេសគេវិញផងដែរ។ អ្នកស្រីថា បើទោះបីជាជនរងគ្រោះកម្រមានជាជនជាតិខ្មែរក្ដី ប្រសិនបើមិនបង្រ្កាបឱ្យទាន់ពេលវេលាដូចពេលនេះនោះទេ វានឹងមានផលប៉ះពាល់ជាអវិជ្ជមាន ដែលជាមូលហេតុបង្កើតជាបទល្មើសផ្សេងទៀត ។
អ្នកស្រីថា៖ «យើងវាមិនចង់ ទោះបីថាយើងមិនមានជនរងគ្រោះដោយសាររឿងហ្នឹង ប៉ុន្តែមុខមាត់កម្ពុជាយ៉ាងម៉េចដែរ យើងជាប្រទេសមួយដែលឱ្យ ជាទីកន្លែងប្រព្រឹត្តបទល្មើស ហើយយើងមិនជាប់ចំណាត់ថ្នាក់ថាជាប្រទេសអី[ជួញដូរមនុស្ស]?»
អ្នកស្រីបន្តថា ជនបរទេសជាច្រើនមានចិន តៃវ៉ាន់ ម៉ាឡេស៊ី ជាដើម ភាគច្រើនមិនសុទ្ធតែជាជនល្មើសនោះទេ តែតាមពិតពួកគេត្រូវបានជនល្មើសយកឯកសារផ្លូវច្បាប់របស់ពួកគេ រួចបង្ខំឱ្យធ្វើសកម្មភាពឆបោកតែម្ដង។
ហេតុដូច្នេះ ក្រោយពីការចាកចេញរបស់ជនបរទេស ជាពិសេសជនជាតិចិននេះ រដ្ឋាភិបាលគួរងាកឱ្យវិនិយោគគិនផ្ដោតលើវិស័យផ្សេងៗ ជាជាងវិស័យល្បែងកាស៊ីណូទៅវិញ។
ស្ថិតនៅក្បែរអាគារកាស៊ីណូបនល្បែងដែលមានករណីឃុំឃាំងឈ្មោះ Kiaboo មានសន្តិសុខពីរបីនាក់កំពុងអង្គុយនៅទីនោះ ដោយអាវរបស់គេមានស្លាកសញ្ញាថា Baon។
សន្តិសុខម្នាក់ក្នុងចំណោមបីនាក់ ថ្លែងមិនបញ្ចេញឈ្មោះ បានអះអាងថា ពួកគេមកពីខេត្តកំពង់ចាម និងបានធ្វើការជាអ្នកយាមនៅអាគារនេះទើបបានរយៈពេលមួយអាទិត្យ។ សន្តិសុខម្នាក់ទៀតបន្តថា ចំណែកជនជាតិចិនបានចាកចេញពីអាគានេះដោយមិនដឹងមូលហេតុ ហើយពួកគេក៏ប្រហែលជាត្រូវត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ៕