តុលាការ​បារាំង​គាំទ្រ​សិទ្ធិ​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

តុលាការ​ព្រហ្មទណ្ឌបារាំង បានសម្រេចក្នុងសប្ដាហ៍នេះ​ថា លោក សម រង្ស៊ី មិន​មាន​ភស្តុ​តាងគ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ឡើយ។ យ៉ាងណា តុលាការនៅក្នុងប្រទេសអឺរ៉ុបមួយនេះ ក៏បានច្រានចោលបណ្តឹងបរិហារកេរ្តិ៍ចោទប្រកាន់ចំពោះលោក សម រង្ស៊ី ដោយសម្អាងថា ការជជែកទៅលើករណីទាំងឡាយដែលមានការស៊ើបអង្កេតតិចតួចគឺជាផលប្រយោជន៍សាធារណៈ «ធំធេង» ក្នុងតួនាទីលោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស។

នៅក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី១០ ខែតុលា តុលាការបារាំងបានលើកឡើង​ថា ការ​​អះអា​ង​របស់​​​លោក សម រង្ស៊ី ត្រូវបាន​ចាត់ទុកថាជា «ការបរិហារកេរ្តិ៍លោក ហ៊ុន សែន»

ទោះយ៉ាងណា តុលាការបានគូសបញ្ជាក់​ថា៖ «ការផ្ដន្ទាទោសព្រហ្មទណ្ឌ នឹង​រំលោភ​បំពាន​សិទ្ធិ​សេរីភាពក្នុង​ការ​បញ្ចេញ​មតិ»។

មេធាវីរបស់លោក សម រង្ស៊ី គឺលោក ម៉ាធីអាស៍ ឆីក​ផតធីក (Mathias Chichportich) និងលោកស្រី ចេស៊ីកា ហ្វីណេលី (Jessica Finelle) បាននិយាយថា៖ «កូនក្ដីរបស់ខ្លួនបានទទួលសាលក្រមដោយ​រីក​រាយ»។

មេធាវីទាំងនោះបន្តថា៖ «អស់រយៈពេលជាង២០​ឆ្នាំហើយ ដែលលោក សម រង្ស៊ី បានថ្កោលទោស​ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្តដោយរបបកម្ពុជា និងតស៊ូដើម្បីលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ»។

មេធាវីបន្ថែមថា៖ «​ជីវិត​នយោបាយ​របស់​លោកត្រូវ​បាន​លុប​បំបាត់​ដោយ​លោក ហ៊ុន សែន ដែល​ព្យាយាម​បំបិទ​មាត់​​លោក​តាម​គ្រប់​មធ្យោបាយ។ ដូច្នេះ​ លោកត្រូវបង្ខំចិត្តនិរទេសខ្លួន»។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​មេធាវី​របស់​លោក ឌី វិជ្ជា ដែលត្រូវជាកូនប្រសារបស់លោក ហ៊ុន សែន ​បាន​សង្កត់​​ធ្ងន់​​​លើ​​សេចក្ដីសម្រេច​របស់​តុលាការ​ថា «ការ​​ចោទ​ប្រកាន់របស់​លោក សម រង្ស៊ី មិន​ត្រូវ​បាន​​គេ​គាំទ្រ​​ឡើយ និងខ្វះ​ភស្តុតាង​»។

លោក​ ឌីដាយ​អឺ លិក (Didier Leick), លោក លុច ប្រ៊ូសូលេត (Luc Brossolet) និងលោកស្រី ណុលឡារី យីមឌូណាន់ (Nollary Yim-Dunand) បានសរសេរថា៖ «តុលាការគ្មានជម្រើសអ្វីក្រៅពីកំណត់មូលដ្ឋានអង្គហេតុដែលត្រូវបានចោទប្រកាន់ដោយចុងចោទថា មិនមានភស្តុតាងគ្រប់គ្រាន់»។

ការចោទប្រកាន់តាមអ៊ីនធឺណិត

សំណុំរឿង​​បទ​បរិហារកេរ្តិ៍ ​ត្រូវ​បាន​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្តឹង​​កាលពី​​ខែ​សីហា ឆ្នាំ​​២០១៩​។​ លោក​បាន​​ប្តឹង​លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាច្រើនករណី។

លោក ហ៊ុន សែន ​បាន​ចោទប្រកាន់​លោក សម រង្ស៊ី ថា​បាន​សរសេរនៅលើហ្វេសប៊ុកជាច្រើនដង​​ថា លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវចំពោះ​ការស្លាប់​របស់លោក ហុក ឡង់​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជា វិជ្ជា អតីតប្រធាន​សហជីព​ដ៏​លេចធ្លោ​ម្នាក់​។

លោក ហុក ឡង់ឌី បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រ​​ក្នុង​ឆ្នាំ២០០៨ ខណៈ​លោក ជា វិជ្ជា ត្រូវ​បាន​​បាញ់សម្លាប់នៅ​ខាង​មុខ​តូប​លក់​កាសែត​មួយ ក្បែរ​របង​វត្ត​លង្កា ​​ក្នុង​​រាជធានី​ភ្នំពេញ​​ ​​ឆ្នាំ​២០០៤។

ការ​បង្ហោះ​មួយរបស់លោក សម រង្ស៊ី ​ដែល​មាន​បង្កឱ្យមានការប្ដឹងផ្ដល់​នោះ គឺនៅថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៩។​

លោកបាន​សរសេរ​ថា៖ «លោក ហ៊ុន សែន សម្លាប់​លោក ហុក ឡង់ឌី ដោយ​​ដាក់គ្រាប់​បែក​​នៅ​​ក្នុង​​ឧទ្ធម្ភាគចក្រ»។

លោក​​បន្ថែម​ថា៖ «លោក ហុក ឡង់ឌី ហៀបនឹង​បង្ហាញ​បញ្ជាដែល​លោក​បាន​​ទទួល​​ពី​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ឃាត​​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ២០០៤»។

ច្បាប់របស់​ប្រទេសបារាំង​ដែលកំណត់​អំពី «ការបរិហារកេរ្តិ៍» ចែង​​ថា «ការ​​​ចោទ​ប្រកាន់​ណាមួ​យ​ដែល​​ទំនង​ជា​ប៉ះពាល់​ដល់កិត្តិយស​របស់​បុគ្គលណាម្នាក់» អាចមាន​ករណី​លើក​លែង ប្រសិន​បើ​អ្នក​បង្ហោះ​ធ្វើ​ឡើងដោយ «សុទ្ធចិត្ត» និង​ដើម្បី «ផលប្រយោជន៍ទូទៅ»

នៅក្នុងសេចក្ដីសម្រេចចំនួន១៣ទំព័ររបស់ខ្លួនលើសំណុំរឿងលោក ហ៊ុន សែន ដែលអ្នកសារព័ត៌មានទទួលបាន តុលាការ​បាន​សម្រេច​ថា ការចោទប្រកាន់ពីបទមនុស្សឃាត​ទាំង២ករណី ត្រូវ​បាន​ចាត់​ទុក​ថា​ជាការបរិហារកេរ្តិ៍ចំពោះលោក ហ៊ុន សែន ព្រោះវាប៉ះពាល់​ដល់​កិត្តិ​យស និង​កេរ្តិ៍ឈ្មោះរបស់ដើមបណ្ដឹងរដ្ឋប្បវេណី [លោក ហ៊ុន សែន]។

ទោះយ៉ាងណា សេចក្ដីសម្រេចនោះ​បន្ថែមថា ដោយសារ​ការប្រើ​អំពើហិង្សា​នយោបាយ​​ដោយរដ្ឋាភិ​បាល​​លោក ហ៊ុន សែន និង​ការធ្លាក់ចុះ​នៃ​សេរីភាព​​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី​ នៅ​កម្ពុជា​ គឺ​ជា​​បញ្ហា​នៃផលប្រយោជន៍ទូទៅដែលត្រូវដោះស្រាយ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

អង្គជំនុំជម្រះ​ទី​១៧ នៃ​តុលាការ​កាត់​ក្ដីទី​ក្រុង​ប៉ារីស ដែល​មាន​ឯកទេស​លើ​បញ្ហា​សេរី​ភាពបញ្ចេញ​មតិ និង​បទ​បរិហារកេរ្តិ៍ បានវាយតម្លៃថា ការអះអាងរបស់លោក សម រង្ស៊ី គឺ​ជាករណីលើកលែង ដែលធ្វើឡើងដោយ «សុទ្ធចិត្ត» និងដើម្បី «ផលប្រយោជន៍ទូទៅ»។

ពាក់ព័ន្ធនឹងឃាតកម្មលោក ជា វិជ្ជា តុលាការបានបង្ហាញថា លោក សម រង្ស៊ី មានភស្តុតាងគ្រប់​គ្រាន់ គឺ​របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ចំនួន២ និង​ការ​គាប​សង្កត់ផ្នែក​នយោបាយ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០០៤ និងឆ្នាំ២០១៥ និងបទសម្ភាសជាមួយ​អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០០៦ ដោយទស្សនាវដ្ដីបារាំង ដោយអះអាងថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការសម្លាប់​លោក ជា វិជ្ជា។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី តុលាការបានសន្និដ្ឋានថា លោក សម រង្ស៊ី មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការអះអាងរបស់លោក ដែល​ថាមាន​ការដាក់​គ្រាប់​បែក​បំផ្ទុះ​ឧទ្ធម្ភាគចក្ររបស់លោក ហុក ឡង់ឌី ឡើយ​។

តុលាការបាន​​បញ្ជាក់​​ថា ជន​​ជាប់​ចោទ​មិនមាន​ជំនាញ​​ណាមួយ​ក្នុងការ​បំផ្ទុះ​​ឧទ្ធម្ភាគចក្រនោះឡើយ។

ទោះយ៉ាងណា ដោយសារ​លោក សម រង្ស៊ី មិនអាច​ត្រលប់​មក​កម្ពុជា​វិញ​តាំងពី​ឆ្នាំ២០១៥ ដើម្បី​បន្ត​ការស៊ើបអង្កេតរបស់លោក។

តុលាការ​បាន​សន្និដ្ឋានថា «​ការផ្ដន្ទាទោស​បទឧក្រិដ្ឋ ​នឹង​រំលោភ​​សិទ្ធិ​​សេរីភាព​ក្នុង​ការបញ្ចេញមតិ​»​។

តុលាការ​បាន​​លើក​ឡើង​បន្ថែម​​ថា​ កង្វះការ​​ស៊ើប​​អង្កេត​ពិត​ប្រាកដ​លើ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី គឺជារឿងគួរឱ្យព្រួយបារម្ភ។

តុលាការ​បន្ត​ថា​៖ «​ហាក់ដូចជាមានការចង់​បិទបាំងការស្លាប់របស់លោក ហុក ឡង់ឌី​​»​។

តុលាការបារាំងលើកឡើងបន្តថា ការអះអាងរបស់លោក សម រង្ស៊ី គឺទាក់ទងទៅនឹងករណីឃាតកម្ម​ដែល​មិន​ត្រូវ​បាន​បក​ស្រាយ​ឱ្យ​ច្បាស់ ហើយថាការជាប់ពាក់ព័ន្ធដែលត្រូវបានចោទប្រកាន់ [លោក ហ៊ុន សែន] ក្នុងករណីឃាតកម្មដែលត្រូវបានធ្វើឡើង​ក្រោមការបញ្ជារបស់លោក គឺច្បាស់ណាស់ជាផ្នែកមួយ​នៃការជជែកដេញដោល​ជាទូទៅ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។

បណ្ដឹងទីពីរ

នៅក្នុង​ពាក្យបណ្ដឹង​របស់លោក ឌី វិជ្ជា ដែល​ជាកូនប្រសារបស់លោក ហ៊ុន សែន វិញ តុលាការ​បារាំងបានសន្និដ្ឋានថា ការលើកឡើងរបស់លោក សម រង្ស៊ី «មិនមានភាពច្បាស់​លាស់​គ្រប់​គ្រាន់ ​ដែល​ធ្វើឱ្យប៉ះពាល់​កិត្តិយស​បុគ្គល»

ការចោទ​ប្រកាន់មួយទៀត គឺធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែល​លោក សម រង្ស៊ី បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី រៀបចំផែនការក្បត់នឹងលោក ហ៊ុន សែន ដើម្បីសងសឹកចំពោះការស្លាប់របស់ឪពុករបស់លោក [ហុក ឡង់ឌី]។ ការ​អះអាង​បែប​នេះ​តែង​ត្រូវ​បាន​លោក ឌី វិជ្ជា បដិសេធ​យ៉ាង​ដាច់​អហង្ការ​។

លោក ឌី វិជ្ជា និងមេធាវីរបស់លោក ហ៊ុន សែន បានរិះគន់សវនាការរបស់តុលាការបារាំង កាលពីថ្ងៃទី១ ខែ​កញ្ញា នៅទីក្រុងប៉ារីស ដោយថា សវនាការនោះបានប្រែក្លាយទៅជា «វេទិកាប្រឆាំងនឹងលោក ហ៊ុន សែន» ហើយថា «វត្ថុតាងដែលលោក សម រង្ស៊ី យកមកបង្ហាញ គឺមិនគ្រប់គ្រាន់ទេ»

ក្នុង​សុន្ទរកថា​​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​តុលា នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ លោក​ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ដល់​តុលាការ​បារាំង​ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​រូបលោក។

លោក​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ករណីលោក ហុក ឡង់ឌី ថា​៖​ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​បក​ស្រាយ​របស់តុលាការ ដែល​ថា​ខ្ញុំ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់នោះទេ»។

លោក​ថា លោក​នឹង​មិន​ប្ដឹង​ឧទ្ធរណ៍​ករណី​នេះ​ទេ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Rainsy Ruling: French Court Backs Right to Expression in Exile

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ