សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​​​៣​នាក់​ទៅ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​កណ្តាល​ដើម្បី​សួរ​បន្ត​រឿង​លិច​ទូក​បណ្តាល​ឱ្យ​កុមារ​១១​នាក់​ស្លាប់​ ​

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

សមត្ថកិច្ចស្រុកលើកដែក បញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តសាកសួរពាក់ព័ន្ធ​សំណុំរឿងលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ដែលបណ្តាលឱ្យកុមារចំនួន ១១នាក់ស្លាប់ ខណៈកុមារ៤នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់នៃសោកនាដកម្មនេះ។  ​

អធិការ​នគរបាលស្រុកលើកដែក ខេត្តកណ្តាល លោក អាំ ធូ បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យ​ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានម្ចាស់ទូកចម្លង២នាក់ និងអ្នកបើកទូកម្នាក់ ដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងលិចទូកនៅស្រុកលើកដែក  បណ្តាលឱ្យមនុស្ស១១នាក់ស្លាប់ និង៤នាក់ទៀតរួចផុតពីសេចក្តីស្លាប់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

លោកបញ្ជាក់ថា ក្រោយពីសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចប់ សមត្ថកិច្ចក៏បានបញ្ជូនសំណុំរឿងនេះបន្តទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល​នៅថ្ងៃនេះ ដើម្បីចាត់វិធានការច្បាប់បន្តទៀត។

លោកបញ្ជាក់​ថា៖ «យើងបញ្ជូនទៅស្នងការដ្ឋានរគរបាលខេត្តកណ្តាលចាត់វិធានការបន្តហើយ។ យើងស្រាវជ្រាវឃើញថាអ្នកពាក់ព័ន្ធមានតែ៣នាក់ហ្នឹងទេ ប៉ុន្តែអ្នកពាក់ព័ន្ធផ្សេងទៀតយើងអត់ឃើញមានទេ»។

វីអូឌីបានព្យាយាមទាក់ទងទៅស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត ជាច្រើនសារ តែទូរសព្ទមិនអាចទាក់ទងបាននៅរសៀលថ្ងៃអាទិត្យនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រជាពលរដ្ឋស្លាប់ដោយសារលង់ទឹកស្លាប់នោះ អាជ្ញាធរត្រូវ​ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចោទប្រកាន់លើអ្នកដែលប្រព្រឹត្តខុស​ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកផ្តល់ជាអនុសាសន៍ថា៖«គួរតែធ្វើការស៊ើបអង្កេតនិងផ្តល់តម្លាភាពដល់ជនរងគ្រោះ។ តាមផ្លូវច្បាប់កាលណាមានបទល្មើសមួយកើតឡើង យើងត្រូវរកអ្នកដែលទទួលខុសត្រូវ។ អ៊ីចឹងការអនុវត្តច្បាប់អត់មានការរើសអើងទេ អនុវត្តត្រូវមាន​តម្លាភាព»។

យ៉ាងណា លោក អំា ធូ អះអាថា  ក្រុមការងារជំនាញមិនទាន់​ចោទប្រកាន់ទៅលើជនសង្ស័យនោះទេ ដោយទុកឱ្យស្នងការដ្ឋាននគរបាលខេត្តជាអ្នកធ្វើការបន្ត ហើយតុលាការជាអ្នក​សម្រេចចោទប្រកាន់នៅពេលក្រោយទៀត​។

ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បានកើតឡើងនៅម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្ដាល​​ឱ្យសិស្សសាលាចំនួន ១៥នាក់ ​មានអាយុ​ចន្លោះពី១២ឆ្នាំ ទៅ​១៤ឆ្នាំ​ បានបាត់ខ្លួន។ ក្រោយមកសមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញកុមារចំនួន១១នាក់ ស្លាប់បាត់បង់ជីវិត ខណៈកុមារ៤នាក់ទៀតបានរួចផុតជីវិតពីហេតុការអាក្រក់នេះ។

ហេតុការណ៍​នេះ បានកើត​ឡើងដោយសមត្ថកិច្ចបញ្ជាក់ថា ​​បណ្ដាល​មក​ពីម្ចាស់ទូកដាក់​លើស​ចំណុះ ធ្វេស​ប្រហែស និង​មិនមាន​ការប្រុងប្រយ័ត្ន​ ដោយគ្មានអាវពោងសម្រាប់ការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ