សមត្ថកិច្ច​ដោះលែង​ម្ចាស់ទូកដ​និង​អ្នកបើកទូក​វិញ ខណៈ​សំណុំរឿង​តុលាការ​នៅតែ​បន្ត​តាម​នីតិវិធី​ច្បាប់

ទូកចម្លងដែលបង្កនូវ​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

សមត្ថកិច្ចខេត្តកណ្ដាល សម្រេច​ដោះ​លែង​ម្ចាស់​ទូក​ដ​ចំនួន​២​នាក់ និង​អ្នក​បើក​ទូក​ម្នាក់ ឱ្យ​នៅក្រៅឃុំ ប៉ុន្តែសំណុំរឿង​លិចទូក​​​ដែល​បណ្ដាលឱ្យកុមារចំនួន១១នាក់ស្លាប់នោះនៅ​បន្តតាមនីតិវិធីតុលាការ​ដដែល។​

កាលពីថ្ងៃទី១៥ ខែតុលា សមត្ថកិច្ចបានឃាត់​ខ្លួន​​ជន​សង្ស័យ​ចំនួន៣នាក់ ដើម្បី​​សាកសួរ ក្រោយមានឧបទ្ទវហេតុ​លិចទូក​ចម្លង​ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក។

ស្នងការរងនគរបាលខេត្តកណ្តាល ផ្នែកព្រហ្មទណ្ឌ លោក ឡាក់ ម៉េងធី បាន​ប្រាប់វីអូឌីនៅថ្ងៃចន្ទ​នេះ​ថា ក្រោយ​ពីឃាត់ខ្លួននិង​​​​សួរចម្លើយ​ស្ត្រីជាជនសង្ស័យ​២នាក់​​ ឈ្មោះ ឆឹង ស្រីនាង អាយុ៦៣​ឆ្នាំ និងឈ្មោះ ឆឹង វណ្ណា អាយុ៥២​ឆ្នាំ ដែលជាម្ចាស់ទូកដ និងក្មេងប្រុសអ្នកបើកទូក ឈ្មោះ ថេត គន្ធី អាយុ១៥ឆ្នាំ រួច​មក សមត្ថកិច្ចបាន​សម្រេច​​ដោះលែង​ពួក​គាត់​​វិញ​ តាម​ការ​បញ្ជារបស់​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លាវ ស្រេង ខណៈសំណុំរឿងនេះ​នឹងត្រូវ​​បញ្ជូនទៅតុលាការ​ចាត់វិធានការច្បាប់បន្ត។

លោកមានប្រសាសន៍ថា៖ «យើងបញ្ជូនទាំង៣នាក់ទៅស្នងការដ្ឋាននគរបាល ហើយអ្នកពាក់ព័ន្ធមានតែប៉ុណ្ណឹង ព្រោះយើ​ង​គ្មាន​អ្នក​ពាក់ព័ន្ធទៀតទេ»។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លាវ ស្រេង ដែលកាន់សំណុំរឿងនេះ បានប្រាប់វីអូឌីយ៉ាងខ្លីថា ដើមចមដែល​តុលាការសម្រេចដោះលែងពួកគេ​វិញនោះ​ ដោយ​សារ​សមត្ថកិច្ចបានសួរចម្លើយ និង​ធ្វើកំណត់​ហេតុ​ស្រប​តាម​ច្បាប់​រួច​ហើយ។ យ៉ាងណា លោកថា សំណុំរឿងនេះនៅតែបន្តតាមនីតិវិធីច្បាប់​នៅតុលាការ​​ដដែល។

លោកមានប្រសាសន៍ថា៖ «នៅក្នុងនេះ យើង​គ្រាន់តែហៅគាត់មកសាកសួរ។ ឥលូវនេះ យើងអនុញ្ញាត​ឱ្យ​គាត់ត្រល​​​ប់​ទៅលំនៅឋានវិញ ឯរឿងអ្វីផ្សេងទៀត​ ចាំយើងពិនិត្យនៅពេលក្រោយ»។

យ៉ាងណា សមត្ថកិច្ច និងព្រះរាជអាជ្ញា មិនទាន់​ចោទ​ប្រកាន់​ទៅ​លើជនសង្ស័យនោះទេ ខណៈសំណុំរឿងនេះនឹង​បញ្ជូនទៅតុលាការនាពេលឆាប់ៗខាងមុខនេះ។

លោក សុខ ចាន់ ដែលត្រូវជាឪពុករបស់កុមារ ចាន់ សុខ​ជីម និង​សាច់​ញាតិ​កុមារ​ដែល​លិច​ទូក​ផ្សេង​ទៀត បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេសុំមិនធ្វើការអត្ថាធិប្បាយ​​ជុំវិញការដោះលែងម្ចាស់ទូកដ និង​អ្នក​បើកទូក​នោះទេ ដោយ​សារ​ពួកគាត់ជាប់រវល់រៀបចំពិធីបុណ្យសពនៅ​មិនទាន់ចប់នៅឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការសម្រេចដោះ​លែងឬ​មិនដោះលែងជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែលោកជំរុញទៅតុលាការធ្វើការស្រាវជ្រាវរកអ្នកទទួល​​ខុស​ត្រូវលើប​ញ្ហានេះ ដើម្បី​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ និង​​ជាគំរូកុំឱ្យមានអំពើល្មើសបែបនេះ​កើតឡើង​​បន្ត​​ទៀត។

លោកមានប្រសាសន៍ថា៖ «ករណី​នេះ វាជាករណីសិក្សាមួយ ដើម្បីជាគំរូសម្រាប់លើកក្រោយ កុំឱ្យមានរឿងហ្នឹងកើតឡើងបន្តទៀត ដែលករណីនេះបង្ហាញឱ្យមានតម្លាភាព ហើយចាត់វិធានការ រកយន្តការ យុទ្ធ​សាស្ត្រយ៉ាង​ម៉េច[ជាដើមនោះ] អ្នក​ស្ថាប័នដែលផ្ដល់អាជ្ញាបណ្ណគ្រប់គ្រងផ្ទាល់ ត្រូវតែមានការទទួលខុសត្រូវ ការត្រួតពិ​និត្យ និងការគ្រប់គ្រងនោះ»។

ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នៅ​ភូមិ​កោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ បានកើតឡើងនៅម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្ដាល​​ឱ្យសិស្សសាលាចំនួន១៥នាក់ ​មាន​អាយុ​ចន្លោះពី១២ឆ្នាំ ទៅ​១៤ឆ្នាំ​ បានបាត់ខ្លួន។ ក្រោយមក ​សមត្ថកិច្ច និងក្រុមជួយសង្គ្រោះ បានរកឃើញកុមារចំនួន១១នាក់ស្លាប់​បាត់​បង់​ជីវិត ខណៈកុមារ៤នាក់ទៀត​បានរួចផុតជីវិតពីហេតុការណ៍ដ៏​អាក្រក់​នេះ។

ហេតុការណ៍​​នេះបានកើត​ឡើង ដោយសមត្ថកិច្ចបញ្ជាក់ថា ​​បណ្ដាល​មក​ពីម្ចាស់ទូកដាក់​លើស​ចំណុះ ធ្វេស​ប្រហែស និង​មិនមាន​ការប្រុងប្រយ័ត្ន​ ដោយគ្មានអាវពោងសម្រាប់ការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ