នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អនុគ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

មន្ត្រីពាក់ព័ន្ធចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ និង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ភូមិព្រះពន្លា ភូមិតាទង់ និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២៕ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ យោគ​យល់ និងអនុ​គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះដោ​យ​ទឹក​ជំនន់ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយអត្រាការប្រាក់។

ក្នុង​ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា ក្នុងគ្រាដែលពលរដ្ឋមួយចំនួន​កំពុងជួបការលំបាក​ដោយ​សារគ្រោះទឹកជំនន់ លោក​អំពាវនាវដល់​គ្រប់គ្រឹះស្ថាន​ហិរញ្ញវត្ថុទាំងអស់ផ្ដល់​ការ​អនុគ្រោះ​ដល់អ្នកខ្ចីឥណទានដែល​រង​ផលប៉ះពាល់​ផ្ទាល់ តាមរយៈការពន្យារពេលសង បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ ដោយ​កុំទៅរឹបអូសផ្ទះសម្បែងរបស់ពួកគាត់។​

លោកថា៖ «ខ្ញុំសូមអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់នូវលទ្ធភាពផ្ដល់​​ការ​អនុគ្រោះសម្រាប់​​អ្ន​ក​​ដែល​​ទទួល​​ផ​ល​ប៉ះពាល់​ពីគ្រោះទឹកជំនន់ តាមរយៈនៃការពន្យារពេលសម្រាប់ការ​សង បន្ធូរ​បន្ថយ​ការ​ប្រាក់ ឬ​​តាម​រយៈការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលលិចលង់ហើយ យើង​ទៅរឹបអូស​ផ្ទះសម្បែងដីធ្លីរបស់គាត់តាមកិច្ចសន្យាដើម វាអត់ត្រូវទេ»

ជាមួយគ្នានេះដែរ លោក​​ក៏បានណែនាំទៅធនាគារជាតិនៃកម្ពុជា ប្រជុំជាមួយនឹងម្ចាស់គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផង​ដែរ ដើម្បីសម្របសម្រួលលើបញ្ហានេះ។

ក្រៅពីនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួ​មទាំ​ង​អាជ្ញាធរ​ដែន​ដី ត្រូវ​ចុះ​ទៅពិនិត្យ ​​វាយ​តម្លៃ​ផល​ប៉ះពាល់​ទឹកជំនន់​ និងស្ថិតិពលរដ្ឋ​ដែលរងគ្រោះ​ ព្រម​​ទាំង​​​ដោះ​ស្រាយបញ្ហាភ្លាមៗ​ជូន​​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ដោយ​មិន​​ត្រូ​វ​អនុវត្តសកម្ម​ភាព​ការ​ងារ​តាម​​បែប «ជិះសេះមើលផ្កា» នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ