លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរថា នឹងមិនរារាំងជើងហោះហើរដែលដឹកលោក សម រង្ស៊ី ត្រលប់មកកម្ពុជាដូចការលើកឡើងនោះទេ ប៉ុន្តែលោកថាបានត្រៀមកម្លាំងដើម្បីចាប់ដៃគូប្រកួតមានសក្ដានុពលរូបនេះឱ្យអនុវត្តទោសក្នុងពន្ធនាគារតាមការផ្ដន្ទាទោសរបស់តុលាការ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបឌឺដងទៅលោក សម រង្ស៊ី ទាំងមិនបញ្ចេញឈ្មោះ ដោយប្រើពាក្យធ្ងន់ៗថា «ត្រកូលក្បត់ជាតិ៣ជំនាន់» ឮថាចង់មកកម្ពុជាវិញទៀតហើយ តែបានអះអាងថា បញ្ហានេះ ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនព្រមដកបម្រាមជើងហោះហើរ ដើម្បីបើកផ្លូវឱ្យគាត់អាចចូលមកបាន។
បញ្ហានេះ លោក ហ៊ុន សែន គូសបញ្ជាក់ថា មិនដែលរារាំងទេ តែផ្ទុយទៅវិញ លោកចង់ឱ្យលោក សម រង្ស៊ី វិលមកកម្ពុជាឱ្យបានឆាប់ ដើម្បីលោកមានឱកាសប្រើវិធានការច្បាប់លើលោក សម រង្ស៊ី។
លោកថា៖ «រួចថាខ្ញុំទៅហាមឃាត់ជាមួយនឹងយន្តហោះបរទេស មិនឱ្យដឹក ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលហាមឃាត់ទេ នរណាចង់ដឹកអីដឹកទៅ! សូមបញ្ជាក់ ដឹកមក សូមអញ្ជើញដឹកមក បញ្ជាក់ឡើងវិញ គេថាសុំឱ្យលោក ហ៊ុន សែន ដកបម្រាម ខ្ញុំមិនដែលបញ្ជាឯណា! ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់តែប៉ុណ្ណេះទេ មកដល់គឺស្វាគមន៍ដោយខ្នោះ តែប៉ុណ្ណឹងទេ! ព្រោះទោសអ្នកឯងប៉ុន្មានទៅ? អត់រួចខ្លួនទេអាពៅ! ហើយកុំសង្ឃឹមលើ ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសឱ្យហ្អែងឱ្យសោះ»។
បន្ថែមពីនេះ លោកក៏បានព្រមានចាត់វិធានការតាមច្បាប់ ចំពោះអ្នកដែលគាំទ្រលោក សម រង្ស៊ី ផងដែរ ដោយលោកសម្អាងថា ដើម្បីកម្ចាត់ចោលនូវអ្វីដែលជាមនោគមវិជ្ជាជ្រុលនិយម ចាប់តាំងពីជិត១៩ឆ្នាំមុន ដែលថា «មានសែន អត់ស៊ី ឬមានស៊ី អត់សែន»។
លោកថា៖ «បក្សនយោបាយនានាសាកហ៊ានភ្ជាប់ខ្លួនជាមួយអាហ្នឹង [លោក សម រង្ស៊ី ] មើល៍! បើមិនឈានទៅក្នុងការរំលាយគណបក្សហ្នឹងជាបន្តទៀត។ មើលច្បាប់ស្តីពីគណបក្សនយោបាយមើល៍! សាកលមើលមើល៍! អាហ្នឹងនិយាយគ្នាឱ្យច្បាស់»។
VOD មិនអាចទាក់ទងលោក សម រង្ស៊ី ដើម្បីឆ្លើយតបជុំវិញសារលោកនាយករដ្ឋមន្ត្រីនេះបានទេ។
ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០២២ លោក សម រង្ស៊ី បានប្រកាសនៅលើហ្វេសប៊ុករបស់លោកថា លោកនឹងមកចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមសវនាការតាមដីកាកោះរបស់តុលាការកម្ពុជា តែបានដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលលុបចោលបម្រាមរារាំងជើងហោះហើរ និងវិធានការមួយចំនួនទៀត សម្រាប់ឆ្លងកាត់ប្រទេសថៃដូចពេលកន្លងទៅ។
លោក សម រង្ស៊ី បានបញ្ជាក់នៅពេលនោះថា បើលោក ហ៊ុន សែន មិនលុបបម្រាមនេះ ដើម្បីបើកផ្លូវឱ្យលោកបានចូលមកកម្ពុជា បង្ហាញថាលោក ហ៊ុន សែន ខ្វះភាពក្លាហាន។
លោក សម រង្ស៊ី ថា៖ «ខ្ញុំសង្ឃឹមថាលោក ហ៊ុន សែន នឹងមិនបង្ហាញពីភាពកំសាករបស់គាត់ទៀតទេ ដោយហ៊ានលើកបម្រាម […] ដើម្បីបើកផ្លូវឱ្យខ្ញុំវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសន្តិវិធី តាមដីកាកោះរបស់តុលាការ និងស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរយ៉ាងច្រើនលើសលុប»។
លោក សម រង្ស៊ី ធ្លាប់បានប្រកាសប្ដេជ្ញាវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែផែនការ «៩វិច្ឆិកា» នោះត្រូវបានបរាជ័យទាំងស្រុង។
ការបរាជ័យពេលនោះ លោក សម រង្ស៊ី សម្អាងថា បក្សកាន់អំណាចបានហាមក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ មិនឱ្យដឹកលោកមកកម្ពុជា ការដាក់កម្លាំងប្រដាប់អាវុធសន្ធឹកសន្ធាប់តាមព្រំដែនកម្ពុជា-ថៃ ដើម្បីរារាំងគម្រោងវិលត្រលប់តាមផ្លូវគោក។
លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្ដឹងពីបក្សកាន់អំណាច ត្រូវបានតុលាការចេញសាលក្រមផ្ដន្ទាទោសកំបាំងមុខ អំឡុងខែមីនា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងមន្ត្រីស្និទ្ធចំនួន៨រូបទៀត មានលោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក ម៉ែន សុថាវរិន្ទ្រ ជាដើម ដាក់ពន្ធនាគារចន្លោះពី២០ ទៅ២២ឆ្នាំ ដោយចោទពីបទ «ឧបឃាត» ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាល។
ក្រៅពីផ្ដន្ទាទោស តុលាការក៏បានដកហូតសិទិ្ធបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោត និងសិទ្ធិបំពេញការងារក្នុងក្របខណ្ឌរដ្ឋ ពីជនជាប់ចោទទាំងនោះផងដែរ។
មន្ត្រីស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក មែន សុថាវរិន្ទ្រ បានឱ្យ VOD ដឹងពីប្រទេសបារាំងមកថា សាររបស់លោក ហ៊ុន សែន មិនមានអ្វីប្លែកទេ តែថាគម្រោងវិលត្រលប់របស់លោក សម រង្ស៊ី និងក្រុមការងារ មកកម្ពុជា នឹងត្រូវបានបង្ហាញយ៉ាងយូរនៅចុងឆ្នាំនេះ។
លោកថា៖ «ចាំមើលទៅ ប្រហែលជាដាច់ខែក្រោយ ឬមួយចុងឆ្នាំ នឹងឃើញលទ្ធផលស្អីមួយហើយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា សារនយោបាយបើកផ្លូវរបស់នាយករដ្ឋមន្ត្រីហាក់បានបង្កប់នូវភាពភ័យខ្លាច ទៅលើចលនាគាំទ្រលោក សម រង្ស៊ី ដែលបញ្ហានេះ គម្រោងវិលត្រលប់របស់ក្រុមអ្នកនយោបាយប្រឆាំងដែលនិរទេស អាចនៅតែជាឧបសគ្គ។
មួយវិញទៀត លោកមើលឃើញថា ភ្លើងខៀវរបស់មេដឹកនាំបក្សកាន់អំណាចនេះ អាចជាការកើតចេញពីការមិនសប្បាយចិត្ត រឿងក្តីក្តាំនៅតុលាការបារំាង ដែលលោក ហ៊ុន សែន ទាមទារប្រាក់ជំងឺចិត្តចំនួន១អឺរ៉ូ ពីលោក សម រង្ស៊ី មិនបាន។ ប៉ុន្តែលោកគិតថា សារនេះនឹងអាចសម្លាប់ជីវិតនយោបាយមេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេស បើពួកគេមិនរកឱកាសចូលកម្ពុជាដូចការអះអាងទេនោះ។
លោកថា៖ «ខ្ញុំជឿជាក់ដែរ ព្រោះឃើញគាត់[លោក សម រង្ស៊ី ]ព្យាយាមច្រើនសាដែរ ហើយគាត់ប្រកាសជាសាធារណៈច្រើនលើកដែរ ប្រសិនបើគាត់មិនមកលើកនេះទៀត បានន័យថា គាត់អាចចប់ហើយជីវិតនយោបាយ គាត់អាចនៅក្រៅរហូត»។
ប៉ុន្តែលោកគិតថា បើវិបត្តិនយោបាយមិនត្រូវបានដោះស្រាយទេ នោះនឹងជំរុញឱ្យកម្ពុជាខាតបង់ច្រើន ទាំងផ្នែកជំរុញការអភិវឌ្ឍជាតិ បង្កើនការប្រះស្រាំខាងគំនុំនយោបាយកាន់តែខ្លាំង និងធ្វើឱ្យសង្គមកម្ពុជាពិបាករកការឯកភាពជាតិ ដែលជាបញ្ហាប្រឈមដល់ការបាត់បង់បូរណភាពទឹកដីទៅប្រទេសជិតខាង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានលើកឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ បានធ្វើឡើងដោយអយុត្តិធម៌។ លោកគូសបញ្ជាក់ថា បញ្ហានេះជំរុញឱ្យបរិបទនយោបាយនៅកម្ពុជាមានការគាបសង្កត់ផ្នែកនយោបាយ ជំរុញឱ្យមានការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំង ដោយសារភាពមិនឯករាជ្យរបស់តុលាការ។
អ្នករាយការណ៍ពិសេសរូបនេះបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែង ដើម្បីឱ្យពួកគេបានចូលរួមជីវភាពនយោបាយ និងធានាឱ្យការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យឡើងវិញ៕