យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាជិកសភាអង់គ្លេសនឹងព្យាយាមបណ្ដេញនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី គឺលោកស្រី លីស ត្រាស់ (Liz Truss) ចេញពីតំណែងនៅសប្ដាហ៍នេះ។
ប្រភពដដែលបន្តថា សមាជិកសភាជាង១០០នាក់មកពីគណបក្សអភិរក្សនិយម គ្រោងនឹងដាក់លិខិតបង្ហាញថាគ្មានទំនុកចិត្តលើលោកស្រី Liz Truss ទៅកាន់លោក ហ្រ្កាហាំ ប្រាឌី (Graham Brady) ដែលជាប្រធានគណៈកម្មាធិការរបស់គណបក្សអភិរក្សនិយម។
សមាជិកសភាអង់គ្លេសនឹងជំរុញទៅលោក Graham Brady ឱ្យប្រាប់លោកស្រី Liz Truss ថា «ពេលវេលារបស់លោកស្រី គឺដល់ពេលហើយ» ឬជំរុញឱ្យផ្លាស់ប្តូរច្បាប់គ្រប់គ្រងគណបក្សនយោបាយ ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតភ្លាមៗលើសេចក្តីទុកចិត្តចំពោះការដឹកនាំរបស់លោកស្រី។
ពាក់ព័ន្ធនឹងករណីនេះ លោក Graham Brady កំពុងតែទប់ទល់នឹងចំណាត់ការនេះ ដោយលើកឡើងថា លោកស្រី Liz Truss រួមជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី លោក ចេរ៉េមី ហាន់ត៍ (Jeremy Hunt) ដែលទើបនឹងកាន់តំណែង សមនឹងទទួលបានឱកាសក្នុងដាក់ចេញនូវយុទ្ធ
សាស្ត្រសេដ្ឋកិច្ចនៅថ្ងៃទី៣១ ខែតុលា។
ដោយឡែក សារព័ត៌មាន The Times បានរាយការណ៍ថា សមាជិកសភាអង់គ្លេសមួយចំនួនបានពិភាក្សាជាសម្ងាត់ ស្ដីពីការជំនួសលោកស្រី Liz Truss ដោយមេដឹកនាំថ្មី។
គួរបញ្ជាក់ថា លោកស្រី Liz Truss មកពីគណបក្សអភិរក្សនិយម បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសកាលពីខែមុន ជំនួសលោក បូរីស ចនសុន (Boris Johnson) ដែលបានលាលែងពីតំណែងកាលពីខែកក្កដា។
បន្ទាប់ពីដាក់ចេញនូវគោលនយោបាយកាត់បន្ថយពន្ធ លោកស្រី Liz Truss បានប្រឈមនឹងការមិនពេញចិត្តពីសាធារណជន ជាពិសេសពីសមាជិកគណបក្សអភិរក្សនិយម៕