កម្ពុជា​គួរ​ពិចារណា​អំពី​ថ្នាក់រៀន​ឥតជញ្ជាំង (Wall-less Classroom)

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សាប៊ូថងទេសអន្លុង ស្ថិតក្នុងខេត្តរតនគិរី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ (ហេង វិចិត្រ)

ប្រព័ន្ធអប់រំដែលមានគ្រូបង្រៀន​ដោយ​ផ្ទាល់ ទល់មុខគ្នា​ជាមួយសិស្ស ក្នុងថ្នាក់រៀនដែល​មាន​ជញ្ជាំង​បួន​បិទ​ជិត​ ទំនង​​ក្លាយ​ជា​​ប្រព័ន្ធ​អប់រំ​បុរាណ​មួយ​ដែល​មិន​ផ្ដល់​លទ្ធភាព​​ទូលំទូលាយ​​​សម្រាប់សិស្សជាច្រើន​នៅ​តំបន់​ជនបទ​ដែលមានជីវភាពខ្វះខាត​​ទេ។ ផ្ទុយទៅវិញ ការ​អភិវឌ្ឍថ្នាក់រៀនឥតជញ្ជាំងថ្នាក់​រៀន​អន​ឡាញ ឬ​ហៅ​ម្យ៉ាង​ទៀតថា​ ថ្នាក់​ឌីជីថល អាច​នឹង​ផ្ដល់ឱកាសជោគជ័យ​ស្មើភាពគ្នា​ ទាំង​សម្រាប់​សិស្សា​នុសិស្ស​នៅ​ទីក្រុង​ឬទី​ប្រជុំជន ក៏ដូចជា​សិស្សា​នុសិស្ស​​នៅតាម​តំបន់ជនបទ​ផងដែរ។​

សាកស្រមៃដល់អនាគតមួយនេះ គឺនៅព្រឹកមួយវេលាម៉ោង៩ ​សិស្សស្រី​ម្នាក់​ឈ្មោះ ចាន់ វត្តី និង​មិត្តភក្តិ​របស់​នាង កំពុង​អង្គុយ​លើ​កៅអី​សាឡុង ខ្លះនៅលើកម្រាល និង​នៅលើ​តុ​ខ្ពស់ៗ​ ក្បែរ​រាន​ហាល​នៃ​សាល​បង្រៀនមួយ។ មិត្តរួមថ្នាក់របស់​នាង​ផ្សេងទៀតភាគច្រើនជា​សិស្ស​ក្រីក្រ​ ដែល​អាច​ត្រូវ​ជួយការងាររកស៊ី និងស្រែចម្ការ ដើម្បីសម្រាលបន្ទុកជីវភាព​របស់​ឪពុក​ម្ដាយ​ពួកគេ កំពុង​ចូល​រៀន​តាម​ប្រព័ន្ធ Zoom។ Zoom គឺជា​ប្រព័ន្ធអនឡាញ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​អន​ឡាញ​ផ្សេង​ទៀត​ ដែល​គេ​អាច​យក​​មក​ប្រើ​សម្រាប់​កិច្ច​ប្រជុំ​ ឬ​ការ​ពិភាក្សា​ជា​ក្រុម​ពីចម្ងាយ​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក្នុង​តំបន់ឬពី​ជ្រុង​ជ្រោយ​ផ្សេងៗនៃ​ពិភពលោក។ ក្រៅពី Zoom នៅមាន​ Telegram, Skype, Messenger, Microsoft Teams, Skillshare, Khan Academy, Coursera ជាដើម។ មេរៀនព្រឹកនេះ​ គឺរៀនតាមបែបការពិភាក្សាជាក្រុម​ ដែលសម្របសម្រួលដោយគ្រូរបស់ពួកគេ ក៏ដូច​ជា​ដំណើរ​កម្សាន្តជាក់ស្ដែង ដែលធ្វើឡើងតាមរយៈ Google Earth និងបច្ចេកវិទ្យាពិភពពិត ដែលបន្ថែមដោយពត៌មានឌីជីថល (Augmented Reality) ទៅកាន់បឹង​ទន្លេសាប។

ចាន់ វត្តី និងមិត្តភក្តិរបស់នាង មកថ្នាក់រៀនរូបវន្តតែនៅពេលដែលពួកគេចាំបាច់ត្រូវប្រាស្រ័យទាក់ទង​ និង​ចែករំលែកគំនិតគ្នាទៅវិញទៅមក ឬក៏ដើម្បីចូលរួមកម្មវិធីរបស់សាលា​ និងសហគមន៍ដោយ​ផ្ទាល់តែ​ប៉ុណ្ណោះ។ ថ្នាក់រៀនឌីជីថលនេះបានក្លាយជាមធ្យោបាយងាយស្រួលមួយសម្រាប់គ្រូបង្រៀនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសិស្ស និងក្រុមគ្រួសាររបស់ពួកគេ តាមដានវឌ្ឍនភាពនិងការវាយតម្លៃការសិក្សា ក៏ដូចជា​បង្កើត​មេរៀន​ខ្លីៗ វីដេអូអប់រំ កម្មវិធីសំណួរនិងចម្លើយ​ និងហ្គេមអប់រំផ្សេងៗជាច្រើនទៀត។

ដោយសារបណ្ណាល័យឌីជីថលដែលពោរពេញដោយសៀវភៅ ធនធានអប់រំ ខ្លឹម​សារ​វគ្គ​សិក្សា និង​ឯកសារ​យោង​អនឡាញជាច្រើន ព្រមទាំងថ្នាក់រៀនឌីជីថលដែលត្រូវបានបង្កើតឡើងក្នុងស្រុក ​និងមានតម្លៃទាប​ ធ្វើ​​​​ឱ្យ​សិស្សា​នុសិស្សអាចរៀន សហការ ចែករំលែកគ្នាទៅវិញ​ទៅមក។ ជាពិសេ​ស ថ្នាក់​រៀន​ឌីជីថលអនុញ្ញាត​​​​ឱ្យ​សិស្ស​ស្ថិតនៅជាមួយក្រុមគ្រួសារ​ មិនថានៅលើទូកនេសាទ ឬចេញទៅវាល​ស្រែ​ ក៏​ពួកគេ​អាច​​​រៀន​​ពីចម្ងាយ​បានដែរ។

ចក្ខុវិស័យនៅថ្ងៃអនាគតមួយ​នេះ​មានភាពផ្ទុយស្រលះពី​តថភាព​ក្នុងវិស័យអប់រំនៅ​ប្រទេសកម្ពុជា​សព្វ​ថ្ងៃ​។ ជាទូទៅ ក្នុងសាលារៀនកម្ពុជាមានអគារសិក្សារូបវន្តជាជួរៗ ដែល​មាន​សិស្ស​ជាមធ្យម ៤០នាក់​ក្នុង​មួយបន្ទប់ ដោយពួកគេអង្គុយនៅតុរៀនជាជួរកៀកៗគ្នា​ និងមានគ្រូបង្រៀនម្នាក់​ឈរឧទ្ទេស​ពីក្ដារខៀន។

គម្លាតដ៏ធំនៃការអប់រំរវាងជនបទ និងទីក្រុង

គេ​សង្កេត​ឃើញថា រូបមន្តរអប់រំនៅតាមសាលារៀនបែបនេះ ធ្វើឱ្យមានគម្លាតដ៏ធំ​​មួយរវាង​ការអប់រំនៅទី​ក្រុង​ និង​ទីជន​បទ នៅប្រទេសកម្ពុជា​សព្វ​ថ្ងៃ​នេះ។ ជា​ការពិត សិស្សនៅតាមជនបទមាន​ការ​លំបាក​ក្នុង​ការ​សិក្សា​តាំង​ពី​មុន​ការ​ផ្ទុះ​ជំងឺកូវីដ-១៩ទៅ​ទៀត​ ហើយកម្រិតសិក្សា​របស់​ពួក​គេ​​ពិបាកតាមទាន់​សិស្ស​នៅ​ទីក្រុង​​ណាស់។ ​មូលហេតុ​ ដោយសារ​កង្វះ​គ្រូ​បង្រៀនជាប់លាប់ កង្វះសាលារៀន និងសម្ភារអនាម័យ​ជា​មូលដ្ឋាននៅ​តំបន់ជន​បទ។ ម្យ៉ាង​ទៀត ការតភ្ជាប់ប្រព័ន្ធ​អ៊ីនធឺណិត​ក៏នៅ​មាន​កម្រិតទាប​​ផង​ដែរ។ លុះជំងឺកូវីដ-១៩ ​ចាប់​ផ្តើម​​រីករាល​ដាល​​ក្នុង​សហគមន៍ បញ្ហាប្រឈមខាង​លើកាន់តែអាក្រក់​ទៅៗ ហើយបានបណ្តាលឱ្យមានការខាតបង់ការសិក្សាយ៉ាងធំធេង ជាពិសេសសម្រាប់​សិស្សនៅជនបទ។

ដើម្បីដោះស្រាយបញ្ហាប្រឈម​ទាំង​នេះ ក្រសួង​អប់រំ​បាន​ដាក់ចេញនូវផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយផ្តោតលើការកសាង​អគារ​សិក្សារូបវន្តបន្ថែម បំពាក់សម្ភារ​បរិក្ខារ​គ្រប់​គ្រាន់​ និងពង្រាយគ្រូបង្រៀនបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្រ​នេះ​នៅ​តែពឹងផ្អែក​លើរូបមន្តអប់រំ​​សិក្សា​នៅតាមសាលារៀនជា​ចម្បង​​ដដែល។ដូច្នេះ រូបមន្តនេះហួសសម័យទៅហើយ និងគ្មានប្រសិទ្ធភាព​សម្រាប់​បរិបទ​កម្ពុជាសព្វថ្ងៃទេ។

គេជឿជាក់ថា ប្រព័ន្ធបែបនេះភាគច្រើនផ្តល់អត្ថប្រយោជន៍​ដល់សិស្ស​ដែលរស់​នៅ​ក្បែរសាលារៀន សាកលវិទ្យាល័យធំៗ និងតាមទីប្រជុំជន ទីក្រុងតែប៉ុណ្ណោះ ឬមួយក៏សិស្សណា​ដែល​មាន​មធ្យោបាយ​ និងលទ្ធភាពគ្រប់គ្រាន់ ដែលអនុញ្ញាត​ឱ្យពួកគេលះបង់​ពេលវេលា​ជាក់លាក់​មួយក្នុង​ការ​សិក្សាបាន។ សរុបមក វាជាប្រព័ន្ធមួយដែលបង្កការលំបាកដល់សិស្សដែលមានស្ថានភាព​សេដ្ឋកិច្ច​សង្គម​ទាប និង​នៅ​ក្នុង​តំបន់​ដែលខ្វះខាត។ ពោលគឺ​វិធីសាស្រ្តនៃ​ការសិក្សា​នៅ​​សាលារៀន​តាមបែបប្រពៃណី ​មិន​សម​ស្រប​​នឹង​សិស្ស​ដែលងាយរងគ្រោះ​បំផុតក្នុងប្រទេសកម្ពុជាទេ ដោយសារហេតុផល​សំខាន់ៗ​មួយ​ចំនួន នោះគឺ​ការ​បង្រៀន​តាម​បែប​បុរាណត្រូវពឹងផ្អែកខ្លាំងលើការបង្រៀន ឬការឧទ្ទេស​របស់​គ្រូ ដែល​មានន័យ​ថា ​វាទាមទារឱ្យមានការវិនិយោគដ៏សម្បើមក្នុងការគ្រប់គ្រងគ្រូបង្រៀន ខណៈ​ដែលក្រសួងអប់រំ​កំពុង​តែរកដំណោះស្រាយចំពោះការខ្វះខាតគ្រូបង្រៀនដែលមានសមត្ថភាពឱ្យបម្រើការជាប់លាប់នៅតាមបណ្តាខេត្ត ទីជនបទ ពីព្រោះតែអត្រាគ្រូបង្រៀនលាឈប់ពីវិជ្ជាជីវៈបង្រៀនប្រចាំឆ្នាំខ្ពស់

ក្រៅ​ពី​នេះ វិធីសាស្ត្រ​បែប​ប្រពៃណីនេះ​តម្រូវ​ឱ្យ​មាន​ការ​សាងសង់ និង​ថែទាំ​អគារ​សិក្សា​រូបវន្ត។ អគារសិក្សាមួយដែលអាចដាក់សិស្សប្រហែល ៧៥ទៅ ២០០នាក់ ចំណាយជាមធ្យមពី ៤០ ០០០ ទៅ ៧០ ០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់។ នេះ​មិន​ទាន់រាប់បញ្ចូលថ្លៃថែទាំអគារសិក្សា គ្រឿង​សម្ភារ និងបរិក្ខារឡើយ។

ការសិក្សានៅក្នុងថ្នាក់រៀនបែបនេះបង្កើតបរិយាកាសដែល​មិន​អាចបត់បែនបាន ហើយដែលចៀស​មិនផុត​ពី​ការប្រើប្រាស់កម្មវិធីសិក្សាបង្រួបបង្រួម និងធ្វើការ​ប្រលង​ផ្អែក​លើការទន្ទេញចងចាំ ហើយមើល​រំលង​ភាព​ខុស​គ្នា​នៃការសិក្សារបស់សិស្ស និងសិស្សដែល​មាន​ពិការភាព​ក្នុងការសិក្សាផងដែរ។ ថ្នាក់រៀន​នេះមិនមានប្រសិទ្ធភាព​​ក្នុងការបណ្ដុះបណ្ដាល​ជំនាញ​ទន់ ដូចជា ជំនាញនៃការគិតរិះគន់ ការគិតឆ្លុះបញ្ចាំង ការដោះស្រាយ​បញ្ហា​ និងការសហការ​ដែល​ជា​ជំនាញសំខាន់នៃសតវត្សរ៍ទី២១ទេ ពីព្រោះសិស្ស​មាន​សេរីភាព​តិចតួច​ណាស់​ក្នុងការផ្លាស់ទីជុំវិញបន្ទប់រៀន ចូល​​រួមក្នុងការពិភាក្សាជាក្រុម ជំរុញឱ្យមានទំនាក់ទំនងរវាងមិត្តភក្តិ និង​ក្នុងការដោះស្រាយបញ្ហា​ដោយ​ខ្លួន​គេ​ផ្ទាល់។

ភាពតឹងតែងនៃការសិក្សាតាមបែបប្រពៃណី ក៏មានន័យថា នៅពេលដែលគ្រួសារមួយត្រូវការកូនប្រុសឬកូន​ស្រី​របស់ពួកគេ ដើម្បីជួយរកប្រាក់ចំណូល និងរួមចំណែកដល់ផ្នែកហិរញ្ញវត្ថុនៃគ្រួសារ ទោះបីជា​បណ្ដោះអាសន្ន​ក៏ដោយ សិស្សងាយនឹងបោះបង់ការសិក្សាទាំងស្រុង ជាជាងអាចបន្តការសិក្សារបស់ពួកគេតាម​​លទ្ធភាព​ដែល​ពួកគេ​អាច​ឆ្លៀត​បាន។

ដូច្នេះ កម្ពុជាត្រូវតែវិនិយោគលើការផ្លាស់ប្តូរពី​ប្រព័ន្ធអប់រំនៅ​តាមសាលារៀន​បែប​ប្រពៃណី ទៅជា​ការ​អប់រំលើ​ប្រព័ន្ធសិក្សាពីចម្ងាយ ​និងបើកចំហដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង​ទំនាក់ទំនង ដើម្បី​អភិវឌ្ឍ​​ថ្នាក់រៀនឌីជីថល ដែលផ្តល់លទ្ធភាព​​អាច​​បត់​បែន​តាមសិស្ស ព្រម​ទាំង​អាចលុបបំបាត់​ឧបសគ្គ​​ចម្ងាយ និងពេលវេលាដែលរារាំងដល់ការសិក្សា។

វិធីសាស្រ្តនៃការសិក្សានៅសតវត្សរ៍ទី២១ តាម​បែបបច្ចេកវិទ្យាឌីជីថលកើតឡើងតាមរយៈ​ការរៀបចំ​ដែល​មានលក្ខណៈចម្រុះ ឯកជន​ភាវូបនីយកម្ម និងអាចបត់បែនបាន។ ការសិក្សា​បែបបុរាណ គេ​ត្រូវ​សាងសង់​​សាលា​មួយ​សម្រាប់​សិស្ស​មួយ​ពាន់​នាក់ដើម្បី​រៀន ប៉ុន្តែបច្ចុប្បន្ន ការសិក្សាតាមប្រព័ន្ធ​អ៊ីនធឺណិត​តែមួយអាច​ជំនួស​ការ​សាងសង់សាលានោះ​បាន។ ​ជា​មួយ​នឹង​ការ​សិក្សា​បែបថ្មី​នេះ អ្នកសិក្សា​ទាំង​អស់​អាចរកបានសម្ភារសិក្សា កម្រងសំណួរ និង​វីដេអូ​បង្រៀន​ ប្រកបដោយគុណភាពរាប់លាន គ្រប់​ពេល ​និង​ពី​គ្រប់​ទី​កន្លែង។​​

ប្រទេសជាច្រើនកំពុងវិនិយោគលើគោលគំនិតនៃថ្នាក់រៀនដែលគ្មានជញ្ជាំងនេះរួចមកហើយ ដើម្បី​ដោះ​ស្រាយឧបសគ្គផ្នែករដ្ឋបាលនិងការសិក្សា ខណៈដែលសិស្សអាច​ប្រឈមមុខនឹងការ​មិនយល់​​ខ្លឹមសារ​នៃ​ការ​សិក្សា​ដោយផ្ទាល់ ដែលគ្រូនិងសិស្សតទល់មុខគ្នានៅសាលារៀនតាមបែបប្រពៃណី។

ដើម្បីបំពេញតាមតម្រូវការរបស់សិស្សដែលខ្វះខាត អង្គការ Open Learning Exchange នៅប្រទេស​នេប៉ាល់​ បាន​បង្កើត E-Pustakalaya ដែលជាបណ្ណាល័យឌីជីថលឥតគិតថ្លៃ និងបើកចំហ ដើម្បីលើក​ទឹក​ចិត្ត​​ឱ្យ​មាន​​ការ​អាននិងការរៀនដោយឯករាជ្យ តាមរយៈការស្រាវជ្រាវ និងការសាកសួរ ដោយ​ប្រើភាសា​នេប៉ាល់ ភាសាអង់គ្លេស និងភាសាសញ្ញានេប៉ាល់រួមបញ្ចូលគ្នា ហើយ​រួមបញ្ចូលនូវ​ម៉ូឌុល​សិក្សា​បែប​ពហុ​ព័ត៌មាន និងសិក្សាសកម្ម។

ដូច​គ្នា​នេះ​ដែរ កម្មវិធី Kolibri ​ដែលជាវេទិកា​សិក្សា​ឌីជីថល និង​ដែលត្រូវ​បានបង្កើតឡើងនៅរដ្ឋ​កាលីហ្វ័រញ៉ា មិនតម្រូវឱ្យសិស្សភ្ជាប់អ៊ីនធឺណិតជានិច្ចឡើយ។ កម្មវិធីនេះអនុញ្ញាតឱ្យឧបករណ៍ស្វែងរកនិងភ្ជាប់គ្នាទៅវិញទៅមក ចែករំលែកមាតិកានិង​ធ្វើសមកាលកម្ម​ទិន្នន័យ​​ (sync data) នៅលើបណ្ដាញ Wi-Fi ក្នុងតំបន់ បន្ទាប់មក គេអាចប្រើទិន្នន័យនោះបាន ទោះ​ដាច់​អ៊ីនធឺណេត​ក៏ដោយ។ កម្មវិធីនេះក៏បានជួយសិស្សរាប់លាននាក់នៅក្នុងប្រទេសជាង២០០ ឱ្យមានឱកាសរៀនសូត្រ​​ បន្ទាប់​ពី​​ពួកគេ​បានបោះបង់ការសិក្សា និង​​បាន​ជួប​ការ​លំបាកក្នុងការតភ្ជាប់អ៊ីនធឺណិត និងអគ្គិសនី។

ការសិក្សាវាយតម្លៃលទ្ធផលនៃគម្រោង​ថ្នាក់រៀនឌីជីថលនៅប្រទេសហ្គាតេម៉ាឡា កាមេរូន និងឥណ្ឌា បានរកឃើញថា ការរៀនសូត្ររបស់សិស្សសម្រេចបានលទ្ធផលខ្ពស់ជាងមុន ក្នុងមុខវិជ្ជាគណិតវិទ្យា អក្ខរកម្មឌីជីថល បំនិនវិភាគនិងច្នៃប្រតិដ្ឋ។ ការ​ស្រាវ​ជ្រាវ​មួយ​នៅអនុតំបន់សាហារ៉ានៃ​ទ្វីបអាហ្រ្វិក បង្ហាញថា ការពង្រីក​គម្រោង​សិក្សា​តាម​ប្រព័ន្ធឌីជីថល អាចជួយបណ្ដុះបណ្ដាល​កម្លាំង​ពលកម្មឱ្យកាន់​តែ​មាន​គុណភាព និងមានជំនាញច្បាស់លាស់​ និងនាំ​ទៅ​រកផល​ប្រយោជន៍​សេដ្ឋកិច្ច ស្មើនឹងទឹកប្រាក់២ពាន់លានដុល្លារក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៥។

ឧទាហរណ៍ខាងលើ​អាចឱ្យប្រទេសកម្ពុជាពិចារណាក្នុងការវិនិយោគទៅលើថ្នាក់រៀនឥតជញ្ជាំង ដែល​សិស្ស​​អាច​ជ្រើសរើសថា ​ពួក​គេចង់រៀន​នៅ​កន្លែង​ណា និងពេលណា ដូច្នេះសិស្សអាចមានអារម្មណ៍​រីករាយ​​ជាមួយការសិក្សាតាមរបៀប​ដែលមិនសូវ​មាន​រចនាសម្ពន្ធច្រើន មិនថានៅទីណា និងពេលណា​នោះ​ទេ។

ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ គំនិតផ្តួចផ្តើមមួយចំនួនបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់​ការ​សិក្សា​​តាម​ប្រព័ន្ធ​ឌីជីថល ប៉ុន្តែគំនិត​ផ្តួច​ផ្តើម​នេះ​បានជួបប្រទះ​បញ្ហាប្រឈមធំៗ​ជាច្រើន ​ដូចជា ​ការ​ចូល​រួម​របស់សិស្ស​មិន​បាន​ពេញ​លេញ​ ការតាំងចិត្តក្នុងការសិក្សា​មិន​ទាន់​រឹង​មាំ​ និង​ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​មិន​ល្អ​ ជាដើម។ មនុស្សជាច្រើនបានឃើញការបរាជ័យ​នៅក្នុងបទពិសោធការ​សិក្សា​អនឡាញទាំងនេះ ហើយ​បាន​ស្នើសុំ​ឱ្យ​​ត្រលប់ទៅសាលារៀនវិញ។

ថ្នាក់រៀនឥតជញ្ជាំងពេញលេញមួយត្រូវការបណ្ណាល័យឌីជីថលមួយ និងវេទិកាសិក្សាមួយដូចជា កម្មវិធី Kolibri ដែលជាកន្លែងផ្ដល់ធនធាននៃការសិក្សា និងសហគមន៍។ កម្មវិធី​នេះត្រូវ​បង្កើត​ឡើង​សម្រាប់​​ប្រើប្រាស់បានទាំងពេលមានឬក៏​គ្មាន​អ៊ីនធឺណិត។ ប៉ុន្តែវាចាំ​បាច់ត្រូវ​បង្រៀន​សិស្ស​ឱ្យ​មាន​ភាព​ឯករាជ្យ​ និង​មាន​​​សមត្ថភាព​រៀនដោយខ្លួនឯង​លើ​កម្មវិធីនេះ។ សិស្សអាចត្រូវការកន្លែងសិក្សា ឬថ្នាក់​រៀន​រូបវន្ត​ក្រៅម៉ោង​សម្រាប់​តែពេលវេលា​ដែលពួកគេ​ត្រូវការ​ជួប​គ្រូ​ មានការពិភាក្សាជាក្រុមដោយផ្ទាល់ រៀបចំផែនការ​សកម្មភាព​រួមគ្នាជាមួយដៃគូ ឬសេណារីយ៉ូផ្សេង​ទៀត ក្រៅពីនោះ សិស្សទាំងអស់​អាចបន្តរៀនដោយខ្លួន​ឯង​តាមពេលវេលារបស់ពួកគេនៅផ្ទះ។

ការផ្លាស់ប្ដូររចនាសម្ពន្ធអប់រំបែបនេះ មានន័យថា អគារសិក្សាបែបប្រពៃណីធំៗ​ដែលមានចំនួន​ប្រាំថ្នាក់​នោះ​ គឺលែងមានភាពចាំបាច់ទៀតហើយ ដោយសារគ្រូបង្រៀននឹង​សម្របសម្រួល​សិស្សតិច​ជាងមុន ​នៅនឹង​មួយ​កន្លែងក្នុងពេលតែមួយ។ ទំហំអគារត្រូវការសម្រាប់សិស្សក៏អាចកាត់បន្ថយបានប្រហែល ៥០% ដែរ ​ដូច្នេះក្រសួង​អប់រំអាចកាត់បន្ថយការចំណាយដ៏ចម្បងមួយ ហើយ​ក្រសួង​អាចបង្វែរ​ចំណាយ​ដែល​ត្រូវ​កាត់​បន្ថយ​នេះ ​ដើម្បី​វិនិយោគ​បន្ថែម​ទៀត​លើ​ជម្រើសនៃការសិក្សាឌីជីថលវិញ។

ក្រសួងអប់រំអាចធ្វើការជាដៃគូជាមួយក្រុមហ៊ុន និងថ្នាលបណ្ដុះបណ្ដាលអាជីវកម្មខាងផ្នែក​បច្ចេកវិទ្យា​អប់រំ ​ក្នុង​ការរិះរកបង្កើតប្រព័ន្ធបណ្ណាល័យឌីជីថលដោយឥតគិតថ្លៃ និងបើកចំហ និងប្រើប្រាស់វេទិកាសិក្សាឌីជីថល ជាពិសេសផ្តោតលើសិស្សនៅតំបន់ដែលខ្វះខាត ដូចជា កង្វះនៃអគារសិក្សា គ្រូបង្រៀន អគ្គិសនី និង​ការ​តភ្ជាប់​អ៊ីនធឺណិត។

ធាតុផ្សំសំខាន់ៗនៃគំនិតផ្តួចផ្តើមទាំងនេះ គឺឧបករណ៍សិក្សា និងការតភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិត។ ក្រសួង​គួរតែបង្កើតគម្រោងបណ្ណសិក្សាសម្រាប់សិស្សក្រីក្រ និងផ្តល់ថេប្លេត (tablet) ដែលមានតម្លៃ​​ទាប និង​​ដុំ USB ចល័ត។ សិស្សអាចប្រើថេប្លេតនោះ ដើម្បីចូលប្រើប្រាស់ខ្លឹមសារសិក្សាដែលបង្កើតឡើងក្នុងមូលដ្ឋានអាចប្រើបានទាំងជាមួយអ៊ីនធឺណិតនិងគ្មានអ៊ីនធឺណិត​។ នៅកន្លែងដែលសេវាអ៊ីនធឺណិកម្រិតទាប សិស្ស​អាច​ប្រើ​ប្រាស់ការចែករំលែកបែបស្នីឃឺណែត (Sneakernet Sharing) ដោយថតចម្លង ឬទាញ​យក​ធនធាន​អប់រំ​ពីបណ្ណាល័យឌីជីថលបើកចំហ ហើយប្រើប្រាស់ដុំUSBចល័ត ដើម្បីចែកចាយ​វាទៅអ្នកដទៃ​នៅ​ក្នុង​តំបន់។

ការវិនិយោគកាន់តែច្រើនទៅលើការតភ្ជាប់អ៊ីនធឺណិតទូទាំងប្រទេស គឺជាការចាំបាច់សម្រាប់ការផ្តល់ថាមពល​រយៈពេលវែងដល់សាលារៀនដែលមិនមានការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេត នៅក្នុងតំបន់ដែលខ្វះខាតនោះ។ ក្រសួងអាចធ្វើការជាមួយក្រុមហ៊ុនសាជីវកម្ម និងដៃគូស្ថាប័នមិនរកប្រាក់ចំណេញ ដើម្បីរៀបចំ​ផែនទី​ជាក់​ស្តែង​របស់សាលាណាដែលពិបាកបំផុតក្នុងការតភ្ជាប់ និងពិបាកទៅដល់ ហើយបង្កើតកម្មវិធី​ជំនួយហិរញ្ញវត្ថុ​ដល់​សាលាទាំងនោះ។ យុទ្ធសាស្ត្រនេះអាចជួយសន្សំសំចៃថវិការបស់រដ្ឋាភិបាល សម្រាប់តែសាលារៀនដែលខ្វះខាត ថែមទាំង​អាច​ទាក់ទាញការវិនិយោគឯកជនក្នុងសេវាកម្មអ៊ីនធឺណិតនិងបច្ចេកវិទ្យាដែលមាន​តម្លៃទាប​ ដូចជា ​កុំព្យូទ័រ​លើតុ កុំព្យូទ័រ Raspberry Pi រ៉ោតទ័រឥតខ្សែ ដុំservers និងបន្ទះថាមពលពន្លឺព្រះអាទិត្យ។

ការកាត់បន្ថយការពឹងផ្អែករបស់យើងលើអគារសិក្សាបែបប្រពៃណី លើការបង្រៀនដោយគ្រូ​តាមបែប​ប្រពៃណី​ និងលើសៀវភៅសិក្សា អាចពង្រីកឱកាស​រៀនសូត្រ​ដល់សិស្ស​ដែលងាយ​រងគ្រោះបំផុត​ក្នុង​ប្រទេសកម្ពុជា តាមរបៀបការផ្លាស់ប្ដូរទំនើប និងវិជ្ជមាន។ ការវិនិយោគលើ​ប្រភេទនៃការរៀន​បែប​វិមជ្ឈការ​នេះមានសក្តានុពលក្នុងការផ្តល់ឱ្យសិស្សទាំងនេះនូវភាពងាយស្រួល និងភាពបត់បែន​កាន់​តែ​ច្រើន​​ទៅតាមពេលវេលា ទីកន្លែង និងរបៀបដែលពួកគេរៀន ដោយធ្វើឱ្យក្លាយ​ជាប្រព័ន្ធ​អប់រំ​មួយ​ដែល​ដំណើរ​ការដោយផ្ដោតសំខាន់លើអ្វីដែលសិស្សត្រូវការ៕


​ដោយ ជា ដារ៉ា​ | អត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ