សង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បញ្ឈប់​ការ​បំភិតបំភ័យ​ផ្នែកនយោបាយ និង​ការ​ប្រើ​ប្រព័ន្ធតុលាការ​រឹតត្បិត​លំហ​ពលរដ្ឋ

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិល និងពលរដ្ឋ​​មួយចំនួន ជំរុញដល់រដ្ឋាភិបាលបញ្ឈប់​នូវការ​រើសអើង ការគំរាមកំហែង និងការ​ធ្វើ​ទុក្ខបុកម្នេញផ្នែកនយោបាយ និងសិទ្ធិសេរីភាព​បញ្ចេញមតិ ​ទៅលើអ្នកនយោបាយ ពលរដ្ឋម្ចាស់ឆ្នោត និង​សង្គមស៊ីវិល ខណៈពួកគេមិនចង់ឃើញរូបភាពរឹតត្បិត និងការប្រឈមមុខដាក់គ្នាកាន់​តែខ្លាំងរវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សដែលមាននិន្នាការផ្ទុយ។

ការជំរុញនេះធ្វើឡើង​ក្នុងសន្និសីទសារព័ត៌មានអំពីលទ្ធផល «វេទិកាពលរដ្ឋកម្ពុជា ស្តីពី ការពារលំហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា» ដែលរៀបចំដោយអង្គការសង្គមស៊ីវិលចំនួន២១ស្ថាប័ន រួមមាន អង្គការខុមហ្វ្រែល, អង្គការសីលការ, អង្គការតម្លាភាព និង ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

កាលពីថ្ងៃ១៦ និងទី១៧ ខែ​តុលា ឆ្នាំ២០២២ ពលរដ្ឋដែលជាកសិករ កម្មករ តំណាងសហជីព ជនជាតិ​ដើម​ភាគ​តិច សហគមន៍រងគ្រោះ ជនមានពិការភាព និងអង្គការសង្គមស៊ីវិល សរុប​​ចំនួន​​៤២៤នាក់ ​​មក​ពី​ខេត្ត​ចំនួន​១៩ បានជួបជុំគ្នា ចូលរួមលើកជាកង្វល់ បញ្ហាចម្បងៗ និងអនុសាសន៍របស់ពួកគេ ក្នុង​វេទិកា​ពលរដ្ឋ។ វេទិកានោះមានគោលបំណងប្រមូលផ្តុំយោបល់សម្រាប់តស៊ូមតិទៅកាន់អ្នកបង្កើតគោលនយោបាយនៅកម្រិតជាតិនិងតំបន់ លើកកម្ពស់លំហប្រជាធិបតេយ្យកាន់តែប្រសើរ ឆ្ពោះទៅសម្រេចបានសមធម៌ និងយុត្តិធម៌នៅកម្ពុជា។

​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេន​ឌ័រ ​នៃ​អង្គការ​ខុម​ហ្វ្រែល អ្នក​ស្រី សឺនកេត សិរីលក្ខណ៍ គូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន​នោះ​ថា អ្នកចូលរួមវេទិកាបានលើកនូវកង្វល់ និងអនុសាសន៍របស់ពួកគេស្តីពី​សិទ្ធិនយោបាយ ក្នុងនោះពួកគេបានលើកឡើង​ពី​ការរើសអើងនិន្នាការ​នយោបាយ និងអ្នក​មាន​ទស្សនៈ​ផ្ទុយ​គ្នា តាមរយៈរូបភាព​នៃការគំរាមកំហែងឱ្យបេក្ខជនលាឈប់ពីការឈរឈ្មោះជាបេក្ខភាពសម្រាប់​ការបោះឆ្នោត ការប្រើប្រាស់អំពើហិង្សាទៅលើបេក្ខជនឈរឈ្មោះ ការរំខានដល់ការលើកស្លាកគណបក្ស​នយោ​បាយ​​តាម​ទីសាធារណៈ ការលាបពណ៌នយោបាយ និងការព្រួយបារម្ភអំពីសុវត្ថិភាពនៅរៀងរាល់ពេលបោះឆ្នោតម្តងៗ ជាដើម។

អ្នក​ស្រីបន្តថា៖ «សិទ្ធិនិងលំហពលរដ្ឋ និងលំហសង្គមស៊ីវិល នៅតែបន្តរួមតូចទៅៗ ដោយសារអាជ្ញាធរ​នៅតែបន្តរឹតត្បិតលំហទាំងនេះ។ ការអនុវត្តសិទ្ធិ ឬសកម្មភាពសង្គមផ្សេងទៀត ត្រូវរងការគំរាមកំហែង និងបំភិតបំភ័យ តាមរយៈការថតអត្តសញ្ញាណបណ្ណដោយមិនមានបញ្ជាក់មូលហេតុ។ ការបង្ខំឱ្យស្បថ ការថតរូប និងថតវីដេអូ អំពីការគូសសន្លឹកឆ្នោត ឬការបង្ខំឱ្យសន្យាដើម្បីធ្វើអ្វីមួយ។ ការដកហូត ឬការកាត់ប្រាក់ឧបត្ថម្ភ ការកាត់អាហារូបករណ៍សិក្សារបស់កូន ការដកហូតបណ្ណក្រីក្រ និងការប្រើប្រាស់ស្ថាប័នតុលាការនិងមន្ត្រីសាធារណៈដោយមិនប្រក្រតី និងមិនស្របតាមនីតិវិធី»។

អ្នកស្រីបន្ថែមថា សេរីភាពបញ្ចេញមតិផ្នែកនយោបាយ និងសេរីភាពជួបជុំ ត្រូវទទួលរងការរឹតត្បិត ដោយ​ពុំ​អនុលោម​តាម​គោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ ខណៈពលរដ្ឋបានលើកឡើ​ង​​ប្រៀប​ធៀប​ថា «បើលំហពលរដ្ឋនិងសិទ្ធិជាមូលដ្ឋានរ​បស់យើងទទួលរងបញ្ហាហើយ នោះវាក៏មានការ​ប៉ះពាល់ដល់អុកស៊ីសែនប្រជាធិបតេយ្យដែរ»

បើតាមសេចក្តីថ្លែងការណ៍របស់វេទិកាពលរដ្ឋកម្ពុជា បានលើកឡើងថា បើទោះរដ្ឋធម្មនុញ្ញកម្ពុជាបានចែង​អំពី​គោល​ការណ៍ និងការអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងបានផ្តល់សច្ចាប័នទៅលើកតិកា​សញ្ញា និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ និងទាក់ទងនឹងសិទ្ធិការងារយ៉ាងទូលំទូលាយក៏ដោយ ក៏នៅមានបញ្ហានានា​កំពុងកើតមានឡើងក្នុងវិស័យជាច្រើន ដែលពលរដ្ឋនៅកម្ពុជានៅតែមានក្តីបារម្ភ។

ពួកគេ​បានលើកឡើងពីកា​រប្រើប្រាស់ប្រព័ន្ធតុលាការដោយ​មិនសមស្រប​ ក្នុងការ​រឹតត្បិត​សិទ្ធិ​សេរីភាពរបស់ពលរដ្ឋ តាមរយៈការចោទប្រកាន់ ឬការចាប់ខ្លួន​សកម្មជនបរិស្ថាន និងសកម្មជនដីធ្លី។

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «នៅពេល​សម្តែងមតិ ឬទាមទារ​សិទ្ធិសេរីភាពតាម​ប្រព័ន្ធអនឡាញ ប្រជាពលរដ្ឋ​អាច​ទទួលរងការ​គំរាម​កំហែងពីមន្ត្រីអាជ្ញាធរ​ ដោយ​រួមមានទាំងការ​ចាប់​ខ្លួន​អ្នកបញ្ចេញមតិ​យោ​បល់តាមបណ្តាញ​សង្គមផ្ទាល់ខ្លួន ឬនៅពេលពលរដ្ឋផ្សព្វផ្សាយ​ព័ត៌មាន​ដែលកើតឡើងនៅក្នុងសហគមន៍»។

ករណីនេះ វេទិកា​ពលរដ្ឋកម្ពុជា បាន​ជំរុញរដ្ឋាភិបាល​ត្រូវបញ្ឈប់​នូវរាល់ការរើសអើង ការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាព ទៅលើអ្នកនយោបាយ សកម្មជននយោបាយ ពលរដ្ឋម្ចាស់ឆ្នោត និងសង្គមស៊ីវិល។

ក្រៅពីនោះ ពួកគេទាមទាររដ្ឋាភិបាលត្រូវចូលរួមដោយសុឆន្ទៈក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើងទាំងនេះ ជាពិសេសបញ្ហាសិទ្ធិមនុស្ស តាមរយៈការតម្កល់ប្រយោជន៍ជាតិ និងពលរដ្ឋជាធំ ដោយថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹតត្បិតលំហពលរដ្ឋនិងការប្រើប្រាស់សិទ្ធិមនុស្ស មិនមែនជាជម្រើសប្រកបដោយឧត្តមគតិនោះទេ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ចាត់ទុកក្តីបារម្ភរបស់ពលរដ្ឋនិងសង្គមស៊ីវិលដែលលើកឡើងក្នុងវេទិកានោះ ថាគ្រាន់តែជាមតិរបស់ជនមួយក្រុមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកថា ពួកគេបានជំទាស់នឹងសមិទ្ធផលរដ្ឋាភិបាល ដោយមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការវិវត្តនៃពិភពលោក។

លោក កត្តា អ៊ន ថា៖ «យើងឃើញលំហប្រជាពលរដ្ឋនៅក្នុងការចូលរួមនៅក្នុងជីវភាពផ្សេងៗ ទាំងសេដ្ឋ​កិច្ច ទាំង​សង្គម ទាំងសកម្មភាពនយោបាយ។ យើងឃើញរាល់ការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ មក យើងមានគណៈកម្មការជាតិបោះឆ្នោតដោយឯករាជ្យ វាមានច្បាប់បោះឆ្នោត វាមានការបោះឆ្នោតគ្រប់ប្រភេទ ដែលមានអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ គ្រប់បែបយ៉ាង។ ហើយរាល់ការបោះឆ្នោត គឺតែងតែមាន​ការទទួលស្គាល់ជាសកលអំពីលទ្ធផលនៃការបោះឆ្នោត អ៊ីចឹងវាអត់មានអ្វីដែលថាមានការរឹតត្បិតនោះ​ទេ»។

មន្ត្រីរដ្ឋាភិបាលរូបនេះបន្តថា អ្វីដែលរដ្ឋាភិបាលធ្វើកន្លងមក ដូចជា ចំណាត់ការលើក្រុម​ដែល​បញ្ចេញមតិ​​ញុះញង់ និង​បរិហារ​នៅលើបណ្តាញសង្គម ជាដើម គឺធ្វើដើម្បីទប់ស្កាត់បទល្មើសអនាធិបតេយ្យតែប៉ុណ្ណោះ។

លោកបន្តថា៖ «ឧទាហរណ៍សេរីភាពនៅក្នុងបណ្តាញសង្គម នៅពេលណាដែលយើងប្រើប្រាស់សេរីភាពទៅជេរប្រមាថគេ ទៅបរិហារកេរ្តិ៍គេ ទៅញុះញង់ឱ្យមានការប្រព្រឹត្តបទល្មើស។ល។ អាហ្នឹងវាចូលនៅក្នុងក្របខណ្ឌបទល្មើសហើយ ដែលយើងត្រូវការអនុវត្តច្បាប់។ អ៊ីចឹងប្រសិនបើជនល្មើសមិនត្រូវបានអនុវត្តច្បាប់ សួរថាតើសង្គមយើងទៅជាបែបណា? អនាធិបតេយ្យ! គ្មានច្បាប់ទម្លាប់! អ៊ីចឹងហើយបានថា គេឃើញអារូបភាពតូចនៃសកម្មជនដែល​ប្រព្រឹត្តបទល្មើស ហើយ[រដ្ឋាភិបាល]មានចំណាត់ការផ្លូវច្បាប់ [បុគ្គលទាំងនោះ]​ គាត់វាទីថា កម្ពុជាយើងមានលំហប្រជាពលរដ្ឋតូច មាន​លំហប្រជាធិបតេយ្យ​មាន​​ភាព​មិន​ស្មើគ្នា។ល។ ដូច្នេះ វាជាការមិនឆ្លុះបញ្ចាំងនូវអ្វីដែលកម្ពុជាកំពុងមាន ហើយពួកគាត់កំពុងតែក្បត់ឧត្តមគតិខ្លួនឯង​នៅក្នុងកិច្ចការសិទ្ធិមនុស្ស»។

លោក កត្តា អ៊ន បានគូសបញ្ជាក់ទៀត​ថា កម្ពុជាគ្មានក្របខណ្ឌច្បាប់មួយណារឹតត្បិតលំហពលរដ្ឋ និងលំហប្រជាធិបតេយ្យឡើយ ដរាបណាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ពួកគេដោយស្របច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ