កូដករ​៤រូប ​ដាក់​​លិខិត​​ពន្យារ​ពេល​​ចូល​បំភ្លឺនៅ​តុលាការ​ ក្រោយ​​ថៅកែ​ណាហ្គាវើលដ៍​​ប្តឹង​​ពី​​ប​ទ​«រំលោភ​លើ​​លំនៅ​ឋាន​»

កូដករចំនួន ៤រូប ដាក់លិខិតស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ នៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ប្តឹងពួកគេ ពីបទ «រំលោភលើលំនៅឋាន» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

កូដករចំនួន ៤រូប ដាក់​លិខិតស្នើសុំ​ពន្យារពេលចូលឆ្លើយបំភ្លឺ​ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​ករណី​ថៅកែក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្តឹង​ពួក​គេ ពី​បទ «រំលោភលើលំនៅឋាន» ដោយអះអាងថា ពួកគេទើបតែទទួលបានដីកាកោះ និងត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។

ការដាក់លិខិតពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង តាមរយៈដីកាចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានហៅកូដករណាហ្គា ៤រូបឱ្យចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ទី១៨ និងទី១៩ ខែតុលា ឆ្នាំ២០២២នេះ។

សកម្មជន​សហជីព និងជាកូដករណាហ្គាវើលដ៍ម្នាក់​ក្នុងចំណោម៤នាក់ ដែលទទួលបានដីកា​ពីតុលាការ​ កញ្ញា សៀក បញ្ញា ប្រាប់វីឌូអី​នៅពី​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញថា ក្រុមហ៊ុនណាហ្គាវើលដ៍ បាន​ប្តឹងពួកគាត់ ពី​បទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង​និងបង្ខាំងដោយខុសច្បាប់»។

កញ្ញាបន្តថា ពួកគាត់បានស្នើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំពន្យាពេលចូលបំភ្លឺ ដោយសារ​ពួក​​គាត់​ទើប​បានទទួលដីកាកោះហៅនោះ​ កាលពី​ថ្ងៃទី១៥ ខែតុលា និង​តម្រូវឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃ​ទី១៧ ខែតុលា ដែលពេលវេលាឆាប់បែបនេះ ធ្វើឱ្យរូបគាត់មិនអាចរៀបចំឯកសារ និងស្វែង​​រក​​មេធាវី​ការពារសិទ្ធិបានភ្លាមៗនោះទេ​។

កញ្ញា សៀក បញ្ញា ថា៖ «ច្បាប់នៃការធ្វើកូដកម្មគឺមានចែងថា ការធ្វើកូដកម្មពួកខ្ញុំត្រូវឈរនៅត្រង់ណា។ កុំថាឡើយធ្វើឱ្យខូចខាត ពួកខ្ញុំរាល់ថ្ងៃទៅ​ឈរៗ​តែត្រឹមប៉ារ៉ាសដែលគេដាក់ហ្នឹង។ ពេលទទួលបាន​ដីកា មានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែន។ គ្រាន់តែវិវាទការងារសោះ ត្រូវបានខាងតុលាការ​ដំបូង​ប្រចាំប្រទេសកម្ពុជាចេញសាលដីកា [ក៏ដូចជា]ទទួលពាក្យបណ្តឹងពីថៅកែណាហ្គាវើលដ៍ដែលគេកំពុងរំលោភបំពានសិទ្ធិការងារកម្មករខ្មែរ និងកំពុងតែ​មិនគោរព​ច្បាប់ប្រទេសកម្ពុជា។ បែរជាអ្នករំលោភសិទ្ធិ អ្នករំលោភច្បាប់ប្រទេស មកប្តឹងពួកខ្ញុំដែលជាកម្មករ»។

សម្រាប់កូដកររូបនេះ ការគម្រាមកំហែងមិនមែនជាដំណោះស្រាយទេ ពោលដំណោះស្រាយគឺ​ការតម្រូវឱ្យថៅកែណាហ្គាវើលដ៍​គោរពច្បាប់ស្តីពីការងារនៅ​កម្ពុជា និងគោរពសិទ្ធិសេរីភាពសហជីព ព្រមទាំងទទួល​ថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ។

បើតាម កញ្ញា សៀក បញ្ញា មន្ត្រីសាលាដំបូងដែលទទួលលិខិតពីពួកគាត់មិនបានឆ្លើយតបយ៉ាងណានៅឡើយ ខណៈគ្រាន់តែវាយត្រាកាលបរិច្ឆេទប៉ុណ្ណោះ។

កូដករទាំង៤រូប ដែលរងបណ្តឹងនៅតុលាការ​នោះ រួមមានឈ្មោះ សៀក បញ្ញា និង ជួប សោភ័ណ្ឌ បាន​ទទួលដីកាកោះនៅថ្ងៃទី១៥ ខែតុលា និង​តម្រូវឱ្យ​ចូលខ្លួនទៅបំភ្លឺ​នៅថ្ងៃទី១៧ ខែតុលា ខណៈ​ឈ្មោះ សុខ ថាវុធ បានទទួលដីកាកោះ នៅ​ថ្ងៃ​ទី ១០ ខែ​តុលា និងតម្រូវឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី​១៨ ខែតុលា និងឈ្មោះ នេត ចរិយា បានទទួលដីកាកោះនៅ​ថ្ងៃទី៨ ខែតុលា និងតម្រូវឱ្យចូលខ្លួនទៅបំភ្លឺ​នៅថ្ងៃទី១៩ ខែតុលា។ នេះបើតាមការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ ​ប្រធាន​​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុនណាហ្គាវើលដ៍។

​វីឌូអី មិនទាន់អាចសុំការឆ្លើយតប​ពីអ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប្លង់ សុផល បានទេនៅថ្ងៃចន្ទនេះ ដោយលោកបញ្ជាក់​យ៉ាងខ្លីថា នឹងសួរព័ត៌មាននេះពីមន្ត្រីពាក់ព័ន្ធ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការដាក់លិខិតសុំ​ពន្យារពេលចូលឆ្លើយបំភ្លឺ​​របស់​កូដករនោះ​ ជារឿងសមស្រប ខណៈពួកគេត្រូវ​ការ​ជំនួយ​ផ្នែក​ស្មារតី​ និងផ្លូវច្បាប់​ពី​មេធាវី ដើម្បីការ​ពារសិទ្ធពួកគេនៅតុលាការ​។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ត​ថា៖ «យើងមើល បើសិនណាក្នុងករណីចោទគាត់ថា គាត់រំលោភសិទ្ធិលំនៅឋានហ្នឹង សួរថាគាត់រំលោភនៅកន្លែងណា? កុំភ្លេច​ណាថាគាត់ជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ គាត់ត្រូវធ្វើកូដកម្មនៅក្នុងក្រុមហ៊ុនទៅទៀត មុខបរិវេណក្រុមហ៊ុនហ្នឹងឯង។ បើអត់ឱ្យគាត់ធ្វើនៅហ្នឹង តើឱ្យគាត់ទៅ​ធ្វើ​នៅ​ឯណា? ហើយច្បាប់យើងមានសរសេរច្បាស់តើ។ ចោទប្រកាន់ កុំអាងតែខ្លួនឯងមានលុយ មានអំណាច មានអ្នកនៅពីក្រោយខ្នងធំ ចង់ចោទគេបានតាមតែអំពើចិត្ត។ គេមានភ្នែកជាច្រើន សហគមន៍ មនុស្សជុំវិញពិភពលោកកំពុងផ្តោតអារម្មណ៍ទៅលើរឿងនេះ»។

ពាក់ព័ន្ធនឹង​ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះដែរ កាល​ពី​ខែមករា​​ដើមឆ្នាំ២០២២នេះ​ ថ្នាក់​ដឹក​នាំ និង​​សកម្ម​ជន​​សហជីព​​ចំនួន ១១​នាក់ ​ដែល​​ជា​តំណាង​របស់​ក្រុម​កូដករណាហ្គាវើលដ៏ ត្រូវបាន​​តុលាការ​​​​​​ចោទ​ប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន​ ក្រោម​ការចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍» និង​បទ «រារាំងការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរាលដាលជំងឺកូវីដ-១៩»។ តែយ៉ាងណា ក្រោយ​​ជាប់ឃុំជិត៣ខែ ពួកគាត់​ត្រូវបាន​តុលាការ​​សម្រេច​ឱ្យដោះលែងនៅក្រៅឃុំ​វិញ ដើម្បី​ចូលរួម​​​​​ការចរចារកដំណោះស្រាយ​ស្រាយ​​វិវាទ​​ការ​ងារ​​រួម ដែល​អូស​បន្លាយ​ជាច្រើន​ខែ​មក​នេះ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះ បានបញ្ឈប់​​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផល​​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មជិត១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ