សមាគម​ផ្នែកធនាគារ​និង​ហិរញ្ញវត្ថុ ប្រកាស​អនុគ្រោះ​ដល់​អតិថិជន​ដែល​ជួប​បញ្ហា​គ្រោះទឹកជំនន់

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ (អគ្គស្នងការនគរបាលជាតិ)

សមាគមចំនួន២ ដែលធ្វើការពាក់ព័ន្ធនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ចី អះអាង​ថា សមាជិករបស់ខ្លួននឹងផ្ដល់ការយោគយល់និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់​ជាក់ស្ដែងដោយ​សារទឹក​ជំនន់​ធ្ងន់​ធ្ងរ ខណៈនឹងពិនិត្យលទ្ធភាពបន្ធូរបន្ថយការប្រាក់ លើក​លែង​ការ​ផាក​ពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន។

ការអះអាងនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១៩ ខែតុលា របស់សមាគមធនាគារនៅកម្ពុជា និងសហគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីពី​ ការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអា​ង​ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់ខ្លួន នឹងផ្តល់ការយោគយល់និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា និងតបតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។

បើតាមសមាគមទាំង២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ពួកគេ នឹងផ្តល់កិច្ចសហការក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិ។

សេចក្តីថ្លែងការណ៍រួមរបស់សមាគមទាំង២ បញ្ជាក់ថា៖ «គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន ប្រកប​ដោយកា​រ​យោគ​យល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន»។

សេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែតុលា ធនាគារជាតិនៃកម្ពុជាបានស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះ តាមរយៈការរៀប​ចំឥណទាន​ឡើងវិញ​តាមលក្ខខណ្ឌមួយចំនួន។

តាមសេចក្តីជូនដំណឹង ការផ្តល់ការយោគយល់និងអនុគ្រោះនោះមានដូចជា ការកាត់បន្ថយចំនួនប្រាក់ដើម​ឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន, ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់, ការពន្យារឥណប្រតិទាន, ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន និងការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រម្លស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)។

ក្រៅពីនោះ ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំឱ្យ​​មានការលើកលែង ឬបន្ថយទ្រព្យធានា, ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬ ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។

ធនាគារជាតិនៃកម្ពុជាថា៖ «ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានត្រូវពិចារណាផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម»។

ក្នុង​​ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ថ្លែងថា ក្នុងគ្រាដែលពលរដ្ឋមួយចំនួន​កំពុងជួបការលំបាក​ដោយ​សារគ្រោះទឹកជំនន់ លោក​អំពាវនាវដល់​គ្រប់គ្រឹះស្ថាន​ហិរញ្ញវត្ថុទាំងអស់ ផ្តល់​ការ​អនុគ្រោះ​ដល់អ្នកខ្ចីឥណទានដែល​រង​ផលប៉ះពាល់​ផ្ទាល់ តាមរយៈការពន្យារពេលសង បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ ដោយ​កុំទៅរឹបអូសផ្ទះសម្បែងរបស់ពួកគាត់។​

ក្រៅពីនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួ​មទាំ​ង​អាជ្ញាធរ​ដែន​ដី ត្រូវ​ចុះ​ទៅពិនិត្យ​​វាយ​តម្លៃ​ផល​ប៉ះពាល់​ទឹកជំនន់​ និងស្ថិតិពលរដ្ឋ​ដែលរងគ្រោះ​ ព្រម​​ទាំង​​​ដោះ​ស្រាយបញ្ហាភ្លាមៗ​ជូន​​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ដោយ​មិន​​ត្រូ​វ​អនុវត្តសកម្ម​ភាព​ការ​ងារ​តាម​​បែប «ជិះសេះមើលផ្កា» នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ