តុលាការបិទបញ្ចប់នីតិវិធីសួរដេញដោលគ្រប់អង្គហេតុនិងកំណត់ថ្ងៃធ្វើសន្និដ្ឋានក្នុងសំណុំរឿងលោក កឹម សុខា

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ ឬត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល» ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការបានកំណត់យកថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២​ខាង​មុខ​នេះ ជាថ្ងៃដែលគ្រប់ភាគីពាក់ព័ន្ធ នៅ​​​​​ក្នុង​សំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទ លោក កឹម សុខា ដើម្បី​ធ្វើ​សេចក្ដីសន្និ​ដ្ឋាន​ចុង​ក្រោយ មុន​នឹង​តុលាការប្រកាស​​ថា​​សាល​​ក្រ​​មមួយនេះ តុលាការគួរលើកលែងការចោទប្រកាន់ ឬត្រូវផ្ដន្ទាទោស​​ប្រឆាំងអ្នកនយោ​​បាយ​​ជា​​ន់​​​​​​ខ្ពស់​​​រូបនេះ។

មុននឹងតុលាការសម្រេចថាទុកពេល២ខែ ដើម្បីឱ្យភាគីពាក់ព័ន្ធឈានទៅធ្វើសេចក្តី​​សន្និដ្ឋាន​​ចុង​​ក្រោ​​យនៃសវនាការ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ នៅក្នុងសវនាការនាថ្ងៃពុធនេះ ​បាន​ស្នើយោ​បល់​​​ពីស​​ហ​​ព្រះ​​​​​រាជអា​​ជ្ញា​រង មេធាវីភាគីរដ្ឋាភិបាល និង​សហ​មេធាវីការពារ​​​សិទ្ធិឱ្យលោក កឹម សុខា ផ្ដល់​ពេលវេលាសម​​ស្រប​​ ដែលភាគីនីមួយៗអាច​មាន​លទ្ធភាពក្នុងការ​ធ្វើ​សេចក្ដីសន្និដ្ឋាន​ ទាំង​ផ្ទាល់​មាត់ និង​ជាលា​​យ​​​​​លក្ខណ៍អក្សរ។

ជាការឆ្លើយ​​តប សហព្រះរាជ​​អាជ្ញារង បានជម្រាបអង្គជំនុំជម្រះថា ស្ថាប័នអយ្យការត្រូវការពេល​​យ៉ាង​ហោចណាស់ក៏៣ខែដែរ ដើម្បីធ្វើសារណាមួយនេះ ខណៈដែលសហមេធាវីការពារឱ្យ​​ដើម​​ប​​ណ្តឹ​ង​​រដ្ឋ​ប្ប​​​​វេណី យល់ឃើញថា ពេលវេលាដ៏សមស្របសម្រាប់ខ្លួន គឺ២ខែគ្រ​ប់​គ្រាន់​ហើយ ក្នុង​​កា​​រ​​ធ្វើ​សា​​រ​​ណា​នេះ​​។ ដោយ​​​ឡែ​ក សហមេ​​ធាវី​​ការពារសិទ្ធិឱ្យ​លោក កឹម សុខា វិញ ស្នើសុំពេល​​ត្រឹម២ស​​ប្តា​​ហ៍ ក្នុ​​ង​​​ការ​បញ្ចប់​សារណាជាលាយលក្ខណ៍អក្សរនេះ។​

បើទោះ​ជា​បែប​ណា នៅនាទី​ចុង​ក្រោយ ប្រធាន​ក្រុម​ប្រឹក្សាជំ​នុំ​ជម្រះ ​​លោក កូយ សៅ សម្រេច​ទុក​​ពេល​២ខែ ចាប់​ពី​ថ្ងៃបិទ​បញ្ចប់​នីតិ​វិធី​នៃការសួរដេញដោល​គ្រប់អង្គហេតុនេះ រហូត​ដល់ថ្ងៃធ្វើ​សេ​​ច​​ក្ដីសន្និដ្ឋាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ស្របពេលមានការសម្រេចបែបនេះពីតុលាការ លោក អាង ឧត្ដម សហមេធាវីម្នាក់​ក្នុង​ចំណោម​មេធា​វី៣រូបផ្សេងទៀតដែល​​​ការពារ​​សិទ្ធិ​ឱ្យ​​លោ​ក ​កឹម សុខា ស្នើសុំទៅតុលាការដើម្បីបើកផ្លូវឱ្យខ្លួន អា​​ច​​​​​​មានលទ្ធភាព​​ថតចម្លងសារណាពីភាគីក្នុងរឿងក្តីនីមួយៗ ហើយស្នើសុំឱ្យជួយពន្លឿន​​សារ​​ណា​​​ចេ​ញ​​ឱ្យបានឆាប់ មុនថ្ងៃសវនាការបន្តត្រូវចាប់ផ្តើមឡើង។

បើទោះបែបណា លោក ប្លង់ សុផល សហព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះ ជម្រាបអង្គ​​​ជំ​នុំ​​​ជម្រះ​ថា ពេល​ដូច​បាន​កំណត់​នេះនៅតែមិនទាន់គ្រប់គ្រាន់និងសមស្រប​​នៅឡើយ ព្រោះ​​សំ​​ណុំ​​​​រឿង​មួយនេះត្រូវការពេលវេលាមួយរៀងចំឱ្យបានគ្រប់ជ្រុងជ្រោយ មានសាក្សីដែល​​បានចូល​​មក​​ផ្តល់សក្ខីកម្មច្រើន និងមានយោងឯកសារច្រើនថែមទៀត។

មិនតែប៉ុណ្ណោះ លោកថា ស្ថាប័ន​អយ្យ​ការ មានភារកិច្ច​រវល់ខ្លាំងក្នុងការចាត់ចែងដឹកនាំ​មន្រ្តី​នគរបាល​យុត្តិធម៌បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ និងមាន​សំណុំរឿង​ច្រើន​ទៀតដែលត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​មួយ​ថ្ងៃៗ។ បើ​តាម​លោក ប្លង់ សុផល ស្ថាប័នអយ្យការត្រូវទទួល​ពិនិត្យ​សំណុំ​រឿងចន្លោះពី​៧ ០០០ ទៅ ៨ ០០០សំណុំរឿងក្នុងមួយឆ្នាំៗ។

យ៉ាងនេះក្តី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ អារកាត់ថា ករណីនេះ​​ទំ​ន​ង​​​​ជាមិនមានបញ្ហាអ្វីចោទទេ ដោយសារខាងអយ្យការ មានសហព្រះរាជអាជ្ញារង រហូតដល់៣​​នាក់ ក្នុងការទទួលខុសត្រូវ ចំពោះរឿងក្តីព្រហ្មទណ្ឌមួយនេះ។

លោក កឹម សុខា ជាអ្នកនយោបាយដែលមានថ្វីមាត់ និងវោហារសាស្រ្តនយោបាយមិនចាញ់អ្នក​​ន​​យោ​​​បាយកំពូលៗដទៃទៀត ទាំងក្នុងគណបក្សរបស់ខ្លួន និងបក្សនយោបាយដទៃ​​ទៀតនោះទេ​។ លោក​ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនទាំងពាក់កណ្តាលអធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ​​២០១៧។ ក្រោយពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បញ្ចប់នី​​តិវិ​​ធី នៃការសាកសួរ និងចេញដីកាសន្និដ្ឋានស្ថាពរកាលពី​ឆ្នាំ២០១៧ ហើយ​​បញ្ជូន​​​រឿង​មកជំនុំ​​ជម្រះ លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយប្រមាណ៥ឆ្នាំមកហើយ បូករួម​​ទាំ​​ង​​​ថ្ងៃ​​ដែលលោកត្រូវសមត្ថកិច្ចចាប់​​ខ្លួន​​ផង។

ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន​ នៅខាងមុខបរិវេណតុលាការ ក្រោយ​បិទ​បញ្ចប់​សវនាការ​នៅថ្ងៃទី​១៩ ខែតុ​លា​នេះ លោក ចាន់ ចេន សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បង្ហាញការ​​មិន​សប្បា​​​យ​​​​​ចិត្ត​​​​​ចំពោះ​​ការ​​សម្រេចរបស់តុលាការ​នៅពេលនេះ។ ​​មេធាវីរូបនេះយល់​ឃើញ​ថា ការ​ទុក​ពេ​​ល​​​​វេ​​លា​​​ដ៏យូរបែបនេះសម្រាប់គូភាគីធ្វើសេចក្តីសន្និដ្ឋាន នឹង​នាំឱ្យ​ប៉ះ​ពាល់​សិទ្ធិ​ជន​ត្រូវ​ចោទ។

លោកបន្តថា៖ «ក្នុងនាមជាមេធាវីការពារសិទ្ធិឱ្យឯកឧត្តម កឹម សុខា យើងពិតជាមានការសោ​ក​ស្តា​​យ​​​។ ការទុកពេលវេលាយូរបែបនេះ វាអត់សមហេតុសមផលទេ។ វាប៉ះ​​ពាល់​ទៅដល់​ផល​ប្រយោ​ជ​​ន៍​​​​ទៅដល់កូនក្តី​របស់យើងខ្ញុំ នេះរឿងទី១! ឯរឿងទី២ ទោះបីបែប​ណាក៏​ដោយ ប្រធាន​ក្រុម​​​ប្រឹ​​ក្សា​​​ លោក​​សម្រេចបែបហ្នឹងទៅហើយ យើងអត់ពេញចិត្ត តែយើងគោរពតាមសេចក្តី​​សម្រេច​របស់​​តុ​​លា​​ការ»។ 

សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការក្នុងសំណុំរឿងលោក កឹម សុខា ក្រោម​ការ​​ចោ​​ទ​​ប្រ​​​កាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរ​​ទេស »​ ចង់​​ផ្តួ​​ល​​រំលំរដ្ឋាភិបាល កាលពីដើម​​ខែមករា ឆ្នាំ២០២០​​។ តុលាការដំណើរការក្តីបានប្រមាណ១ខែ ក៏​ប​​ង្ខំ​​​​​ចិត្តផ្អាកទៅវិញ មូលហេតុ​​ដោ​​យ​​សារផ្ទុះជំងឺកូវីដ-១៩។ ក្រោយពីត្រូវផ្អាកជិត២ឆ្នាំ ដោយសា​​រ​​វិ​​បត្តិ​​ជំងឺកូវីដ-១៩ សវនាការ​​នេះ​​​​ចាប់ផ្តើមបន្តជំនុំជម្រះឡើងវិញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០​​២​​​២។

គិតមកដល់ថ្ងៃដែលតុលាការប្រកាសបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលគ្រប់អង្គហេតុ នៅ​​ថ្ងៃ​ទី​១៩ ខែតុលា គឺសវនាការនេះបានធ្វើឡើងចំនួន​៦២លើក​រួច​មក​​ហើយ។ តុលា​​ការ​បាន​​ជម្រា​​ប​​អង្គសវនាការថា សាក្សីចំនួន២៧នាក់ត្រូវបានកោះហៅឱ្យមកផ្តល់សក្ខីកម្ម ប៉ុន្តែមាន​​តែសាក្សី​​៨​​នាក់​ទេដែលចូលបំភ្លឺទៅតាមការកោះហៅរបស់តុលាការ។

ទាក់ទងការចោទប្រកាន់ថា ក្រុមយុវជនរបស់គណបក្សសង្គ្រោះ​ជាតិ ដែលទៅរៀននៅប្រទេស​​ឥ​​ណ្ឌូ​​​នេស៊ី កាលពីឆ្នាំ២០១៦ ពីរឿង «បដិវត្តន៍ពណ៌» សាក្សីបានផ្តល់សក្ខីកម្មថា ពួកគេទៅដោយ​​ខ្លួ​ន​​ឯងផ្ទាល់ មិនពាក់ព័ន្ធនឹងគណបក្សទេ ហើយការរៀនសូត្រនោះទៀតសោត គឺមិនមែន​​រៀនពី​ប​​​ដិ​​​វត្តន៍ពណ៌នោះដែរ។ ដោយ​ឡែក ចំពោះ​មេរៀនដែលតុលាការបានបង្ហាញនៅក្នុងអង្គជំនុំជម្រះ ក៏​មិន​ដូចគ្នា​​ពី​អ្វីដែលពួកគេបានរៀនអំពីការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ីនោះ​​ថែមទៀត។​​

ក៏ប៉ុន្តែ​គេសង្កេតឃើញថា ក្នុងចំណោមសាក្សី​​ទាំង៨រូបនេះ មានតែលោក ឈឹម ផលវរុណ ម្នាក់​​គត់​​​ដែល​​​បានអះអាងថា លោក កឹម សុខា មានទំនាក់ទំនងដោយ​​សម្ងាត់ជាមួយ​​ជនប​​រទេស។

មិនខុសគ្នាពីការផ្តល់សក្ខីកម្មនេះប៉ុន្មានដែរ លោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យលោក កឹ​ម សុខា យល់​ឃើញ​ថា កូន​ក្តី​របស់​ខ្លួន​នៅ​តែ​ជាបុគ្គលស្អាតស្អំ ដោយសារអ្វីដែល​​តុលាការ​​ចោ​ទ​​ប្រ​​​កាន់នេះ វាខុសពីការពិត។ លោកបន្តថា រាល់ភស្តុតាងដាក់បន្ទុកប្រឆាំងលោក កឹម សុខា គឺពុំ​មា​ន​​​ភាពរឹងមាំតាមផ្លូវច្បាប់ទេ ក្រៅពីនេះ សូម្បីសាក្សីដែលមកផ្តល់សក្ខីកម្ម ក៏ពួកគេអះអាងដែរថា ប​​ញ្ហា​ដែលកើតឡើងនេះគឺគ្មានជាប់ទាក់ទិនជនជាប់ចោទនោះដែរ។

លោកបន្តថា៖ «សម្រាប់យើងជាសហមេធាវីការពារក្តីជូនឯក​ឧត្តម កឹម សុខា នេះ គឺ​យើង​មាន​ជំនឿ​​​មុត​​មាំដោយសាររឿងនេះ ដូចសាក្សីចូលបំភ្លឺអ៊ីចឹង ​​សូម្បីស្លាយ [Slide] ដែលប​ញ្ចាំង​ឱ្យ​សាក្សី​​មើ​​ល​​​ហ្នឹង​ហើយ ដែលថាសាក្សីបានទៅរៀនពីបដិវត្តន៍ពណ៌ហ្នឹង និងរៀនជាមួយអង្គការ CANVAS អី​​ជា​​​ដើមហ្នឹង វាឆ្លុះបញ្ចាំងស្អីៗហ្នឹង សាក្សីថាមិនដែលឃើញស្លាយបែប​ហ្នឹង​ទេ »។

ដោយ​ឡែក លោក យី សុខសាន្ត មន្រ្តីជាន់ខ្ពស់​សមាគមការពារសិទ្ធិមនុស្សអាដហុក លើក​​ឡើង​​ថា ការទុកពេលយូរថ្ងៃនេះ ប្រហែលជារឿងក្តីនេះវែងអន្លាយ និងច្រើនដំណាក់កាលពេក ហេតុ​​នេះ​​​​​​គូភាគី​​នីមួយៗនៅក្នុងរឿងក្តី​មានការប្រយ័ត្នប្រយែងក្នុងការធ្វើ​​សេ​ច​ក្តី​​សន្និដ្ឋានរបស់​​ខ្លួន​​។ ​​ប៉ុន្តែ​​​​អ្នក​​​​​សង្កេត​​កា​​រណ៍​​​រូបនេះយល់ឃើញថា សំណុំរឿងនេះជារឿ​ង​​ក្តី​​បែ​​ប​​ន​​យោ​​​​បាយ ហេតុ​នេះ​បើ​​​មាន​​​ការ​​​សម្របសម្រួល​ផ្នែកនយោបាយ ភាពស្មុគ​​ស្មាញ​​ខាង​នីតិវិធីអាច​​នឹងត្រូវដោះស្រាយ​​បញ្ចប់​​​ទៅ​តាម​​​នោះ​​​ដែរ។

លោកបន្តថា៖ «វាជាសវនាការរឿងនយោបាយ ដូច្នេះប្រសិនបើភាគីទាំងសងខាងស្រុះស្រួលគ្នា អ្វី​​ដែ​ល​​​​មាននៅក្នុងបណ្តឹងនេះ ក៏វារលត់ដែរ។ ចំណុចនេះ យើងគិតថា គួរតែដោះស្រាយ​​តាមផ្លូវន​​យោ​​បាយ ​​វាល្អជាង ដែលយើងដោះស្រាយតាមផ្លូវច្បាប់​ពាក់ព័ន្ធទៅនឹងអ្នកនយោបាយ»។

នៅពេលដែលសហមេធាវីការពារសិទ្ធិឱ្យចុងចោទ នៅបន្តលើកឡើងពីតម្រូវការចាំបាច់ឱ្យ​ហៅ​​សាក្សីជាសមត្ថកិច្ចមកផ្តល់សក្ខីកម្មនោះ លោក កឹម សុខា បានជ​ម្រាបអង្គជំនុំជម្រះថា ដោ​​​យ​សារ​លោក​គឺជាជនរងគ្រោះ ទើបស្វែងរកយុត្តិធម៌។ មួយវិញទៀត ទាក់ទងផ្នែកបច្ចេកទេសនៃ​​នី​​តិវិធី គឺលោកទុកឱ្យមានការពិភាក្សាគ្នាបន្តទៀត តែចំពោះរូបលោកជាជនរងគ្រោះ គឺចង់ឱ្យ​​តែ​​សវ​នា​​ការនេះឆាប់ចប់។

បើទោះបែបណា លោក កឹម សុខា ក៏ឯកភាពដែរថា អ្វីដែលតុលាការទុកពេលដល់ទៅ២ខែ ដើម្បី​​ធ្វើ​សេចក្តីសន្និដ្ឋាននៅនាទីចុងក្រោយនេះ ហាក់ដូចអូសបន្លាយពេលវែងឆ្ងាយ ប៉ុន្តែក្នុង​​នាម​លោក​​​ជាភាគីមួយក្នុងរឿងនេះ លោកត្រូវតែគោរពតាមការសម្រេចចិត្តរបស់តុលាការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ