អ៊ីរ៉ង់​យល់ព្រម​ដឹកជញ្ជូន​មីស៊ីល​និង​យន្តហោះ​គ្មានមនុស្ស​បើក​បន្ថែម​ទៀត​ទៅ​កាន់​រុស្ស៊ី

មនុស្សឈរនៅពីមុខមីស៊ីលបប្រភេទ Zolfaghar (ខាងលើ) និង Dezful (ខាងក្រោម) ដែលបង្ហាញនៅក្នុងការតាំងពិពណ៌សមត្ថភាពមីស៊ីលយោធាមួយ ក្នុងទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (Reuters)

មន្ត្រីជាន់​ខ្ពស់​អ៊ីរ៉ង់ បាន​និយាយ​ថា អ៊ីរ៉ង់​បាន​សន្យា​ថា​នឹង​ផ្ដល់​ឱ្យ​រុស្ស៊ីនូ​វ​មីស៊ីល SSM បន្ថែមទៅ​លើយ​ន្តហោះគ្មាន​មនុស្ស​បើក ដែល​ជា​ចំណាត់ការ​មួយ​ទំនង​ជា​ធ្វើឱ្យ​សហរដ្ឋអាមេ​រិក និង​មហាអំណាចលោកខាងលិច មានការខឹងសម្បា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២​នេះ។

កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅពេលដែលអនុប្រធានាធិបតីទី១​របស់​អ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ ម៉ូប៊ឺ (Mohammad Mokhber) មន្ត្រីជាន់ខ្ពស់ពីររូបមកពីកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ និងមន្ត្រីម្នាក់មកពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូល បាន​ទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីការដឹកជញ្ជូនអាវុធ។

អ្នកការទូតអ៊ីរ៉ង់ម្នាក់បាននិយាយថា៖ «រុស្ស៊ីបានស្នើសុំយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងបន្ថែមទៀតពីអ៊ឺរ៉ង់ ជាពិសេសហ្វូងមីស៊ីល Fateh និង Zolfaghar»។

មន្ត្រីបស្ចិមប្រទេសម្នាក់បាននិយាយថា មានកិច្ចព្រមព្រៀងមួយរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផ្តល់មីស៊ីលផ្លោងរយៈចម្ងាយខ្លី SSM រួមទាំងម៉ីសីល Zolfaghar ផងដែរ។

យន្តហោះគ្មានមនុស្សបើកមួយប្រភេទ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើក ដែលអ៊ីរ៉ង់យល់​ព្រម​ផ្តល់​ឱ្យរុស្ស៊ី​គឺ Shahed-136។ យន្តហោះប្រភេទនេះផ្ទុកក្បាលគ្រាប់តូចមួយដែលផ្ទុះនៅពេលប៉ះ។

Fateh-110 និង Zolfaghar គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី SSM របស់អ៊ីរ៉ង់ ដែលមានសមត្ថភាព​វាយប្រហារគោលដៅនៅចម្ងាយពី៣០០គីឡូម៉ែត្រ ទៅ៧០០គីឡូម៉ែត្រ (១៨៦ និង ៤៣៥ ម៉ាយល៍)។

អ្នកការទូតអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់មន្ត្រីលោកខាងលិច ដែលថា​ ការផ្តល់អាវុធរបស់អ៊ីរ៉ង់ដល់រុស្ស៊ី បំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ ​ឆ្នាំ២០១៥។

អ្នកការទូតរូបនោះបន្ថែមទៀតថា៖ «ក្នុងករណីដែលអាវុធទាំងនោះត្រូវបានប្រើប្រាស់ វាមិនមែនពាក់ព័ន្ធនឹងអ្នក​លក់ឡើយ។ យើងមិនពាក់ព័ន្ធក្នុងវិបត្តិនៅអ៊ុយក្រែនដូចលោកខាងលិចឡើយ។ យើងចង់បញ្ចប់វិបត្តិតាមរយៈមធ្យោ​បាយ​ការ​ទូត»។

អ៊ុយក្រែន ​បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​​ដោ​យ​​ប្រើ​ដ្រូនប្រភេទ Shahed-136 ផលិត​ដោយ​​អ៊ីរ៉ង់ ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានច្រាន​ចោល​របាយការណ៍​នោះ​ថាជារបាយការណ៍គ្មានមូលដ្ឋាន ដែលថា អ៊ីរ៉ង់ផ្គត់ផ្គង់យន្តហោះ​គ្មាន​មនុស្សបើ​ក និងអាវុធផ្សេងទៀត​ដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយ​ក្រែន ខណៈវិមាន​ក្រឹម​ឡាំង​បានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បីវាយប្រហារអ៊ុយក្រែនឡើយ។

នៅពេលសួរថាតើរុស្ស៊ីបាន​ប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់​ នៅក្នុងប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) បាននិយាយថា វិមានក្រឹមឡាំងមិនបានទទួលព័ត៌មានអំពីការប្រើប្រាស់អាវុធ​ទាំង​នោះឡើយ។

លោក​បាន​បន្ត​ថា៖​ «​អាវុធ​របស់​រុស្ស៊ី​ដែល​មាន​ស្លាកសញ្ញារបស់ប្រទេស​រុស្ស៊ី ​ត្រូវ​​បានប្រើ​ប្រាស់»។

លោក​ថា រាល់​សំណួរ​បន្ថែមគួរសួរ​ទៅក្រសួង​ការ​ពារ​ជាតិ ប៉ុន្តែក្រសួង​នេះ​មិន​​បា​ន​​ឆ្លើយ​​តប​​ចំពោះ​សំណើ​សុំ​ការ​ធិប្បាយ​ឡើយ។

ការកើនឡើងនៃមីស៊ីលរបស់អ៊ីរ៉ង់​បន្ថែមពីលើយន្តហោះគ្មានមនុស្សបើក នៅក្នុងឃ្លាំងអាវុធរបស់ទីក្រុងម៉ូស្គូ ក្នុងសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែន​ នឹងបង្កើនភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ