ប្រជាសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង សម្ដែងការព្រួយបារម្ភពីការបាត់បង់មុខរបរប្រពៃណីតាមរយៈការទាញយកផលអនុផលព្រៃឈើ ខណៈពួកគាត់នៅតែរកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើបន្តកើតមានឡើងឥតឈប់ឈរ។
ក្តីបារម្ភនេះ ក្រោយប្រជាសហគមន៍ប្រមាណ២០នាក់ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា បានចុះល្បាតនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើន ដូចជា ប្រភេទដើមផ្តៀក កកោះ ឈើទាល ដួងចែម នៅត្រង់ចំណុចក្បាលអូរដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ជាដើម។
ប្រជាសហគមន៍រស់នៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក កែវ ប៊ុននី បានប្រាប់វីអូឌីថា លោកមិនអាចរាប់ចំនួនករណីកាប់បំផ្លាញព្រៃឈើទាំងនោះបានទេ ដោយសារវាច្រើនពេក ហើយកើតមានជារៀងរាល់ថ្ងៃ។
លោកថា៖ «ពេលខ្ញុំចុះល្បាត ឃើញគេអាររាល់ថ្ងៃ រាល់ដង។ ដូច្នេះ ការបាត់បង់ព្រៃឈើ វាប៉ះពាល់ដល់គម្របផែនដី ព្រៃឈើ វាជាអាយុជីវិតរបស់សត្វ ហើយនឹងមនុស្សគ្រប់គ្នា»។

បុរសវ័យ២៩ឆ្នាំរូបនេះបានឱ្យដឹងទៀតថា លោកពិតជាមានការសោកស្ដាយជាខ្លាំង ក្នុងនាមជាសហគមន៍ ដែលធ្លាប់អាស្រ័យផលពីព្រៃឈើ តាមបែបប្រពៃណី ដូចជា ដងជ័រទឹក រកបន្លែ ផ្លែឈើ បោចវល្លិ រកឃ្មុំ ជាដើម។ លោកបន្តថា ពលរដ្ឋរស់នៅក្នុងភូមិរបស់លោក និងភូមិដទៃផ្សេងទៀត ភាគច្រើនរស់ពឹងទៅលើការរកបន្លែធម្មជាតិ ប្រមូលជ័រច្បោះ រកឱសថបុរាណ។
លោកនិយាយថា៖ «ខ្ញុំធ្លាប់ដងជ័រទឹក និងដើររកបេះបន្លែ មិនថាតែខ្ញុំទេ ប្រជាជនរស់នៅជុំវិញព្រៃឡង់ ដែលស្ថិតនៅក្នុងឃុំអន្លង់ជ្រៃក៏ដោយ ឃុំកាំងចាមក៏ដោយ ឃុំចំការលើ សុទ្ធតែស្ថិតក្នុងព្រៃឡង់ គឺអាស្រ័យផលពីតំបន់ព្រៃឡង់ទាំងអស់ ដូចជា យកទឹកឃ្មុំ រកវល្លិឈើអីហ្នឹងច្រើនទៀត»។
លោក កែវ ប៊ុននី សង្កត់ធ្ងន់ថា តំបន់ការពារព្រៃឡង់ គឺជាសម្បត្តិជាតិ ដែលប្រជាពលរដ្ឋមួយចំនួនក្នុងខេត្ត៤ អាស្រ័យផល ម្យ៉ាងដើម្បីការពារព្យុះ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅជុំវិញតំបន់នេះ។ ដូច្នេះ រដ្ឋចាំបាច់ណាស់ត្រូវតែចូលរួមការពារ និងទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់ឱ្យបានគង់វង្ស។
ស្រដៀងគ្នានេះដែរ ប្រជាសហគមន៍ម្នាក់ទៀត លោក អាន ឡៅ រស់នៅភូមិវាលពរ ឃុំអន្លង់ភេរ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងពេលចុះល្បាតជាមួយសហគមន៍ចំនួន៣ថ្ងៃ រកឃើញការកាប់បំផ្លាញព្រៃឈើ ប្រភេទឈើប្រណិត ដែលមានមុខកាត់ពី៥០ដល់៨០សង់ទីម៉ែត្រ និងប្រវែងចាប់ពី៣ម៉ែត្រឡើងទៅ ជាដើម។
លោកបន្តថា ប្រសិនបើបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតឡើងទៀត នឹងបណ្ដាលឱ្យបាត់បង់ជម្រកសត្វ បម្រែបម្រួលអាកាសធាតុ ប៉ះពាល់បរិស្ថាន និងដីធ្លី ផងដែរ។
លោកថា៖ «បើនៅតែកាប់បំផ្លាញអ៊ីចឹង ទី១ វាប៉ះពាល់ការបាត់បង់ព្រៃឈើ ទី២ បាត់បង់សត្វព្រៃ ទី៣ អាចបាត់បង់ដីធ្លី ដល់ពេលនោះ អ្នកជំនាន់ក្រោយបានអី? ហើយទី៤ វាប៉ះពាល់ដល់អាកាសធាតុប្រែប្រួល វាធ្វើឱ្យក្តៅ ធ្វើឱ្យមនុស្សឈឺច្រើន ជាដើម»។
លោកនិយាយបន្តថា៖ «ខ្ញុំបារម្ភខ្លាំងមែនទែន ខ្ញុំបារម្ភទី១ គឺបារម្ភរឿងកូនចៅជំនាន់ក្រោយអត់មានព្រៃអីទៀត ហើយរឿងទឹកជំនន់ ហើយបាត់បង់សត្វព្រៃ ជីវចម្រុះ របស់សហគមន៍ដែលតែងតែអាស្រ័យផល សត្វព្រៃសព្វថ្ងៃអស់ហើយ។ ខ្ញុំបារម្ភមែនទែន អារឿងបាត់បង់ទាំងព្រៃឈើហ្នឹង»។
មិនខុសគ្នានេះ ប្រជាសហគមន៍ម្នាក់ទៀត លោក សុង មន បានឱ្យដឹងថា សព្វថ្ងៃសហគមន៍ហាក់អស់សង្ឃឹមចំពោះមន្រ្តីបរិស្ថាន ដែលចេះតែរារាំងសហគមន៍ និងក្រុមបណ្ដាញព្រៃឡង់ មិនឱ្យចុះល្បាត ប៉ុន្តែបទល្មើសចេះតែកើតឡើងទៅវិញ។ លោកស្នើឱ្យមន្រ្តីបរិស្ថានឈប់រារាំងសហគមន៍ និងផ្តល់សេរីភាពពេញលេញដល់ពួកគាត់ ក្នុងការចុះល្បាតព្រៃ ដើម្បីចូលរួមការពារនិងទប់ស្កាត់បទល្មើសព្រៃឈើទាំងអស់គ្នា។
លោកថា៖ «សព្វថ្ងៃ ខ្ញុំភ័យព្រួយដែរ ខ្ញុំខំការពារដែរ តែបើមួយខែបានចុះល្បាតម្តង បើយើងអត់ចុះ បទល្មើស គេតែងតែចូលកាប់រហូត។ ហើយបើយើងអាចចុះមួយខែពីរបីដងនោះ បទល្មើស វាមិនអាចបំផ្លាញ[ព្រៃឈើ]បានទេ»។
ពាក់ព័ន្ធបញ្ហានេះ មេភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ លោក ញុច រឿង បានឱ្យដឹងថា លោកមិនបានដឹងអំពីករណីបទល្មើសកាប់បំផ្លាញព្រៃឈើនោះទេ។ លោកបន្តថា ប្រសិនបើមានករណីបែបនេះមែន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងចំពោះបុគ្គលណាឡើយ។
លោកលើកឡើងថា៖ «ចំពោះខ្ញុំ បើដឹងថាមានករណីអ៊ីចឹង វាយខ្នោះហ្មង! មនុស្សកាប់បំផ្លាញព្រៃឈើរបស់សហគមន៍ មិនមែនតែសហគមន៍ភូមិតែមួយទេ ទូទាំងប្រទេស គេថែរក្សាទុក ហេតុអ្វីទៅបំផ្លិចបំផ្លាញរបស់គេ? ជារបស់សាធារណៈតើ! ហេតុអ្វីវាទៅបំផ្លិចបំផ្លាញ?»
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង មានប្រសាសន៍ថា ចំពោះការរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើពីសំណាក់ប្រជាសហគមន៍ ខាងមន្ត្រីជំនាញនៅមិនទាន់ដឹងទេ។ លោកបន្តថា ជាធម្មតា មន្រ្តីបរិស្ថាននៅតាមតំបន់ការពារ អនុវត្តច្បាប់ និងចុះបង្រ្កាបករណីបទល្មើសកាប់បំផ្លាញព្រៃឈើជាប្រចាំ។
លោកមានប្រសាសន៍ថា៖ «បទល្មើសមានហូរហែ ប៉ុន្តែករណីមានបទល្មើស មន្រ្តីនៅក្នុងតំបន់ គេបង្រ្កាបអស់ហើយ អនុវត្តច្បាប់»។
ប្រធានមន្ទីរបរិស្ថានរូបនេះបានបន្ថែមទៀតថា ការបំផ្លិចបំផ្លាញព្រៃឈើ វាតែងតែប៉ះពាល់ដល់ជីវចម្រុះ និងជម្រកសត្វព្រៃ ហើយវាអាចប៉ះពាល់ដល់ជីវភាពសហគមន៍ដែលធ្លាប់ពឹងអាស្រ័យអនុផលព្រៃឈើដោយចៀសមិនរួច។ ប៉ុន្តែលោកថា មន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តច្បាប់ បង្រ្កាបបទល្មើស និងល្បាតព្រៃជាប្រចាំ។
លោកថា៖ «អាហ្នឹងបើវាពាក់ព័ន្ធនឹងការបំផ្លាញ វាពិតប៉ះពាល់ហើយ! បើអត់មានការបំផ្លាញ វាមានអីប៉ះពាល់! ប៉ុន្តែការងារ គឺមន្រ្តីយើងក្នុងតំបន់ គឺអនុវត្តច្បាប់រហូតតើ! ល្បាតរហូតតើ! ការដាក់អន្ទាក់ ការបរបាញ់ ការឆក់ គឺយើងបានចាប់ជាហូរហែ និងបង្រ្កាបរហូត អត់មានថ្ងៃណាបន្ធូរផង មន្រ្តីយើង»។

មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ថ្លែងថា ការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ប្រៀបដូចជាការបំផ្លាញជីវភាពសហគមន៍ដែលរស់នៅពឹងអាស្រ័យលើផលអនុផលព្រៃឈើនៅតំបន់នោះ។ លោកបន្តថា ពលរដ្ឋភាគច្រើនកំពុងប្រឈមពីបញ្ហាសេដ្ឋកិច្ច ដោយសារមានការទន្រ្ទានដីព្រៃ និងលួចកាប់ដើមច្បោះជ័ររបស់សហគមន៍។
លោកថ្លែងថា៖ «ប្រសិនបើព្រៃឈើនៅតែបន្តបាត់បង់ដូច្នេះ អ្នកដែលរងប៉ះពាល់មុនគេហ្នឹង គឺប្រជាពលរដ្ឋមូលដ្ឋាន ដែលគាត់តែងតែអាស្រ័យផលនិងអនុផលនៅក្នុងតំបន់ព្រៃទាំងនោះ។ ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលច្បោះជ័រទឹក កំពុងជួបបញ្ហាសេដ្ឋកិច្ច ជាពិសេសជំពាក់លុយធនាគារ»។
មន្រ្តីសម្របសម្រួលគម្រោងរូបនេះ បន្ថែមទៀតថា រដ្ឋាភិបាលគួរតែរឹតបន្តឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ចៀងវាងការបណ្តែតបណ្តោយឱ្យជនល្មើសនៅតែបន្តលួចកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ និងព្រៃសហគមន៍បន្តទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាលគួរបង្កើនកិច្ចសហប្រត្តិបត្តិការឱ្យកាន់តែល្អជាមួយសហគមន៍ផ្ទាល់ អង្គការក្រៅរដ្ឋាភិបាល ដើម្បីធានាការការពារព្រៃឈើកម្ពុជាឱ្យបានគង់វង្ស។
ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់» កាលពីឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង៕