អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ចេញ​មុខ​ការពារ​ករណី​ហិង្សា​លើ​ជន​សង្ស័យ​លួចរថយន្ត

រូបភាពដែលបានទាញយកចេញពី​វី​ដេ​អូ​ឃ្លី​បមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្នុងនោះ មន្រ្តីសមត្ថកិច្ចបាននាំគ្នាស្ទាក់ឃាត់រថយន្តមួយគ្រឿង និងចាប់បុរសម្នាក់ជាអ្នកបើកបរ​ ដោយ​មាន​ការ​ប្រើប្រា​ស់អំពើ​ហិង្សា (ទាត់ធាក់) ទៀតផង។

អ្នកនាំពាក្យរដ្ឋបាល​​ខេត្តស្ទឹងត្រែងមួយរូបបានថ្លែងការពារករណីប្រើប្រាស់ហិង្សាក្នុងការចាប់ខ្លួនជនសង្ស័យ​មួយ​រូប​ដែលលួច​រថយន្ត​មន្ត្រី​អាវុធហត្ថ​ខេត្ត​ កាលពីដើមខែកន្លងទៅ បន្ទាប់ពីវីដេអូនៃ​ការ​ប្រើប្រាស់​អំពើហិង្សានេះត្រូវបានចែករំលែក និងរងនូវការរិះគន់ជាច្រើននៅលើបណ្ដាញសង្គម។

យោងតាម​វី​ដេ​អូ​ឃ្លី​បមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្នុងនោះ គេសង្កេតឃើញមន្រ្តីសមត្ថកិច្ចបាននាំគ្នាស្ទាក់ឃាត់រថយន្តមួយគ្រឿង និងចាប់បុរសម្នាក់ជាអ្នកបើកបរ​ ដោយ​មាន​ការ​ប្រើប្រា​ស់អំពើ​ហិង្សា (ទាត់ធាក់) ខណៈ​ពួកគេព្យាយាមដាក់ខ្នោះបុរសរូបនោះ។

តាមរយៈ​វី​ដេ​អូ​ឃ្លី​បនោះ គេក៏សង្កេតឃើញមានក្មេងតូចមួយរូបនៅក្នុងហេតុការណ៍នោះផងដែរ ខណៈបុរសដែលជាអ្នកបើកបរ​​រូបនេះបានស្រែកខ្លាំងៗថា៖ «សូម​កុំ​វាយ​ខ្ញុំ។ កុំវាយខ្ញុំ។ ខ្ញុំមិនបានលួចអ្វីនោះទេ។ សូមឱ្យ​កូន​​មក​​ខ្ញុំ​វិញ​មក»។

វី​ដេ​អូដែលត្រូវបានបង្ហោះលើបណ្ដាញសង្គម​នេះ ត្រូវបាន​ចែក​រំលែក (share) ជាង២​ម៉ឺន​ដង ទទួលបាន​ប្រតិកម្ម (reaction) ជាង៤​ម៉ឺន និងការផ្ដល់មតិយោបល់ (comment) ជាង៦ពាន់ ដែល​ក្នុង​នោះ សាធារណជន​ភាគច្រើនបានរិះគន់លើសកម្មភាពរបស់មន្រ្តីសមត្ថកិច្ច។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានលើកឡើងជាមតិយោបល់ថា៖ «[មន្រ្តីសមត្ថកិច្ច] មិនគួរមានការវាយដំ ឬធ្វើទារុណកម្មឡើយ។ ប្រទេសយើងមិនមែនជាប្រទេសកុម្មុយនីស្តនោះទេ»។

ជាការឆ្លើយតប ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ​ ដោយ​​បានស្នើឱ្យសាធារណជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក សូមកុំឱ្យមានការភ័ន្តច្រឡំពាក់​ព័ន្ធករណី​នេះ ដោយថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១២និង២០នាទី ជនសង្ស័យអាយុ៣២​ឆ្នាំរូបនោះ បានធ្វើសកម្មភាពលួចរថយន្តរបស់មន្រ្តីកងរាជអាវុធហត្ថមួយរូប ក្នុងសង្កាត់​ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សេចក្តី​ថ្លែងការណ៍ដដែលបន្ថែមថា៖ «សេចក្ដីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក សូមកុំឱ្យ​មានការភ័ន្តច្រឡំ ដោយករណីខាងលើពិតជាករណីចោរ​កម្ម​លួច​រថយន្តពិតប្រាកដមែន។ យើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ចនូវការចូលរួមកែលម្អក្នុងន័យស្ថាបនា ដោយស្មារតីទទួលខុសត្រូវខ្ពស់»។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាល​ខេត្តស្ទឹងត្រែង លោក ម៉ែន គង់ នៅថ្ងៃចន្ទម្សិលមិញ ក៏បានបញ្ជាក់បន្ថែមពីករណីនេះ​ថា បុរសអាយុ​៣២​ឆ្នាំ ដែលជាអ្នកបើកបររថយន្ត​រូបនោះ គឺជា​កម្មករ​ក្រុមហ៊ុន​ចម្ការ​ចេក ហើយ​បាន​យក​ម៉ូតូគ្មានស្លាកលេខមួយគ្រឿងមកទុកជិតទីបញ្ជាការកងរាជអាវុធហត្ថខេត្ត រួច​ក៏បើករថយន្តមួយគ្រឿងចេញទៅបាត់។ តែលោក​​​មិន​ដឹង​ថាតើ​បុរស​រូបនេះលួច​​បើក​រថយន្ត​គេច​ដោយ​របៀប​ណា​នោះ​ទេ។

ឆ្លើយតប​នឹងករណីប្រើប្រាស់អំពើ​ហិង្សា​លើជនសង្ស័យរូបនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបានឱ្យដឹងថា វាគឺជាការអនុវត្តមួយនៅ​ពេល​ដែល​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើសណាមួយ។

លោក​​ថា​៖ «កង​កម្លាំង​អនុវត្ត​ច្បាប់មានការយល់ដឹងយ៉ាងច្បាស់ក្នុងការអនុវត្ត សម្រាប់​ប្រតិបត្តិការ​ឧក្រិដ្ឋកម្មទាំងឡាយ»​។

គួរបញ្ជាក់ថា នាយនគរបាលប៉ុស្តិ៍ឃុំមួយក្នុងខេត្តកំពង់ស្ពឺ កាល​ពី​ពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើង​ថា ការប្រើ​ទារុណកម្ម​ដើម្បី​សួរ​ចម្លើយ​ក្នុង​ករណី​ប្លន់ឬ​ឃាតកម្ម គឺជារឿងសម​ស្របផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Stung Treng Authorities Defend Violent Arrest Methods

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ