ឧក្រិដ្ឋកម្មឆ្លងដែនបានបំផ្លាញទំនុកចិត្តស្ថាប័នរដ្ឋាភិបាល

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ខណៈ​ដែលចំនួនវិនិយោគិនចិន​ និងពលករចំណាកស្រុក មាន​ការ​កើន​ឡើង​នៅ​កម្ពុ​ជា ករណី​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ក៏​កើនឡើង​ដំណាលគ្នា​នេះ​ដែរ។ ​បទ​ល្មើស​នេះ​បាន​​គំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខនៅ​ក្រុងកំពង់ផែ​នៃ​ខេត្ត​ព្រះសីហនុ​ និង​គំរាម​ដល់​សន្តិ​សុខ​​​នៅ​កន្លែងផ្សេងទៀតនៅក្នុងប្រទេស។​

មានរបាយការណ៍ជាច្រើនបានចុះផ្សាយអំពីការចាប់ជំរិត ការឃុំឃាំង និងការធ្វើ​ការ​ដោយ​បង្ខំ​ដោយ​អង្គការឧក្រិដ្ឋកម្មចិន​​ ក្រោម​រូប​ភាព​ជា​ក្រុមហ៊ុនឆបោក។ នៅខែមេសា ​ឆ្នាំ​២០២២ ​មានជនជាតិថៃ ចំនួន៦៦នាក់ ត្រូវបានជួយសង្រ្គោះចេញពី​​ក្រុមឆបោក។ នគរបាលថៃ​បានប៉ាន់ប្រមាណ​ថា នៅ​មានពលករ​ថៃ ១ ៥០០​នាក់​ទៀត​ កំពុង​ស្ថិត​ក្នុង​កណ្ដាប់​ដៃពួកឧក្រិដ្ឋជននៅ​ខេត្ត​ព្រះសីហនុ។

ឧក្រិដ្ឋកម្មនិងក្រុម​ឆបោកដែលបង្ក​និងគ្រប់គ្រងដោយជនជាតិចិន ​ជាញឹកញាប់ជ្រក​​ក្រោម​រូបភាពជាក្រុមហ៊ុនឯកជនដែលធ្វើការវិនិយោគ​នៅ​កម្ពុជា​។​ ពួកគេបានប្រើប្រាស់​ឧបាយ​កលដើម្បីទាក់ទាញពលករចំណាកស្រុក និងភ្ញៀវទេសចរ ដោយសន្យាថានឹងជូននូវការងារមានប្រាក់បៀវត្សខ្ពស់ ​ដើម្បីដកហូតឯកសារធ្វើដំណើរ​នៅពេលពលករ​មក​ដល់ប្រទេស​​កម្ពុជា។ ​ជនរងគ្រោះភាគច្រើន គឺជាជនជាតិចិន ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី។

​លោកស្រី នីកូល វ៉ុន អ្នក​នយោបាយ​មួយ​រូប​របស់​ប្រទេស​ម៉ាឡេស៊ី មាន​ប្រសាសន៍​ថា ជន​រងគ្រោះដែល​ត្រូវបានសង្រ្គោះមានចំនួនតិចជាងអ្នកដែលកំពុងស្ថិត​ក្នុង​ការ​ឃុំឃាំង​ដោយ​ពួកឧក្រិដ្ឋជននៅប្រទេសកម្ពុជា។

កាល​ពីខែមីនា ឆ្នាំ​២០២២ ប៉ូលិស​ម៉ាឡេស៊ី​បានព្រមានអំពីគ្រោះថ្នាក់​​នៃ​ការ​ឃុំខ្លួន​ដោយ​បង្ខំនៅកម្ពុជា បន្ទាប់ពី​ពលរដ្ឋ​ម៉ាឡេស៊ី​​​ចំនួន១៦នាក់ត្រូវបាន​ជួយ​សង្រ្គោះ។​

លោកស្រី​ប៉ាន់ប្រមាណថា មាន​ពលរដ្ឋម៉ាឡេស៊ីប្រហែល៣០០​នាក់កំពុង​ត្រូវ​​បានក្រុមឧក្រិដ្ឋជន​ចិនបង្ខំ​ឱ្យធ្វើការនៅកម្ពុជា។

យ៉ាងណាក៏ដោយ មាន​ភាព​ស្មុគស្មាញ​មួយ​ចំនួន​បាន​កើត​ឡើង​ ពោល​គឺក៏មាន​កិច្ច​សង្គ្រោះ​​មួយ​ចំនួន​ដំណើរ​ការ​ដោយ​រលូន។ ចំណែកឯ​ករណី​ផ្សេង​ទៀត អ្នក​ដែល​អង្វរ​សុំឱ្យ​​គេជួយ​សង្គ្រោះ ឬអ្នក​ដែលជួយដល់​ការ​សង្គ្រោះ នៅទីបញ្ចប់​ទទួល​រង​ការ​ចោទ​ប្រកាន់ពី​បទ​ឧក្រិដ្ឋ។

ស្រប​តាម​ការវាយតម្លៃរបស់ជំនាញ​ការ​ប៉ូលិស​ថៃ ​និង​អ្នកនយោ​បាយ​ម៉ាឡេស៊ី​ ការ​ជួយ​សង្គ្រោះ​​ជនរង​គ្រោះមាន​​ចំនួន​តិចតួច​ ជាហេតុ​បណ្ដាល​ឱ្យ​ពួកក្រុម​ឆបោក​ចិន​បន្ត​ប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ ​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ។

​ដូច្នេះ បើមិនមានការដោះស្រាយ​ទេ បញ្ហានេះមាន​​អានុភាព​ដែលអាច​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់ទំនុកចិត្តលើ​រាជរដ្ឋាភិបាលកម្ពុជា និង​ភ្នាក់ងារអនុវត្តច្បាប់។​

បំផ្លាញទំនុកចិត្ត

ឧក្រិដ្ឋកម្មនៅក្រុងព្រះសីហនុត្រូវបានចុះផ្សាយលើ​ទំព័រមុខ​នៃ​សារព័ត៌មាន​នានា។ កាលពីខែធ្នូ ឆ្នាំ២០២១ បុរសជនជាតិចិនអាយុ២១ឆ្នាំម្នាក់ ត្រូវ​គេបាញ់​សម្លាប់​នៅ​​ក្នុង​អាផាតមិន (Apartment) របស់គាត់។ ពីរខែក្រោយ បុរស​ជនជាតិចិន​ម្នាក់​​ទៀត​ត្រូវ​គេ​បាញ់​សម្លាប់​ចំនួន​៥គ្រាប់នៅទី​សាធារណៈ ​តែនៅ​ពេល​នោះ ជនល្មើស​នៅតែមិន​អាច​​កំណត់​អត្ត​សញ្ញាណ​បាននៅឡើយ។ ករណីទាំងនេះបានបង្ហាញពីភាព​អសន្តិសុខយ៉ាង​​ខ្លាំងនៅ​ខេត្ត​ព្រះសីហនុ។

កម្លាំងសមត្ថកិច្ចកម្ពុជាធ្លាប់មានប្រវត្តិមិនសូវខ្វល់ខ្វាយពីបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងសកម្មភាពឧក្រិដ្ឋកម្ម និងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ ទោះបីជាមានរបាយការណ៍​ជាច្រើន​បានចុះផ្សាយ និងព្រមានពីបណ្តាប្រទេសអាស៊ីអាគ្នេយន៍ផ្សេងៗទៀត ទាក់ទងទៅនឹងលក្ខណៈទូលំទូលាយនៃបទល្មើសទាំងនេះក៏ដោយ។​

នៅខែមេសា ឆ្នាំ២០២២ នគរបាលកម្ពុជាបានច្រានចោលនូវរបាយការណ៍​អំពីការរំលោភ​កម្លាំងពលកម្ម និងការជួញដូរមនុស្សនៃជនជាតិថៃនៅកម្ពុជា ដោយសម្អាងទៅលើហេតុផលថា ​ជនរងគ្រោះភាគច្រើនគឺជាពលករខុសច្បាប់។​

លោក ជួន ណារិន ស្នងការនគរ​បាល​ខេត្តព្រះសីហនុ មានប្រសាសន៍​ជុំវិញការ​ឃុំ​ខ្លួន ​និង​ការ​ធ្វើ​ទារុណ​កម្មជនជាតិថៃ ដោយ​ចាត់ទុក​ព័ត៌មាន​ទាំង​នោះ​ថា​ជា«ព័ត៌មាន​ក្លែង​ក្លាយ»​និង«មិនមានការឃុំឃាំងដោយ​ខុសច្បាប់»នោះទេ។

​យ៉ាងណាក្ដី មានករណីថ្មី​បំផុត​មួយ គឺជនជាតិចិនមួយរូបត្រូវ​គេដឹងថាត្រូវគេចាប់​ឃុំខ្លួន​នៅ​ខេត្ត​កំពត​ និងគេបង្ខំឱ្យធ្វើការ និង​ព្រម​ទាំង​គំរាមដោយ​ប្រើប្រាស់ដំបងឆក់ ​​ប្រសិន​បើ​ជនជាតិ​ចិន​រូប​នោះ​មិន​ព្រម​ធ្វើ​ការ។ នេះបើយោងទៅតាមការអះអាងរបស់សមត្ថកិច្ច។ ​ប៉ុន្តែមន្ត្រីម្នាក់បានប្រាប់ VOD ថា «នេះមិនមែនជា​ការ​ឃុំឃាំងទេ ​ដោយសារ​ពួកគេបាន​ផ្តល់ប្រាក់ខែដល់គាត់» ហើយ​នេះ​ «​ស្របទៅនឹងច្បាប់ការងារ»

ប៉ូលិស​ម្នាក់​ទៀត​លើកឡើងថា «មិន​មែន​ជា​ករណី​ឃុំឃាំង​ទេ» គឺគ្រាន់​តែពួកគេ«​មិន​​អនុញ្ញាត» ឱ្យជនជាតិចិន​ចេញ​ក្រៅ​តែ​ប៉ុណ្ណោះ។​

ប៉ូលិស​និយាយ​ថា ​ក្នុង​ករណីនេះ ប៉ូលិស​មូលដ្ឋាន​មិន​អាច​ធ្វើ​អ្វី​បាន​​ច្រើននោះ​ទេ។​ ជំនួស​មក​វិញ បុរស​ជនជាតិ​ចិន​នោះ ​ត្រូវ​ប៉ូលិស​នាំ​ខ្លួន​ទៅ​កាន់​​ខេត្ត​ព្រះ​សីហនុ និង​បើក​ការ​ស៊ើប​អង្កេត​ពីបទចោទចែកចាយ«ព័ត៌មានមិនពិត»ពាក់ព័ន្ធទៅនឹងការ​ឃុំ​ខ្លួន​របស់​គាត់។

ដំណោះ​ស្រាយ​ចាំបាច់

កម្ពុជា​ត្រូវតែពង្រឹងច្បាប់អន្តោប្រវេសន៍ ពង្រឹងការគោរពច្បាប់ និងកិច្ចសហ​ប្រតិ​បត្តិ​ការ​ជាមួយ​ប្រទេសដទៃទៀត ដើម្បីលុបបំបាត់​ឧក្រិដ្ឋ​កម្មឆ្លងដែន​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ និង​ដើម្បីរារាំង​លំហូរចូលនៃបទឧក្រិដ្ឋថ្មី​ៗទៀត។

ដំណាល​គ្នា​នេះ កម្ពុជាក៏ត្រូវតែរឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ និង​ប្រទេស​អាស៊ី​អាគ្នេយន៍ផ្សេងទៀត ទាក់ទងទៅនឹងលំហូរពលករចំណាកស្រុក ជាពិសេស​​ត្រូវ​ផ្តោត​ការ​​ប្រឹង​ប្រែងលើ​ការ​ស៊ើបយក​ការណ៍ ​និង​ការ​ចែក​រំលែកព័ត៌មាន។ ​ការ​ធ្វើ​បែប​នេះអាចជួយ​សមត្ថកិច្ចកម្ពុជា​ទទួលបាន​ព័ត៌មាន​អំពី​បណ្តាញ​ឧក្រិដ្ឋកម្ម​ដែលកំពុង​មានសកម្មភាព​នៅ​​ប្រទេសកម្ពុជាដោយ​ប្រើ​អត្ត​សញ្ញាណខុសៗ​គ្នា ឈ្មោះ និងឈ្មោះ​ហៅ​ក្រៅ​​របស់​ក្រុម​ហ៊ុន​។

ការស៊ើបអង្កេតទាក់ទងទៅនឹងបញ្ហានេះ កម្ពុជា​គួរ​តែធ្វើ​ដោយ​តម្លាភាព​ ដើម្បីរក្សាទំនុកចិត្ត​នៅ​ក្នុងសង្គម​កម្ពុជា។ ការស៊ើបអង្កេតទាំងនេះគួរតែត្រូវបានចូលរួមការសហការឱ្យបាន ល្អបំផុតជាមួយតួអង្គនៅក្នុងតំបន់ ដូចជា ម៉ាឡេស៊ី ថៃ​​ និងចិន ជាដើម។

រដ្ឋាភិបាលកម្ពុជា​គួរបញ្ចូលមន្ត្រីប៉ូលិសចិនដែលមានវត្តមានស្រាប់​នៅកម្ពុជា ទៅ​ក្នុងក្រប​ខណ្ឌនៃ​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​ការ​អនុវត្តច្បាប់ទ្វេភាគី កម្ពុជា-ចិន ក៏​ដូចជា​សហការ​ជា​មួយ​ក្រុម​ប៉ូលិសថៃ​ដែល​បានចុះបង្រ្កាបបទល្មើស​ជាមួយ​នឹង​អង្គភាព​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​​​កម្ពុជានាពេលកន្លងមក។

នគរបាលកម្ពុជាគួរតែស្វែងរកជំនួយពីតួអង្គប៉ូលិស​តំបន់​ទាំង​ពីរ ​និងធ្វើការយ៉ាងជិតស្និទ​ជាមួយពួកគេ ​ដោយសារ​ពួកគេ​មានបទពិសោធន៍ក្នុងការ​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង​ការជួញដូរមនុស្សច្រើនជាងភាគី​កម្ពុជា។ រដ្ឋាភិបាលកម្ពុជាត្រូវតែមានជំហររឹងមាំ​ចំពោះ​បញ្ហា​នេះ មិនត្រឹមតែ​ដើម្បីរក្សាទំនុកចិត្តពីសំណាក់ប្រជាជនកម្ពុជា និងពលករបរទេស​ស្រប​ច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែក៏​ដើម្បី​រក្សា​កេរ្តិ៍​​ឈ្មោះ​របស់​កម្ពុជា​នៅលើ​ឆាកអន្តរជាតិ​ផង​ដែរ។​

ជារួម សកម្មភាពឧក្រិដ្ឋកម្មនៅខេត្ត​ព្រះសីហនុ ​និង​នៅកន្លែង​ផ្សេងទៀត ​បានគំរាម​កំហែង​​សន្តិសុខ​របស់ប្រទេសកម្ពុជា និង​ជនបរទេសដែល​កំពុងរស់នៅ​ក្នុងប្រទេសនេះ។​រឿងនេះគួរតែជាការព្រួយបារម្ភរបស់​ប្រទេសចិន​ ក៏ដូចជា​ការ​ព្រួយ​បារម្ភ​របស់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​ផងដែរ។

ការកើនឡើងនៃក្រុមហ៊ុនឆបោករបស់ជនជាតិចិន និងសកម្មភាពក្រុមទំនើងនៅកម្ពុជា បណ្តាលមក​ពី​ការពង្រឹងការអនុវត្តច្បាប់​នៅ​ទន់​ខ្សោយ ទាក់ទង​ទៅ​នឹង​អន្តោប្រវេសន៍​ដែល​បើក​ផ្លូវ​​​ឱ្យក្រុមហ៊ុនឆបោកចិនធ្វើសកម្មភាពដោយសេរី។​ កម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់របស់ខ្លួន និង​សហការ​ជាមួយប្រទេសដទៃទៀត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្មឆ្លងដែន។ ​ប្រសិនបើបទឧក្រិដ្ឋ​នេះនៅតែ​បន្ត វានឹងគំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងការជឿទុកចិត្តលើស្ថាប័នសំខាន់ៗរបស់ រដ្ឋាភិបាល៕


ដោយ រីម សុខវី​ | ខ្លឹមសារនៃអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ