ជប៉ុន​ត្រៀម​ខ្លួន​ជួយ​អ៊ុយក្រែន​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ពន្ធ​ថាមពល​ឡើង​វិញ

រថយន្ត​ត្រូវ​ភ្លើង​ឆេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្តាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (REUTERS/Gleb Garanich)

ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច​ក្នុង​ការ​ជួយ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងក្នុងស្ដារឡើងវិញនូវរោងចក្រថាមពលដែល​រង​ការខូច​ខាត​ក្នុង​អំឡុងពេលឈ្លានពានរបស់យោធារុស្ស៊ី។

ក្រសួងនេះបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅអ៊ុយក្រែន លោក​ ម៉ាត់ស៊ូដា គូនីណូរី (Matsuda Kuninori) បានបង្ហាញពីឆន្ទៈរបស់ទីក្រុងតូក្យូ ក្នុងការជួយដល់រដ្ឋមន្ត្រីថាម​ពល​អ៊ុយ​ក្រែន​ លោក ហឺមែន ហាលូសឈិនកូ (Herman Halushchenko) ក្នុងទីក្រុង Kyiv។

លោក Matsuda បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច​ក្នុងការផ្គត់ផ្គង់ឧបករណ៍​ ដើម្បីសាងសង់ឡើងវិញនូវរោងចក្រថាមពលទាំងឡាយ។

ប្រភព​ដដែលបន្តថា លោក Matsuda បានទទួលដំណឹងអំពីទំហំនៃការខូចខាតចំពោះ​ហេដ្ឋារចនាសម្ពន្ធថាមពល​របស់អ៊ុយក្រែន និងស្ថានភាពនៃការងារស្ដារឡើងវិញ។

លោក Matsuda បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន NHK និងត្រូវបានស្រង់យកមកចុះផ្សាយ​នៅថ្ងៃទី១៩ ខែតុលានេះថា លោកនឹង​រក្សាទំ​នាក់​ទំនងជិតស្និទ្ធជាមួយភាគីអ៊ុយក្រែន ដើម្បីប្រមូលព័ត៌មាន និងធ្វើការលម្អិតអំពីការផ្តល់ជំនួយនោះ។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១០​ ខែតុលាមក រោងចក្រថាមពលរបស់អ៊ុយក្រែនចំនួន ៣០% ត្រូវ​បាន​បំផ្លាញ ដោយ​ធ្វើ​ឱ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។

កាលពីថ្ងៃអង្គារម្សិលមិញនេះ កងទ័ព​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីតាំង​ជា​ច្រើន​កន្លែង​របស់​ប្រទេស​អ៊ុយក្រែន ​ដោយ​ក្នុង​នោះ​មាន​គោលដៅ​សំដៅ​លើ​រោងចក្រ​ថាម​ពល​​ផង​​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ