សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកូដករម្នាក់ទៀតឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែតុលា ពាក់ព័ន្ធបទ «រំលោភលើលំនៅឋាន» តាមបណ្ដឹងក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែកូដកររូបនោះបានដាក់លិខិតស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ ដោយថា គាត់ទើបតែទទួលបានដីកាកោះនៅយប់ថ្ងៃទី១៨ ខែតុលា។
ដីកាចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានកោះហៅឈ្មោះ សាំង សុផល ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែតុលានេះ ទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្តឹងពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»។
យ៉ាងណា តាមរយៈលិខិតសុំពន្យារពេលចូលបំភ្លឺចុះថ្ងៃទី១៩ ខែតុលា កូដករណាហ្គាវើលដ៍ឈ្មោះ សាំង សុផល បានស្នើចូលឆ្លើយបំភ្លឺនាពេលក្រោយ ដោយបញ្ជាក់ថា គាត់ទើបតែទទួលបានដីកាកោះនៅវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែតុលា។
កូដករស្ត្រីវ័យ៣៣ឆ្នាំរូបនេះ បញ្ជាក់បន្ថែមក្នុងលិខិតសុំពន្យារពេលថា៖ «ហើយនាងខ្ញុំមិនទាន់មានមេធារីការពារសិទ្ធិនៅឡើយទេ នាងខ្ញុំត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនាងខ្ញុំនៅតុលាការ»។
គិតមកដល់ថ្ងៃទី២០ ខែតុលា កូដករណាហ្គាចំនួន៦រូបហើយ រួមមានឈ្មោះ សៀក បញ្ញា, ជួប សោភ័ណ្ឌ, សុខ ថាវុធ, នេត ចរិយា, ឆាន បូរ៉ា និង សាំង សុផល ដែលបានទទួលដីកាកោះឱ្យចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលានេះ។ តែយ៉ាងណា កូដករទាំងនោះបានដាក់ពាក្យស្នើសុំពន្យារចូលបំភ្លឺជាបន្តបន្ទាប់ ដោយពួកគេអះអាងថា ទើបតែទទួលបានដីកាកោះមុនពីរទៅបីថ្ងៃនៃកាលបរិច្ឆេទដែលតុលាការឱ្យចូលទៅបំភ្លឺ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា «ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មរយៈពេល១០ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕
កែតម្រូវ៖ កថាខណ្ឌទី៥ ដូរទៅជា «គិតមកដល់ថ្ងៃទី២០ ខែតុលា»