សង្គមស៊ីវិលជំរុញអាជ្ញាធរចាប់ជនល្មើសបាញ់បោះខុសច្បាប់ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ

អាវុធខ្លីដែលដកហូតបានក្រោយប្រតិបត្តិការឆែកឆេរមួយក្នុងករណីប្ដឹងថាមានករណីចាប់ជំរិតបង្កឡើងដោយជនជាតិចិន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

មន្រ្តីសង្គមស៊ីវិលអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងចាប់ជនល្មើសបាញ់បោះដោយសេរីនៅក្នុងរាជធានីភ្នំពេញ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីខ្មាន់​កាំភ្លើងមួយក្រុមបានបាញ់រះជាង១០គ្រាប់ទៅលើអគារ SKY LINE បណ្ដាលឱ្យធ្លុះធ្លាយជាច្រើនកន្លែង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលានេះ នៅតាមបណ្ដោយផ្លូវលេខ១៣៤  ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ  ប៉ុន្តែមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ ។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ការប្រើអាវុធបាញ់បោះដោយសេរី ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យមានអសន្តិសុខក្នុងសង្គម ហើយធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ជាដើម ។ ករណីនេះ លោកអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការស្រាវជ្រាវចាប់ក្រុមជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកអំពាវនាវដូច្នេះថា៖ «អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ជាពិសេសតាមរកជនដែលបង្កអនាធិបតេយ្យ បង្ការភ្ញាក់ផ្អើល ភ័យខ្លាចអំពីសន្តិសុខ សុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវ ស្រាវជ្រាវចាប់ជនល្មើសយកទៅអនុវត្តតាមច្បាប់ ទើបជាគំរូល្អ និងទប់ស្កាត់កុំឱ្យមានអំពើល្មើសបែបនេះកើតឡើងបន្តទៀត នាំឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអនុវត្តភូមិឃុំមានសុវត្ថិភាព។

លោកស្រីលើកឡើងដូច្នេះថា៖ «យើងដឹងហើយកន្លងមក អាជ្ញាធរមានការប្រមូលអាវុធផ្សេងៗកន្លងមក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសយើងឃើញមានបទល្មើសមួយចំនួនកើតឡើងនៅក្នុងតំបន់ខេត្តព្រះសីហនុ ប៉ុន្តែបើករណីនេះរាលដាលដល់រាជធានីភ្នំពេញ ជាដើម យើងត្រូវពិនិត្យមើលឡើងវិញអំពីការគ្រប់គ្រងអាវុធ ថាម៉េចបានជាមានចរាចរណ៍អាវុធ ហ្នឹងទី១»។

លោកស្រីបន្ថែមថា៖ «ទី២ បើមានបទល្មើសអ៊ីចឹងកើតឡើង ការឆ្លើយតបរបស់អាជ្ញាធរត្រូវតែទាន់សភាពការណ៍ ហើយត្រូវធ្វើការដោះស្រាយអំពីសុវត្ថិភាពនៅក្នុងទីក្រុងនិងភូមិឃុំ ដែលមានចែងក្នុងគោលការណ៍ភូមិឃុំមានសុវត្ថិភាព»។

វីអូឌី មិនអាចសុំការបំភ្លឺពីអធិការនគរបាលខណ្ឌ៧មករា លោក នេត ស៊ីថុន និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងលោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។​

គួរបញ្ជាក់ថា នៅវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ​​ មានក្រុមជនល្មើសមួយក្រុម បានឈប់រថយន្ត និងដកកាំភ្លើងបាញ់រះជាង១០គ្រាប់ សំដៅទៅលើអគារ THE SKY LINE TOWER បណ្ដាលឱ្យធ្លុះធ្លាយជញ្ជាំងកញ្ចក់ជាច្រើនកន្លែង តែមិនបណ្ដាលឱ្យសន្តិសុខពីរនាក់យាមខាងមុខនោះរងរបួសនោះឡើយ។ មុនកើតហេតុ គេឃើញជនសង្ស័យមួយក្រុមជិះរថយន្តទំនើបចំនួនពីរគ្រឿង ម៉ាក Ford ពណ៌ស និងម៉ាក ALPHARD ពណ៌ខ្មៅ បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ។ នេះបើយោងតាមប្រភព ពីព័ត៌មានក្នុងស្រុកផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។   

មាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ បានចែងថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ ដំឡើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ ម៉ឺនរៀល ដល់ ២ លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ចំណែកមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ចែងថា  គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ