តុលាការ​បន្ត​សវនាការ​សំណុំរឿង «រួមគំនិតក្បត់» ជុំវិញ​ដំណើរ​វិលត្រលប់​លើកទី២ ថ្នាក់​ដឹកនាំ​បក្សប្រឆាំង

លោកស្រី មូរ សុខហួរ ថ្លែង​ក្នុង​ពេល​ផ្តល់​បទសម្ភាសជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១៧។ (REUTERS)

សាលាដំបូងរាជធានីភ្នំពេញ បន្តសវនាការសំណុំរឿង ​«រួម​គំនិត​ក្បត់» ដោយ​តុលាការ​បាន​អាន​​របាយការណ៍ដាក់បន្ទុក ដែលសមត្ថកិច្ចស្រង់ពីលើបណ្ដាញសង្គមរបស់​​ថ្នាក់​ដឹក​នាំ និងសកម្មជន​បក្សសង្គ្រោះជាតិដែលត្រូវរំលាយ ពាក់ព័ន្ធដំណើរវិលត្រលប់លើកទី២របស់លោកស្រី មូរ សុខ​ហួរ​

សវនាការ​លើក​ទី​៥ នៅថ្ងៃទី២០ ខែតុលា​​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោកស្រី អ៊ុក រ៉េតគន្ធា បានបង្គាប់ឱ្យក្រឡាបញ្ជី​អាន​របាយការណ៍ដែ​លសមត្ថកិច្ចស្រង់ចេញ​ពី​បណ្ដាញសង្គមរបស់​​​ថ្នាក់​​ដឹកនាំ​​គណបក្ស​​ប្រឆាំង និង​​សកម្មជន​ចំនួន១៨​នាក់ ក្នុង​​នោះ​​មាន​​លោក ហូ វ៉ាន់, លោក មែន សុថាវរិន្ទ្រ, លោក នុត រំដួល, លោក សោ ចាន់ដេត និងលោក អូន ពៅ ជាដើម។

របាយការណ៍​ដែលស​មត្ថកិច្ច​​បាន​ស្រង់​ធ្វើ​ភស្ដុតាងដាក់​បន្ទុកនោះ គឺទាក់​ទង​នឹង​ការ​បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក​កាលពីអំឡុងចុងឆ្នាំ២០២០ ដោយការ​អំពាវនាវឱ្យអ្នកគាំទ្រចូលរួម​អម​​​​ដំណើរ​លោកស្រី មូរ សុខហួរ វិលត្រលប់មកកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដើម្បីមកតតាំងក្ដីនៅតុលាការកម្ពុជា។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក អូ ពៅ ត្រូវបានសមត្ថកិច្ច​ដកស្រង់សារដែលបានបង្ហោះបណ្ដាញសង្គមហ្វេសប៊ុក​ កាលពីអំឡុងខែវិច្ឆិកា និងធ្នូ ឆ្នាំ២០២០ ដោយក្នុងសារនោះ លោក​បា​នអំ​ពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​​ដែលគាំទ្របក្សប្រឆាំង ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ឱ្យចូលរួមអមដំណើរ និង​ទទួល​លោក​ស្រី មូរ សុខហួរ វិល​ចូលកម្ពុជា ដើម្បី​តវ៉ា​ក្ដី និងផ្លាស់ប្ដូររបបដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកថា៖ «សូមបងប្អូនខ្មែរនៅទូទាំង២៥រាជធានីខេត្ត-ក្រុង ត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី។ អំពាវ​នាវឱ្យ​យុវជន​អមដំណើរមាតុភូមិនិវត្តន៍លោកស្រី មូរ សុខហួរ»។

ក្រោយពីក្រឡាបញ្ជីបាន​អានរបាយការណ៍ទាំងនោះហើយ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោកស្រី អ៊ុក រ៉េតគន្ធា បាន​ប្រកាសផ្អាកសវនាការ​ ហើយគ្រោងនឹងបន្តសវនាការលើសំណុំរឿងនេះ​ទៀត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​មាន​ជន​ជាប់​​ចោទ៣៩​​នាក់​​នេះ ត្រូវ​​​បាន​​បំបែក​​ជា​២សំណុំរឿង ក្នុង​​នោះ សំណុំរឿងទី១ មាន​​ជ​ន​​ជាប់​​​ចោទ​ លោក អៀ ចាន់ណា និងកញ្ញា សៅ ឧសភា ដែលកំពុងស្ថិតក្នុងដំណាក់កាល​ចៅក្រមស៊ើប ខណៈសំណុំរឿងមួយទៀតមានជនជាប់ចោទ៣៧នាក់ ដែលតុលាការកំពុងដំណើរការសវនាការ។

ជនជាប់ចោទទាំង៣៧នាក់ ក្នុងនោះមានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ឡុង រី, លោកស្រី មូរ សុខហួរ ព្រមទាំងសកម្មជនផ្សេងទៀត ដែលបច្ចុប្បន្ន អ្នកទាំងអស់នេះកំពុងនិរទេស​ខ្លួននៅក្រៅប្រទេស ខណៈជនជាប់ចោទដែលមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ មានតែ៣​នាក់​​ប៉ុណ្ណោះ​​។ ជនជាប់ចោទទាំង៣នាក់នោះមាន​​លោក គង់ ម៉ាស់, លោក ខាន់ ប៊ុន​​ផេង និង​លោក វឿង សំណាង ដោយ​អ្នកទាំងនេះកំពុង​ជាប់នៅពន្ធនាគារព្រៃស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ