តើ​នគរូបនីយកម្ម​ទីក្រុង​សៀមរាប​ទៅ​អនាគត​គួរ​វិវត្ត​បែបណា?

ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​កន្លែងនៅ​ក្នុង​ខេត្តសៀមរាប កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តសៀមរាប​/Siem Reap Provincial Hall​)

កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឯសិក្ខាសាលាអចលនទ្រព្យ ឧកញ្ញ៉ាបណ្ឌិត គីម ហ៊ាង បានទទួលរងការរិះគន់ពីសាធារណជន បន្ទាប់ពីលោកបានចាប់កំហុសបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើការសាងសង់អគារ និងទប់ស្កាត់ការសាងសង់អគារខ្ពស់ ​ដើម្បីការពារទេសភាពជុំវិញឧទ្យានបុរាណវិទ្យាអង្គរ។ លោកក៏ បានចេញលិខិតសុំទោសជាសាធារណៈ។

ប្រតិកម្មដ៏ខ្លាំងរបស់មហាជនបង្ហាញពីបំណងប្រាថ្នាយ៉ាងមុតមាំក្នុងចំណោម​​ប្រជា​ជន​កម្ពុជា​ ដើម្បី​រក្សានូវលក្ខណៈពិសេសនៃទីក្រុង ក៏ដូចជាតំបន់ជុំវិញខេត្តសៀមរាប​ និងនិមិត្តសញ្ញា​នៃ​ប្រាសាទ​នៅ​ក្នុង​ឧទ្យានបុរាណវិទ្យាអង្គរ។

ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​ធ្វើឱ្យ​អ្នក​ក្រុង​សៀមរាបស្ថិត​ក្នុង​ភាពទ្វេគ្រោះ ពិបាកសម្រេចទិសដៅ ​​ដោយសារ​​​ការ​អភិវឌ្ឍ​ទាំង​អស់​ត្រូវ​តែ​ដើរ​ដំណាល​គ្នា​​រវាង​ការ​រីក​ចម្រើន និង​ការអភិរក្ស។

ដូចគ្នានេះដែរ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងទ្វេដងក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង និងបំពេញតម្រូវការរបស់អ្នករស់នៅទីក្រុង ដែលនាំឱ្យខេត្តសៀមរាបចៀសមិនរួចពីការរីកចម្រើន។ វាជាការចាំបាច់ដែលយើងស្វែងរកយុទ្ធសាស្ត្រនគរូបនីយកម្មមួយដែលមិនធ្វើឱ្យខូចខាតទីតាំង​​វប្ប​ធម៌ និងតុល្យភាពអេកូឡូស៊ីដ៏ផុយស្រួយនេះ។

ការពង្រីក​ក្រុង​ដែល​ផ្អែក​លើ​កត្តាយាន​យន្ត

មនុស្សជាច្រើនបានព្រួយបារម្ភ​​ពីផលប៉ះពាល់ ដែលថាការអភិវឌ្ឍក្រុងសៀមរាប​ទៅជាទីក្រុង​ដែល​សម្បូរទៅដោយអគារខ្ពស់ៗ អាចបំផ្លាញបរិយាកាសធម្មជាតិដ៏កក់ក្ដៅ និង​ភាពស្ងប់ស្ងាត់​។​

ការពឹងផ្អែកលើយានយន្ត គឺជាកត្តាចម្បងមួយនៅពីក្រោយភាពរីកដុះដាល​ហេដ្ឋា​រចនា​សម្ពន្ធ​នៃ​ទីក្រុង​របស់ខេត្តសៀមរាប។

គម្រោងជាច្រើនដែលមានទីតាំងនៅជាយក្រុង និងតាមបណ្ដោយផ្លូវក្រវាត់ក្រុង បានធ្វើឱ្យ​ការ​ទទួល​យក​និងប្រើប្រាស់សេវាកម្មមានចម្ងាយឆ្ងាយពីលំនៅឋាន។ នេះមានន័យថា​ តំបន់ទាំងនោះ​ខ្វះ​សេវាកម្ម​​នៅជិត​លំនៅ​ឋាន ដែលបង្ខំឱ្យ​អ្នករស់​នៅ​ធ្វើដំណើរឆ្ងាយដោយរថយន្តឬម៉ូតូ។

តម្រូវការសម្រាប់ការធ្វើដំណើរដោយរថយន្តឯកជន បានជំរុញឱ្យ​មាន​ការសាងសង់ផ្លូវធំៗ ដូចជា ផ្លូវ​លេខ៦០ ឆ្ពោះ​ទៅអាកាសយានដ្ឋានថ្មីដែលកំពុងសាងសង់ ក៏ដូចជាចំណតរថយន្តដើម្បីផ្គត់ផ្គង់​ដល់ការ​ប្រើ​ប្រាស់​យានយន្ត។ ផ្លូវដែលមានល្បឿនលឿន និងបរិមាណចរាចរណ៍ខ្ពស់ បង្កើត​បរិយាកាស​​អសុវត្ថិភាព​​​​សម្រាប់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ នេះជាហេតុនាំឱ្យមានការ​ពឹង​ផ្អែក​លើរថយន្ត​កាន់​តែច្រើន និងធ្វើឱ្យពួកគេបាត់បង់​ឱកាសទាញ​យក​អត្ថប្រយោជន៍​ពីជម្រើស​ធ្វើ​ដំណើរ​ផ្សេងទៀត ដូចជា ​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​សាធារណៈ ឬ​ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ ជា​ដើម។ ដូច្នេះហើយ ហេដ្ឋារចនាសម្ពន្ធដែលផ្ដោត​សំខាន់លើ​យាន​ជំនិះ នាំឱ្យមានការកកស្ទះចរាចរណ៍។

ទីក្រុងសៀមរាបបានឆ្លងកាត់កំណែផ្លូវធំៗចំនួន៣៨ខ្សែ ដែលក្នុងនោះរួមមានការដំឡើង​កាមេរ៉ា​សុវត្ថិភាពចំនួន២០០គ្រឿង ភ្លើងសញ្ញាចរាចរណ៍ចំនួន២០ អំពូលភ្លើងតាមដងផ្លូវចំនួន៥ ០០០អំពូល និងដើមឈើ៣ ០០០ដើម ព្រមទាំងបន្ថែមផ្លូវសម្រាប់ជិះកង់ផងដែរ។ តែទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍទាំងនោះផ្តល់ផលប្រយោជន៍តែ​នៅកណ្តាលទីក្រុង​តែ​ប៉ុណ្ណោះ។

ចំណែកឯតំបន់តាមជាយក្រុង ក៏នៅតែប្រឈមមុខនឹងការកកស្ទះចរាចរណ៍ កង្វះមធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ និងផ្លូវដើរមិនសូវល្អ ដែលជាហេតុធ្វើឱ្យយានយន្ត​ឯកជនក្លាយ​ជាមធ្យោបាយ​ធ្វើដំណើរតែមួយគត់ ដែលធ្វើឱ្យខូចគុណភាពនិងជីវភាពរស់នៅរបស់អ្នកស្រុក។

ករណីសម្រាប់​​​ប្រមូល​ផ្ដុំការរស់​នៅ​របស់​ប្រជាពលរដ្ឋ

អនាគតរបស់ខេត្តសៀមរាប គឺអាស្រ័យទៅលើគោលបំណងក្នុងការ​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ពន្ធ​ចម្រុះក្នុង​ទីក្រុង ជាជាងពង្រីក​​ផ្លូវ​គមនាគមន៍ដែលពឹងផ្អែកលើរថយន្តដូចពេលបច្ចុប្បន្ននេះ។

ការសិក្សាមួយបានប្រៀបធៀបរវាងទីក្រុងអាត្លង់តា ក្នុងសហរដ្ឋអាមេរិក និងទីក្រុងបាសេឡូ​ណា​ ក្នុង​​ប្រទេសអេស្ប៉ាញ បានបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាងទីក្រុងដែលធំទូលាយ និងទីក្រុង​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។

អាត្លង់តា គឺជាទីក្រុងដែលពឹងផ្អែកយ៉ាងខ្លាំងលើរថយន្ត ហើយគ្របដណ្ដប់លើផ្ទៃដី៧ ៦៩២គីឡូ​ម៉ែត្រ​ការ៉េ ជាមួយនឹងប្រជាជនចំនួន៥,៣លាននាក់។ ខណៈដែល បាសេឡូណា ដែលមាន​ចំនួន​ប្រជាជនស្រដៀងគ្នា ប៉ុន្តែវាគ្របដណ្តប់តំបន់មួយត្រឹមតែ១/១២នៃទំហំរបស់អាត្លង់តា។

អាត្លង់តា ជាតំបន់ដែលមានផ្លូវធំ​ៗនិងចំណតរថយន្តច្រើន ចំណែកឯ​បាសេឡូណាវិញមានផ្លូវ​ថ្មើរ​ជើង សួនសាធារណៈ ហាងកាច់ជ្រុង និងលំនៅឋាន។ ទាំងអស់នេះស្ថិតក្នុងប្លុកទីក្រុងតែមួយ។ អាត្លង់តា ជួបប្រទះនឹងបញ្ហា ដូចជា ការស្ទះចរាចរណ៍ និងភាពចល័តក្នុងទីក្រុងមិនសូវល្អ ក៏ដូចជា​ការ​បំភាយកាបូនច្រើនហួសហេតុ ខណៈដែល បាសេឡូណា រៀបចំឱ្យប្រជាពលរដ្ឋ​របស់ខ្លួនរស់​នៅ​ជុំវិញ​ប្រព័ន្ធធ្វើដំណើរសាធារណៈដ៏មានប្រសិទ្ធភាព និងបង្កើតជាតំបន់ដែលអាចដើរបាន និងអាច​ជិះ​កង់បាន។

អាត្លង់តា ត្រូវស៊ូទ្រាំនឹងកម្ដៅក្នុងទីក្រុង ដែលស្ទើរតែមិនអាចទ្រាំបាន ដោយសារផ្ទៃបេតុង​នៃ​ចំណត​​រថយន្ត និងផ្លូវកៅស៊ូដ៏ធំៗ។ ​ផ្ទុយទៅវិញ បាសេឡូណា មានភាពត្រជាក់ ដោយសារមានដើមឈើ ឧទ្យាន និងសួនតាមមាត់ទឹកជាច្រើន។

លើសពីនេះ បាសេឡូណា មិនមែនជាព្រៃនៃអគារខ្ពស់ៗនោះទេ។ អគារភាគច្រើនមានកម្ពស់ត្រឹមតែ៥-៦ជាន់ប៉ុណ្ណោះ ប៉ុន្តែអាចផ្ទុកលំនៅឋាន ហាង សេវាកម្មសំខាន់ៗ និងសកម្មភាពជាច្រើន។ ម្យ៉ាងទៀត​ ប្លុកនីមួយៗមានលក្ខណៈងាយស្រួលសម្រាប់ថ្មើរជើង។

គំរូដែលបានកំណត់ដោយ បាសេឡូណា បង្ហាញឱ្យឃើញថា ការអភិវឌ្ឍបែបបង្រួម​មិនចាំបាច់​មាន​ភាព​ចង្អៀត ឬអគារខ្ពស់ស្កឹមស្កៃនោះទេ ដើម្បីទទួលបានជោគជ័យ។ ជាការពិត ដង់ស៊ីតេសមរម្យ​ គឺ​ជា​គុណសម្បត្តិមួយ ព្រោះលំនៅឋាន ឱកាសការងារ ស្ថាប័នអប់រំ សេវាកម្ម ជាដើម កាន់តែខិតជិតគ្នា​ ហើយវាធ្វើឱ្យការដឹកជញ្ជូនសាធារណៈ និងការធ្វើដំណើរកាន់តែមានប្រសិទ្ធភាព។ ចំណុចសំខាន់បំផុត គឺទីក្រុងដែលបង្រួមផ្ទៃក្រឡា ក៏ជួយថែរក្សាប្រព័ន្ធអេកូឡូស៊ីជុំវិញផងដែរ។

មេរៀនពីទីក្រុងបាសេឡូណាជាគំរូអភិវឌ្ឍន៍ដ៏ល្អមួយសម្រាប់ទីក្រុងសៀមរាប។

សម្រាប់ខេត្តសៀមរាប៖ ប្រើ​ប្រាស់​សក្ដានុពល​លំហ​ជា​អាទិភាព​អភិវឌ្ឍន៍​ក្រុង

អ្នក​ប្រហែល​ជា​មាន​ចម្ងល់៖ បើមានការ​កំណត់​អាទិភាព​វិធីសាស្ត្របង្រួម ​អាច​នាំឱ្យ​មាន​ការ​សាង​សង់​អគារ​​ខ្ព​ស់ៗ​នៅ​ខេត្ត​សៀមរាប​ឬទេ? គឺមិនមែនទេ ទីក្រុងបាសេឡូណាបង្ហាញរួចហើយថា ​ការ​កំណត់​ទំហំ​ទីក្រុង​ឱ្យមានទំហំសមរម្យ ​មិនប្រាកដថា​នឹងនាំទៅដល់ការសាងសង់អគារ​ខ្ពស់ៗ​នោះ​ទេ។

ភាពបង្រួម មានន័យថា កំណើននៃការប្រើប្រាស់លំហនៅក្នុងតំបន់ទីក្រុង។ គ្រប់អគារគួរ​តែជាអគារ​ដែល​ប្រើប្រាស់ចម្រុះ និងពហុគោលបំណង ដែលរួមមាន លំនៅដ្ឋាន ភោជនីយដ្ឋាន ហាងលក់។ល។ ការធ្វើតាមគំរូបែបបង្រួម មានន័យថា អ្នកអភិវឌ្ឍន៍នឹងចៀសវាងសាងសង់កន្លែងដែលមានការប្រើប្រាស់តែមួយ ដូចជា យានដ្ឋាន និងទីលានវាយកូនហ្គោល ជាដើម។ ផ្ទុយទៅវិញ ទីធ្លាសាធារណៈ ផ្លាហ្សា និងសួនឧទ្យាន ដែលបម្រើគ្រប់លក្ខណៈនៃមុខងារសង្គម វប្បធម៌ លំហែកាយ និងសេដ្ឋកិច្ច គួរតែត្រូវបានផ្តល់អាទិភាពជាធំ។ ដូចគ្នានេះដែរ ការដឹកជញ្ជូនក៏ត្រូវតែបង្រួបបង្រួមដូចគ្នាដែរ។ ការសាងសង់ផ្លូវធំៗ ចំណតយានយន្ត និងយានដ្ឋានរាប់មិនអស់ គួរតែត្រូវបានចៀសវាង។ ជំនួស​មក​វិញ ការធ្វើដំណើរគួរតែផ្លាស់ប្ដូរមានការប្រើប្រាស់ឡានក្រុង ផ្លូវជិះកង់ និងចិញ្ចើមថ្មើរជើង ដែលផ្ទុកអ្នកធ្វើដំណើរបានច្រើនជាង ប៉ុន្តែមានតម្លៃថោកក្នុងការធ្វើដំណើរ និងមាននិរន្តរភាពក្នុងការថែរក្សា។

វិធីសាស្ត្របង្រួមនេះគ្រាន់តែអំពាវនាវឱ្យយើងប្រើប្រាស់លំហដែលយើងមានរួចមកហើយឱ្យមានភាពចម្រុះ ដែលកាត់បន្ថយតម្រូវការក្នុងការសាងសង់អគារខ្ពស់ ឬសាងសង់បែបទំហំធំ។ ការសម្រេច​បាន​នូវ​ភាពបង្រួមតូចនៅក្នុងខេត្តសៀមរាប តម្រូវឱ្យមានតំបន់ដែលបានរចនាយ៉ាងប្រុងប្រយ័ត្ន ដែល​មាន​លក្ខណៈចម្រុះ អាចដើរបាន មានកន្លែងជាច្រើនដែលផ្តោតលើមនុស្ស និងត្រូវបានរួម​បញ្ចូលជាមួយ​ប្រព័ន្ធ​ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។ គោលនយោបាយដ៏សំខាន់មួយ​ដើម្បីធានាថាខេត្ត​សៀមរាបមានការអភិវឌ្ឍក្នុងលក្ខណៈបែបនេះ គឺការកំណត់ប្រើប្រាស់ដីធ្លីដោយផ្អែកលើចល័តភាព។

ការធ្វើផែនការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ

គោលនយោបាយរៀបចំការប្រើប្រាស់ដីផ្អែកលើចល័តភាព មានន័យថា មុននឹងសាងសង់​អគារ​ណាមួយ ​​​គឺតម្រូវឱ្យមានការគិតគូរយ៉ាងដិតដល់ពីមធ្យោបាយធ្វើដំណើរ​របស់អ្នក​ប្រើប្រាស់​អគារ ព្រមទាំងអាំងតង់ស៊ីតេនៃចរាចរណ៍ដែលបង្កើតឡើងដោយអ្នកប្រើប្រាស់អគារ។ អត្ថប្រយោជន៍​នៃ​ទម្រង់ចល័តភាពនេះ អនុញ្ញាតឱ្យអ្នករៀបចំដែនដី បែងចែករវាងអគារដែលបង្ក​បរិមាណ និង​ប្រភេទ​ចរាចរណ៍ខុសៗគ្នា។

ជាធម្មតា នៅតាមហាងតូចៗ ភោជនីយដ្ឋាន និងហាងលក់រាយ អតិថិជនអាចធ្វើដំណើរថ្មើរជើង និង​តាម​ប្រព័ន្ធធ្វើដំណើរសាធារណៈ ជាហេតុ​នាំឱ្យប្រភេទអាគារទាំងនេះ​ត្រូវដាក់ចូលក្នុង «តំបន់ចរាចរណ៍តិចតួច» ដែលក្នុងតំបន់នេះកំណត់ដោយការផ្តល់​អាទិភាពដល់ការដឹកជញ្ជូនសាធារណៈ និងការ​ធ្វើ​ដំណើរ ដោយថ្មើរជើង ឬជិះកង់។ នៅកណ្តាលក្រុងសៀមរាបដែលមានផ្លូវតូចៗជាច្រើន ជាកន្លែង​នៃ​បណ្តុំ​ហាងបែបនេះជាច្រើន ដូច្នេះទីតាំងទាំងនេះគួរដាក់ចូលតំបន់ចរាចរណ៍ «តិចតួច»។

លើសពីនេះទៅទៀត តំបន់នៅតាមដងស្ទឹងសៀមរាប គួរតែដាក់ចូល «តំបន់ចរាចរណ៍រឹតបន្តឹង» ដែល​មិន​អនុញ្ញាតឱ្យធ្វើចរាចរណ៍ដោយយានយន្តឯកជន លើកលែងតែរថយន្តសង្គ្រោះបន្ទាន់ និងរថយន្ត​បម្រើ​សេវាសាធារណៈតែប៉ុណ្ណោះ។ វាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការជំរុញសកម្មភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ច​នៅ​កណ្ដាល​ទីក្រុង ក៏ដូចជាការពង្រីកទំហំសួនច្បារសាធារណៈ ដែលភ្ញៀវទេសចរអាចដើរទស្សនាបាន។

សម្រាប់​អគារ​ដែល​តម្រូវ​ឱ្យ​មានការប្រើប្រាស់​យានជំនិះ​ញឹកញាប់ អ្នក​រៀបចំដែនដីអាច​​កំណត់​​តំបន់​​ចរាចរណ៍នោះជា «តំបន់ចរាចរណ៍​ធ្ងន់​» ដែល​ស្ថិតនៅ​តាម​ផ្លូវ​ធំៗ​។ តំបន់ចរាចរណ៍បែប «ធ្ងន់» គួរតែ​ស្ថិត​​នៅឆ្ងាយពីកណ្ដាលទីក្រុងសៀមរាប ដើម្បីចៀសវាងប៉ះពាល់ជាមួយចរាចរណ៍ ការរស់នៅ និងការ​ប្រកបអាជីវកម្មនៅតាមតំបន់ផ្សេងៗទៀត។ ផែនការនេះ​ក៏ជួយ​សម្រួល​ចរាចរណ៍​ដោយដាក់​កម្រិត​លើទីតាំងដែលបង្កចរាចរណ៍មមាញឹក​​ដោយហាមដាក់រថយន្តនៅទីតាំងជិតផ្លូវ​ប្រសព្វ ដែល​ប៉ះ​ពាល់​ដល់លំហូរចរាចរណ៍យ៉ាងខ្លាំង។

ការកំណត់លើការប្រើប្រាស់ដីដោយផ្អែកលើផលប៉ះពាល់ចល័តភាពទីក្រុង គឺមានលក្ខណៈល្អប្រសើរ ដោយសារគោលនយោបាយនេះអនុញ្ញាតឱ្យអ្នករៀបចំផែនការរៀបចំដែនដី អាចកំណត់​អគារក្នុង​ខេត្ត​សៀមរាបទៅតាមសមត្ថភាពទ្រទ្រង់ចរាចរណ៍របស់ប្រព័ន្ធផ្លូវនៅក្នុងទីក្រុង។

ដើម្បីឱ្យខេត្តសៀមរាបរីកចម្រើន

ខេត្តសៀមរាបក៏នៅតែអាចរីកចម្រើននិងអភិវឌ្ឍទន្ទឹមគ្នានឹងការរក្សានូវលក្ខណៈពិសេសបានដែរ។​ គោលនយោបាយកំណត់ការប្រើប្រាស់ដីធ្លីផ្អែកលើចល័តភាព អនុញ្ញាតឱ្យការរៀបចំដែនដីអាច​សម្រប​សម្រួលទៅតាមកាលៈទេសៈរបស់ទីក្រុងសៀមរាប ដែលជាហេតុនាំឱ្យជួយកាត់បន្ថយផល​ប៉ះពាល់អវិជ្ជមាន។

ទម្រង់ទីក្រុងបែប​ប្រមូល​ផ្តុំ​សក្ដានុពល​លើ​ការ​ប្រើ​ប្រាស់​ដី ជួយកាត់បន្ថយតម្រូវ​ការ​ពង្រីក​ទីក្រុងដូចបច្ចុប្បន្ន ដែលគំរាម​កំហែង​ដល់​បរិយាកាសទីក្រុងសៀមរាប និងតំបន់វប្បធម៌​ដែល​មិន​អាចកាត់ថ្លៃបាន ក៏ដូចជា​គំរាម​កំហែង​បរិស្ថាន​នៃ​ខេត្ត​ទាំងមូល៕


ដោយ៖ សែស អរុណសក្តា  | អត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ