ជនជាតិដើមស្នើព្រឹទ្ធសភាដាក់ធាតុចូលរបស់ខ្លួនទៅក្នុងសេចក្ដីព្រាងវិសោធនកម្មច្បាប់តំបន់ការពារធនធានធម្មជាតិនិងច្បាប់ព្រៃឈើ

បង្គោលព្រំដីដែលបោះបំពានដីតំបន់ការពារកែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

តំណាងសហគមន៍ជនជាតិដើមភាគតិច ស្នើព្រឹទ្ធសភាដាក់ធាតុចូលរបស់ខ្លួនទៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ តំបន់ការពារធនធានធម្មជាតិ និងច្បាប់ព្រៃឈើ ដោយអះអាងថា ខ្លឹមសារនៃសេចក្តីព្រាងមិនបានលើកឡើងនូវលក្ខខណ្ឌអត្តសញ្ញាណរបស់ពួកគេ ខណៈបារម្ភថា បើសេចក្តីព្រាងវិសោធនកម្មច្បាប់នេះអនុម័តនោះ នឹងធ្វើឱ្យជនជាតិដើមភាគតិចនៅកម្ពុជាទាំងមូលបាត់បង់របរចិញ្ចឹមជីវិត បាត់ជំនឿ វប្បធម៌ប្រពៃណី ទាំងបច្ចុប្បន្ន និងសម្រាប់អ្នកជំនាន់ក្រោយ។

ការស្នើនេះធ្វើឡើង ខណៈពួកគេមើលឃើញថា សេចក្តីព្រាងវិសោធនកម្មច្បាប់តំបន់ការពារធនធានធម្មជាតិ និងច្បាប់ព្រៃឈើ ដែលក្រសួងពាក់ព័ន្ធកំពុងរៀបចំកែសម្រួលនោះមានខ្លឹមសារដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ ប្រពៃណី អត្តសញ្ញាណ និងស្ថានភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម ថ្លែងប្រាប់វីអូឌីថា សហគមន៍បានចូលជួបព្រឹទ្ធសភា ដើម្បីពិភាក្សានិងទាមទារដាក់បញ្ចូលនូវធាតុចូលចំនួន៨ចំណុច ដើម្បីធានានូវស្ថានភាពរស់នៅរបស់ជនជាតិដើម​។

ក្នុងនោះ ពួកគេចង់ឃើញមានការបញ្ជាក់ឱ្យច្បាស់ក្នុងសេចក្តីព្រាងរវាងសហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ដោយសារពួកគេមានប្រពៃណី វប្បធម៌ ជំនឿសាសនាលើអារុក្ខអារក្ខអ្នកតា ព្រៃភ្នំ ការប្រតិបត្តិការដាំដុះក៏មានលក្ខណៈខុសគ្នា។

អ្នកស្រីថា ជនជាតិដើមមិនចង់បានដីនោះជាកម្មសិទ្ធិឡើយ គឺគ្រាន់តែប្រើសម្រាប់អាស្រ័យផលតាមប្រពៃណី ជំនឿ និងរក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ។

អ្នកស្រី ទេព ទឹម បន្តថា៖ «បើអត់ដាក់ធាតុហ្នឹងចូលទេ ដូចធ្វើចម្ការវិលជុំ ក៏យើងត្រូវមានទោសទណ្ឌ យើងប្រឈមនឹងការជាប់គុកជាប់ច្រវាក់។ ហើយមួយទៀត យើងបាត់បង់សិទ្ធិក្នុងការអាស្រ័យផល បាត់បង់វប្បធម៌ប្រពៃណី បាត់បង់មុខរបរដែលយើងមានស្រាប់។ [ករណីនេះនឹងប៉ះពាល់ក្នុងទំហំប៉ុនណា?] ប៉ះពាល់ដល់ជនជាតិភាគតិចនៅកម្ពុជាទាំងមូល ប៉ះពាល់ដល់ការរស់នៅ ប្រកបមុខរបរ ធ្វើឱ្យជនជាតិដើមភាគតិចបាត់បង់កេរដំណែលពីដូនតាមក វប្បធម៌ប្រពៃណីទាំងអស់ហ្នឹង»។

ជនជាតិដើមភាគតិចកួយមកពីខេត្តព្រះវិហាររូបនេះ បន្តថា៖ «អ៊ីចឹងបានពួកខ្ញុំខំតវ៉ា ដើម្បីជីវភាព ដើម្បីសង្គមជាតិទាំងមូល ព្រោះឥលូវនេះ ព្រៃភ្នំក្រំថ្ម គឺសម្បូរតែនៅតំបន់ជនជាតិដើមភាគតិចប៉ុណ្ណោះ ដូចថាគាត់ប្រើប្រាស់ព្រៃមែន ប៉ុន្តែគាត់ថែរក្សាព្រៃ ដោយសារគាត់រស់នៅផ្សារភ្ជាប់ជាមួយដីព្រៃធនធានធម្មជាតិ។ [ពួកគាត់ប្រកបរបរអីខ្លះ?] ធ្វើស្រែធ្វើចម្ការបោចវល្លិ រកផ្សិត រកឃ្មុំ បរបាញ់សត្វ នេសាទត្រីតាមប្រពៃណី ហើយមុខរបរយើងមានកន្លែងឃ្វាលគោឃ្វាលក្របី មានកន្លែងធ្វើចម្ការវិលជុំ មានកន្លែងទីសក្ការៈបូជា។ [មានប្រកបរបរផ្សេងទេ?] អត់មានថ្មីទេ នៅតែប្រកបរបរហ្នឹងដើម្បីចិញ្ចឹមជីវិត»។

អ្នកស្រីថា កន្លងមក ពួកគាត់ក៏ធ្លាប់បានចូលជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ បរិស្ថាន កសិកម្ម និងក្រសួងយុត្តិធម៌ផងដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយទេ ខណៈមន្ត្រីនៃស្ថាប័នទាំងនោះគ្រាន់តែនិយាយថា ពួកគេនឹងពិចារណាលើសំណើនេះ។


ពលរដ្ឋជនជាតិដើមភាគតិចកួយមួយរូបទៀត លោក ឈឹម សាមុត លើកឡើងស្រដៀងគ្នាដែរថា បើមិនមានការដាក់បញ្ចូលធាតុ និងមិនមានលិខិតស្នាមការពារពលរដ្ឋជនជាតិដើមភាគតិចទេ នោះពួកគាត់នឹងបាត់បង់សិទ្ធិសក្ការៈ វប្បធម៌ អត្តសញ្ញាណ និងសិទ្ធិអាស្រ័យផលជាក់ជាមិនខាន ខណៈ​ជនជាតិ​ដើម​ភាគតិចជាជនងាយរងគ្រោះស្រាប់ផង។

លោកចង់ឃើញស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលផ្តល់អភិបាលកិច្ចលើធនធានធម្មជាតិ ដែលមានន័យថា ផ្តល់លិខិតសម្គាល់សិទ្ធិប្រើប្រាស់អាស្រ័យផលលើទីតាំង និងទីតាំងជំនឿដល់សហគមន៍ជនជាតិដើមភាគតិច។

លោក ឈឹម សាមុត ថា៖ «[បើគ្មានលិខិតសម្គាល់] នៅពេលដែលគេមករំលោភយក ព្រៃជំនឿ ឧទាហរណ៍ចុះ គឺយើងអត់មានអីទៅសម្អាងទេ។ ទៅសម្អាងនឹងមាត់ នាំគ្នាលើកគ្នាទៅសម្អាង ទៅតវ៉ា គឺគេអត់យកជាផ្លូវការទេ ហើយបើយកអីទៅប្តឹងផ្តល់នៅតុលារការ តុលាការគេអត់ខ្វល់នឹងត្រឹមតែសម្ដី គេខ្វល់ថាធ្វើម៉េចឱ្យយើងមានលិខិតអីសម្គាល់។ អ៊ីចឹងបើយើងអត់មានលិខិតអីសម្គាល់ គឺយើងចាញ់ ដាច់ខាតគឺចាញ់»។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង លើកឡើងថា លោកមិនទាន់បានទទួលលិខិតស្នើរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចនៅឡើយ។ យ៉ាងណា លោកថា ប្រហែលជាពួកគាត់ដាក់លិខិតទៅរដ្ឋសភា។

លោក ម៉ម ប៊ុននាង ថា៖ «អត់ទាន់មានឃើញលិខិតហ្នឹងមកផងហ្នឹង ទៅរដ្ឋសភាទេហ្អី? អត់ទាន់ឃើញទេនៅព្រឹទ្ធសភា»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង លើកឡើងថា លោកក៏នៅមិនទាន់ឃើញលិខិតស្នើណាមួយដែរ។

លោកថា៖ «ខ្ញុំអត់ទាន់ឃើញផង»។

អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) លោក ចាន់ សុធា សាទរចំពោះការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច។

លោកថា លោកបានជួបជាមួយតំណាងសហគមន៍កាលពីប្រមាណ២សប្តាហ៍មុន ខណៈពួកគាត់បានលើកឡើងជាង១០ចំណុច។ ក្នុងនោះមានចំណុចមួយចំនួនបានចែងក្នុងសេចក្តីព្រាងរួចទៅហើយ ខណៈចំណុចមួយចំនួនទៀត លោកកំពុងជជែកជាមួយក្រសួងពាក់ព័ន្ធ។ លោកអះអាងថា លោកមិនបានច្រានចោលនូវកង្វល់របស់ពួកគាត់ទេ។

លោក ចាន់ សុធា ថា៖ «នៅសល់តែចំណុចពីរបីទេ ដែលយើងខ្ញុំស្នើសុំទទួលយកនូវមតិយោបល់គាត់ ដើម្បីយកទៅជជែកពិភាក្សាក្នុងក្របខណ្ឌនៃថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ ដូចជាពាក្យថា ស្នើសុំចែងឱ្យមានពាក្យ “សហគមន៍ជនជាតិដើមភាគតិច” ឬក៏ “ចម្ការពនេចរ” គឺយើងខ្ញុំទទួលយក កំពុងតែជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងបរិស្ថានលើបញ្ហាហ្នឹង»។

បើតាមមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បច្ចុប្បន្ន ឯកសារពាក់ព័ន្ធសេចក្តីព្រាងវិសោធនកម្មច្បាប់តំបន់ការពារធនធានធម្មជាតិ និងច្បាប់ព្រៃឈើ ត្រូវបានរៀបចំរួចរាល់ហើយក្នុងក្របខណ្ឌអន្តរក្រសួង ខណៈកំពុងបញ្ជូនទៅក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងផ្តល់យោបល់ ទាក់ទិននឹងបទប្បញ្ញត្តិ និងទោសប្បញ្ញតិ។

ការសិក្សារបស់​អង្គការទិន្នន័យដើម្បីការអភិវឌ្ឍ ឱ្យដឹងថា ជនជាតិដើមភាគតិចបានគ្រប់គ្រងតាមបែបប្រពៃណីលើដីប្រហែល៤លានហិកតានៃតំបន់ព្រៃដាច់ស្រយាល និងតំបន់ព្រៃស្មោង។ សុខុមាលភាពរយៈពេលវែងនៃវប្បធម៌របស់ជនជាតិដើមភាគតិច ត្រូវបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធនៃការប្រើប្រាស់ដីរបស់ពួកគេ និងការទទួលបានការប្រើប្រាស់ធនធានព្រៃឈើ។ ពួកគេប្រកបរបរកសិកម្មវិលជុំ និងចិញ្ចឹមសត្វ រួមផ្សំនឹងការចូលទៅក្នុងព្រៃប្រមូលផល។

អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរាយការណ៍ថា សម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ និងទំនប់វារីអគ្គិសនី ការរំលោភយកដី ការបំផ្លាញព្រៃឈើ និងការកាប់ឈើខុសច្បាប់ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ក្រុមជនជាតិដើមភាគតិច ក្នុងពេលកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ