បណ្ដាញសហគមន៍ព្រៃឡង់ ស្នើរដ្ឋាភិបាលដកហូតសិទ្ធិសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន និងទប់ស្កាត់បទល្មើសនៅព្រៃឡង់

ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

បណ្តាញសហគមន៍ព្រៃឡង់ ស្នើ​ដល់រដ្ឋាភិបាលដកហូតសិទ្ធិសម្បទាន​សេដ្ឋកិច្ចក្រុមហ៊ុនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតួនាទីមន្ត្រីរាជការរូបណាដែលពាក់ព័ន្ធនឹង​បទ​ល្មើស​ ព្រម​ទាំង​អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងក្នុងការ​ទប់ស្កាត់បទល្មើសនានានៅតំបន់ការពារមួយនេះ​ ក្រោយ​ពួក​គេ​​​សង្កេត​ឃើញ​​សកម្មភាព​ល្មើស​​ច្បាប់​​​​នៅ​ជុំវិញតំបន់ព្រៃឡង់ នៅបន្តកើតមាន​យ៉ាង​អនាធិបតេយ្យ។

ការស្នើនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍​របស់​សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត រួមមាន ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង​ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២​នេះ។

ក្នុងសេចក្តីថ្លែងការណ៍នោះ​ បានលើកឡើងថា នៅពេល​​​​ដែល​ព្រៃឡង់ ត្រូវ​បាន​ដាក់​ឱ្យ​​ស្ថិតក្រោម​​ការ​​គ្រប់​គ្រង​របស់​ក្រសួងបរិស្ថាន ជា​ពិសេ​ស​ក្រោយ​​​ពី​ក្រសួង​បរិស្ថាន​​បាន​​​ហាមឃា​​ត់បណ្តាញសហគមន៍ព្រៃឡង់មិន​ឱ្យ​ចុះល្បាត ពួកគេ​សង្កេតឃើញបទល្មើស​​មានការ​កើនឡើង​ច្រើន ហើយ​​ជនល្មើ​ស​មាន​សេរីភាពចេញចូលព្រៃឡង់ កាប់ឈើ និង​ដឹក​ជញ្ជូន​ឈើយ៉ា​ង​រលូន ដោយ​គ្រាន់​តែប​ង់​ប្រាក់​ជូន​មន្ត្រីតាមស្នាក់​ការ​​ត្រួត​ពិនិត្យ​ ជាថ្នូរ​នឹងការ​ទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្តបទល្មើស​ក្នុងព្រៃឡង់។

បណ្តាញសហគមន៍ព្រៃឡង់ បន្តថា ចាប់តាំងពីដើមឆ្នាំ២០២០មក ពួកគេ​​សង្កេត​ឃើញសកម្ម​ភាព​ល្មើស​​ច្បាប់​នៅជុំវិញ​តំបន់​ព្រៃឡង់ បន្តកើតមានយ៉ាងអនាធិបតេយ្យ ដូចជា ការ​កាប់បំផ្លាញ​ដើម​ឈើធំៗ​​ដោយ​​ជន​​អនាធិបតេយ្យ និងក្រុមហ៊ុនអង្គរ​ផ្លាយ​វ៉ូត និង​​ក្រុម​ហ៊ុនThink Biotech Co.,Ltd ស្ថិតក្នុងខេត្តក្រចេះ ក្រុមហ៊ុន Thy Nha Co.,Ltd Development and Investment ក្រុមហ៊ុនម៉ាយខលឡូជីស្ទីក និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្តព្រះវិហារ។

ពួកគេក៏សង្កេតឃើញមាន​សកម្មភាព​ដឹកជញ្ជូនឈើជាច្រើន​តាមរទេះក្របី រថយន្តកែច្នៃ និងគោយន្ត​ និង​ឧបករណ៍​សម្រួលដល់ការកាប់ឈើចូលទៅក្រុមហ៊ុន ដោយ​​ពុំ​មានចំណាត់​ការ​ច្បាស់​​លាស់​ពីអាជ្ញាធរពាក់ព័ន្ធឡើយ ខណៈការឆក់ ដាក់​មងសត្វ និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ផ្សេងទៀត បានធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរទៅដល់និរន្តរភាពជីវចម្រុះ និងបរិស្ថាន។

ក្រៅពីនោះ ពួកគេថា ការកាប់រានដីព្រៃ និងការតាំងទីលំនៅអនាធិបតេយ្យ​នៅក្នុង​តំបន់ទ្រនាប់​នៃ​ព្រៃការពារ ពីសំណាក់​អ្នក​មានអំណាច និងប្រជាពលរដ្ឋ​ចំណូលថ្មី ការ​ផលិត​​និងប្រើ​ប្រាស់អាវុធកែច្នៃយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមជនល្មើស និងប្រជាពលរដ្ឋក្បែរតំបន់ព្រៃឡង់​ ក៏​បានគំរាមកំហែងដល់អ្នកការពារធនធានធម្មជាតិ និងសត្វព្រៃផងដែរ។

សេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ​បញ្ជាក់ថា៖ «សកម្មភាពល្មើសច្បាប់​អនា​ធិបតេយ្យ​ទាំង​៨ធំៗខាងលើនេះ យើងខ្ញុំទាំងអស់គ្នា​បានកត់សម្គាល់ឃើញថា គ្មានវិធានការ​ណាមួយទប់ស្កាត់​គួរឱ្យ​កត់សម្គាល់​ឡើយ»។

ករណីនេះ បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត បានស្នើដល់រដ្ឋាភិបាល ក្រសួងបរិស្ថាន និង​អាជ្ញាធរពាក់ព័ន្ធ​ តាមដាន​ត្រួតពិនិត្យ និងដកហូតសិទ្ធិ​សម្បទាន​សេដ្ឋកិច្ចក្រុមហ៊ុន​ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតួនាទីមន្ត្រីរាជការរូបណាដែលពាក់ព័ន្ធជាមួយបទល្មើស​ និងអសកម្មក្នុងការ​បំពេញតួនាទីរបស់ខ្លួន ព្រមទាំងត្រូវរៀបចំផែនការ​យុទ្ធសាស្ត្រជាក់​លាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់បំផ្លាញព្រៃឈើ ការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ ការតាំងទីលំនៅអនាធិបតេយ្យ កាំភ្លើងកែច្នៃ ការឆក់សត្វ និងសម្ភារបម្រើឱ្យការប្រព្រឹត្តបទល្មើសផ្សេងទៀត។

ក្រៅពីនោះ ពួកគេក៏​បានស្នើរដ្ឋាភិបាលត្រូវអនុវត្តបទប្បញ្ញត្តិ និងច្បាប់នានាក្នុងកិច្ចការពារ​ព្រៃឈើក្នុងតំបន់អភិរក្ស ហើយស្នើដល់​តួអង្គអន្តរជាតិសំខាន់ៗ វិភាជន៍នូវធនធាន​ដល់កម្ពុជា និង​បញ្ឈប់​ការទទួល​ទិញឈើគ្រប់ប្រភេទពីប្រទេស​វៀតណាមដែលមាន​ប្រភពពីប្រទេស​កម្ពុជា​ផងដែរ។

អ្នកស​ម្រប​សម្រួលបណ្តាញសហគមន៍​ព្រៃឡង់​ លោក ហឿន សុភាព មានប្រសាសន៍បន្ថែម​លើ​សេចក្តីថ្លែងការណ៍​ថា ប្រសិន​ជា​រដ្ឋាភិបាលនៅតែមិនអើពើ​​ទប់ស្កាត់បទល្មើស​ទេ ព្រៃឈើ និង​សត្វ​ព្រៃ​​​ទាំ​​ង​នៅ​តំបន់​ព្រៃឡង់ និង​​កន្លែង​ផ្សេង​ទៀត នឹង​រងការ​វិនាសក្នុងពេលឆាប់ៗនេះ។​

លោកថា៖ «ក្នុងនាមខ្ញុំជាសហគមន៍មួយ​រូ​ប ខ្ញុំសំណូមដល់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន​ដែល​មានសមត្ថកិច្ច សូមឱ្យរឹតបន្តឹងទៅលើផ្លូវច្បាប់ និង​ធ្វើការដោយយកចិត្តទុកដាក់ មានន័យថា បើ​ដាក់​ទិសដៅ និងឆន្ទៈឱ្យពិតប្រាកដក្នុងការការពារធនធានធម្មជាតិ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន​ លោក នេត្រ ភក្រ្តា និងក្រុមហ៊ុន​ដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ព្រៃឡង់​ បានទេ នៅថ្ងៃនេះ។

មន្ត្រីសម្រប​សម្រួល​​គម្រោង ​​នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) ​លោក ​អូត ឡាទីន សង្កេត​ឃើញ​ថា មួយ​រយៈ​​ចុងក្រោយនេះ បទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជានៅតែបន្តកើតមាន​ឡើង ដោយ​សារ​កម្សោយការ​អនុវត្ត​ច្បាប់របស់អាជ្ញាធរ​ ជាពិ​សេស​​មន្ត្រីបរិស្ថានដែលមាន​តួនាទីក្នុង​ការ​ការ​ពារ​ព្រៃឈើក្នុ​ង​តំបន់​ការ​ពារ​ ដូចជា ​ព្រៃ​ឡង់ និងព្រៃព្រះរការ​ ជាដើម។

លោកថា៖ «ទី២ ខ្ញុំយល់ឃើញថា អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយក្រុមដែលរកស៊ីឈើ  ក្រុមឈ្មួញដែលទុច្ចរិត ដែល​គាត់​បាន​ផល​ប្រយោជន៍​ពី​ព្រៃឈើហ្នឹង ​គាត់​បាន​គប់​គិត​គ្នាប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារ។ បើមិនដូច្នេះទេ បញ្ហា​ព្រៃ​ឈើ ​គ្មានអ្នក​ណាទៅ​ប្រព្រឹត្ត​បាន​ទេ ព្រោះមន្ត្រីនៅគ្រប់ច្រក។ រឿងធំ​ជាង​គេដែល​បន្ត​ឱ្យមានបទល្មើសព្រៃឈើជាហូរហែ អត់ស្រាកស្រាន្ត​របៀបនេះ រឿងសំខាន់គឺមានតែរឿង២ហ្នឹង គឺ​ការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព ហើយនឹងការ​ប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីដែលមានតួនាទីក្នុងការការពារព្រៃឈើក្នុងតំបន់ការពារព្រៃឈើធម្មជាតិ»។

​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញ​របាយការណ៍​ដោយ​បង្ហាញ​​​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​​នៅ​តំបន់ជម្រកសត្វព្រៃ «​ព្រៃឡង់​» និង «​​ព្រៃ​ព្រះ​រការ» ត្រូវ​បាន​កាប់​បំផ្លាញ​ ដោយ​​មាន​​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអា​ង​ថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺន​ទីតាំង (៨ ៧៨៤ទីតាំង)។

ព្រៃឡង់ ត្រូវ​បាន​​រដ្ឋាភិបាលដាក់បញ្ចូលជា​តំប​ន់​ដែន​ជម្រក​សត្វ​ព្រៃ «ព្រៃឡង់» កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ទំហំ​ជាង ៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះ​គ្រប​ដណ្ដប់​លើ​ភូមិ​សាស្ត្រខេត្ត​ចំនួន​៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ