ក្រោយបណ្ដេញចេញពីផ្ទះបណ្ដែតទឹក ជនជាតិវៀតណាមត្រូវជួបប្រទះនឹងការជន់លិចនៅក្នុងតំបន់ថ្មី

ទិដ្ឋភាពថតពីលើអាកាសនៅតំបន់ដែលពលរដ្ឋជនជាតិវៀតណាមត្រូវបានផ្លាស់ប្ដូរទីលំនៅពីការរស់នៅតាមផ្ទះបណ្ដែតទឹក ស្របពេលមានទឹកជំនន់កំពុងកើតឡើង នៅខេត្តកំពង់ឆ្នាំង។ (គួយ ឡង់ឌី)

កាលពី៤ឆ្នាំមុន លោក វ៉ាន់ ភួកធឿង ជាពលរដ្ឋវៀតណាមដែលរស់នៅលើផ្ទះ​បណ្ដែតទឹកតាម​ដង​ទន្លេ​សាប ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបាន​សន្យាថានឹងទទួលបាន​ដីឡូត៍មួយកន្លែងនៅទីតាំងថ្មី រួមនឹង​ការងារ​នៅរោងចក្រ​កាត់ដេរ​នៅ​ក្បែរ​នោះផងដែរ។

ទោះជាយ៉ាងណា ​ផ្ទះ​របស់​បុរសវ័យ៣៥ឆ្នាំរូបនេះ បច្ចុប្បន្ន រងនូវការជន់​លិចធ្ងន់ធ្ងរ ដែលវាពិតជាបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់លោក។

លោកថា​៖ «ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វីនោះទេ​នៅ​ពេល​នេះ។ ខ្ញុំមានតែត្រូវបន្តរស់នៅក្នុងសភាពយ៉ាងដូច្នេះនៅទីនេះហើយ»។

លោក វ៉ាន់ ភួកធឿង បច្ចុប្បន្នរស់នៅទីតាំង​ដីទំហំ​៤០​ហិកតា ក្នុងខេត្តកំពង់ឆ្នាំង ជាតំបន់ដែលជនជាតិវៀតណាមប្រមាណជា១៥០គ្រួសារត្រូវបានបម្លាស់​ទី​ឱ្យទៅ​រស់​នៅ​លើ​ដី​គោក​ ពីផ្ទះ​បណ្ដែត​ទឹក​លើ​ដង​ទន្លេ​សាប ចាប់ពីឆ្នាំ២០១៨ ។

យោងតាមអង្គការសិទ្ធិមនុស្ស Minority Rights Group International បានឱ្យដឹងថា ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល៤សែននាក់ ដែលក្នុងនោះភាគច្រើនគ្មានសិទ្ធិជាពលរដ្ឋ និងមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិ ឬទទួលបានសេវាសាធារណៈអ្វីឡើយ។

តាមរយៈការសង្កេតមើលទីតាំងជុំវិញតំបន់ដែលលោក វ៉ាន់ ភួកធឿង រស់នៅ ក្នុងនោះមានផ្ទះ​ជាច្រើនខ្នង គឺ​ពោរពេញ​ទៅ​ដោយ​ទឹក​ជន់​លិច​ក្នុងកម្ពស់ប្រមាណជា២ម៉ែត្រ ជាមួយនឹងសំរាមអណ្ដែតពេញផ្ទៃទឹក។

ទឹកជំនន់ ​គឺជា​បញ្ហា​ប្រឈម​ចុងក្រោយ​បំផុត ​ដែល​ជនជាតិ​វៀតណាម​ទាំងនេះបាន​ជួបប្រទះ​នៅ​ទី​តាំងដែលត្រូវផ្លាស់មកស្នាក់នៅ​ថ្មី​នេះ ខណៈការងាររោងចក្រដែលត្រូវបានសន្យាថានឹងផ្ដល់ជូន ក៏មិនឃើញមាន ហើយទីតាំង​នេសាទ​ទៀតសោតក៏​មាន​ចម្ងាយឆ្ងាយពីទីតាំងរស់នៅថ្មីនេះផងដែរ។

ជាមួយគ្នានេះ អ្នករស់នៅក្នុងតំបន់ទាំងនេះបានលើកឡើងថា បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដែលត្រូវបានចាត់ទុកថាជាឯកសារដ៏សំខាន់មួយ ក៏មិនបានជួយអ្វីដល់ពួកគេច្រើន ដើម្បីជួយកែលម្អស្ថានភាពរបស់ពួកគេផងដែរ។

ទាក់ទិននឹងករណីនេះ អនុប្រធានភូមិដំបូកកកោះ ឃុំស្វាយជ្រុំ លោក ច្រីង យិនសឿង បានថ្លែងថា៖ «​ខ្ញុំ​ពិតជា​ចង់​ជួយ​អ្នក​ដែល​ជួបប្រទះបញ្ហា​ទឹកជំនន់ទាំងនេះណាស់ ប៉ុន្តែយើង​​គ្មាន​ការងារ​អ្វីធ្វើ និងទទួលបានចំណូលអ្វីយកមកទ្រទ្រង់ឡើយ​។ ពួកយើងគ្មានអ្វីសម្រាប់ទទួលទាននោះទេ។ យើងពិតជា​ត្រូវ​ការ​ការជួយ​គាំទ្រខ្លាំងណាស់»។

សន្យាខ្យល់

ស្ថិតនៅចម្ងាយប្រមាណជា៨គីឡូម៉ែត្រពីកណ្តាលក្រុងកំពង់ឆ្នាំង ទីតាំងដែលត្រូវបានរៀបចំសម្រាប់រស់នៅថ្មីនេះ ត្រូវបានគ្រប់គ្រងដោយសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ខណៈវាគឺជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទៀតក្នុងខេត្តកំពង់ឆ្នាំង សម្រាប់រៀបចំផ្ដល់ជាទីស្នាក់នៅដល់គ្រួសារប្រមាណជា៤ ០០០ដែលរដ្ឋាភិបាលបានបណ្ដេញចេញពី​ផ្ទះ​បណ្ដែត​ទឹក​លើ​ដង​ទន្លេ​សាប ក្រោមហេតុផលនៃការគិតគូរដល់បរិស្ថាន និងសុខភាពរបស់ពលរដ្ឋ។

ទោះជាយ៉ាងណា អ្នករស់នៅក្នុងតំបន់បានឱ្យដឹងថា ភូមិចំនួនពីរដែលត្រូវបានរៀបចំក្នុងទីតាំង​ដីទំហំ​៤០​ហិកតានេះ គឺពោរពេញទៅដោយអ្នកនេសាទក្រីក្រ ដែលរស់នៅពឹងផ្អែកតែលើត្រីដែលពួកគេរកបានប៉ុណ្ណោះ។

អ្នកស្រុកមួយចំនួនក៏បានលើកឡើងថា ពួកគេកាលពីដំបូងឡើយ ក៏ត្រូវបានជូនដំណឹងថា ពួកគេអាចនឹងទទួលបានការងារនៅរោងចក្រកាត់ដេរមួយកន្លែងដែលនឹងសាងសង់នៅលើទីតាំងថ្មីនេះផងដែរ។

ប៉ុន្តែក្នុងរយៈពេលបួនឆ្នាំបន្ទាប់ពីពួកគេបានចាប់ផ្តើមមករស់នៅក្នុងទីតាំងថ្មីនេះ រោងចក្រដែលសន្យាថានឹងផ្ដល់ជូនការងារនេះ គឺមិនលេចចេញជារូបរាងឡើងដូចការគ្រោងទុកឡើយ ខណៈតំបន់​នេះក៏​នៅ​តែមិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​ពេញលេញផងដែរ។

អតីត​អ្នក​នេសាទ​អាយុ៤៥ឆ្នាំ​មួយរូប លោក បួយ វ៉ាងធឿង បានថ្លែងថា៖ «នៅក្នុងទីតាំងនេះ គឺ​មិន​មាន​អ្វីដែលយើងអាច​ធ្វើបាន ដើម្បីទទួលបានចំណូលឡើយ។ ការស្វែងរកការងារធ្វើ គឺមិនងាយស្រួលនោះទេ។ វាពិតជាមានភាព​ខុស​គ្នា​ទាំង​ស្រុងពីទីតាំងដែលយើងធ្លាប់រស់នៅកាលពីពេលកន្លងទៅ [រស់នៅលើផ្ទះបណ្ដែតទឹក]»។

ទាក់ទិននឹងករណីនេះ លោកបន្តថា យុវជនទាំងឡាយ​បាន​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​ស្វែង​រក​ការងារ​សំណង់ធ្វើ ឬ​ការងារ​ផ្សេង​ទៀត​ ដោយ​ពួកគេក៏ត្រូវផ្ញើ​ប្រាក់​ត្រលប់​មកកាន់សាច់​ញាតិ​​វិញផងដែរ។ ការ​រក​ទីតាំង​ធ្វើ​ការ​នៅជិតតំបន់ ​គឺពិតជា​ពិបាកខ្លាំងណាស់ ដោយសារតែអ្នក​ស្រុក​ភាគច្រើន​ចេះ​តែ​នេសាទត្រីតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ យ៉ាងហោចណាស់មានមួយភាគបីនៃគ្រួសារដែលបានផ្លាស់ទៅរស់នៅក្នុងទីតាំងដែលត្រូវបានរៀបចំថ្មីនេះ បានរុះរើទៅកាន់អតីតផ្ទះបណ្តែតទឹករបស់ពួកគេវិញ បន្ទាប់ពីពួកគេលើកឡើងថា ទីតាំងថ្មីនេះគឺពិបាកក្នុងការរស់នៅ ដោយមិនមានទឹកស្អាត អគ្គិសនី ឬសាលារៀនសម្រាប់កូនពួកគេនោះទេ។

ការជួលដើម្បីរស់នៅក្នុងទីតាំងថ្មី

ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងខែកញ្ញាកន្លងទៅ អ្នកភូមិដំបូកកកោះមួយរូប អ្នកស្រី ចាន់ ធូ ពុំមានការភ្ញាក់ផ្អើលខ្លាំងឡើយ ដោយខ្លួនដឹងថា ផ្ទះ​ទាំងឡាយត្រូវ​បាន​សង់​នៅ​លើ​បឹង​ធម្មជាតិ​ដែល​ត្រូវបានចាក់បំពេញ​ដោយ​ខ្សាច់។

អ្នកស្រីបន្ថែម​ថា​៖ «​​ខ្ញុំ​មិនមានការ​ភ្ញាក់ផ្អើល​ឡើយ សម្រាប់ករណីទឹកជំនន់​បែប​នេះ​។ អ្វីដែលខ្ញុំ​បារម្ភខ្លាំង គឺការដែល​យើង​គ្មាន​កន្លែងសម្រាប់​ស្នាក់​នៅ»។

ដោយហាក់គ្មានភាពព្រួយបារម្ភខ្លាំង អ្នកស្រី ចាន់ ធូ បន្តថា៖ «​ប្រសិន​បើ​ទឹក​ជន់លិចដល់ជាន់ខាងលើទៀត យើង​នឹង​ទៅរស់នៅ​លើ​ដំបូល»។

លោក បួន វណ្ណារិទ្ធ ដែលអះអាងថាខ្លួនធ្វើការឱ្យសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានឱ្យដឹងថា រូបលោកនឹងជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងណា លោកបន្ថែមថា ទីតាំងដីនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនដាច់ដោយឡែកមួយ ដែលលោកសុំមិនបញ្ចេញឈ្មោះនោះទេ។

លោក​ថា​៖ «​ករណី​ទឹក​ជំនន់ គឺទើបតែកើតឡើង​លើក​ទី​មួយ​នៅក្នុង​តំបន់​ ដោយ​វា​មិន​ធ្ងន់ធ្ងរខ្លាំងនោះទេ​»។

លោក បួន វណ្ណារិទ្ធ បន្តថា សមាគមក៏​កំពុងតែ​រក​វិធី​ជួយ​អ្នក​រស់នៅទីនោះឱ្យផ្លាស់ទៅកាន់ទី​កន្លែង​ផ្សេង​ជា​បណ្ដោះអាសន្នផងដែរ ដោយនៅពេលខាងមុខ ផ្ទះរបស់ពួកគេទាំងនេះអាចនឹងត្រូវបានជួសជុលឱ្យខ្ពស់ជាងនេះបន្តិចទៅ គឺបានហើយ។

យោងតាមអភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង ​លោក ស្រ៊ន សំឬទ្ធី ទីតាំង​ដី​ទំហំ៤០​ហិកតានេះត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ ​សម្រាប់ឱ្យ​ពលរដ្ឋដែល​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​លើ​ដង​ទន្លេ​សាប បម្លាស់​ទី​ទៅ​រស់​នៅ ដោយ​ក្នុង​នោះ​មាន​ទាំងពលរដ្ឋ​ខ្មែរ ខ្មែរ​អ៊ីស្លាម និង​វៀតណាម​ ដោយស្ថិតនៅក្នុងការគ្រប់គ្រងដោយសមាគម។

ទោះជាយ៉ាងណា លោកថា ​ជនជាតិ​វៀតណាម គឺតម្រូវឱ្យបង់​ថ្លៃ​ជួលសម្រាប់ការស្នាក់នៅ ដោយលោកពុំបានបញ្ជាក់​ថា​បុគ្គលឬ​ក្រុមហ៊ុន​ណា​ទទួលបាន​ប្រាក់​នោះ​ទេ។

លោក​បន្ថែម​ថា​៖ «​គោលបំណង ​គឺ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅឋាន​សម្រាប់​ពលរដ្ឋខ្មែរ ខ្មែរ​អ៊ីស្លាម និងជនអន្តោប្រវេសន៍​​វៀតណាមស្របច្បាប់​ ដែលពួកគេគឺសុទ្ធសឹងតែជាអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹកកាលពីពេលកន្លងទៅ»។

លោក ស្រ៊ន សំឬទ្ធី បន្តថា រដ្ឋក៏​គ្រោង​នឹង​ដំឡើង​អគ្គិសនី និង​ទឹកស្អាតសម្រាប់​ប្រើប្រាស់​ដល់ពួកគេនៅ​ពេល​អនាគតផងដែរ។

ការស្នាក់នៅដោយគ្មានសញ្ជាតិ

កាលពីខែសីហាកន្លងទៅ ក្រសួងមហាផ្ទៃបានក្រើនរំឭកដល់ក្រសួងផ្សេងទៀតឱ្យមានការទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ខណៈពួកគេទាំងអស់នោះក៏គួរតែអនុញ្ញាតឱ្យទទួលបានសេវាសាធារណៈ ការបើកគណនីធនាគារ ការចូលសិក្សានៅសាលារដ្ឋ និងដាក់ពាក្យធ្វើការនៅរោងចក្រផងដែរ។

ទាក់ទិននឹងករណីនេះ អ្នករស់នៅក្នុងភូមិដំបូកកកោះ បានឱ្យដឹង​ថា ពួកគេ​ទាំង​អស់​គឺសុទ្ធសឹងតែ​មាន​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ពណ៌​លឿង ​តាំងពីរយៈពេល​ប្រមាណជា​៥​ឆ្នាំ​មុន​មក​ម្ល៉េះ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ដក​ហូត​ឯកសារ​ផ្លូវ​ការ​ទាំងឡាយពីជនជាតិ​វៀត​ណាម​ក្នុង​ប្រទេស​កម្ពុជា។

អ្នករស់នៅក្នុងតំបន់មួយរូប លោក ហ្វុង យ៉ុងវឿង អាយុ៥២ឆ្នាំ បានលើកឡើងថា អ្នកជិតខាងរបស់លោកបានព្យាយាមបើកគណនីធនាគារដោយប្រើប្រាស់បណ្ណ​ពណ៌​លឿងរបស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានបដិសេធដោយបុគ្គលិកធនាគារ ដែលមិនទទួលស្គាល់ ខណៈករណីនេះក៏កើតមានឡើងលើអ្នកជិតខាងម្នាក់ទៀតរបស់លោកផងដែរ ដែលបានព្យាយាមដាក់ពាក្យធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែង។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ លោក កែវ វ៉ាន់ថន បានលើកឡើងថា បណ្ណស្នាក់នៅអចិន្ត្រៃយ៍ភាគច្រើនត្រូវបានប្រគល់ជូនជនជាតិវៀតណាម ហើយកម្ពុជា​បាន​ចេញ​ប្រមាណជា៦៥ ០០០​បណ្ណមកហើយ ក្នុង​រយៈពេល២០​ឆ្នាំ​កន្លង​មក​នេះ។

ទោះជាយ៉ាងណា លោកបន្តថា សេវា​សាធារណៈ​ភាគច្រើន ដូចជា ​ធនាគារជាដើម ​មិន​ទាន់ទទួលស្គាល់បណ្ណនេះឡើយ។

លោក​​ថា​៖ «​ស្ថាប័ន និង​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ស្គាល់​បណ្ណ​នេះ​ឡើយ ហើយពួកគេ​ក៏មិន​អាច​ទទួល​យកវាបាន​ផងដែរ [សម្រាប់កិច្ចការងារផ្សេងៗ]​។ ដូច្នេះ​ហើយ​បាន​ជា​យើង​ចេញ​សេចក្តីថ្លែងការណ៍ ដើម្បី​ឱ្យពួកគេមានការទទួល​យក​បណ្ណ​​នេះ»។

ការរស់នៅជាមួយនឹងការលិចលង់

លោក ហ្វុង យ៉ុងវឿង បានឱ្យដឹងថា រូបលោក និង​អ្នក​ជិត​ខាង​ មិន​សូវ​ជាមានការខ្វល់ខ្វាយ​ទាក់ទងនឹង​ឯកសារនោះ​ទេ ខណៈបញ្ហាចម្បងគឺការស្វែងរកអាហារសម្រាប់ទទួលទាននៅ​ជុំវិញ​ផ្ទះ​ដែល​ជន់លិចរបស់ពួកគេ​។

លោក​​ថា៖ «យើង​មិន​អាច​ដេក​នៅតែមួយកន្លែងនោះទេ ដែលវា​នឹងធ្វើឱ្យយើងគ្មានអ្វីសម្រាប់ទទួលទានប្រចាំថ្ងៃ។ យើងត្រូវចែវ​​ទូក​ទៅ​រក​ត្រី ក្តាម ខ្យង ដើម្បីយកមកទទួលទាន»។

ត្រឡប់មកកាន់លោក វ៉ាន់ ភួកធឿង វិញ បានលើកឡើងឱ្យដឹងថា​៖ «ខ្ញុំ​គ្មាន​ការងារអ្វី​ធ្វើឡើយ ខណៈ​បញ្ហា​ទឹក​ជំនន់​នេះក៏បានបង្កជាការលំបាកសម្រាប់ខ្ញុំផងដែរ។ ខ្ញុំបារម្ភពីក្មេងៗ និងមនុស្សចាស់ ដែលពួកគេអាចនឹងធ្លាក់ខ្លួនឈឺ»។

ខណៈដែលគ្មានទូកសម្រាប់ប្រើប្រាស់ បុរសវ័យ៣៥ឆ្នាំខាងលើនេះ ជារៀងរាល់ថ្ងៃ ត្រូវហែលទាំងទៅនិងមកពីផ្ទះបងប្អូនរបស់ខ្លួន ដើម្បីហូបបាយ។ សម្រាប់ពេលបច្ចុប្បន្ន អ្វីដែលលោកអាចធ្វើបាន គឺត្រូវរង់ចាំ​ទឹកជំនន់​ស្រក​ទៅវិញ ដើម្បីលោកអាចបន្តមុខរបរជាជាងឈើរបស់ខ្លួនឡើយវិញបាន៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Sunken Village: After Evictions, Ethnic Vietnamese Homes Underwater

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ