សហភាពអឺរ៉ុប និងអង់គ្លេស ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ចំពោះ​ការ​ផ្ដល់ Drone ឱ្យ​រុស្ស៊ី

យោធាម្នាក់ត្រួតពិនិត្យផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើក (UAV) ដែលអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ប្រភេទ Shahed-136 នៅឯទីតាំងនៃការវាយប្រហាររបស់រុស្ស៊ីលើកន្លែងផ្ទុកប្រេងឥន្ធនៈ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅទីក្រុង Kharkiv ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ (REUTERS/Vyacheslav Madiyevskyy)

សហភាព​អឺរ៉ុប និង​អង់គ្លេស ដាក់​ទណ្ឌក​ម្ម​លើ​ប្រទេសអ៊ីរ៉ង់ ចំពោះការផ្តល់យន្តហោះគ្មានមនុស្ស​បើក​ឱ្យ​រុស្ស៊ី ដើម្បីប្រើប្រា​ស់ស​ម្រាប់​ការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើ​យោង​តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារ​ព័ត៌មាន NHK

ទណ្ឌកម្ម​ត្រូវ​កំណត់​ចំពោះ​​អង្គ​ភាព​​មួយ​របស់​អ៊ីរ៉ង់ និង​​បុគ្គល​៣​នាក់​។ ការផាកពិន័យ រួម​មាន ការ​បង្កកទ្រព្យសម្បត្តិ និង​ការហាមឃាត់ការធ្វើដំណើរ។

សហភាពអឺរ៉ុប បានលើកឡើង​​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រុម​ប្រឹក្សារបស់ខ្លួន​បាន​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​អ៊ីរ៉ង់​ ពីបទ «បំផ្លាញ ឬគំរាមកំហែង​ដល់បូរណភាព​ទឹក​ដី អធិបតេយ្យ​ភាព និង​ឯករាជ្យភាព​របស់​អ៊ុយ​ក្រែន»

សហភាពអឺរ៉ុប ក៏បាននិយាយផងដែរថា៖ «ខ្លួនថ្កោលទោសការបញ្ជូនយន្តហោះគ្មានមនុស្សបើក​របស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ី និងការជាប់ពាក់ព័ន្ធក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅ​អ៊ុយ​ក្រែន»។

សហភាពអឺរ៉ុបបន្ថែមថា ខ្លួន​នឹង «បន្ត​ឆ្លើយ​តប​ចំពោះរាល់​សកម្មភាព​ដែល​គាំទ្រ​ការឈ្លាន​ពាន​របស់​រុស្ស៊ី»

រដ្ឋមន្ត្រី​ការបរទេស​អង់​គ្លេស លោក ជេមស៍ ក្លេវឺលី (James Cleverly) បាននិយាយថា ការគាំទ្ររបស់ទីក្រុងតេហេរ៉ង់ (Tehran) សម្រាប់ទីក្រុងមូស្គូ គឺជា «ភស្តុតាងបង្ហាញថាអ៊ីរ៉ង់កំពុងបង្កអសន្តិសុខពិភពលោក»។ លោក​ក៏​បាន​និយាយ​ដែរ​ថា អង់គ្លេស​នឹង​ធានា​ថា ​អ៊ីរ៉ង់​ត្រូវ​ទទួល​ខុស​​ត្រូវ​​ចំពោះ​​សកម្មភាព​របស់​ខ្លួន។

អ៊ីរ៉ង់​បាន​បដិសេធថា​មិន​បានផ្តល់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​ក្រុង​ម៉ូស្គូឡើយ។

អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជេន ស្តូលថិនបឺក (Jens Stoltenberg) បានប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌​មាន​ថា លោក​មិនអាចផ្តល់ព័ត៌មានលម្អិតអំពីការស៊ើបការណ៍សម្ងាត់របស់អង្គការណាតូឡើយ ប៉ុន្តែលោកថា «មានការចង្អុលបង្ហាញថា អ៊ីរ៉ង់ផ្គត់ផ្គង់យន្តហោះគ្មានមនុស្ស​បើកទៅឱ្យរុស្ស៊ី»

អ្នកនាំពាក្យសម្រាប់គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាន​​ប្រាប់អ្នក​រាយការណ៍​ព័ត៌មានកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបបានប្រមូល «ភស្តុតាងគ្រប់គ្រាន់»

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រុស្ស៊ីបាន​ប្រើ​ប្រាស់​យន្ត​ហោះគ្មាន​មនុស្ស​បើក ​ដើម្បី​វាយប្រហារ​​តំបន់​មួយ​ចំនួន​របស់អ៊ុយក្រែន ជាពិសេសសំដៅលើរោងចក្រថាមពល ដែលធ្វើឱ្យ​អ៊ុយ​​​ក្រែន​​ត្រូវបង្ខំចិត្តរឹតត្បិតការប្រាស់អគ្គិសនីនៅក្នុងប្រទេស។ ចំពោះ​ការប្រើប្រាស់ Drone ក្នុង​ការវាយប្រហារនេះ ត្រូវបានអាមេរិក និងបស្ចិមប្រទេស ចោទប្រកាន់ថាអ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់ឱ្យរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ