លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំទៅក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋអាចយកប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពរស់នៅបាន។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក ខេត្តសៀមរាប នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក អាចចាត់ទុកជាការជ្រើសរើសដ៏ឆ្លាតវៃមួយរបស់ពួកគាត់ ដោយសាររដ្ឋាភិបាលបានជួយគាំទ្រទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ និងកិច្ចគាំពារសង្គម ខណៈការបន្តរស់នៅទីតាំងចាស់ នឹងបង្កផលប៉ះពាល់ដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌ និងមិនអាចទទួលបានបណ្ណកម្មសិទ្ធិដីធ្លីឡើយ។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីចែកជូនប្រជាពលរដ្ឋដែលបានដោះដូរដីទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ផងដែរ ដើម្បីបង្កើតបានជាភូមិឋានរស់នៅរឹងមាំ និងអាចឱ្យពលរដ្ឋយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ចេញបណ្ណកម្មសិទ្ធិឱ្យបងប្អូនតែម្តង ព្រោះបងប្អូនត្រូវការយកទៅដាក់ធនាគារ ដើម្បីខ្ចីប្រាក់គេ។ ហើយបើដីសម្បទានសង្គមកិច្ច អាហ្នឹងគឺបងប្អូនអត់អាចទៅរកខ្ចីប្រាក់ធនាគារបានទេ ព្រោះយើងអត់ទាន់ចេញប្លង់ឱ្យ។ អ៊ីចឹងអាហ្នឹង ខ្ញុំបញ្ជាក់ថ្ងៃហ្នឹង។ ប៉ុន្តែចាំមកនៅសិន បើអត់ទាន់មកនៅផង ឥលូវត្រឹមតែផ្គត់ផ្គង់សម្រាប់ត្រឹមតែប្រាក់សង្គមទេ។ ប៉ុន្តែសម្រាប់ការចេញបណ្ណកម្មសិទ្ធិ ឱ្យបងប្អូនមកនៅសិន បានចេញបណ្ណកម្មសិទ្ធិឱ្យ។ ហើយរៀបចំជាការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តងទៅ ដើម្បីបង្កើតទៅជាភូមិមូលដ្ឋានរឹងមាំ»។
តែយ៉ាងណា លោកសង្ឃឹមថា នៅពេលដែលប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិហើយ គួររក្សាដីនោះទុកដីជាកេរអាករក្នុងគ្រួសារ ដោយមិនលក់នោះទេ។
លោកថា៖ «ប៉ុន្តែខ្ញុំសំណូមពរកុំឱ្យថាចេញពីនោះ[ទីតាំងចាស់] មកនៅកន្លែងនេះ[តំបន់រុនតាឯក] ឱ្យដីហើយ លក់ទៅបាត់ ទៅនៅកន្លែងនោះ[ទីតាំងចាស់]វិញទៀត អត់ទេ! អាហ្នឹងឱ្យតែម្តងទេ សូមបញ្ជាក់ជូន»។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ពីតំបន់រមណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍នៅតំបន់រុនតាឯក និងពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំនួន៩ ៣២៣គ្រួសារ ក្នុងនោះមានជាង៦ ០០០គ្រួសារ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងជាង៣ ២០០គ្រួសារ ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង៕












