ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល

លោក កែម រិទ្ធិសិត (ឈរមុខគេ) ក្នុងយុទ្ធនាការមួយរបស់គណបក្សខ្មែរតែមួយ កាលពីឆ្នាំ២០១៨។ (ហ្វេសប៊ុក៖ Kem Rithisith)

ប្អូនប្រុសមួយរូបរបស់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ រួមនឹងអតីតសមាជិកមន្រ្តីបក្សប្រឆាំងមួយចំនួនទៀតមកពីគណបក្ស​ភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។

យោងតាមព្រះរាជក្រឹត្យមួយចុះព្រះហស្តលេខាដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ជីវ កក្តា, លោក តាន់ ទីន, លោក ខឺយ ស៊ីនឿន, លោក កង គឹមហាក់, លោក កង ម៉ារ៉ាឌី, លោក សុខ សុធា, លោក សុខ វិបុល, លោក អាន ភារ៉ា និងលោក គីន គុណ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល​ ដែលក្នុងនោះ លោក ជីវ កក្តា មានឋានៈស្មើរដ្ឋមន្រ្តី ខណៈលោក តាន់ ទីន, លោក ខឺយ ស៊ីនឿន, លោក កង គឹមហាក់ និងលោក កង ម៉ារ៉ាឌី មានឋានៈស្មើរដ្ឋលេខាធិការ និងអ្នកផ្សេងទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ។

ទាក់ទិននឹងករណីនេះ លោក ជីវ កក្តា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «វា [ការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល] គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ដោយមិនមានអ្វីចម្លែកនោះទេ។ ខ្ញុំមានអារម្មណ៍ថាធម្មតា ហើយក៏មានការសប្បាយចិត្តដែលបានចូលរួមក្នុងការបំពេញការងារសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈគណបក្សប្រជាជនកម្ពុជា»។

ទាក់ទិននឹងសំណួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​លោក​បង្កើត​គណបក្ស​ប្រឆាំងមួយ​កាល​ពី​ពីរ​ឆ្នាំ​មុន ហើយបែរជាមក​ចូលរួមជាមួយ​គណបក្ស​កាន់​អំណាច​នៅពេលនេះទៅវិញ លោកបានធ្វើការឆ្លើយតបថា៖ «ខ្ញុំមិនចង់ជជែកវែកញែក និងឆ្លើយសំណួរនេះលម្អិតទៀតទេ ខណៈសំណួរនេះគឺពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានលើកឡើងមុននេះ ដោយយើងឃើញថា គណបក្សប្រជាជនបានធ្វើការងារ ដើម្បីប្រទេសជាតិ មានការអភិវឌ្ឍ និងមានសន្តិភាពពិតប្រាកដ។ ដូច្នេះហើយ យើងនឹងរួមចំណែក ដើម្បីធ្វើឱ្យវិស័យទាំងនេះកាន់តែរឹងមាំបន្ថែមទៀត»។

ក្រៅពីលោក ជីវ កក្តា និងអតីតសមាជិកមន្រ្តីបក្សប្រឆាំងផ្សេងទៀត ក្នុងនោះគេក៏សង្កេតឃើញអតីតថ្នាក់ដឹកនាំគណបក្សខ្មែរតែមួយ ចំនួន៣រូប ដែលរួមមានលោក កែម រិទ្ធិសិត, លោកស្រី ឃី ម៉េងលីន និងលោក លី ប៊ុនណារ៉ា ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលផងដែរ ដែលក្នុងនោះ លោក កែម រិទ្ធិសិត មានឋានៈស្មើរដ្ឋមន្រ្តី ខណៈលោកស្រី ឃី ម៉េងលីន មានឋានៈស្មើរដ្ឋលេខាធិការ និងលោក លី ប៊ុនណារ៉ា មានឋានៈស្មើអនុរដ្ឋលេខាធិការ។

គួរបញ្ជាក់ថា លោក កែម រិទ្ធិសិត ត្រូវបានស្គាល់ថាជាប្អូនប្រុសរបស់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់នៅស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ​កាលពីឆ្នាំ២០១៦៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kem Ley’s Brother Appointed Government Adviser

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ