អាមេរិក​ថា​អ៊ីរ៉ង់​កំពុង​បង្វឹក​កងទ័ព​រុស្ស៊ី​ឱ្យ​ប្រើប្រាស់ Drone ដែល​ផលិត​នៅ​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​អ៊ុយក្រែន

យោធាម្នាក់ត្រួតពិនិត្យផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើក (UAV) ដែលអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ប្រភេទ Shahed-136 នៅឯទីតាំងនៃការវាយប្រហាររបស់រុស្ស៊ីលើកន្លែងផ្ទុកប្រេងឥន្ធនៈ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅទីក្រុង Kharkiv ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ (REUTERS/Vyacheslav Madiyevskyy)

សហរដ្ឋអាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញថា យោធាអ៊ីរ៉ង់​កំពុង​បង្វឹក​កងកម្លាំង​រុស្ស៊ីអំ​ពី​របៀប​ប្រើប្រា​ស់​យន្ត​ហោះគ្មាន​មនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់ នៅក្នុងតំបន់​គ្រីមេ ដើម្បី​វាយ​ប្រហារ​គោល​ដៅ​នានាក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​នេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ (Ned Price) បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖ «យើងអាចបញ្ជាក់ថា យោធារុស្ស៊ីដែលមានមូលដ្ឋាននៅគ្រីមេ បាននិងកំពុងសាកល្បងប្រើប្រាស់យន្តហោះគ្មាន​មនុស្សបើក ប្រភេទ UAVs ដែលផលិតនៅអ៊ីរ៉ង់ និងដើម្បីធ្វើការវាយប្រហារគោលដៅមួយចំនួន​នៅអ៊ុយ​ក្រែន រួមទាំងការវាយប្រហារនៅទីក្រុងកៀវ [Kyiv] ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ»។

លោកបន្ថែមថា៖ «យើងសន្និដ្ឋានថា យោធាអ៊ីរ៉ង់ដែលនៅតំបន់គ្រីមេ បានជួយកងទ័ពរុស្ស៊ីក្នុងប្រតិបត្តិការទាំងនេះ […] យើងមានព័ត៌មានគួរឱ្យទុកចិត្ត»។

ទោះយ៉ាងណា លោកមិន​បានផ្តល់ភស្តុតាងឡើយ។

មិន​មាន​ប្រតិកម្ម​ជាសាធារ​ណៈ​ភ្លាមៗ​ពីទីក្រុង​តេអេរ៉ង់ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក​នោះ​ទេ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ថា​ យន្ត​ហោះ​គ្មាន​មនុស្សបើកដែលត្រូវបានប្រើដោយរុស្ស៊ី មិនមែនជារបស់អ៊ីរ៉ង់ទេ រីឯរុស្ស៊ី​ក៏​បាន​បដិសេធថាមិនបានប្រើដែរ។

ក្រសួងការពារជាតិ និងក្រសួងការបរទេសរុស្ស៊ី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ក្រុងវ៉ាស៊ីនតោន នឹងប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ និងប្រឈមមុខចំពោះការផ្គត់ផ្គង់​អាវុធ​របស់​អ៊ីរ៉ង់ដល់រុស្ស៊ី រួមទាំងការដាក់ទណ្ឌកម្មបន្ថែមទៀត ខណៈកំពុងពិចារណាលើ​ការការពារដែនអាកាសសម្រាប់អ៊ុយក្រែនផងដែរ។

លោកបន្តថា សមាជិកសហភាពអឺរ៉ុបបានយល់ព្រមលើវិធានការថ្មីប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចក្រភព​អង់គ្លេសបាន​ដាក់​ទណ្ឌក​ម្ម​លើឥស្សរជន​យោធា​ជាន់​ខ្ពស់ និង​ក្រុម​ហ៊ុន​ដែល​ខ្លួន​បាននិយាយ​ថា​ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើ​ក​របស់​អ៊ីរ៉ង់​ដល់​ទីក្រុង​ម៉ូស្គូ។

លោកបន្ថែមថា៖ «អ៊ីរ៉ង់ និងរុស្ស៊ី អាចកុហកពិភពលោក ប៉ុន្តែមិនអាចលាក់បាំងការពិតបានទេ ហើយការពិតនោះ គឺឥលូវនេះ ទីក្រុងតេអេរ៉ង់បានចូលរួមដោយផ្ទាល់ [សង្រ្គាមនៅអ៊ុយក្រែន]»។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក ឌីមីត្រូ គូឡាបា (Dmytro Kuleba) បាននិយាយនៅលើបណ្តាញសង្គម Twitter ថាលោកបានពិភាក្សាលម្អិតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក យ៉ាអៀរ ឡាភីដ (Yair Lapid) លើសំណើសុំប្រព័ន្ធ និងបច្ចេកវិទ្យាការពារដែនអាកាស និង
មីស៊ីល។ ការិយាល័យរបស់លោក Lapid បាននិយាយថា មេដឹកនាំអ៊ីស្រាអែលបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីទំនាក់ទំនងយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រុស្ស៊ីបាន​ប្រើ​ប្រាស់​យន្ត​ហោះគ្មាន​មនុស្ស​បើក ​ដើម្បី​វាយប្រហារ​តំបន់​មួយ​ចំនួន​របស់អ៊ុយក្រែន ជាពិសេសសំដៅលើរោងចក្រថាមពល ដែលធ្វើឱ្យ​អ៊ុយ​​ក្រែន​ត្រូវបង្ខំចិត្តរឹតត្បិតការប្រាស់អគ្គិសនីនៅក្នុងប្រទេស។ ចំពោះការប្រើប្រាស់ Drone ក្នុងការវាយប្រហារនេះ ត្រូវបានអាមេរិកចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់ឱ្យរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ