រយៈពេល​២​ថ្ងៃ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អះអាងថា រយៈពេល២ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី​ចំនួនជាង៣ម៉ឺននាក់​។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២​ បានបង្ហាញពីលទ្ធផលបណ្ដោះអាសន្នថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៥ ៧៣២នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤១៥នាក់ ហើយពលរដ្ឋដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤នាក់ និងពលរដ្ឋដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ៥ ០២៨នាក់។

ស្ថាប័នជាតិរៀបចំការបោះឆ្នោតដដែលបន្តថា បើសរុបលទ្ធផលដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតបង្ហាញថា រយៈពេល២ថ្ងៃ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣២ ១៦៥នាក់។ ដោយឡែក ពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ៥ ៨៥៧នាក់។ រីឯ ក្នុងពេល២ថ្ងៃនេះ ពោលគឺថ្ងៃទី២០ និង២១ ខែតុលា ពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ៩៩៤នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួនសរុប ១០ ១៧០នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយគិតរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ​

គ.ជ.ប អំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អាចនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

តារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់បម្រើឱ្យ​ការពិនិត្យ​បញ្ជី​​ឈ្មោះ និងចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២២ បានឱ្យដឹងថា​ ចំនួនឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានជាង ៩លាន២សែននាក់ (៩ ២០៥ ៦៨១នាក់) ខណៈការិយាល័យបោះឆ្នោតឆ្នាំ២០២២ នៅទូទាំងប្រទេស​មានចំនួន ២៣ ៧៦០ការិយាល័យ។ គ.ជ.ប ធ្លាប់ឱ្យដឹងថា ​ចំនួ​ន​អ្នក​ចុះ​ឈ្មោះថ្មីក្នុងឆ្នាំ២០២២ ត្រូវ​បាន​ប៉ាន់​ស្មានថា ​មាន​ជាង ៤០​ម៉ឺន​នាក់ (៤០៩ ០៥៦នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ